Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

ពលរដ្ឋ​ថា​សត្វ​ស្លាប​នៅ​តំបន់​បឹង​ទន្លេ​ឆ្មា​ខេត្ត​កំពង់ធំ​ថយ​ចុះ​ដោយសារ​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក

$
0
0
១-ឧសភា-២០១៦៖ សត្វ​ស្លាប​នៅ​តំបន់​បឹង​ទន្លេ​ឆ្មា ឋិត​នៅ​ឃុំ​ពាមបាង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ។ RFA/Saut Sokprathna RFA/Saut Sokprathna

ដោយ សូត សុខប្រាថ្នា RFA 2016-05-04

ប្រជា​នេសាទ​រស់នៅ​ជាប់​តំបន់​អភិរក្ស​បឹង​ទន្លេ​ឆ្មា ឃុំ​ពាមបាង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ លើក​ឡើង​ថា ចំនួន​សត្វ​ស្លាប​ដែល​នាំ​គ្នា​មក​រក​ចំណី​ក្នុង​បឹង​មាន​ការ​ថយ​ចុះ​នៅ​ឆ្នាំ​នេះ។ បញ្ហា​នេះ ពួក​គាត់​យល់​ថា ដោយសារ​តែ​ព្រៃ​លិច​ទឹក​មួយ​ចំនួន​ត្រូវ​បាន​ឆេះ​ជា​បន្តបន្ទាប់ ធ្វើ​ឲ្យ​សត្វ​ស្លាប​ទាំង​នោះ​បាត់បង់​ជម្រក។ ចំណែក​មន្ត្រី​ជំនាញ​អះអាង​ថា សត្វ​ស្លាប​នៅ​តំបន់​អភិរក្ស​មួយ​នេះ​គ្មាន​អ្វី​ប្រែប្រួល​ទេ។

សត្វ​ស្លាប​ជាច្រើន​ប្រភេទ នាំ​គ្នា​ចុះ​រក​ចំណី​នៅ​ក្នុង​បរិវេណ​បឹង​ទន្លេ​ឆ្មា ខណៈ​បឹង​មួយ​នេះ​រីង​រាក់ បង្ក​ភាព​ងាយ​ស្រួល​ដល់​សត្វ​ស្លាប​ទាំង​នោះ។

បើ​ទោះ​បី​ជា​មាន​សត្វ​ស្លាប​ជាច្រើន​មើល​ទៅ​ដេរដាស​នៅ​ផ្នែក​ខ្លះ​នៃ​បឹង​ក៏ដោយ ប៉ុន្តែ​ប្រជា​នេសាទ​រស់នៅ​ឃុំ​ពាមបាង លើក​ឡើង​ថា ចំនួន​សត្វ​ស្លាប​ទាំង​នោះ​បាន​ថយ​ចុះ​ស្ទើរ​ពាក់​កណ្ដាល បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​កន្លង​ទៅ។

ប្រជាពលរដ្ឋ​មួយ​រូប​រស់នៅ​ភូមិ​ពាមបាង ឃុំ​ពាមបាង លោក ប៉ែន ប៊ុនធឿន មាន​ប្រសាសន៍​ថា សត្វ​ស្លាប​នៅ​តំបន់​អភិរក្ស​បឹង​ទន្លេ​ឆ្មា រួម​មាន សត្វ​ត្រដក់ សត្វ​ក្រៀល ទុង កុក ក្អែក​ទឹក ននៀល ត្រយង់ ខ្យង ជាដើម។ តាម​ការ​សង្កេត​មើល​របស់​លោក ឃើញ​ថា ចំនួន​សត្វ​នៅ​ឆ្នាំ​នេះ​មាន​ការ​ធ្លាក់​ចុះ​ជាង​រាល់​ឆ្នាំ ដែល​ធ្វើ​ឲ្យ​លោក​មាន​ក្តី​បារម្ភ។ លោក​ថា ចំនួន​សត្វ​ធ្លាក់​ចុះ ដោយសារ​ស្ថានភាព​ភ្លើង​ឆេះ​ព្រៃ​មាន​ច្រើន ធ្វើ​ឲ្យ​សត្វ​ស្លាប​ទាំង​នោះ​ផ្លាស់​ទី​ទៅ​កាន់​តំបន់​ផ្សេងៗ​ទៀត៖ «ខ្ញុំ​ព្រួយ​បារម្ភ​ខ្លាច​បាត់បង់​ពូជ​សត្វ​ទាំង​នោះ ខ្លាច​ក្មេង​ជំនាន់​ក្រោយ​មិន​ស្គាល់​ប្រភេទ​សត្វ»។

