
ដោយ យ៉ង ចាន់តារា RFA 2016-06-12
អ្នកវិភាគស្ថានការណ៍នយោបាយកម្ពុជា យល់ឃើញថា ការប្រកាសមិនចរចាជាមួយគណបក្សសង្គ្រោះជាតិ ដោយប្រធានគណបក្សកាន់អំណាច នឹងធ្វើឲ្យមានការប្រេះឆាជាតិធ្ងន់ធ្ងរ។ ការប្រេះឆាដែលនឹងអាចនាំមកនូវការប្រឈមរវាងគណបក្សកាន់អំណាច ដែលមានកងកម្លាំងប្រដាប់អាវុធ និងគណបក្សប្រឆាំងដែលមានកម្លាំងប្រជាជនគាំទ្រ។ ទន្ទឹមនឹងនេះ អង្គការសង្គមស៊ីវិលផ្នែកការបោះឆ្នោត ព្រមានថា បើសិនជាស្ថានការណ៍នយោបាយនៅតែស្ថិតក្នុងភាពចម្រូងចម្រាសដូចសព្វថ្ងៃ វានឹងអាចជះឥទ្ធិពលអាក្រក់ដល់ដំណើរការបោះឆ្នោត ដែលកាន់តែខិតជិតមកដល់នៅពេលខាងមុខ។
សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ បណ្ឌិត សូ ចន្ថា ថ្លែងប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១២ មិថុនា ថា ជំហរមិនចរចាជាមួយគណបក្សប្រឆាំងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងនាំមកនូវផលវិបាកធ្ងន់ធ្ងរសម្រាប់ជាតិខ្មែរ។ ផលវិបាកទាំងនោះ គឺជាការបាត់បង់សាមគ្គីជាតិ ខាតបង់ផលប្រយោជន៍ការបរទេស និងការខាតបង់ប្រយោជន៍សេដ្ឋកិច្ច៖ «»។
ការថ្លែងរបស់អ្នកវិភាគរូបនេះ ធ្វើឡើងបន្ទាប់ពីប្រមុខរដ្ឋាភិបាល និងជាប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន បានបញ្ជាក់ប្រាប់សារព័ត៌មាន ហ្វ្រេស ញ៉ូវ (Fresh News) កាលពីយប់ថ្ងៃទី១១ មិថុនា ថា នឹងគ្មានការចរចាណាមួយរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នៅពេលខាងមុខនេះឡើយ។
លោក ហ៊ុន សែន ថ្លែងថា ការចរចាណាមួយ នឹងអាចជះឥទ្ធិពលដល់ដំណើរការតុលាការដែលកំពុងមានចំណាត់ការលើរឿងមួយចំនួន ហើយថា រដ្ឋសភា គឺជាច្រកតែមួយគត់ដែលអាចជួបប្រជុំលើដំណើរការរបស់ជាតិ តែគណបក្សសង្គ្រោះជាតិ បានបោះបង់ចោលដោយខ្លួនឯង។ លោក ហ៊ុន សែន បញ្ជាក់ទៀតថា បើសិនជាមានការចរចាគ្នាមែន គណបក្សរបស់លោក នឹងមិនពិភាក្សាលើរឿងណាដែលជាសមត្ថកិច្ចរបស់តុលាការនោះទេ ហើយក៏មិនជជែកលើករណីអ្នកជាប់ពន្ធនាគារនោះដែរ។
តាមរយៈការប្រកាសបែបនេះ លោក សូ ចន្ថា គិតថា មេដឹកនាំនយោបាយនៅកម្ពុជា គ្មានឆន្ទៈចង់ដោះស្រាយបញ្ហាជាតិនោះទេ ប៉ុន្តែបែរជារិះរកវិធីសាស្ត្រយ៉ាងណា ដើម្បីតែការរក្សាអំណាចរបស់ខ្លួន៖ «»។
