(ដោយជូលាងហាក់)
"យើងនឹងកែនគ្នា ហើយស្ទុះទៅជួយជាតិយើង!!"នេះប្រហែលជាគំនិតនិងទឹកចិត្តរបស់មេដឹកនាំគណបក្ស
សង្គ្រោះជាតិ គឺលោកកឹមសុខា និងលោកសមរង្ស៊ី។ រដ្ឋកម្ពុជា ដែលជាកម្មសិទ្ធិនៃពលរដ្ឋខ្មែរ ជាទូទៅនោះ
បាននិងកំពុងកាន់កាប់ ដោយមនុស្សដែលជាអតីតសមាជិកយោធាខ្មែរអវិចី បំផ្លាញជាតិសាសន៍ឯង។ គឺជា
ពួកឃាតកសម្លាប់មនុស្សទាំងខ្មែរទាំងបរទេស ទាំងសែនទាំងលាននាក់ ក្នុងអំឡុងពេល៣ឆ្នាំ៨ខែម្ភៃថ្ងៃ នៃ
ការបង្កើតភពអន្ធការ ក្រោមកណ្តាប់ដៃដ៏មហាឧក្រឹដ្ឋរបស់ខ្លួន ក្នុងរដ្ឋកម្ពុជាដែលធ្លាប់តែសុខសាន្តត្រាណ។
បន្ទាប់ពីពលរដ្ឋខ្មែរ ត្រូវបានរំដោះពីនរកអវិចី ដោយដៃមនុស្សដែលជាឃាតក និងទ័ពយួន ប្រទេសខ្មែរធ្លាក់
ក្នុងកណ្តាប់ដៃមនុស្សដែលជាសមាជិក នៃបនឃាតកជាដដែល។ ប៉ុន្តែរាស្ត្រខ្មែរបានធូរស្រាលទុក្ខជាងមុន
ព្រោះគេបានជួបជុំគ្រួសារនិងមានជីវភាពជាមធ្យម ធ្វើការរកស៊ីតាមសមត្ថភាពដូចជំនាន់ស្រុកសាន្តត្រាណ
គ្មានចិត្តភិតភ័យខ្លាំងដូចជំនាន់ប៉ុលពត។ ទោះយ៉ាងណា ពេលនេះជាពេលច្របូកច្របល់ក្នុងសង្គមខ្មែរ។ គឺ
ជាពេលដែលនយោបាយខ្មែរនៅអាក្រាតកណ្តាលវាល គួរឱ្យខ្មាស់អៀនចំពោះភ្នែកបរទេសជិតឆ្ងាយ។ ខ្មែរ
មិនបានសុខសោះ ក្នុងគ្រួសារនៃចរន្តនយោបាយរបស់ខ្មែរ។ ខ្មែរវាយបំបាក់គ្នា រកប្រយោជន៍ឱ្យបក្សខ្លួន។
រឿងអយុត្តិធម៌ក្នុងសង្គម ដែលទាក់ទងដល់ស្ថាប័នជាតិនៃប្រព័ន្ធយុត្តិធម៌ទាំងផ្ទៃប្រទេស។ រឿងរាស្ត្រខ្មែរជា
ច្រើនម៉ឺនច្រើនសែននាក់ ដែលរស់មិនបានសុខដោយសារបញ្ហាផ្ទះសម្បែងដីធ្លី ដែលត្រូវគេរំលោភសិទ្ធិ តែ
រដ្ឋាភិបាលខ្មែរគ្មានលទ្ធភាពជាក់ស្តែងក្នុងការជួយរំដោះទុក្ខ និងជ្រោមជ្រែងការរស់នៅរបស់ពួកគេឱ្យបាន
ធូរស្បើយល្ហើយក្នុងចិត្ត។ រឿងធំបង្អស់គឺរឿងព្រំដែននៃបូរណភាពទឹកដីខ្មែរ ជាប់ដីយួន ដែលរាស្ត្រខ្មែរទាំង
ប្រទេសកំពុងសង្ស័យថាត្រូវយួនឆ្លៀតឱកាសគាបយកចំណែក ព្រោះតែនយោបាយខ្មៅល្ងឹតល្ងង់របស់ខ្មែរ
ដែលតែងតែធ្វើឱ្យខ្លួនជាប់ក្នុងគំនាបជនបរទេស ហើយរត់ទៅគ្រប់ទិសទីស្រែករកឱ្យគេជួយនេះជួយនោះ។
ខ្មែរមានទុក្ខធំតែខ្មែរជួយខ្លួនឯងមិនកើត។ ខ្មែរអ្នកស្នេហាជាតិដូចយ៉ាងសមរង្ស៊ីនិងកឹមសុខាព្រមទាំងសមា
ជិកទាំងអស់នៃគណបក្សសង្គ្រោះជាតិមើលឃើញវិបត្តធំក្នុងសង្គមជាតិខ្លួន ក៏តាំងបង្កើតជាចលនាតស៊ូ ក្នុង
ក្តីសង្ឃឹមថានឹងជួយស្រោចស្រង់ជាតិ។ តែកឹមសុខាក្តី សមរង្ស៊ីក្តី គឺបានបង្ហាញឱ្យខ្មែររាល់គ្នាឃើញនិងដឹង
ច្បាស់ហើយថា ពួកអស់លោកគ្មានគំនិតប្រយ័ត្នប្រយែង ក្នុងល្បែងនយោបាយ គ្មានចក្ខុវិស័យវែងឆ្ងាយនឹង
ចងសម្ព័ន្ធភាព ជាមួយគូបដិបក្ខក្នុងឆាកនយោបាយហ្នឹង ឱ្យបានស៊ីជម្រៅមាំមួនស្របពេលដែលខ្លួនប្រឆាំង
