
ដោយ អ៊ុំ រង្សី RFA 2016-07-21
ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា រហូតមកដល់ពេលនេះ រដ្ឋាភិបាលកម្ពុជា មិនទាន់ទទួលបានសំណើផ្លូវការណាមួយឡើយពីប្រទេសទួរគី (Turkey) លើសំណើសុំបិទសាលាអន្តរជាតិហ្សាម៉ាន់ (Zaman International School) នៅកម្ពុជា។ ទន្ទឹមគ្នានេះ អ្នកគ្រប់គ្រងសាលាអន្តរជាតិហ្សាម៉ាន់នៅកម្ពុជា នៅតែបដិសេធថា ខ្លួនមិនជាប់ពាក់ព័ន្ធនឹងរដ្ឋប្រហារនៅទួរគី នោះឡើយ។
សាលាអន្តរជាតិហ្សាម៉ាន់នៅកម្ពុជា អះអាងថា ខ្លួនមិនជាប់ពាក់ព័ន្ធនឹងរដ្ឋប្រហារនៅទួរគី គីនោះឡើយ ព្រមទាំងស្នើឲ្យរដ្ឋាភិបាលកម្ពុជា ពិនិត្យពិចារណាឲ្យបានច្បាស់លាស់ ប្រសិនបើមានសំណើផ្លូវការណាមួយពីប្រទេសទួរគី សុំឲ្យបិទសាលាបឋមសិក្សា វិទ្យាល័យ និងសាកលវិទ្យាល័យហ្ស៉ាម៉ាន់។
អ្នកនាំពាក្យរបស់ក្រសួងការបរទេស លោក ជុំ សុន្ទរី បានប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២១ ខែកក្កដា ថា ក្រសួងការបរទេសមិនទាន់ទទួលបានសំណើផ្លូវការពីស្ថានទូតទួរគី ជុំវិញសំណើសុំឲ្យបិទសាលាអន្តរជាតិហ្ស៉ាម៉ាន់។ ប៉ុន្តែលោកថា ក្នុងនាមជាប្រទេសម្ចាស់ផ្ទះករណីមានសំណើពីទួរគី រដ្ឋាភិបាលកម្ពុជា នឹងថ្លឹងថ្លែងពិនិត្យឲ្យបានច្បាស់លាស់ និងយកចិត្តទុកដាក់លើសំណើនេះ។ បន្ថែមពីនេះ លោកបន្តថា ក្រសួងការបរទេសមិនអាចធ្វើការអត្ថាធិប្បាយយ៉ាងណាចំពោះកិច្ចអន្តរាគមន៍ និងដំណោះស្រាយពិតប្រាកដលើករណីនេះ ដោយមិនទាន់មានការបញ្ជាក់ណាមួយពីប្រទេសទួរគី ឡើយ៖ «ក្រសួងមិនទាន់ទទួលបានសំណើពីលោកឯកអគ្គរដ្ឋទូតទួរគី ឡើយ អ៊ីចឹងដូច្នេះកាលណាមានសំណើណាមួយពីភាគីមិត្ត ឬភាគីទូតណាមួយ យើងនឹងធ្វើការពិនិត្យទៅតាមភស្តុតាង និងការសំអាងផ្សេងៗពីភាគីទួរគី ទើបអាចមានការអន្តរាគមន៍ណាមួយបាន»។
ក្រុមហ៊ុនហ្ស៉ាម៉ាន់ ដែលគ្រប់គ្រងសាលាទាំងនេះ បានចេញសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃទី១៩ ខែកក្កដា បានបដិសេធថា សាលាអន្តរជាតិហ្សាម៉ាន់ មិនជាប់ពាក់ព័ន្ធទៅនឹងរដ្ឋប្រហារនៅទួរគី ឡើយ។សេចក្ដីថ្លែងការណ៍ដដែល ក៏បានថ្កោលទោសដោយបានសម្ដែងនូវ "ភាពជឿជាក់លើភាពស្អាតស្អំ» របស់ខ្លួន ព្រមទាំងបានប្រកាសផងដែរថា ខ្លួននឹងស្វែងរកយុត្តិធម៌តាមនីតិវិធី ព្រោះការចោទប្រកាន់នេះមានគោលបំណងបង្ខូចកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន។
