Quantcast
Viewing all articles
Browse latest Browse all 40045

កម្មករ​រោងចក្រ​ជុងហ្វៃ​ទាមទារ​ឲ្យ​តុលាការ​ចេញ​ដីកា​ការពារ​ទ្រព្យសម្បត្តិ​ក្នុង​រោងចក្រ

Image may be NSFW.
Clik here to view.
កម្មករ​រោងចក្រ​តម្បាញ​ជុងហ្វៃ (Chung Fai) ស្ថិត​នៅ​ភូមិ​ព្រែកតាឡុង សង្កាត់​ចាក់អង្រែក្រោម ខណ្ឌ​មានជ័យ នាំ​គ្នា​តវ៉ា​នៅ​ខាង​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២២ កក្កដា ឆ្នាំ​២០១៦។ RFA/Um Raingsy


ដោយ អ៊ុំ រង្សី RFA 2016-07-22

កម្មករ​ជិត ១០០​នាក់ នៅ​រោងចក្រ ជុងហ្វៃ (Chung Fai) ស្ថិត​នៅ​ភូមិ​ព្រែកតាឡុង សង្កាត់​ចាក់អង្រែក្រោម ខណ្ឌ​មានជ័យ នៅ​ថ្ងៃ​ទី​២២ កក្កដា បាន​នាំ​គ្នា​តវ៉ា​នៅ​ខាង​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ពន្លឿន​ឲ្យ​ស្ថាប័ន​នេះ​ចេញ​ដីកា​ការពារ​ទ្រព្យសម្បត្តិ​ក្នុង​រោងចក្រ​ក្រោយ​ថៅកែ​រត់​ចោល​ដោយ​មិន​ព្រម​ដោះស្រាយ​សំណង និង​ប្រាក់​អត្ថប្រយោជន៍​ឲ្យ​ពួកគេ។

កម្មករ​នៅ​រោងចក្រ​រោងចក្រ​តម្បាញ​ជុងហ្វៃ អះអាង​ថា ថៅកែ​បាន​រត់ចោល និង​បាន​ព្យាយាម​ដឹក​សម្ភារៈ​ចេញ ខណៈ​ថៅកែ​រោងចក្រ​នេះ​មិន​ទាន់​បាន​ដោះស្រាយ​សំណង និង​ប្រាក់​អត្ថប្រយោជន៍​ការងារ​ឲ្យ​ពួកគេ​មុន​នឹង​បិទ​ទ្វារ​រោងចក្រ​នោះ​ឡើយ។

តំណាង​កម្មករ​រោងចក្រ​ជុងហ្វៃ កញ្ញា ឌី ដាឡែន ថ្លែង​នៅ​ថ្ងៃ​ទី​២២ កក្កដា ថា រាល់ថ្ងៃ​កម្មករ​ដែល​ភាគ​ច្រើន​ជា​ស្រីៗ បាន​ដាក់​វេន​គ្នា​យាម​សម្ភារៈ និង​ឧបករណ៍​ក្នុង​រោងចក្រ​ខ្លាចក្រែង​មាន​ជន​ឆ្លៀត​ឱកាស​លួច​ទ្រព្យសម្បត្តិ​ក្នុង​រោងចក្រ​ដែល​ពុំ​មាន​សង្វាក់​ផលិតកម្ម។ កញ្ញា​បន្ត​ថា ក្នុង​ការ​យាម​នេះ កម្មករ​ចំណាយ​ពេល​វេលា​យូរ និង​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន។ កញ្ញា​បញ្ជាក់​ថា ក្រៅ​ពី​ស្នើ​ឲ្យ​សាលាដំបូង​ចេញ​ដីកា​ការពារ​ទ្រព្យសម្បត្តិ​រោងចក្រ កម្មករ​ក៏​ទាមទារ​ឲ្យ​ឲ្យ​ថៅកែ​ដោះស្រាយ​ប្រាក់ខែ​ជូន​ពួកគេ​ឲ្យ​បាន​ឆាប់​ផង​ដែរ៖ «កម្មករ​ពួក​ខ្ញុំ​មិន​ចង់​បាន​ទ្រព្យ​សម្បត្តិ​រោងចក្រ​នោះ​ទេ ចង់​បាន​តែ​ប្រាក់ខែ​ពួក​ខ្ញុំ និង​ចង់​ឲ្យ​ថៅកែ​រោងចក្រ​ចូល​ខ្លួន​មក​ដោះស្រាយ​បញ្ហា​នេះ​ប៉ុណ្ណោះ»។
តំណាង​កម្មករ​ម្នាក់​ទៀត លោកស្រី ទ្រេស សំរ៉ស់ អះអាង​ថា ពួកគេ​បាន​ដាក់​ញត្តិ​ទៅ​សាលាដំបូង​តាំង​ពី​ថ្ងៃ​ទី​១៨ ខែ​កក្កដា តែ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ណា​មួយ​ពី​តុលាការ។ លោកស្រី​ទទូច​ឲ្យ​តុលាការ​ត្រូវតែ​ពន្លឿន​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ឆាប់ ព្រោះ​ពួកគេ​ពុំ​មាន​ទំនុក​ចិត្ត​នោះ​ទេ ដោយសារ​រោងចក្រ​នេះ​ពុំ​មាន​សង្វាក់​ផលិតកម្ម​ទៀត​ទេ ហើយ​ថៅកែ​និង​ថ្នាក់ដឹកនាំ​ជា​ជន​ជាតិ​ចិន ក៏​បាត់​មុខ​អស់​ហើយ​ដែរ៖ «គឺ​ចង់​ឲ្យ​គាត់​ចេញ​ដីកា​ការពារ​រោងចក្រ​ឲ្យ​ឆាប់​មក ព្រោះ​ពួក​ខ្ញុំ​ពិបាក​ជីវភាព​ណាស់ ហើយ​ពួក​ខ្ញុំ​យល់​ថា បើ​តុលាការ​ផ្ដល់​ដីកា​ការពារ​មក​ពួក​ខ្ញុំ​មាន​ភាព​កក់​ក្ដៅ​ខ្លាំង។ ពួក​ខ្ញុំ​មិន​ចំណាយ​ពេល​វេលា​យូរ​ទៀត​នោះ​ទេ»។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​រដ្ឋបាល​រោងចក្រ​ជុងហ្វៃ លោក ជា សុជាតិ និង​អ្នកស្រី ស៊ លីនណា ចៅក្រម​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​កាន់​រឿង​ក្តី​រោងចក្រ​ជុងហ្វៃ ដើម្បី​ឆ្លើយ​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា។

ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា សោកស្ដាយ​ចំពោះ​ក្រុម​និយោជក ដែល​តែង​រត់ចោល​កម្មករ និង​បិទ​រោងចក្រ​ទាំង​មិន​បាន​ដោះស្រាយ​សំណង​ជូន​កម្មករ។ លោក​ស្នើ​ឲ្យ តុលាការ​គួរតែ​ពង្រឹង​ច្បាប់​ចំពោះ​ថៅកែ​រោងចក្រ​ឲ្យ​បាន​ប្រសើរ​ជាង​នេះ ដើម្បី​កុំ​ឲ្យ​កម្មករ​កម្ពុជា បន្ត​រងគ្រោះ​ដោយសារ​បញ្ហា​នេះ៖ «សូម​ឲ្យ​អ្នក​វិនិយោគ​ ទាំង​អស់ គាត់​ត្រូវ​តែ​ហ៊ាន​បង្ហាញ​នៅ​ការ​តម្កល់​លុយ​របស់​ខ្លួន​នៅ​ក្នុង​ធនាគារ​ ជាតិ ហើយ​រដ្ឋ​ក៏​ត្រូវ​តែ​បង្ហាញ​ថា នៅ​ពេល​ដែល​រោងចក្រ​បិទ​ទ្វា រដ្ឋ​ត្រូវ​តែ​យក​លុយ​ហ្នឹង​មក​ទូទាត់ ឬ​បង្ហាញ​ឲ្យ​កម្មករ​បាន​ដឹង ឧទាហរណ៍​ថា ​ទូទាត់​ទៅ​ត្រូវ​សង​កម្មករ ត្រូវ​តែ​សង​កម្មករ ព្រោះ​កម្មករ​គាត់​ចង​បាន​តែ​អ្វី​ដែល​ជា​របស់​គាត់​ប៉ុណ្ណោះ»។

​ក្រៅពី​ស្នើ​ឲ្យ​សាលាដំបូង​ចេញ​ដីកា​ការពារ​ទ្រព្យសម្បត្តិ​រោងចក្រ ក្រុម​កម្មករ​ក៏​បាន​ស្នើ​ឲ្យ​ដោះស្រាយ​បញ្ហា​ចំនួន ៥​ចំណុច​ទៀត​ដែរ ក្នុង​នោះ​មាន​ដូចជា ទាមទារ​ឲ្យ​ក្រុមហ៊ុន​សង​ប្រាក់​ឈ្នួល​ចុង​ក្រោយ​ចាប់​ពី​ខែ​មិថុនា ប្រាក់​អតីតភាព​ការងារ ប្រាក់​ជំងឺ​ចិត្ត ដែល​ក្រុមហ៊ុន​យក​លេស​អត់​មាន​ការងារ​ធ្វើ។ កម្មករ​ក៏​ស្នើ​សុំ​ឲ្យ​ក្រុមហ៊ុន​គោរព​សេចក្ដី​ប្រកាស​របស់​ក្រសួង​ការងារ ចំពោះ​ការ​ផ្ដល់​ប្រាក់ខែ​គោល​ឲ្យ​កម្មករ​គ្រប់​ចំនួន។

ក្រុម​កម្មករ​ប្រកាន់​ជំហរ​ទៅ​ធ្វើ​កូដកម្ម​នៅ​ខាង​មុខ សាលាដំបូង​រាជធានី​ភ្នំពេញ និង​បន្ត​ហែ​ញត្តិ​ទៅ​កាន់​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រសិនបើ​គ្មាន​ដំណោះស្រាយ​ពី​ថៅកែ​រោងចក្រ​ដោះស្រាយ​ប្រាក់ខែ និង​ប្រាក់​អត្ថប្រយោជន៍​ឲ្យ​កម្មករ​ជិត ២០០​នាក់ មុន​នឹង​រោងចក្រ​បិទ​ទ្វារ​នោះ​ទេ៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>