Image may be NSFW.
Clik here to view.
ដោយ យាង សុជាមេត្តា RFA 2016-06-17
ទំនាក់ទំនងរវាងកម្ពុជា-វៀតណាម ត្រូវបានគេលើកយកមកជជែកជាថ្មីទៀត នៅពេលប្រធានាធិបតីវៀតណាម ទើបឡើងកាន់តំណែងថ្មី លោក ត្រឹង ដាយ ខ្វាង (Tran Dai Quang) ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា។ ក្នុងអំឡុងទស្សនកិច្ចនៅកម្ពុជា ថ្នាក់ដឹកនាំកម្ពុជា-វៀតណាម ប្ដេជ្ញាបន្តពង្រឹង និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឲ្យស្របទៅតាមពាក្យស្លោក "ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងយូរអង្វែង"។
តើវៀតណាម ពិតជាអ្នកជិតខាងល្អរបស់កម្ពុជា មែនឬ?
កម្ពុជាគឺជាប្រទេសទី១ ដែលប្រធានាធិបតីវៀតណាម ត្រឹង ដាយ ខ្វាង ជ្រើសរើសធ្វើដំណើរបំពេញទស្សនកិច្ចផ្លូវការចាប់តាំងពីលោកត្រូវបានបក្សកុម្មុយនិស្តវៀតណាម បោះឆ្នោតឲ្យចូលកាន់តំណែងជាប្រធានាធិបតីវៀតណាម កាលពីដើមខែមេសា មក។
ដំណើរទស្សនកិច្ចនេះធ្វើឡើងប្រមាណ ១០ថ្ងៃប៉ុណ្ណោះ មុនខួប ៤៩ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-វៀតណាម គឺថ្ងៃទី២៤ មិថុនា ឆ្នាំ១៩៦៧-២៤ មិថុនា ឆ្នាំ២០១៦។ ក្នុងអំឡុងដំណើរទស្សនកិច្ចនេះ ថ្នាក់ដឹកនាំកម្ពុជា និងវៀតណាម ឯកភាពរៀបចំសកម្មភាព និងព្រឹត្តិការណ៍ផ្សេងៗឲ្យឱឡារិកដើម្បីអបអរសាទរខួប ៥០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនៅឆ្នាំ២០១៧ ខាងមុខ។
បើគេក្រឡេកទៅមើលប្រវត្តិសាស្ត្រ ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងវៀតណាម បានចាប់កកើតឡើងតាំងពី ៤០០ឆ្នាំ មុនមកម្ល៉េះ ប៉ុន្តែវាគ្រាន់តែជាទំនាក់ទំនងប្រពៃណីក្នុងភាពជាអ្នកជិតខាងគ្នា។ រហូតដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ ទើបរដ្ឋាភិបាលកម្ពុជា ដែលពេលនោះ ស្ថិតក្រោមការដឹកនាំរបស់អតីតព្រះមហាក្សត្រខ្មែរ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ភ្ជាប់ទំនាក់ទំនងការទូតផ្លូវការជាមួយវៀតណាម ដែលពេលនោះគឺជារដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ឬហៅថា វៀតណាមខាងជើង។
