ដោយ ម៉ែន សុធីរ RFA 2016-06-14
សត្វចតុប្បាទព្រៃ និងសត្វស្លាបជិតផុតពូជរាប់រយប្រភេទ បច្ចុប្បន្នមានវត្តមាននៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ត្រូវបានអភិរក្សដោយអង្គការអភិរក្សសត្វស្លាបអន្តរជាតិ (BirdLife International) ជាងមួយទសវត្សរ៍មកហើយ។ អង្គការនេះកំពុងស្រាវជ្រាវពីយុទ្ធសាស្ត្រសំខាន់ៗបន្ថែមទៀត ដើម្បីធានានិរន្តរភាពសត្វព្រៃទាំងនោះ បន្ទាប់ពីមានបាតុភាពគ្រោះរាំងស្ងួត សកម្មភាពមនុស្ស និងការកាប់បំផ្លាញព្រៃឈើជាប្រព័ន្ធកន្លងទៅ ជាឧបសគ្គចម្បងយាយីដល់ជម្រកសត្វព្រៃទាំងនោះ។
អ្នកអភិរក្សផ្នែកបរិស្ថាននៃអង្គការមិនមែនរដ្ឋាភិបាលនៅខេត្តស្ទឹងត្រែង រកឃើញថា វត្តមានសត្វកម្រជិតផុតពូជនៅតំបន់ព្រៃការពារសៀមប៉ាងខាងលិច បានដើរតួនាទីយ៉ាងសំខាន់ទ្រទ្រង់ជីវភាពរស់នៅរបស់សហគមន៍ មានជាអាទិ៍ រក្សាបានតុល្យភាពធនធានធម្មជាតិ បម្រើវិស័យទេសចរណ៍ ការប្រមូលអនុផលព្រៃឈើ ទប់ស្កាត់ជំងឺអាសន្នរោគ និងកាត់បន្ថយបម្រែបម្រួលអាកាសធាតុ ជាដើម។
អង្គការនេះកំពុងស្រាវជ្រាវពីយុទ្ធសាស្ត្រទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលរំពឹងថាអាចរកប្រាក់ចំណូលពីវិស័យទេសចរណ៍ ដើម្បីជួយបង្កើនជីវភាពសហគមន៍ជំនួសដោយការកាប់បំផ្លាញព្រៃឈើ ការកាប់ព្រៃរានយកដី និងទប់ស្កាត់ការផ្តល់ដីសម្បទានសេដ្ឋកិច្ច។
ប្រធានកម្មវិធីប្រចាំកម្ពុជា នៃអង្គការអភិរក្សសត្វស្លាបអន្តរជាតិ (BirdLife International) លោក ប៊ូ វីរសក្ស ឲ្យដឹងនៅថ្ងៃទី១៣ មិថុនា ថា ដើម្បីអភិរក្សសត្វព្រៃទាំងនោះឲ្យគង់វង្ស ចាំបាច់ត្រូវការពារទីជម្រករបស់វា ដូចជាព្រៃឈើ ជាដើម។ លោកថា តំបន់ព្រៃការពារសៀមប៉ាងខាងលិចមានលក្ខណៈពិសេស ដែលទ្រទ្រង់ប្រភេទសត្វកម្រជិតផុតពូជនៅលើពិភពលោក ៥ប្រភេទ ដូចជាសត្វត្រយងចង្កំកស ត្រយងយក្ស ត្មាតប្រផេះ ត្មាតភ្លើង និងត្មាតត្នោត ជាដើម។ លោកថា សត្វត្រយងចង្កំកស មានវត្តមានលើពិភពលោកប្រហែល ១.១០០ក្បាល ហើយមាននៅស្រុកសៀមប៉ាង ជាង ៥០០ក្បាល។ ចំណែកត្រយងយក្សមានចំនួន ២៥០ក្បាលនៅលើពិភពលោក មានវត្តមាននៅស្រុកសៀមប៉ាង ជាង ៥០ក្បាល។
