Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

កិត្តិយសខ្ពង់ខ្ពស់របស់លោកកែមឡី

$
0
0
Photo source: The Phnom Penh Post


(ដោយជូលាងហាក់)

ខ្ញុំនៅតែសោកស្តាយជីវិតខ្មែរដែលល្អមួយរូបនេះ។ ជាជីវិតពោរពេញទៅដោយចិត្តក្លាហាននិងភក្តីភាពចំពោះ
ជាតិសាសន៍របស់លោក។ មុនពេលលោកត្រូវជនពាលប្លន់យកសង្ខារតែមួយប៉ប្រិចភ្នែក លោកបាននិយាយ
ជាញឹកញយដែរថា នៅក្នុងសង្គមខ្មែរនារដ្ឋកម្ពុជា គឺសម្បូរទៅដោយមនុស្សកាចសាហាវឃោរឃៅ ដូចខ្លាដូច
ចចកឬពស់វែក។ បានសេចក្តីថា ទោះជាបណ្ឌិតរូបនេះបានដឹងអស់ហើយ ពីគ្រោះកាចដែលនៅព័ទ្ធជុំវិញខ្លួន
គ្រប់នាទីនៃជីវិត ក៏លោកនៅតែមានចិត្តស្អុះស្អាប់រឿងជាតិ ហើយខិតខំតស៊ូទៅមុខទៀត រហូតដល់ថ្ងៃស្លាប់។

លោកមិនបាក់ទឹកចិត្ត មិនកំសាករួញរា ហើយក៏មិនព្រមផ្អាកការជួយជ្រោមជ្រែងសង្គមខ្មែរ តាមការនិយាយ
ដោយចំៗ ដូចជាពន្លឺភ្លើងពិលដ៏ភ្លឺល្អមួយដែលឆ្លុះបញ្ចាំងវិបត្តិទាំងឡាយ ក្នុងសង្គមបែកបាក់តូចទាបមួយនេះ
ក្នុងក្តីសង្ឃឹមនិងប្រាថ្នាថា អ្នកមុខអ្នកការរដ្ឋ, រហូតដល់មេដឹកនាំប្រទេស, នឹងមានការចាប់ភ្លឹក ភ្លឺគំនិត ហើយ
ខិតខំធ្វើការយ៉ាងសកម្ម ដើម្បីដុះខាត់សង្គមជាតិឱ្យមានពន្លឺល្អឡើងនឹងគេដែលនៅជុំវិញក្នុងពិភពលោក។

ប៉ុន្តែជាអកុសល ផលបុណ្យនៃទឹកចិត្តដែលស្រឡាញ់ជាតិសាសន៍ បានក្លាយជាពាក្យសំដីដុតកំដៅពួកមនុស្ស
ចិត្តខ្មៅអាត្មានិយម ឱ្យខឹងសម្បារហើយគុំគួន រហូតដល់ហ៊ានបំផ្លាញធនធានមនុស្សដ៏កម្រនៃរដ្ឋកម្ពុជា។ មាន
ពាក្យស្លោកមួយដែលខ្ញុំនៅចាំ។ គេនិយាយថា "មនុស្សអាក្រក់ហ៊ានដុតផ្ទះអ្នក ដើម្បីស្ងោរពងមាន់មួយ"។ គឺវា
មានន័យថាពពួកមនុស្សនរកអន្យតិរ្ថិយ៍ មិនគិតអ្វីក្រៅពីផលប្រយោជន៍ផ្ទាល់ខ្លួន នៃជីវិតរបស់ពួកវានោះទេ។

សូម្បីតែផ្ទះដែលគេចំណាយប្រាក់និងចំណេះដឹងយ៉ាងច្រើនសន្ធឹកសន្ធាប់ បូករួមនឹងការប្រើពេលវេលាយឺនយូរ
ដើម្បីបង្កើតឡើង ក៏ពពួកមនុស្សអាក្រក់នរកអវិចី ហ៊ានបំផ្លាញដើម្បីទាញយកកម្រៃតូចមួយ។ អត្ថន័យនៃពាក្យ
ស្លោកមួយនេះ គឺវាត្រូវប៉ាច់ចំលើព្រឹត្តិការណ៍ក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន។ ជាព្រឹត្តិការណ៍គួរខ្មែរខ្មាស់អៀនខ្លាំង។