ចាប់តាំងពីពួកកុម្មុយនិស្តវៀតណាម ខាងជើងទទួលជ័យជំនះលើកងទ័ពវៀតណាម ខាងត្បូងដែលគាំទ្រដោយសហរដ្ឋអាមេរិក នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ មក ទំនាក់ទំនងនេះ ក៏នៅចេះតែបន្តជាមួយកម្ពុជា រហូតមកទល់ពេលបច្ចុប្បន្ន។
ក្នុងរយៈពេលជិត ៥០ឆ្នាំនេះទំនាក់ទំនងកម្ពុជា-វៀតណាម មានការប្រែប្រួលអត់ឈប់ឈរ ឡើងចុះ ពេលខ្លះល្អ ពេលខ្លះអាក្រក់ គឺបត់បែនតាមការផ្លាស់ប្ដូររបបដឹកនាំនៅក្នុងប្រទេសកម្ពុជា។
គេនៅចាំបានថា បើទោះជាសម្ដេចព្រះនរោត្តម សីហនុ ព្រះអង្គបានសម្រេចព្រះទ័យភ្ជាប់ទំនាក់ទំនងការទូតជាមួយប្រទេសកុម្មុយនិស្តវៀតណាម ខាងជើងនៅឆ្នាំ១៩៦៧ ក្តី ប៉ុន្តែវាមិនមែនជាទំនាក់ទំនងដែលព្រះអង្គពេញព្រះទ័យទាំងស្រុងនោះទេ ព្រោះតែវត្តមាននៃកងទ័ពវៀតណាម នៅលើទឹកដីកម្ពុជា។ ២ឆ្នាំក្រោយការភ្ជាប់ទំនាក់ទំនងផ្លូវការនេះ ព្រះមហាក្សត្រខ្មែរបានប្រកាសដោយផ្ទាល់ថា ព្រះអង្គបង្ហាញនូវទីតាំងដែលកងទ័ពវៀតណាម ខាងជើង ឬហៅថា កងទ័ពវៀតមិញ និងកងទ័ពវៀតណាមខាងត្បូង ឬវៀតកុង នៅលើទឹកដីខ្មែរ។ នៅដើមឆ្នាំ១៩៧០ ពោលគឺនៅមុនពេលព្រះអង្គត្រូវបានក្រុមលោកសេនាប្រមុខ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គ ថែមទាំងបានទទូចឲ្យសហភាពសូវៀត និងប្រទេសចិន ជំរុញឲ្យវៀតណាម ដកទ័ពចេញពីទឹកដីខ្មែរទៀតផង។
លុះមកដល់សម័យសាធារណរដ្ឋខ្មែរពីឆ្នាំ១៩៧០ ដល់១៩៧៥ ទំនាក់ទំនងកម្ពុជា-វៀតណាម រឹតតែធ្លាក់ចុះខ្លាំងថែមទៀត។ មុនពេលធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តម សីហនុ លោក លន់ នល់ បានប្រកាសឲ្យវៀតណាម ដកកងទ័ពរបស់ខ្លួនចេញឲ្យអស់ពីទឹកដីខ្មែរ។ ទំនាក់ទំនងមិនល្អនេះបានឈានដល់ការដកទូតវៀតណាម ចេញពីទឹកដីកម្ពុជា ទៀតផង។ ក្រោយមកកងទ័ពកម្ពុជា និងវៀតណាម បានធ្វើសង្គ្រាមជាមួយគ្នាអស់ជាច្រើនលើកច្រើនសា រហូតដល់ពេលដែលពួកខ្មែរក្រហមឡើងកាន់អំណាចនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។
ក្នុងសម័យខ្មែរក្រហម បើទោះជាមេដឹកនាំខ្មែរក្រហមមួយចំនួន ដូចជា ប៉ុល ពត ធ្លាប់ត្រូវបានពួកកុម្មុយនិស្តវៀតណាម ជួយជ្រោមជ្រែងក្នុងការផ្ដួលរំលំសម្ដេចសីហនុ និងក្រោយមកផ្ដួលរំលំរបបសាធារណរដ្ឋខ្មែររបស់លោកសេនាប្រមុខ លន់ នល់ មួយរយៈពេលក្ដី ប៉ុន្តែខ្មែរក្រហមមិនបានចាត់ទុកវៀតណាម ថាជាអ្នកជិតខាងល្អនោះទេ។
