Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

គណបក្ស​សង្គ្រោះ​ជាតិ​រំពឹង​ថា​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​វិល​មក​តុ​ចរចា

$
0
0
តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​គណៈកម្មការ​ទី​១០ នៃ​រដ្ឋសភា លោក ហូរ វ៉ាន់ (ឆ្វេង) ថ្លែង​នា​ទីស្នាក់ការ​កណ្ដាល​ឋិត​នៅ​សង្កាត់​ចាក់អង្រែលើ នៅ​ថ្ងៃ​ទី​១៨ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Morm Moniroth

ដោយ ម៉ម មុនីរតន៍ RFA 2016-06-18

តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​រំពឹង​ថា ផ្លូវ​ចរចា​ផ្នែក​នយោបាយ​អាច​នឹង​កើត​ឡើង​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​បក្ស​កាន់​អំណាច។ គណបក្ស​ប្រឆាំង​បើក​ផ្លូវ​ចរចា​ជានិច្ច​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

ផ្ទុយ​ពី​នេះ​វិញ មន្ត្រី​នាំ​ពាក្យ​គណបក្ស​ដែល​គ្រប់គ្រង​រដ្ឋាភិបាល យល់​ឃើញ​ថា គណបក្ស​ទាំង​ពីរ​ពុំ​មាន​អ្វី​ដែល​ចាំបាច់​ត្រូវ​ជួប​ចរចា​ឡើយ ព្រោះ​ពុំ​មាន​វិវាទ​អ្វី​កើត​ឡើង​ដូច​បក្ស​ប្រឆាំង​តែង​អះអាង​នោះ​ទេ។

មន្ត្រី​គណបក្ស​ដែល​កំពុង​គ្រប់គ្រង​រដ្ឋាភិបាល បង្ហាញ​មន្ទិល​សង្ស័យ​ថា តើ​អ្វី​ទៅ​ដែល​ជា​របៀបវារៈ​ដ៏​ចម្បង​របស់​សមាជិក​បក្ស​ប្រឆាំង ដែល​ជា​ញឹកញាប់​ទទូច​ចង់​ឲ្យ​បក្ស​ទាំង​ពីរ​ជួប​មុខ​គ្នា ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​នោះ។ បើ​ផ្អែក​លើ​ទិដ្ឋភាព​ពិត មន្ត្រី​រដ្ឋាភិបាល​យល់​ឃើញ​ថា ពុំ​ចាំបាច់​អ្វី​ដែល​អ្នក​នយោបាយ​ត្រូវ​ជួប​ពិគ្រោះ​យោបល់​គ្នា​សោះ​ឡើយ។

ការ​ថ្លែង​ដូច​នេះ​របស់​លោក សុខ ឥសាន មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​ឡើង​បន្ទាប់​ពី​តំណាង​រាស្ត្រ​មក​ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ជា​ថ្មី​ទៀត​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​មិថុនា ថា បក្ស​ប្រឆាំង​ចង់​ឃើញ​មាន​ការ​ចរចា​ផ្នែក​នយោបាយ​រវាង​គូ​វិវាទ​នឹង​គ្នា​ដ៏​ឆាប់​ខាង​មុខ​នេះ។

ថ្លែង​នៅ​ចំពោះ​មុខ​យុវជន​តាម​គម្រោង​ប្រមាណ ៧០០​នាក់​ក្នុង​ទីស្នាក់ការ​កណ្ដាល​គណបក្ស​នា​សង្កាត់​ចាក់អង្រែលើ លោក ហូរ វ៉ាន់ តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង និង​ជា​ប្រធាន​គណៈកម្មការ​ទី​១០ នៃ​រដ្ឋសភា ឲ្យ​ដឹង​ថា គណបក្ស​សង្គ្រោះ​ជាតិ បើក​ចំហ​ជានិច្ច​ក្នុង​ការ​ចរចា​ជាមួយ​បក្ស​កាន់​អំណាច។ លោក​បន្ត​ថា ភាព​នៅ​ទ្រឹង​ផ្នែក​នយោបាយ​នេះ ដោយសារ​តែ​គណបក្ស​ប្រជាជន​កម្ពុជា ពុំ​មាន​ការ​ឆ្លើយ​តប​ជា​វិជ្ជមាន​ណា​មួយ​នៅ​ឡើយ ចំពោះ​ការ​ចង់​បាន​របស់​បក្ស​ប្រឆាំង។ លោក​បន្ត​ថា «ជា​ជំហរ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​យើង​នៅ​តែ​ទទូច។ យើង​នៅ​តែ​ជម្រើស​របស់​យើង​ការ​ចរចា។ យើង​គិត​អស់​ហើយ គឺ​ឥត​មាន​ជម្រើស​ណា​ក្រៅ​ពី​ការ​ចរចា​ទេ»។

ភាព​តានតឹង​ផ្នែក​នយោបាយ​នេះ កើត​ឡើង​បន្ទាប់​ពី​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​មួយ​ចំនួន ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន និង​ជាប់​បណ្ដឹង​នៅ​តុលាការ។ គណបក្ស​សង្គ្រោះ​ជាតិ យល់​ឃើញ​ថា ការ​ចាប់​ខ្លួន​តំណាង​រាស្ត្រ​មួយ​ចំនួន រួម​មាន​លោក ហុង សុខហួរ និង​លោក អ៊ុំ សំអាន ជាដើម​នេះ គឺ​ជា​ការ​រំលោភ​នូវ​អភ័យ​ឯកសិទ្ធិ​សភា ដែល​ការពារ​ដោយ​ច្បាប់​រដ្ឋធម្មនុញ្ញ។

