
ដោយ ម៉ម មុនីរតន៍ RFA 2016-06-12
ក្រុមសហគមន៍ដែលមានវិវាទដីធ្លីនៅក្នុងរាជធានីភ្នំពេញមួយចំនួន រួមមានសហគមន៍បឹងកក់ ជាដើម ប្រកាសជំហរថា ពួកគេនៅតែបន្តធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ បើទោះជាមានបម្រាមពីអាជ្ញាធរក្ដី។ ក្រុមអ្នកតវ៉ាព្រមានថា ប្រសិនបើមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ៤នាក់ និងអគ្គលេខាធិការរងនៃ គ.ជ.ប លោក នី ចរិយា នៅតែពុំទាន់មានដំណោះស្រាយឲ្យនៅក្រៅឃុំទេ យុទ្ធនាការដើម្បីទាមទារឲ្យដោះលែងនេះ នឹងនៅតែបន្តធ្វើរហូត។
ស្របពេលយុទ្ធនាការដែលក្រុមអ្នកមានជម្លោះដីធ្លីអះអាងថា រៀបចំឡើងដើម្បីទាមទារឲ្យរដ្ឋាភិបាលដោះលែងអ្នកការពារសិទ្ធិមនុស្ស និងបុគ្គលិក គ.ជ.ប ទន្ទឹមនឹងនេះដែរ ពួកគេក៏បានអំពាវនាវឲ្យមជ្ឈដ្ឋានទូទៅ ជួយចូលរួមធ្វើយុទ្ធនាការដែរ ក្នុងបំណងដើម្បីជំរុញឲ្យមានយុត្តិធម៌សង្គម។
នេះជាការអំពាវនាវលើកទីមួយហើយរបស់ក្រុមអ្នកតស៊ូមតិក្នុងវិវាទដីធ្លី ដើម្បីឲ្យសាធារណជនចូលរួមធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ក្រោយពីមន្ត្រីការពារសិទ្ធិមនុស្ស ត្រូវបានអាជ្ញាធរចាប់ខ្លួនជុំវិញសំណុំរឿងរបស់អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ។
តំណាងសហគមន៍បឹងកក់ អ្នកស្រី ទេព វន្នី ឲ្យដឹងនៅថ្ងៃទី១២ មិថុនា ថា ការចូលរួមត្រឹមអ្នកមានវិវាទដីធ្លី ដើម្បីទាមទាររកយុត្តិធម៌ឲ្យដោះលែងមន្ត្រីការពារសិទ្ធិមនុស្សអាដហុក និងមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនេះ គឺពុំទាន់គ្រប់គ្រាន់នៅឡើយទេ។ អ្នកស្រីបន្តថា ដើម្បីទទួលបាននូវយុត្តិធម៌ លុះត្រាតែមនុស្សគ្រប់គ្នាចាប់ផ្ដើមចូលរួមពីពេលនេះ។ បើមិនដូច្នេះទេ ស្ថានភាពនៃការរំលោភសិទ្ធិមនុស្សថ្ងៃក្រោយ អាចពុំមែនជាក្រុមគោលដៅដែលរដ្ឋាភិបាលចាត់ទុកថា ជាក្រុមប្រឆាំងឡើយ។ អ្នកស្រីបន្តថា «ការតស៊ូមតិ ជាពិសេសគឺការពាក់អាវខ្មៅជារៀងរាល់ថ្ងៃច័ន្ទ ឲ្យបានផុលផុសផង។ ដូចថាជាគំរូល្អទៅដល់ប្រជាពលរដ្ឋផ្សេងៗទៀត គាត់មើលទៅមានទឹកចិត្តចូលរួមឲ្យបានកាន់តែច្រើន»។
ជាញឹកញាប់ គេតែងសង្កេតឃើញមានសហគមន៍ដែលមានវិវាទដីធ្លីមួយចំនួន រួមមានសហគមន៍ថ្មគោល សហគមន៍បុរីកីឡា និងសហគមន៍បឹងកក់ ជាដើម តែងប្រើប្រាស់សិទ្ធិរបស់ខ្លួនធ្វើយុទ្ធនាការនេះនៅរាល់ថ្ងៃច័ន្ទ។ ដើមឡើយ ក្រុមអ្នកតវ៉ាគ្រោងនឹងពាក់អាវខ្មៅឈរនៅមុខពន្ធនាគារព្រៃស ក្នុងបំណងទាមទារឲ្យដោះលែងលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា អ្នកស្រី លឹម មុន្នី និងលោក នី ចរិយា ដែលជាអតីតមន្ត្រីការពារសិទ្ធិមនុស្សអាដហុក ម្នាក់ដែរ។