ឡើងកាន់អំណាចមិនបានមួយខែត្រឹមត្រូវផង ខ្មែរក្រហមបានលើកទ័ពវាយប្រហារដើម្បីដណ្ដើមយកកោះត្រល់ កោះថូជូ និងវាយចូលខេត្តពាម និងខេត្តរោងដំរី នៅកម្ពុជាក្រោម។ ២ឆ្នាំក្រោយមកពោលគឺនៅឆ្នាំ១៩៧៧ ខ្មែរក្រហមក៏បានវាយប្រហារចូលក្នុងភូមិមួយចំនួនទៀតនៃខេត្តរោងដំរី ខេត្តកំពង់គោ ខេត្តក្រមួនស ខេត្តផ្សារដែក និងខេត្តមាត់ជ្រូក នៅកម្ពុជាក្រោម។
ក្រោយពេលដែលខ្មែរក្រហមផ្ដាច់ទំនាក់ទំនងការទូតជាមួយវៀតណាម នៅចុងឆ្នាំ១៩៧៧ កងទ័ពនៃប្រទេសទាំង២ បានវាយប្រហារគ្នានៅតាមព្រំដែនជាញឹកញយ។ បន្ទាប់ពីបានជួយជ្រោមជ្រែងបង្កើតរណសិរ្សសង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី២ ខែធ្នូ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៧៨ ប្រទេសវៀតណាម បានបើកការវាយប្រហារទ្រង់ទ្រាយធំលើកងទ័ពខ្មែរក្រហម។ ពួកគេបានកាន់កាប់ក្រុងភ្នំពេញ នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។
ចាប់តាំងពីឆ្នាំ១៩៧៩ នោះមក ក្រោមការដឹកនាំរបស់រដ្ឋាភិបាលដែលបានលើកបន្តុបដោយប្រទេសវៀតណាម ទំនាក់ទំនងរវាងមេដឹកនាំកម្ពុជា និងវៀតណាម ហាក់ពុំសូវមានភាពរកាំរកូសច្រើននោះទេ លើកលែងតែក្នុងសម័យកាលដឹកនាំរបស់លោក ប៉ែន សុវណ្ណ ដែលក្រោយមកត្រូវបានវៀតណាម ចាប់ខ្លួនបញ្ជូនទៅដាក់គុកនៅទីក្រុងហាណូយ នៅឆ្នាំ១៩៨១។
តាំងពីពេលនោះមក គេកម្រឃើញរដ្ឋាភិបាលកម្ពុជា មានបញ្ហាការទូតជាមួយប្រទេសវៀតណាម ណាស់ បើទោះជាគេសង្កេតឃើញថា មានជនជាតិវៀតណាម បានចូលមករស់នៅលើទឹកដីខ្មែរខុសច្បាប់កាន់តែច្រើនឡើងៗស្ទើរគ្រប់ទីកន្លែង ឬបានរំលោភបំពានចូលបូរណភាពទឹកដីកម្ពុជាក្តី។
ក្នុងដំណើរទស្សនកិច្ចរបស់លោក ត្រឹង ដាយ ខ្វាង នៅកម្ពុជា ពីថ្ងៃទី១៤ ដល់១៦ មិថុនា រដ្ឋាភិបាលកម្ពុជា-វៀតណាម ប្ដេជ្ញាថានឹងបន្តពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យស្របតាមពាក្យស្លោក "ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងយូរអង្វែង"ព្រមទាំងអនុវត្តពេញលេញនូវគោលការណ៍មានចែងក្នុងសេចក្ដីថ្លែងការណ៍រួមរវាងភាគីទាំងពីរ ពីឆ្នាំ១៩៩៩ ដល់២០១៤ គោរពគ្នាទៅវិញទៅមកនូវឯករាជភាព អធិបតេយ្យភាព បូរណភាពទឹកដី មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នា និងមិនអនុញ្ញាតឲ្យមានកម្លាំងអមិត្តណាមួយប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីគំរាមកំហែងសន្តិសុខប្រទេសមួយទៀត និងដោះស្រាយរាល់បញ្ហារវាងប្រទេសទាំងពីរតាមរយៈការចរចាដោយសន្តិវិធី។