លោកកែមឡីបានស្លាប់ចោលប្រពន្ធកូន ឱ្យនៅរងារគ្រាំគ្រាចិត្ត ព្រោះជាការស្លាប់ដោយអំពើកាចសាហាវ ដែល
ប្រាកដជាមានមនុស្សផ្សេងទៀត ជាប់ពាក់ព័ន្ធលើសពីឃាតកមកពីឋានប្រេតមួយរូបនោះ។ ប៉ុន្តែពួកវាសុទ្ធសឹង
តែជាពួកមនុស្សមហាកំសាក លួចលាក់បាញ់ប្រហារមនុស្សដែលគ្មានអ្វីនឹងតដៃបាន។ ទោះយ៉ាងណា ខ្មែររាល់
គ្នាទាំងនគរ  បូករួមនិងខ្មែរនៅឯនាយសមុទ្រ បានដឹងច្បាស់ចំពោះវិរភាពលោកកែមឡី។ លោកមិនបានស្លាប់
ចាកចោលគ្រួសារនិងយើងរាល់គ្នាទៅជាអាសារបង់នោះទេ។ លោកបានក្លាយជាវិរបុរសគម្រូ នាពេលនេះ។

ក្នុងទំព័រសៀវភៅប្រវត្តិសាស្ត្រនៃរដ្ឋកម្ពុជានិងពិភពលោក  កេរ្តិ៍ឈ្មោះកែមឡីនឹងល្បីសុះសាយរុងរឿងយ៉ាងល្អ
គួរឱ្យរំភើបចិត្ត។ ប៉ុន្តែយើងក៏ប្រយ័ត្នប្រយែងក្នុងចិត្តផងដែរថា ពួកមនុស្សអាក្រក់គឺវានៅតែអាក្រក់ ហើយវានឹង
រអៀសខ្លួននឹកគិតមិនអស់មិនហើយ មិនចង់ឃើញវិរភាពដ៏ល្អប្រណិត នៃបណ្ឌិតកែមឡីត្រូវគេសរសេរចារទុក
ក្នុងទំព័រសៀវភៅប្រវត្តិសាស្ត្រនោះទេ ព្រោះវាជាអាម៉ាស់របស់ពួកវាដែលនឹងស្ថិតនៅរាប់តំណនៃមនុស្សជាតិ។

យើងបានឃើញបានយល់ហើយថា ដំណើរយាត្រាថ្មើជើងយ៉ាងយឺតៗតាមផ្លូវដ៏សែនឆ្ងាយ ក្នុងការដង្ហែសពនៃ
បណ្ឌិតកែមឡី នាថ្ងៃច័ន្ទ្រទី២៥កក្កដា គ.ស.២០១៦ តាំងពីម៉ោង៧ព្រឹករហូតដល់ល្ងាច ត្រូវបានចូលរួបរួមលើក
ទឹកចិត្តយ៉ាងគគ្រឹកគគ្រេង ពីសំណាក់មនុស្សម្នានៅភ្នំពេញនិងជាយក្រុង ព្រមទាំងខ្មែរដទៃដែលបានដឹងឮរឿង
រ៉ាវ ហើយនាំគ្នាធ្វើដំណើរមកពីភូមិស្រុកឆ្ងាយៗ ដើម្បីសំដែងការគាំទ្រប្រកបដោយទឹកចិត្តសោកសង្រេងរបស់
ខ្លួនចំពោះគ្រួសារសព។  ខ្មែរដែលនៅឯនាយសមុទ្រក៏បានប្រមូលផ្តុំគ្នាប្រារព្ធពិធីផ្សេងៗ ហើយឧទ្ទិសមគ្គផល
កុសលផលបុណ្យជូនកូនខ្មែររូបនេះដែលប្រកបវិរភាពជាគម្រូគួរគោរពសរសើរ។

ចលនាជាទូទៅទាំងអស់របស់ប្រជាពលរដ្ឋខ្មែរនិងបរទេស ក្នុងព្រឹត្តិការណ៍ដ៏អធឹកអធ័មនេះ ជាចលនានៃការ
ចូលរួមដោយស្ម័គ្រចិត្ត១០០ភាគរយ គ្មានអ្នកណាសូកប៉ាន់និយាយបញ្ចុះបញ្ចូលអ្នកណា ឬបង្ខំអ្នកណាឱ្យទៅ
ទាំងទើសទាំងទាល់ ដើម្បីចូលរួមសំដែងចិត្តសោកសង្រេងនោះទេ។ ប៉ុន្តែគេចូលទៅដោយចិត្តអាណិតអាសូរ
និងកោតសរសើរចំពោះកូនខ្មែររូបនេះ ដែលក្លាហានហើយមានកង្វល់និងនិយាយបើកកកាយពីសុខទុក្ខសង្គម
ជាតិ រហូតដល់មានគេគុំគួន ហើយគេតាមសម្លាប់ខ្លួននាថ្ងៃចុងក្រោយ។ តែវិរភាពរបស់លោកនៅរស់ជានិច្ចក្នុង
ដួងចិត្តយើងរាល់គ្នា ដែលជាជនជាតិខ្មែររងគ្រោះព្រោះមនុស្សអវិចីតែប៉ុន្មាននាក់នៅក្នុងសង្គម។