ហើយនិយាយប្តូរយោបល់ ដោះស្រាយវិបត្តជាទូទៅក្នុងសង្គមជាតិ។ អស់លោកអត់ចេះជួយខ្លួនឯង។
លោកកឹមសុខា បានទទួលដំណែងសំខាន់ក្នុងព្រឹទ្ធសភា តែកាន់អត់ជាប់។ លោកសមរង្ស៊ីបានទទួលឱកាស
នៃការត្រូវរ៉ូវល្អូកល្អឺន ជាមួយសម្តេចហ៊ុនសែន ក៏លោកអត់ចេះកែឆ្នៃមិត្តភាពសំខាន់នេះឱ្យបានកើតជាផល
ប្រយោជន៍ដល់សង្គមជាតិសោះដែរ។ លោកទាំងពីរធ្វើអំពើដែលឱ្យគូបដិបក្ខមានលេស បន្ទោសបានយ៉ាង
ងាយ ដែលលោកត្រូវបាត់បង់ឱកាសនឹងជួយសង្គ្រោះជាតិ ដែលជាគោលបំណងធំនៃគណបក្សអស់លោក។
លោកសមរង្ស៊ីក្តី លោកកឹមសុខាក្តី ខ្ញុំថាលោកទាំងពីរមានសមត្ថភាពមិនដល់ក្នុងកាតព្វកិច្ចរបស់លោក។ គឺ
បានសេចក្តីថា លោកគួរលាលែងពីតំណែង ហើយទុកឱកាសឱ្យសមាជិកគណបក្សសង្គ្រោះជាតិ ស្វះស្វែង
រកមេថ្មី(តែម្នាក់) ជាអ្នកដឹកនាំបក្សនេះទៅវិញប្រសើរជាង។ បើលោកចង់តែនៅតោងកៅអីហ្នឹង គឺវាគ្មានផល
ប្រយោជន៍ដល់សង្គមជាតិ ឬគណបក្សរបស់អស់លោកសោះទេ។ អស់លោកខ្វះសមត្ថភាពនឹងកែឆ្នៃឱកាស
ល្អៗដែលលោកបានទទួល ឱ្យបានជាផ្លែផ្កាសម្រាប់ជាតិយើង ដែលលោកចង់សង្គ្រោះនោះ។ ខ្ញុំពីដើមចូល
ចិត្តសរសេរលើកតម្កើងអស់លោកខ្លះៗអ៊ីចឹងដែរ ព្រោះខ្ញុំផ្ញើក្តីសង្ឃឹមទាំងស្រុងក្នុងការដើរនយោបាយរបស់
អស់លោក។ ពេលនេះខ្ញុំដឹង ខ្ញុំមើលឃើញសមត្ថភាពអស់លោកថាខ្សត់ខ្សោយ ជួយខ្លួនឯងមិនកើត។
ការតាំងចិត្តជាអ្នកសង្គ្រោះជាតិ គឺចាំបាច់គេនឹងលះបង់អ្វីៗទាំងអស់ បូករួមទាំងជីវិតផងដែរដើម្បីធ្វើឱ្យបាន
សម្រេចកិច្ចការនោះ។ គេមិនអាចមានតែការស្រមើស្រមៃ ចង់ធ្វើការនោះ តែខ្វះលទ្ធភាពដូច្នោះទេ។ ចំពោះ
ស្ថានការណ៍នយោបាយនៅកម្ពុជាសព្វថ្ងៃ វាមិនមែនតែកំហុសគណបក្សប្រជាជន ដែលចង់តែធ្វើផ្គរធ្វើភ្លៀង
ស្រេចទំនើងចិត្តនោះឯណា ប៉ុន្តែខ្ញុំថា វាក៏កំពុងឆ្លុះបញ្ចាំងពីអាម៉ាស់នៃគណបក្សសង្គ្រោះជាតិផងដែរ ដែល
ពួកអស់លោក ពុំមានការប៉ិនប្រសព្វច្រើន ក្នុងការប្រកួតកីឡានយោបាយជាមួយបក្សប្រជាជន។ គួរឱ្យខ្មាស់
អៀនណាស់ដែលអស់លោក បានត្រឹមតែសួររកជំនួយផ្នែកនយោបាយពីបរទេស ប៉ុន្តែកាន់ការមិនកើត។
ខ្ញុំមិនដែលបានតាមដាន ស្ថានការណ៍នយោបាយនៅបរទេសជាច្រើនសោះទេ ប៉ុន្តែខ្ញុំក៏មិនដែលឮឬឃើញ
ប្រទេសណា ដែលតែងតែរត់រកបរទេសឱ្យជួយក្នុងកិច្ចការនយោបាយរបស់ខ្លួន។ ឱ្យគេជួយយ៉ាងម៉េច បើ
យើងអត់សមត្ថភាពនឹងបន្តកិច្ចការនោះ? ការហៅរកឱ្យគេជួយត្រង់ចំណុចហ្នឹងហើយ ដែលវាបង្ហាញយ៉ាង
ច្បាស់ថា អស់លោកជួយខ្លួនឯងអត់កើត ក្នុងកិច្ចការនយោបាយនេះ។ វាដូចជាមនុស្សអភ័ព្វដៃជើង សុំឱ្យ
គេជួយសៀតដាវនៅចង្កេះ ហើយលើកខ្លួនដាក់លើខ្នងសេះជិះទៅច្បាំងសង្គ្រោះជាតិ។ តើវាទៅរួចដែរទេ?
ប្រហែលជាមិនផេះទេ!! hakchou@hotmail.com