ប្រជា​នេសាទ​រូប​នេះ​មើល​ឃើញ​ថា សក្ដានុពល​សត្វ​ស្លាប​ទាំង​នោះ​រួម​ទាំង​ទិន្នផល​ត្រី​ក្នុង​បឹង​ទន្លេ​ឆ្មា គឺ​ជា​ផ្នែក​មួយ​ដើម្បី​កែប្រែ​តំបន់​នេះ​ឲ្យ​ក្លាយ​ជា​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ។ លោក​ថា សត្វ​ស្លាប​អាច​ជួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​ទៅ​លេង​កម្សាន្ត​តំបន់​នោះ​ជាក់​ជា​មិន​ខាន បើ​ទោះ​បី​ជា​តំបន់​អភិរក្ស​បឹង​ទន្លេ​ឆ្មា ស្ថិត​នៅ​ឆ្ងាយ​ដាច់​ស្រយាល​ក៏ដោយ។

ទាក់ទង​បញ្ហា​នេះ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ធំ លោក ប៉ែន វណ្ណរិទ្ធ មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​២ ឧសភា ថា អាកាសធាតុ​ក្តៅ​កន្លង​មក ធ្វើ​ឲ្យ​តំបន់​ព្រៃ​លិច​ទឹក​ស្ទើរ​នៅ​ទូទាំង​ប្រទេស​ឆេះ ពោល​គឺ​មិន​មែន​ឆេះ​តែ​នៅ​តំបន់​អភិរក្ស​បឹង​ទន្លេ​ឆ្មា ប៉ុណ្ណោះ​ទេ។ លោក​ថា សត្វ​នៅ​ទីនោះ​មាន​ច្រើន​ប្រភេទ រហូត​ធ្វើ​ឲ្យ​លោក​មិន​អាច​រៀបរាប់​អស់ ប៉ុន្តែ​លោក​អះអាង​ថា ចំនួន​សត្វ​ស្លាប​ក្នុង​តំបន់​អភិរក្ស​មួយ​នេះ គ្មាន​អ្វី​ប្រែប្រួល​ឡើយ៖ «បើ​តាម​ការ​អង្កេត​របស់​ខ្ញុំ សត្វ​ចុះ​នៅ​បឹង​ទន្លេ​ឆ្មា ខ្ញុំ​គិត​ថា​ដូចជា​មិន​មាន​ការ​ថយ​ចុះ​អី​ទេ»។

ព្រៃ​លិច​ទឹក​តំបន់​អភិរក្ស​បឹង​ទន្លេ​ឆ្មា ដែល​រង​ការ​ឆាបឆេះ​ចាប់​តាំង​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា រហូត​ដល់​ថ្ងៃ​ទី​១៧ មេសា លោក ប៉ែន វណ្ណរិទ្ធ បញ្ជាក់​ថា គឺ​មាន​ទំហំ​ជាង ២០០​ហិកតារ ប៉ុន្តែ​របាយការណ៍​របស់​អាជ្ញាធរ​មូលដ្ឋាន គឺ​អាច​មាន​ទំហំ​លើស​ពី​នេះ។ ព្រៃ​ទាំង​នោះ​ឆេះ​ដោយ​ដុំៗ គឺ​មាន​រហូត​ដល់​ទៅ​ជិត ១០​ទីតាំង​នៅ​ក្នុង​តំបន់​អភិរក្ស​បឹង​ទន្លេ​ឆ្មា ដែល​បង្ក​ឡើង​ដោយ​អាកាសធាតុ​ក្តៅ​ខ្លាំង ព្រម​ទាំង​សកម្មភាព​ធ្វេសប្រហែស​ពី​សំណាក់​ពលរដ្ឋ​រស់នៅ​តំបន់​នោះ។

ជាមួយ​គ្នា​នេះ ជំទប់​ទី​២ ឃុំ​ពាមបាង លោក គុំ ខុម លើក​ឡើង​ថា ចំនួន​សត្វ​ស្លាប​នៅ​ឆ្នាំ​នេះ គឺ​ធ្លាក់​ចុះ​ប្រមាណ​ពាក់​កណ្ដាល បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​កន្លង​ទៅ។ បញ្ហា​នេះ លោក​ស្នើ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ ជួយ​ទប់ស្កាត់​ករណី​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​អភិរក្ស​មួយ​នេះ ពីព្រោះ​ភ្លើង​ឆេះ​ព្រៃ​វា​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ជម្រក​ត្រី ម្យ៉ាង​វា​ធ្វើ​ឲ្យ​បាត់បង់​ជម្រក​របស់​សត្វ​ស្លាប​តែ​ម្តង៕


Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>