ដំណឹងនៃឃាតកម្មមនុស្សល្អរូបនេះ ក៏បានរញ្ជួយដល់ចិត្តឥស្សរជនស្ថានទូតបរទេសឱ្យឆ្លៀតពេលមកចូលរួម
រំលែកទុក្ខគ្រួសារដែលសល់តែម្តាយនឹងកូន ឯឪពុកត្រូវបាត់សូន្យជារហូតហើយអត់វិលល្ងាចវិញទេ។ ទឹកភ្នែក
យើងហូរចុះព្រោះចិត្តអាឡោះអាល័យ។ ឯខ្ញុំឯណេះ ក៏រញ្ជួយចិត្តខ្លាំងម្តងជាពីរដងជាបីដងអ៊ីចឹងដែរ ដោយនឹក
ស្រណោះមនុស្សអភ័ព្វដែលបាត់បង់ជីវិតទាំងនៅវ័យក្មេង។ ក្រោយមកខ្ញុំបានធូរចិត្តខ្លះៗព្រោះឃើញមនុស្សជា
ច្រើនរាប់ម៉ឺនរាប់សែននាក់យ៉ាងកុះករចូលរួមជួយដង្ហែរសព។ នេះជាកិត្តិយសខ្ពង់ខ្ពស់សម្បើមចំពោះលោក។

នៅក្នុងគ្រាដែលគាត់បានជាប់ជាមួយបនខ្មែរក្រហម លោកកែមឡីនៅក្មេងខ្ចីទើបមានជន្មាយុ៥ឆ្នាំ។ លោកវេទនា
ណាស់។ ព្រាត់ប្រាស់ឪពុកម្តាយបងប្អូន។ ក្រោយមកយុគដ៏សែនខ្មៅបានកន្លងផុតទៅ ស្រាប់តែឥឡូវគាត់បែរ
ជាមកស្លាប់ក្នុងកណ្តាប់ដៃខ្មែរក្មេងជំនាន់ក្រោយឯណាឯណេះទៅវិញ ចោលប្រពន្ធចោលកូនឱ្យកំព្រារងារចិត្ត។

ខ្ញុំក៏បានឮដែរថា អ្នកជួយដង្ហែរសពទាំងម៉ឺនទាំងសែននាក់ បានចែកផ្លូវគ្នាវិលត្រឡប់ទៅផ្ទះវិញតែរៀងៗខ្លួន នៅ
ល្ងាចថ្ងៃដដែល។ គួរឱ្យអរគុណហើយសរសើរពួកគេណាស់ ដែលខំដើរដង្ហែរតាមផ្លូវក្រោមកម្តៅថ្ងៃតាំងពីព្រឹក
រហូតដល់ជិតយប់ ទើបបង្ខំចិត្តចាកចេញពីគ្រួសារសព ត្រឡប់ទៅផ្ទះវិញទាំងហត់ហេវអស់កម្លាំងកាយស្ទើរដួល
នៅនឹងកន្លែង។ នៅសល់តែក្រុមគ្រួសារសពនិងអ្នកភូមិផង ដែលជួយបញ្ចុះសពក្នុងថ្ងៃបន្ទាប់។ ប៉ុន្តែចិត្តគេរាល់
គ្នា ខ្ញុំជឿថានៅតែអាឡោះអាល័យជីវិតលោក ដែលមានភក្តីភាពចំពោះមាតុភូមិនិងសង្គមជាតិយើង។

ខ្ញុំសូមជូនពរដោយចិត្តគោរពសរសើរចំពោះបណ្ឌិតកែមឡីជាអនេក ដែលលោកជាកូនខ្មែរដ៏មានតម្លៃខ្ពស់ម្នាក់
ក្នុងសង្គមខ្មែរដែលខ្សត់ខ្សោយធនធានមនុស្សអ្នកចេះដឹង។ សូមវិញ្ញាណក្ខន្ធលោក បានចូលដល់សុគតិភព ជា
ឋានព្រះយេហូវ៉ានៃពួកពលបរិវ៉ា ហើយក៏សូមលោកកែមឡីនិងគ្រួសារនៅផែនដី បានទទួលព្រះពរជាបរិបូណ៌។
អាម៉ែន៕៚

ខ្ញុំ, ជូលាងហាក់, ជាសម្លាញ់របស់អ្នកក្នុងនាមជាខ្មែរដូចគ្នា... "ជូតទឹកភ្នែកអ្នកហើយបន្តដំណើរទៅមុខ; ក.ឡ."

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>