ជុំវិញរឿងនេះ នាយកប្រតិបត្តិអង្គការខុមហ្រ្វែល (COMFREL) លោក គល់ បញ្ញា ព្រមានថា ដរាបណាស្ថានការណ៍នយោបាយនៅតែតឹងតែងបែបនេះ វានឹងជះឥទ្ធិពលអាក្រក់ទៅលើការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា៖ «»។
លោក គល់ បញ្ញា បញ្ជាក់ទៀតថា រដ្ឋាភិបាលមិនត្រូវទុកបណ្តែតបណ្តោយឲ្យបញ្ហានយោបាយទាំងឡាយ អូសបន្លាយដល់ពេលបោះឆ្នោតនោះទេ ពីព្រោះស្ថាប័នមួយនេះមានការទទួលខុសត្រូវខ្ពស់ជាងគេ ក្នុងការធានាឲ្យបាននូវការបោះឆ្នោតដោយសេរី និងយុត្តិធម៌។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន អះអាងថា ការប្រកាសរបស់លោក ហ៊ុន សែន មិនមែនជាការរំលាយវប្បធម៌សន្ទនានោះទេ ប៉ុន្តែគ្រាន់តែជាការផ្អាកបណ្ដោះអាសន្នតែប៉ុណ្ណោះ។ លោកថា ការជួបចរចាណាមួយរវាងបក្សកាន់អំណាច និងគណបក្សប្រឆាំង អាចកើតមានឡើង លុះត្រាតែតុលាការអនុវត្តនីតិវិធីរបស់ខ្លួនរួចរាល់ជាមុនសិន៖ «»។
ទោះបីជាមានការប្រកាសបែបនេះក្តី លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បញ្ជាក់ថា លោកមិនគិតថា នេះជាការបិទផ្លូវមិនឲ្យមានការចរចាគ្នានោះទេ។ លោកជឿជាក់ថា ក្តីសង្ឃឹមនៅតែមាន ពីព្រោះគណបក្សទាំងពីរសុទ្ធតែចង់ដោះស្រាយបញ្ហាដូចគ្នា ហើយគណបក្សសង្គ្រោះជាតិ នឹងរិះរកវិធីជាបន្តទៀត ដើម្បីអាចជួបជជែកគ្នាជាមួយភាគីគណបក្សប្រជាជនកម្ពុជា ឈានដល់ការដោះស្រាយបញ្ចប់បញ្ហាទាំងឡាយដែលកំពុងកើតមាន៖ «»។
បញ្ហាសង្គម និងនយោបាយនៅកម្ពុជា មានសភាពកាន់តែតានតឹងឡើង បន្ទាប់ពីសកម្មជនការពារសិទ្ធិមនុស្ស សកម្មជនបរិស្ថាន មន្ត្រី គ.ជ.ប ព្រមទាំងតំណាងរាស្ត្រ និងសកម្មជនគណបក្សប្រឆាំងជាច្រើនរូប ត្រូវបានអាជ្ញាធរចាប់ឃុំខ្លួនជាបន្តបន្ទាប់។ ក្រៅពីនេះ ការប៉ុនប៉ងចាប់ខ្លួនលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដ៏មានប្រជាប្រិយភាពសឹងតែបង្កឲ្យផ្ទុះការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល។
ស្ថិតក្នុងស្ថានភាពបែបនេះ ទាំងអង្គការជាតិ និងអន្តរជាតិជាច្រើន ពិសេសអង្គការសហប្រជាជាតិ និងសហភាពអឺរ៉ុប បានបង្ហាញក្តីព្រួយបារម្ភខ្លួន និងអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា ឲ្យធានានូវការគោរពសិទ្ធិមនុស្សពេញលេញ ដែលរួមបញ្ចូលទាំងសេរីភាពនៃការបញ្ចេញមតិ សេរីភាពខាងសមាគម និងសេរីភាពនៃការប្រមូលផ្តុំ ជាពិសេសពួកគេទទូចឲ្យគណបក្សជាប់ឆ្នោតទាំងពីរ បន្តវប្បធម៌សន្ទនាតទៅទៀត៕