ជាងនេះ ក្រុមហ៊ុនហ្ស៉ាម៉ាន់ ក៏បានស្នើឲ្យឯកអគ្គរដ្ឋទូតបង្ហាញភស្តុតាង ឬសេចក្ដីសម្រេចណាមួយ ដោយតុលាការដែលបានបង្ហាញទៅកាន់សាធារណជន និងអាជ្ញាធរ លើការចោទប្រកាន់នេះ។
ដើម្បីដោះស្រាយករណីនេះ សកលវិទ្យាធិការរងនៃសាកលវិទ្យាល័យហ្ស៉ាម៉ាន់ លោក ដេត សុខឧត្តម បានប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២១ ខែកក្កដា ដែរថា សាលាអន្តរជាតិហ្ស៉ាម៉ាន់ កំពុងតែធ្វើលិខិតដាក់ទៅនាយកដ្ឋានឧត្ដមសិក្សា និងគ្រោងជួបក្រសួងការបរទេសកម្ពុជា ដើម្បីពិភាក្សាពីបញ្ហានេះនៅពេលឆាប់ៗ។ ប៉ុន្តែលោកបញ្ជាក់ថា សាលាអន្តរជាតិហ្សាម៉ាន់ គឺជាសាលាដែលទទួលបានអាជ្ញាប័ណ្ណត្រឹមត្រូវពីក្រសួងពាណិជ្ជកម្ម និងក្រសួងអប់រំ៖ «ប្រសិនបើមានការចោទប្រកាន់អ៊ីចឹង ឯកអគ្គរដ្ឋទូតគួរតែបង្ហាញភស្តុតាង ដែលមានមូលដ្ឋានច្បាស់លាស់មកទើបយើងជឿ ហើយបើហ្សាម៉ាន់ ពិតជាធ្វើខុសដូចការចោទអ៊ីចឹងមែន ក្រសួងការបរទេស និងក្រសួងអប់រំ ដែលជាអាណាព្យាបាលយើងនឹងចាត់វិធានការណាហើយ ប៉ុន្តែយ៉ាងណាខ្ញុំជឿថា រដ្ឋាភិបាលគាត់មានការថ្លឹងថ្លែងបានត្រឹមត្រូវ»។
ការលើកឡើងរបស់ក្រសួងការបរទេសកម្ពុជា និងសាលាអន្តរជាតិហ្សាម៉ាន់ ធ្វើឡើងក្រោយពេលលោកឯកអគ្គរដ្ឋទូតទួរគី ប្រចាំកម្ពុជា អីលហាន កេនម៉ាល់ ទុក (Ilhan Kenmal Tug) កាលពីពេលថ្មីៗនេះ បានប្រកាសអំពីគោលបំណងរបស់រដ្ឋាភិបាលទួរគី ដែលចង់ឲ្យបិទសាលាអន្តរជាតិហ្សាម៉ាន់ និងសាកលវិទ្យាល័យហ្សាម៉ាន់ នៅរាជធានីភ្នំពេញ ដោយសារការជាប់ពាក់ព័ន្ធរបស់សាលានេះជាមួយចលនា លោក ហ្វេទុឡា ហ្គូឡេន (Fethullah Gulen) ដែលធ្វើរដ្ឋប្រហារនៅទួរគី ប៉ុន្តែបានបរាជ័យ។
សាលាអន្តរជាតិហ្សាម៉ាន់ បច្ចុប្បន្នបានបណ្ដុះបណ្ដាលសិស្សប្រមាណជាង ២.០០០នាក់ គិតចាប់ពីថ្នាក់មតេយ្យសិក្សារហូតដល់សាកលវិទ្យាល័យ។
សាលាអន្តរជាតិហ្សាម៉ាន់ ក្រៅពីបដិសេធថា ខ្លួនមិនជាប់ពាក់ព័ន្ធនឹងរដ្ឋប្រហារនៅទួរគី និងស្នើឲ្យឯកអគ្គរដ្ឋទូតបង្ហាញភស្តុតាងឲ្យច្បាស់លាស់។ សាលាអន្តរជាតិហ្សាម៉ាន់ ក៏បានអំពាវនាវឲ្យសិស្សានុសិស្ស និងអាណាព្យាបាលកុំមានការព្រួយបារម្ភជុំវិញបញ្ហានេះ៕