លោកបន្តថា មកទល់ពេលនេះ សម្បុកសត្វស្លាបទាំងនោះមានជាង ២០សម្បុក ដែលអង្គការលោកបានចំណាយថវិកាជួលអ្នកយាមសម្បុកអស់ជិត ៤០លានរៀល ឬស្មើ ១ម៉ឺនដុល្លារអាមេរិកក្នុងមួយរដូវ ហើយការចំណាយទាំងនោះ ត្រូវបានដល់ដៃសហគមន៍៖ «ចេញការងារអភិរក្សយើងអាចជួយដល់បង្កើនការពារព្រៃឈើ ជួយបង្កើនជីវភាពរបស់សហគមន៍ ហើយនិងពិនិត្យមើលលទ្ធភាពបន្តទៀត ដោយសារតំបន់ហ្នឹងមានភាពពិសេសចឹង។ យើងអាចយកភាពពិសេសទាក់ទាញទេសចរឲ្យគាត់មកលេង ហើយចំណាយ»។
អ្នកស្រាវជ្រាវនៃអង្គការអភិរក្សសត្វស្លាបអន្តរជាតិ លោក លួន ប៊ុនប៉េង ឲ្យដឹងថា អង្គការលោកបានផ្តល់ចំណីជាប្រចាំដល់សត្វត្មាតទាំងនោះមួយខែពីរដង ពេលផ្ដល់ចំណីម្តងៗ គឺគោ ឬក្របី ១ក្បាល។ លោកបារម្ភថា សហគមន៍មូលដ្ឋានពុំសូវយល់ដឹងពីអត្ថប្រយោជន៍សត្វព្រៃទាំងនោះទេ។ អ្នកភូមិខ្លះបរបាញ់ ហើយដាក់ថ្នាំបំពុលក្នុងត្រពាំង និងខ្លះកម្ទេចសម្បុកវា ដែលប៉ះពាល់ធ្ងន់ធ្ងរដល់សត្វកម្រទាំងនោះ។ ដូច្នេះ អង្គការលោកបានផ្ដោតការយកចិត្តទុកដាក់សហការជាមួយមន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីអាវុធហត្ថ អាជ្ញាធរមូលដ្ឋាន និងសហគមន៍ បានចុះល្បាត និងផ្សព្វផ្សាយពីអត្ថប្រយោជន៍សត្វព្រៃទាំងនោះជាប្រចាំ៖ «នៅតំបន់យើងនៅប៉ុន្មានឆ្នាំមុនបាត់បង់ព្រៃឈើច្រើនដែរ ដោយសារតែទាក់ទងក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចចឹង។ ប្រភេទសត្វព្រៃភាគតិចវាអាចទៅតំបន់គេ។ បានអង្គការ BirdLife អាចទប់ស្កាត់បានមួយចំនួន នៅសល់សត្វច្រើនដែរ ដើម្បីអភិរក្សរាល់ថ្ងៃ។ បើពុំមានអង្គការនេះទេ បាត់បង់ទាំងព្រៃឈើ បាត់បង់ទាំងសត្វស្លាបសត្វព្រៃបាត់បង់ច្រើន»។
មន្ត្រីជំនាញរដ្ឋបាលព្រៃឈើស្រុកសៀមប៉ាង លោក ជា វីរៈ កត់សម្គាល់ថា ការយល់ដឹងរបស់ពលរដ្ឋនៅមូលដ្ឋានមានកម្រិត មន្ត្រីជំនាញមិនអាចអនុវត្តច្បាប់ព្រៃឈើបានពេញលេញនោះទេ ទាក់ទិនបទល្មើសសត្វព្រៃ និងកាប់ព្រៃ។ លោកបារម្ភថា អំឡុងពេលគ្រោះរាំងស្ងួតកាលពីខែមេសា និងខែឧសភា ឆ្នាំ២០១៦ សត្វកម្រដូចជាប្រើស រមាំង និងឈ្លូសមួយចំនួនងាប់ដោយសារខ្វះចំណី និងខ្វះទឹក។ ក្រុមការងារលោកកំពុងរកមធ្យោបាយស្ដារត្រពាំងបន្ថែមនៅតំបន់សំខាន់ៗ ដើម្បីធានាតម្រូវការប្រើប្រាស់ទឹកដល់សត្វព្រៃទាំងនោះនារដូវប្រាំងឆ្នាំក្រោយៗ។ លោកបារម្ភទៀតថា តំបន់អភិរក្សនោះក៏ប្រឈមការដណ្ដើមដីគ្នាជាសម្បត្តិឯកជនពីសំណាក់ពលរដ្ឋមូលដ្ឋាន និងឈ្មួញ ដែលអាចប៉ះពាល់ដល់ដំណើរការអភិរក្សសត្វកម្រទាំងនោះ៖ «ដូចជាកូនក្មេងក្រោមអាយុជនល្មើស គាត់ថាឃើញវារត់អត់រួច ដើរពីងពាំង បានន័យថា សត្វនេះអត់ទឹកផឹកកាលពីថ្ងៃមុន។ ចឹងវាដាច់ទឹក ប្រជាជនទៅឃើញវាអស់កម្លាំងដួលបាត់ហើយ។ ពីរខែមុន គឺវាដាច់ទឹកក្នុងតំបន់រស់នៅហ្នឹងមែន»។
របាយការណ៍មន្ត្រីជំនាញរដ្ឋបាលព្រៃឈើស្រុកសៀមប៉ាង ឲ្យដឹងថា នៅឆ្នាំ២០១៥ មន្ត្រីជំនាញបានរឹបអូសម៉ាស៊ីនស្វ័យប្រវត្តិ ឬត្រង់ស៊ីន័រជាង ២០០គ្រឿង ហើយឆ្នាំ២០១៦ ជាង ១០គ្រឿង រឹបអូសកាំភ្លើងកែច្នៃបាញ់សត្វព្រៃជាង ១០ដើម និងរឹបអូសអន្ទាក់បាន ៦០០ខ្សែ។ ចំណែកសាច់សត្វព្រៃ មន្ត្រីជំនាញរឹបអូសបាន ៨០០គីឡូក្រាម ហើយសត្វរស់បានចំនួនជាង ៨០ក្បាល ក្នុងនោះមានសត្វស្លាប និងអណ្ដើក ជាដើម។ បន្ទាប់ពីរឹបអូសបាន មន្ត្រីជំនាញលែងសត្វនោះចូលក្នុងព្រៃវិញ។ ចំណែកជនល្មើស អាជ្ញាធរបានអប់រំ និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់។
មន្ត្រីជំនាញបរិស្ថានរកឃើញថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ សកម្មភាពក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចមួយចំនួនដែលទទួលសិទ្ធិវិនិយោគពីរដ្ឋាភិបាលនៅខេត្តស្ទឹងត្រែង បានគំរាមកំហែងធ្ងន់ធ្ងរសត្វព្រៃទាំងនៅតំបន់នោះ និងនៅតំបន់ផ្សេងទៀត បណ្ដាលឲ្យសត្វកម្រមួយចំនួន ដូចជា ខ្ទីង ប្រើស រមាំង ឈ្លូស និងទន្សង ជាដើម បានបន្លាស់ទីទៅរស់នៅតំបន់ព្រៃអភិរក្ស ហ្សេ ពាន (Xe Pian) ប្រទេសឡាវ និងមួយចំនួនទៀត ច្រាលទៅរស់នៅតំបន់ឧទ្យានជាតិអភិរក្ស ជឺ ម៉ម រ៉ាយ (Chư Mom Ray) ប្រទេសវៀតណាម។
អ្នកជំនាញបរិស្ថានរកឃើញថា សត្វត្មាតបានដើរតួនាទីសំខាន់ក្នុងការសម្អាតបរិយាកាសកើតចេញពីសាកសព។ សត្វត្មាតអាចឈ្នះជំងឺអាសន្នរោគដែលកើតចេញពីសាកសព ខណៈចំពុះសត្វត្មាតផ្ទុកមេរោគរាប់រយប្រភេទ។ មេរោគទាំងនោះមិនអាចធ្វើឲ្យសត្វនេះងាប់បានឡើយ។ ប្រសិនបើមានសាកសពងាប់ក្នុងព្រៃ ឬនៅតំបន់ផ្សេងៗដែលពុំមានវត្តមានសត្វត្មាតស៊ីសាកសពទេ សាកសពនោះនឹងហើរសាយភាយទៅបរិយាកាស អាចបង្កើតអាសន្នរោគផ្សេងៗ អាចងាយនឹងឆ្លងដល់មនុស្ស។ សត្វត្មាតអាចហើរបានកម្ពស់ចាប់ពី ១គីឡូម៉ែត្រឡើងដល់ ៥គីឡូម៉ែត្រ។ សត្វនេះមានភ្នែកមុត អាចមើលបានឆ្ងាយជាងភ្នែករបស់មនុស្ស ៦០០ដង។
