ដោយ ម៉ែន សុធីរ RFA 2016-06-11
មន្ត្រីគណបក្សសង្គ្រោះជាតិ ខែត្រស្ទឹងត្រែង ឲ្យដឹងថា រហូតមកទល់ពេលនេះមន្ត្រីបក្សរបស់ខ្លួនជិត ១០នាក់ហើយ ត្រូវបានសមត្ថកិច្ចរដ្ឋាភិបាលឃាត់ខ្លួន និងព្រមានធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពដើរប្រមូលស្នាមមេដៃពីពលរដ្ឋដែលស្ម័គ្រចិត្តផ្ដិតមេដៃដាក់ញត្តិថ្វាយព្រះមហាក្សត្រ។ ពួកគេចាត់ទុកករណីនេះថា គឺជាការរឹតត្បិតសិទ្ធិនយោបាយ និងគំរាមបំបាក់ស្មារតីគណបក្សប្រឆាំង។
មន្ត្រីគណបក្សជំទាស់នៅខែត្រស្ទឹងត្រែង បារម្ភពីការរឹតបន្តឹងសិទ្ធិនយោបាយ និងសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ បន្ទាប់ពីអាជ្ញាធររដ្ឋាភិបាលបានរារាំង និងឃាត់ខ្លួនសកម្មជនបក្សរបស់ពួកគេ មិនឲ្យដើរប្រមូលស្នាមមេដៃពីពលរដ្ឋ ក្រោមហេតុផលមិនសុំច្បាប់អនុញ្ញាត។
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខែត្រស្ទឹងត្រែង លោក ពុយ ចាន់ថាឡា បញ្ជាក់ថា តាំងពីថ្ងៃទី៧ ខែមិថុនា រហូតមកសកម្មជនបក្សសង្គ្រោះជាតិ ៧នាក់ ត្រូវបានកម្លាំងប្រដាប់អាវុធ និងអាជ្ញាធររដ្ឋាភិបាល ឃាត់ខ្លួន តម្រូវឲ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពដើរប្រមូលស្នាមមេដៃ ទើបពួកគេដោះលែងឲ្យមានសេរីភាព។ លោកថា ខ្លឹមសារកិច្ចសន្យាឲ្យដឹងថា បើពួកគេនៅបន្តដើរប្រមូលស្នាមមេដៃពីពលរដ្ឋជាលើកទី២ អាជ្ញាធរនឹងចាត់វិធានការច្បាប់ដោយចាប់ខ្លួន និងឃុំខ្លួនតាមប្រព័ន្ធតុលាការ។
លោកថា នគរបាលឃុំតាឡាត ស្រុកសេសាន នគរបាលឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ និងនគរបាលឃុំកោះព្រះ ស្រុកសៀមបូក បានរារាំងពលរដ្ឋមិនឲ្យចូលរួមផ្ដិតមេដៃ និងដកហូតញត្តិរបស់សកម្មជនបក្សសង្គ្រោះជាតិ ព្រមទាំងឃាត់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិ៖ «មានច្បាប់ដែលថា ហាមឃាត់មិនឲ្យផ្ដិតមេដៃ។ គេថា បើផ្ដិតមេដៃត្រូវតែសុំច្បាប់ពីគេ។ មានន័យថា អាហ្នឹងច្បាប់កុម្មុយនិស្តសុទ្ធសាធហើយ។ បើច្បាប់ប្រជាធិបតេយ្យមិនដែលមានចង់ផ្ដិតមេដៃ ចង់ទាមទារតវ៉ាទាល់តែសុំការអនុញ្ញាតពីគេអាហ្នឹងវាខុស»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យសាលាខែត្រស្ទឹងត្រែង លោក ម៉ែន គុង ដើម្បីសុំការបំភ្លឺជុំវិញករណីនេះបានទេ នៅថ្ងៃទី១១ ខែមិថុនា ព្រោះទូរស័ព្ទហៅចូលពុំមានអ្នកទទួល។ តែលោកធ្លាប់មានប្រសាសន៍ថា ជំហររបស់រដ្ឋបាលខេត្តស្ទឹងត្រែង ធានាឲ្យបាននូវសន្តិសុខសណ្ដាប់ធ្នាប់សង្គម និងបំពេញជីវភាពរស់នៅរបស់ពលរដ្ឋ។
