ដោយ ឡេង ម៉ាលី RFA 2016-07-18
សមាជិកគណបក្សសង្គ្រោះជាតិ ប្រារព្ធទិវាខួបលើកទី៤ នៃកំណើតបក្សរបស់ខ្លួន ចាប់តាំងពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦។ អ្នកដឹកនាំគណបក្សសង្គ្រោះជាតិ ឆ្លុះបញ្ចាំងថា រយៈពេលមួយឆ្នាំកន្លងមកនេះ គណបក្សទទួលរងសោកនាដកម្មធ្ងន់ធ្ងរ។
ប្រធានស្ដីទីនៃគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថ្លែងប្រាប់សមាជិក និងសកម្មជនរបស់លោកក្នុងទិវាខួបបក្សលើកទី៤ ថា ដំណើរបេសកកម្មរយៈពេលមួយឆ្នាំកន្លងមកនេះ គណបក្សសង្គ្រោះជាតិ ទទួលរងការវាយដំ និងសោកនាដកម្មធ្ងន់ធ្ងរ៖ «»។
លោកបន្តថា ទោះបីជាគណបក្សសង្គ្រោះជាតិ ទទួលរងការធ្វើទុក្ខបុកម្នេញធ្ងន់ធ្ងរយ៉ាងនេះក្ដី ក៏សកម្មជនគាំទ្រជំហរដឹកនាំរបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែលថា គណបក្សនេះបានធ្វើដំណើរតាមផ្លូវត្រូវ។ លោកថា បញ្ហានយោបាយសព្វថ្ងៃនេះ មិនមែនជាបញ្ហារបស់គណបក្សសង្គ្រោះជាតិ តែមួយប៉ុណ្ណោះទេ ប៉ុន្តែវាជាបញ្ហារបស់ប្រទេសជាតិទាំងមូល៖ «ទោះបីអ្នកខ្លះថាមិនមានវិបត្តិក៏ដោយ ប៉ុន្តែពិភពលោក សហគមន៍អន្តរជាតិ បានឃើញយ៉ាងច្បាស់ថា បញ្ហាស្រុកខ្មែរសព្វថ្ងៃនេះមានវិបត្តិធ្ងន់ធ្ងរ ដែលត្រូវរួមគ្នាដោះស្រាយ»។
ដោយឡែកលោក សម រង្ស៊ី ថ្លែងតាមរយៈវីដេអូពីក្រៅប្រទេសមកថា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ និងប្រជារាស្ត្រ ត្រូវបានគេគាបសង្កត់ និងបំភិតបំភ័យ បើទោះជាលោកមិនបានបញ្ជាក់ថា គេនោះជាគណបក្សប្រជាជន ក៏ដោយ៖ «ហើយចុងក្រោយនេះគេមិនញញើតប្រើអំពើហិង្សាឃាតកម្មបាញ់សម្លាប់អ្នកស្នេហាជាតិ ទោះជាមិននៅក្នុងជួរគណបក្សសង្គ្រោះជាតិ នៅក្នុងសង្គមស៊ីវិល នៅក្នុងអង្គការក្រៅរដ្ឋាភិបាល ជាពលរដ្ឋឯករាជ្យក៏ដោយ ឲ្យតែនិយាយការពិត ធ្វើការវិភាគស៊ីជម្រៅចំណុចសំខាន់នៃសង្គមជាតិយើង សង្គមពុករលួយ សង្គមអយុត្តិធម៌ សង្គមដែលស្ថិតនៅក្រោមអំណាចផ្ដាច់ការ គេមិនញញើតបាញ់សម្លាប់ ដូចគេទើបតែបាញ់កាលពីថ្ងៃទី១០ ខែកក្កដា ៨ថ្ងៃមុននេះ គឺគេបានបាញ់សម្លាប់លោកបណ្ឌិត កែម ឡី»។
ឆ្លើយតបបញ្ហានេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងថា អ្វីដែលលោក កឹម សុខា និងលោក សម រង្ស៊ី លើកឡើង គឺជាការមិនទទួលខុសត្រូវ៖ «»។
ការប្រារព្ធទិវាខួបលើកទី៤ របស់គណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១៨ កក្កដា គឺជាការលើកពេលមួយថ្ងៃពីថ្ងៃដែលបង្កើតបក្សថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ ចំពេលដែលគណបក្សសង្គ្រោះជាតិ កំពុងប្រារព្ធទិវាខួបនេះ ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ លោក ថម ម៉ាលីណូស្គី (Tom Malinowski) បានចូលជួបលោក កឹម សុខា ប្រធានស្ដីទីនៃគណបក្សសង្គ្រោះជាតិ ប៉ុន្តែជំនួបនេះមិនអនុញ្ញាតឲ្យអ្នកយកព័ត៌មានចូលឡើយ៕