លើសពីនេះ ភាគីទាំងពីរសន្យាបន្តអនុវត្តឲ្យបានពេញលេញនូវបណ្ដាសន្ធិសញ្ញា កិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ និងប្ដេជ្ញាស្វែងរកដំណោះស្រាយជាស្ថាពរនូវចំណុចព្រំដែនសេសសល់ ដើម្បីបញ្ចប់ការខណ្ឌសីមា និងការបោះបង្គោលព្រំដែនគោកឲ្យបានឆាប់ ក្នុងបំណងកសាងខ្សែបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរវាងប្រទេសទាំងពីរ។
ក្នុងពេលជាមួយគ្នា លោក ត្រឹង ដាយ ខ្វាង ក៏មិនភ្លេចផ្ដាំផ្ញើឲ្យរដ្ឋាភិបាលកម្ពុជា ជួយមើលថែប្រជាជនវៀតណាម ដោយសង្ឃឹមថា រដ្ឋាភិបាលកម្ពុជា នឹងបន្តចាត់វិធានការក្នុងការធានាសិទ្ធិស្របច្បាប់របស់ជនជាតិវៀតណាម រស់នៅកម្ពុជា ដូចជនបរទេសដទៃទៀតរស់នៅកម្ពុជា ដែរ។
បើទោះជារដ្ឋាភិបាលកម្ពុជា-វៀតណាម តែងចាត់ទុកទំនាក់ទំនងប្រទេសទាំងពីរថា ជាទំនាក់ទំនងមិត្តភាព និងភាពជាអ្នកជិតខាងល្អក្តី ប៉ុន្តែកន្លងមកគេសង្កេតឃើញថា ទំនាក់ទំនងកម្ពុជា-វៀតណាម ហាក់មិនមានភាពស្មើមុខស្មើមាត់នោះឡើយ ហើយរហូតដល់មានអ្នកវិភាគនយោបាយខ្លះចាត់ទុកទំនាក់ទំនងកម្ពុជា-វៀតណាម ថាជាទំនាក់ទំនងចាប់ដៃជាន់ជើងទៀតផង។
កន្លងមកគេតែងឃើញរដ្ឋាភិបាលវៀតណាម មិនបានអនុវត្តពេញលេញនូវគោលការណ៍ចែងក្នុងសេចក្ដីប្រកាសរួមរវាងរដ្ឋាភិបាលប្រទេសទាំងពីរឡើយ ពិសេសគឺការរំលោភចូលបូរណភាពទឹកដីរបស់កម្ពុជា ដែលធ្វើឲ្យពលរដ្ឋខ្មែរ និងបក្សប្រឆាំងផ្ទុះការតវ៉ាជាហូរហែ ហើយរហូតដល់ពេលខ្លះបានបង្ខំចិត្តឲ្យរដ្ឋាភិបាលកម្ពុជា ធ្វើកំណត់ទូតទៅកាន់រដ្ឋាភិបាលវៀតណាម ឲ្យគោរពបូរណភាពទឹកដីរបស់កម្ពុជា ទៀតផង។
គេនៅចាំបានថា កាលពីខែមិថុនា ឆ្នាំ២០១៥ រដ្ឋាភិបាលកម្ពុជា បានផ្ញើកំណត់ទូតតវ៉ាទៅកាន់រដ្ឋាភិបាលវៀតណាម ឲ្យបញ្ឈប់ការរំលោភបំពានចូលទឹកដីកម្ពុជា ក្រោយពីវៀតណាម បានជីកស្រះចូលក្នុងទឹកដីកម្ពុជា នៅស្រុកអូរយ៉ាដាវ ខេត្តរតនគិរី