បើទោះជាបែបណា យុទ្ធនាការនេះមិនបានសម្រេចឡើយតាំងពីដើមរៀងមក គឺអាជ្ញាធរតែងតែរារាំងជារៀងរាល់ពេល ក្នុងនោះគឺមានមនុស្សមួយចំនួន រួមទាំងបុគ្គលិកអង្គការលីកាដូ (LICADHO) ផង ត្រូវអាជ្ញាធរឃាត់ខ្លួនជាបន្តបន្ទាប់។ នៅពេលគោលបំណងមិនអាចទៅរួច ក្រុមអ្នករៀបចំយុទ្ធនាការនេះ បានបង្វែរទិសដៅនៃការទាមទារយុត្តិធម៌នេះ មកធ្វើនៅតាមសហគមន៍ និងផ្សព្វផ្សាយនៅលើបណ្ដាញសង្គមវិញម្តង។
ជុំវិញបញ្ហានេះ នៅក្នុងទិវានៃកំណើតនគរបាលជាតិខួបលើកទី៧១ឆ្នាំ កាលពីថ្ងៃទី១៦ ខែឧសភា លោក ស ខេង និយាយថា ក្រុមអ្នករៀបចំយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ គឺសមត្ថកិច្ចមិនចាប់ខ្លួនទេ ប៉ុន្តែអ្វីដែលមានបញ្ហាកន្លងទៅនេះ គឺគ្រាន់តែឃាត់ខ្លួនដើម្បីអប់រំ រួចដោះលែងវិញប៉ុណ្ណោះ។
វិទ្យុអាស៊ីសេរី ពុំអាចទាក់ទងមន្ត្រីនាំពាក្យសាលារាជធានីភ្នំពេញបានទេ នៅថ្ងៃទី១២ ខែមិថុនា។
ក៏ប៉ុន្តែកន្លងទៅ លោក ហ៊ុន សែន ធ្លាប់អះអាងថា ជុំវិញយុទ្ធនាការនេះ គឺត្រូវចាប់ខ្លួនទាំងអស់ មិនថាពណ៌អ្វីឡើយ ឲ្យតែប្រព្រឹត្តបទល្មើស។
ទាក់ទិនយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅនេះ រដ្ឋាភិបាលធ្លាប់ចោទប្រកាន់ថា នេះជាសញ្ញា ឬជាទម្រង់នៃការធ្វើបដិវត្តន៍ពណ៌នៅកម្ពុជា ក៏ប៉ុន្តែត្រូវបានអ្នករៀបចំយុទ្ធនាការច្រានចោលដោយអះអាងថា វាពុំមែនជារបៀបនៃបដិវត្តន៍ពណ៌ដូចរដ្ឋាភិបាលចោទប្រកាន់ឡើយ។ ផ្ទុយទៅវិញ យុទ្ធនាការនេះប្រឆាំងការហ៊ុមព័ទ្ធសិទ្ធិសេរីភាពរបស់រដ្ឋាភិបាលប៉ុណ្ណោះ។
ប្រធានផ្នែកបច្ចេកទេសការិយាល័យស៊ើបអង្កេតនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត យល់ឃើញថា អ្វីដែលរដ្ឋាភិបាលផ្ដើមប្រើប្រាស់កម្លាំងប្រដាប់អាវុធប្រឆាំងពលរដ្ឋរៀបចំយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅនេះ គឺជាការភ័យខ្លាចជ្រុលពេកទៅវិញទេ។ លោកបន្តថា «ខ្ញុំគិតថានេះវាជាការយល់ខុសហើយ ជាការបារម្ភហួសពេកចំពោះអាជ្ញាធរ ពីព្រោះកន្លងមក ក៏យើងធ្លាប់ឃើញមានការទាមទារ និងការតវ៉ាបញ្ហាដីធ្លី និងការទាមទារឲ្យមានការដោះលែងសកម្មជនដីធ្លីដែលជាប់ពន្ធនាគារកន្លងមកជាហូរហែអ៊ីចឹងដែរ»។
ក្រុមអ្នកតស៊ូមតិនៅតែបញ្ជាក់ជំហរថា ប្រសិនបើយុទ្ធនាការទាមទារឲ្យដោះលែងមន្ត្រីការពារសិទ្ធិមនុស្សរបស់សមាគមអាដហុក និងលោក នី ចរិយា ពុំមានដំណោះស្រាយទេ យុទ្ធនាការនេះនឹងនៅតែបន្តធ្វើជារៀងរហូត។ ម្យ៉ាងវិញទៀត បើនៅរៀងរាល់ថ្ងៃច័ន្ទ ខាងអាជ្ញាធរចុះទប់ស្កាត់ ពួកគេអះអាងថា នឹងរៀបចំយុទ្ធនាការនេះនៅតាមសហគមន៍រៀងៗខ្លួន៕