ផ្ទុយ​ពី​ការ​ចោទ​ប្រកាន់​នេះ ទាំង​លោក ហ៊ុន សែន និង​មន្ត្រី​របស់​លោក​ក្នុង​ជួរ​រដ្ឋាភិបាល តែង​ថ្លែង​ការពារ​ថា ការ​ចាប់​ខ្លួន​នេះ​ដោយ​យោង​លើ​អ្នក​តំណាង​រាស្ត្រ​ទាំង​នេះ​បាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង។

លោក សុខ ឥសាន មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា យល់​ឃើញ​ថា គណបក្ស​ទាំង​ពីរ​ដូច​ពុំ​មាន​អ្វី​ដែល​ចាំបាច់​ត្រូវ​ចរចា​ទេ។ ជាង​នេះ​ទៀត ស្ថានភាព​នយោបាយ​ដូច​ពុំ​មាន​វិបត្តិ​ទាល់​តែ​សោះ។ មិន​តែ​ប៉ុណ្ណោះ ការ​ស្នើសុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ​ក្នុង​រឿង​នយោបាយ​នេះ ក៏​ពុំ​ចាំបាច់​ថែម​ទៀត​ផង។ លោក សុខ ឥសាន សង្កត់​ធ្ងន់​ថា តំណាង​រាស្ត្រ​ពីរ​រូប​ដែល​កំពុង​ជាប់​ឃុំ គឺ​បាន​ប្រព្រឹត្ត​កំហុស​ធ្ងន់ធ្ងរ​ដែល​ចាំបាច់​ត្រូវ​អនុវត្ត​ទៅ​តាម​ច្បាប់។ លោក​បន្ត​ថា «ខ្ញុំ​ចាត់​ទុក​ថា​ជា​ចេតនា​ទុច្ចរិត​ខាង​នយោបាយ គោល​បំណង​បំបាត់​ប្រជាប្រិយភាព​គណបក្ស​ប្រជាជន​កម្ពុជា ក៏ដូចជា​បំបាត់​ជីវិត​នយោបាយ​របស់​គណបក្ស​ប្រជាជន ដែរ។ អា​នេះ​ជា​កំហុស​ធ្ងន់​ណាស់។ គេ​ចោទ​ថា​យើង​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​ជិត​ខាង ដើម្បី​រំលាយ​ខ្សែ​បន្ទាត់​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង នេះ​នេះ គឺ​យើង​មិន​អាច​ទទួល​យក​បាន​ទេ។ វា​ហួស​ក្របខ័ណ្ឌ​នៃ​ការ​បញ្ចេញ​មតិ​ឆ្ងាយ​ណាស់»។

គិត​មក​ដល់​ពេល​នេះ គណបក្ស​ប្រឆាំង​មាន​មន្ត្រី​ជាន់​ខ្ពស់ និង​សកម្មជន​របស់​ខ្លួន​ចំនួន ១៧​នាក់​ហើយ​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស។ ដោយឡែក​តំណាង​រាស្ត្រ​ចំនួន ៧​រូប​ផ្សេង​ទៀត កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ​នៅ​ឡើយ។

ជុំវិញ​ការ​សន្យា​របស់​សហគមន៍​អន្តរជាតិ ដែល​អះអាង​ថា នឹង​បន្ត​ឃ្លាំ​មើល​ការ​វិវឌ្ឍន៍​នយោបាយ​នៅ​កម្ពុជា យ៉ាង​ដិតដល់​នេះ លោក សុខ ឥសាន យល់​ឃើញ​ថា ដូច​មិន​ចាំបាច់​អ្វី​ឡើយ ព្រោះ​សភាពការណ៍​នយោបាយ គឺ​ពុំ​មាន​ការ​ប្រែប្រួល​ដូច​ការ​ព្រួយ​បារម្ភ​របស់​សហគមន៍​អន្តរជាតិ​នោះ​ទេ។

ថ្វី​បើ​មាន​ការ​អះអាង​ពី​ភាព​ស្អាតស្អំ​បែប​នេះ​របស់​រដ្ឋាភិបាល​ក៏ដោយ​ចុះ សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស​វិញ​សង្កេត​ឃើញ​ថា ការ​គំរាម​កំហែង​ផ្នែក​នយោបាយ និង​សិទ្ធិ​បញ្ចេញ​មតិ​នៅ​កម្ពុជា ត្រូវ​រួម​តូច។ ជា​ញឹកញាប់ អង្គការ​មិន​មែន​រដ្ឋាភិបាល​តែង​រិះគន់​ថា ស្ថាប័ន​តុលាការ​បាន​ដើរ​តួនាទី​លម្អៀង និង​ជា​ឧបករណ៍​ដ៏​មាន​ប្រសិទ្ធភាព ក្នុង​ដំណើរ​ការ​ក្ដី​ប្រឆាំង​អ្នក​ដែល​មាន​ទស្សនៈ​ផ្ទុយ​ពី​រដ្ឋាភិបាល៕

Viewing all articles
Browse latest Browse all 40045

Trending Articles