
ដោយ ហង្ស សាវយុត RFA 2016-07-18
សហគមន៍ការពារព្រៃឈើ និងអង្គការក្រៅរដ្ឋាភិបាលខ្លះមើលឃើញថា ការកាប់បំផ្លាញព្រៃព្រះរកាក្នុងតំបន់ប្រជុំស្រុកចំនួន៣ របស់ខេត្តព្រះវិហារ កំពុងកើតមានយ៉ាងខ្លាំងក្លា ហើយមន្ត្រីជំនាញដែលពាក់ព័ន្ធ ហាក់មិនបង្ក្រាបអំពើកាប់ឈើខុសច្បាប់ទាំងនោះឲ្យតឹងរ៉ឹងទេ។
សកម្មភាពកាប់ឈើក្នុងតំបន់ព្រៃព្រះរកានោះ បានកើតឡើងបន្ទាប់ពីប្រមុខរដ្ឋាភិបាលបានប្រកាសឲ្យការពារតំបន់ព្រៃឡង់មក។
ក្រុមអង្គការក្រៅរដ្ឋាភិបាលដែលធ្វើការងារពាក់ព័ន្ធនឹងកិច្ចការពារព្រៃឈើ ព្រមទាំងសិទ្ធិមនុស្ស សម្ដែងការព្រួយបារម្ភថា តំបន់ព្រៃព្រះរកាដែលជាប្រភពធនធានព្រៃឈើដ៏សំខាន់នៅភូមិសាស្ត្រស្រុកចំនួនបីរបស់ខេត្តព្រះវិហារ អាចនឹងបាត់បង់ក្នុងពេលដ៏ខ្លីខាងមុខ ប្រសិនបើអាជ្ញាធររដ្ឋាភិបាលនៅតែព្រងើយកន្តើយមិនបង្ក្រាបឲ្យតឹងរ៉ឹង ចំពោះអ្នកកាប់ឈើខុសច្បាប់ទេនោះ។
ការសម្ដែងក្តីព្រួយបារម្ភ កើតមានឡើងក្នុងពេលដែលតំបន់ព្រៃព្រះរកា នៅភូមិសាស្ត្រស្រុកជាំក្សាន្ត ស្រុកឆែប និងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ កំពុងទទួលរងការកាប់យ៉ាងអនាធិបតេយ្យយកទៅជួញដូរខុសច្បាប់។
មន្ត្រីផ្នែកតស៊ូមតិរបស់អង្គការពន្លកខ្មែរ គឺលោក ប៉ិក សោភ័ណ។ លោកមានប្រសាសន៍នៅរសៀលថ្ងៃច័ន្ទ ទី១៨ ខែកក្កដា ថា រយៈពេល ៤ខែមកហើយរហូតមកដល់ពេលនេះ គឺសកម្មភាពកាប់ឈើខុសច្បាប់នៅក្នុងតំបន់ព្រៃព្រះរកា កើតមានយ៉ាងខ្លាំង។ អ្នកដែលសកម្មក្នុងការកាប់ឈើយកទៅជួញដូរខុសច្បាប់នោះ គឺភាគច្រើនជាជនចំណាកស្រុកមកពីខេត្តផ្សេងៗ ទៅស្នាក់នៅក្នុងឃុំប្រមេរ ហើយត្រូវរ៉ូវគ្នាជាមួយមន្ត្រីជំនាញដើម្បីកាប់ឈើ។ ក្នុងមួយថ្ងៃៗយ៉ាងហោចណាស់ក៏មានគោយន្តដឹកឈើចេញពីព្រៃព្រះរកា ពី ៧គ្រឿងទៅ ៨គ្រឿងដែរ៖ «បទល្មើសចេះតែកើតមាន វាមានអ្នកមកពីខាងក្រៅដែលគេចូលទៅស្នាក់នៅក្នុងឃុំប្រមេរ ឃុំពោធិ៍ ចេះតែសេពគប់ត្រូវគ្នាជាមួយសមត្ថកិច្ច»។
តំណាងសហគមន៍ការពារព្រៃឈើក្នុងឃុំពោធិ៍ ស្រុកត្បែងមានជ័យ លោក ពេជ្រ ពាន់ ធ្លាប់បានប្រាប់រឿងសកម្មភាពកាប់ឈើខុសច្បាប់នេះកាលពីសប្ដាហ៍មុនថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបាត់បង់ព្រៃព្រះរកានៅពេលដ៏ខ្លីខាងមុខ។
ទោះជាយ៉ាងណា វិទ្យុអាស៊ីសេរី មិនអាចស្វែងរកការទាក់ទងមន្ត្រីបរិស្ថាន និងមន្ត្រីរដ្ឋបាលព្រៃឈើនៅជិតៗតំបន់ព្រៃព្រះរកា ដើម្បីសុំការពន្យល់បានថាយ៉ាងណានៅឡើយ នៅថ្ងៃទី១៨ ខែកក្កដា។
សកម្មភាពកាប់ឈើនៅព្រៃព្រះរកា បានកើតឡើងយ៉ាងខ្លាំង បន្ទាប់ពីប្រមុខរដ្ឋាភិបាលបានប្រកាសឲ្យការពារតំបន់ព្រៃឡង់ ដែលជាព្រៃដ៏ធំមួយរបស់កម្ពុជា នៅជាប់ភូមិសាស្ត្រខេត្តកំពង់ធំ ខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តព្រះវិហារ លោក ឡោ ចាន់ មានប្រសាសន៍ថា បច្ចុប្បន្ន សកម្មភាពកាប់ឈើខុសច្បាប់នៅតំបន់ព្រៃព្រះរកា ហាក់ដូចជាមិនមានមន្ត្រីជំនាញណាបង្ក្រាបទេ។ លោក ឡោ ចាន់ ឲ្យដឹងថា នៅពេលដែលមន្ត្រីក្រសួងកសិកម្ម និងក្រសួងបរិស្ថាន ចុះទៅបង្ក្រាបម្ដងៗ គឺចាប់បានតែអ្នកកាប់ឈើតូចតាច ឯពួកឈ្មួញធំៗហាក់ដូចជាដឹងមុន៖ «ក្នុងព្រៃព្រះរកា អ្នករកស៊ីកាប់ឈើនៅតែរកឈើដដែល ក្នុងពេលថ្នាក់ក្រសួងចុះមកបង្ក្រាបម្ដងៗចាប់បានតែកំប៉ិកកំប៉ុក»។
អ្នកកាប់ឈើខុសច្បាប់នៅក្នុងតំបន់ព្រៃព្រះរកាខ្លះ គឺពិបាកបង្ក្រាប ដោយសារតែមានជនប្រដាប់អាវុធនៅកាងពីក្រោយខ្នង។
កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅ មន្ត្រីរដ្ឋបាលព្រៃឈើម្នាក់បានស្លាប់ និងប៉ូលិសនៃស្រុកជាំក្សាន្ត ម្នាក់ទៀតរងរបួស ដោយសារជនប្រដាប់អាវុធមិនស្គាល់មុខលួចបាញ់រះក្នុងពេលចុះបំពេញបេសកកម្មទប់ស្កាត់ការកាប់ឈើខុសច្បាប់ នៅតំបន់អភិរក្សក្នុងព្រៃព្រះរកានោះ៕