និងសង់ប៉ុស្តិ៍យាមនៅជាប់ភូមិព្រែកស្បូវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។ នេះគេនៅមិនទាន់ដឹងពីកំណត់ទូតផ្សេងទៀតដែលរដ្ឋាភិបាលកម្ពុជា អាចផ្ញើទៅកាន់រដ្ឋាភិបាលវៀតណាម ហើយដែលរដ្ឋាភិបាលមិនបានបញ្ចេញឲ្យដឹងជាសាធារណៈនោះផង។ ក្រៅពីនេះ គេក៏ឃើញមានជនជាតិវៀតណាម ជាច្រើននៅកម្ពុជា ហើយអ្នកខ្លះបានមករស់នៅបង្កើតកូនពូនជាចៅតាំងពីឆ្នាំ១៩៧៩ មកម្ល៉េះ។
សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ លោក ហេង ស្រ៊ាង កត់សម្គាល់ថា ក្នុងទំនាក់ទំនងរវាងកម្ពុជា-វៀតណាម ប្រទេសវៀតណាម តែងមានប្រៀបមកលើកម្ពុជា។ លោកចាត់ទុកដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំវៀតណាម មកកាន់កម្ពុជា ពេលនេះ ថាជាការមករម្លឹកឲ្យកម្ពុជា ទទួលយកនូវអ្វីដែលភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងពេលកន្លងមក ពិសេសបញ្ហាព្រំដែនដែលកន្លងមកវៀតណាម ដឹងថា ផ្ទៃក្នុងកម្ពុជា មិនទាន់មានការឯកភាពគ្នាពេញលេញនៅឡើយចំពោះរឿងព្រំដែននេះ។ ក្រៅពីនេះ លោកថា ការដែលមេដឹកនាំវៀតណាម មកផ្ដាំផ្ញើឲ្យកម្ពុជា ធានានូវសិទ្ធិរស់នៅស្របច្បាប់របស់ជនជាតិវៀតណាម គឺបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលវៀតណាម ចំពោះពលរដ្ឋពួកគេ និងជាការឆ្លាតវៃផ្នែកការទូតរបស់វៀតណាម។
លោក ហេង ស្រ៊ាង៖ «គេមកគឺថា របៀបដីកន្លងមកយើងបានសម្រេចជាមួយគេថា កាត់ត្រឹមណា ហើយធ្វើព្រំដែនប៉ុណ្ណា អាហ្នឹងជាអ្វីដែលគេទទួលយក ហើយគេឲ្យយើងទទួលយក ប៉ុន្តែយើងត្រូវគិតផងថា តើទាំងអស់ហ្នឹងស្រុកខ្មែរយើងមានការចូលរួមពីប្រជាពលរដ្ឋដឹងឮច្បាស់លាស់ទេ ពីសង្គមស៊ីវិលច្បាស់លាស់ទេ ពីគណបក្សផ្សេងដែលជាពហុបក្សចូលរួមគ្នាទទួលស្គាល់ថាទឹកដីនោះទេ»។
លោកសាស្ត្រាចារ្យ ហេង ស្រ៊ាង សម្ដែងទស្សនៈថា ដើម្បីឲ្យកម្ពុជា ក្លាយជាប្រទេសខ្លាំង មានអំណាចស្មើមុខស្មើមាត់ក្នុងទំនាក់ទំនងអន្តរជាតិ ពិសេសជាមួយប្រទេសជិតខាងកម្ពុជា នោះកម្ពុជា ត្រូវតែមានឯកភាពជាតិរឹងមាំផ្ទៃក្នុង ត្រូវបញ្ចប់ជម្លោះរវាងអ្នកនយោបាយ និងអ្នកនយោបាយ ត្រូវខិតខំជំរុញការអភិវឌ្ឍសេដ្ឋកិច្ច លុបបំបាត់អំពើពុករលួយ អំពើខុសច្បាប់នានា និងត្រូវកសាងកេរ្តិ៍ឈ្មោះល្អលើឆាកអន្តរជាតិតាមរយៈការគោរពសិទ្ធិមនុស្សជាដើម៕