អនុក្រឹត្យរបស់រដ្ឋាភិបាលចុះថ្ងៃទី៩ ខែឧសភា បានកំណត់តំបន់ព្រៃការពារសៀមប៉ាងខាងលិច គ្រប់គ្រងដោយក្រសួងបរិស្ថាន ក្រោមកិច្ចសហការជាមួយអង្គការអភិរក្សសត្វស្លាបអន្តរជាតិលើផ្ទៃដីជាង ១០ម៉ឺនហិកតារ ជាប់ព្រំប្រទល់ប្រទេសឡាវ។ តំបន់អភិរក្សនោះ មានព្រំប្រទល់ជាប់នឹងតំបន់ឧទ្យាន ហ្សេ ពាន (Xe Pian) ប្រទេសឡាវ និងជាប់ឧទ្យានជាតិវីរៈជ័យ ខេត្តរតនគិរី និងភ្ជាប់តំបន់ឧទ្យានជាតិ ជឺ ម៉ម រ៉ាយ (Chư Mom Ray) ប្រទេសវៀតណាម។ បណ្ដាញអភិរក្សតំបន់ទាំងបីនោះមានផ្ទៃដីជាង ៧សែនហិកតារ។
កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ អង្គការអភិរក្សសត្វស្លាបអន្តរជាតិ បានធ្វើជំរឿនសត្វត្មាតនៅទូទាំងប្រទេស។ ក្នុងជំនឿននោះ អង្គការនេះប្រទះឃើញសត្វត្មាតចុះស៊ីចំណីនៅតំបន់ដែនជម្រកសត្វព្រៃសៀមប៉ាងខាងលិច ៤១ក្បាល ក្នុងនោះមានត្មាតប្រផេះ ២៧ក្បាល ត្មាតភ្លើង ៥ក្បាល ត្មាតត្នោត ៩ក្បាល។ បើធៀបឆ្នាំ២០១៥ ធ្លាក់ចុះ ក៏ប៉ុន្តែតួលេខនេះមិនអាចប្រាកដថាចំនួនសត្វត្មាតធ្លាក់ចុះនោះទេ ដោយសារសត្វត្មាតមួយចំនួនបានចាំសម្បុក និងរកចំណីនៅតំបន់ផ្សេងៗទៀត ខណៈសត្វពាហនៈអ្នកស្រុកសៀមប៉ាង ងាប់រាប់រយក្បាលកាលពីខែមេសា និងខែឧសភា។
អង្គការអភិរក្សសត្វស្លាបអន្តរជាតិ (BirdLife International) បានចុះសិក្សាស្រាវជ្រាវតាំងពីឆ្នាំ២០០៣ និងបានគ្រប់គ្រងដីព្រៃឈើចំនួនជាង ១៣ម៉ឺនហិកតារ ឋិតនៅឃុំព្រែកមាស និងឃុំថ្មកែវ ក្នុងស្រុកសៀមប៉ាង ដែលមានប្រភេទសត្វស្លាបជាង ៣០០ប្រភេទ និងមានសត្វស្លាបជិតផុតពូជបំផុតនៅលើពិភពលោកមាន ៥ប្រភេទ ដូចជា ត្មាតភ្លើង ត្មាតប្រផេះ ត្មាតត្នោត សត្វត្រយងចង្កំកស និងសត្វត្រយងយក្ស ជាដើម។
ក្រៅពីសត្វស្លាប អង្គការអភិរក្សសត្វស្លាបអន្តរជាតិ នៅមិនទាន់កំណត់តួលេខជាក់លាក់ពីចំនួនសត្វចតុប្បាទព្រៃបានទេ បន្ទាប់ពីក្រុមល្បាតបានបង្កប់កាមេរ៉ាប្រទះឃើញសត្វរមាំង ឈ្លូស ខ្ទីង ប្រើស ទន្សោង ខ្លាឃ្មុំ និងឆ្កែព្រៃ ជាដើម កំពុងមានវត្តមាននៅតំបន់នោះ៕