មេឃុំស្រែគរ លោក សៀក មេគង្គ កត់សម្គាល់ថា កាលពីថ្ងៃទី៨ ខែមិថុនា អភិបាលរងស្រុកសេសាន លោក សុវណ្ណ ពិសេត បានកោះប្រជុំអាជ្ញាធរឃុំ និងពលរដ្ឋហាមមិនឲ្យផ្ដិតមេដៃញត្តិរបស់គណបក្សប្រឆាំងផ្អែកលើសេចក្ដីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ដែលហាមមិនឲ្យមានការញុះញង់ណាមួយដែលប៉ះពាល់ភូមិឃុំមានសុវត្ថិភាព៖ «យើងធ្វើរាល់ថ្ងៃ ធ្វើដោយស្របច្បាប់ ហើយមិនមែនធ្វើដោយបង្ខិតបង្ខំទេ។ ខ្ញុំសូមជម្រាបឲ្យច្បាប់ ស្ថាប័នពាក់ព័ន្ធ និងសមត្ថកិច្ចជំនាញទាំងអស់ហ្នឹងអានច្បាប់រដ្ឋធម្មនុញ្ញឡើងវិញ»។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខែត្រស្ទឹងត្រែង លោក ហូ សំអុល មើលឃើញថា សិទ្ធិនយោបាយ និងសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋកំពុងដើរថយក្រោយ ខណៈអាជ្ញាធរអាជ្ញាធររដ្ឋាភិបាលបានធ្វើទុក្ខបុកម្នេញពួកគេមានជាអាទិ៍ មិនឲ្យចូលរួមផ្ដិតមេដៃដោយស្ម័គ្រចិត្ត ដកហូតញត្តិ និងឃាត់ខ្លួន។ លោកបញ្ជាក់ថា ការផ្ដិតមេដៃដោយស្ម័គ្រចិត្តពុំមានការបង្ខិតបង្ខំគឺជាផ្នែកមួយនៃសិទ្ធិសេរីភាពបញ្ចេញមតិដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ដូច្នេះការរារាំង និងការឃាត់ខ្លួន គឺជាទង្វើខុសច្បាប់៖ «គាត់ធ្វើដូចជាគំរាមកំហែងពួកគាត់ ដែលផ្ទុយពីច្បាប់ដែលច្បាប់ចែងថា ឲ្យគោរពសិទ្ធិឲ្យបានពេញលេញ»។
ចាប់ពីថ្ងៃទី៤ ខែមិថុនា ស្នាមមេដៃដែលគណបក្សសង្គ្រោះជាតិ ក្នុងខេត្តស្ទឹងត្រែង បានចំនួនជាង ១ពាន់ស្នាមមេដៃ។ សកម្មជនបក្សប្រឆាំងកំពុងធ្វើយុទ្ធនាការប្រមូលស្នាមមេដៃដាក់ញត្តិថ្វាយព្រះមហាក្សត្រសុំព្រះរាជអន្តរាគមន៍ទៅរាជរដ្ឋាភិបាលករណីចាប់ខ្លួនតំណាងរាស្ត្រ សកម្មជនបក្សប្រឆាំង សង្គមស៊ីវិល មន្ត្រី គ.ជ.ប និងអន្តរាគមន៍ចំពោះការអនុវត្តច្បាប់របស់តុលាការមានស្តង់ដារពីរជាដើម។
រដ្ឋធម្មនុញ្ញមាត្រា៣៥ ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ សេចក្ដីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ៕