Quantcast
Viewing all articles
Browse latest Browse all 40045

យុវជន​ស្នើ​ដល់​ភាគី​ពាក់ព័ន្ធ​គាំទ្រ​ពួកគេ​ក្នុង​កិច្ចការ​លើក​កម្ពស់​អភិបាលកិច្ច​ល្អ

Image may be NSFW.
Clik here to view.
ក្រុម​យុវជន និង​ព្រះសង្ឃ ថតរូប​រួម​គ្នា​ក្នុង​ពេល​ចូល​រួម​វេទិកា​យុវជន​កម្ពុជា ស្ដី​អំពី "ការ​វិយោគ​ទៅ​លើ​យុវជន​ដើម្បី​លើក​កម្ពស់​អភិបាលកិច្ច​ល្អ និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព" កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៦ នា​រាជធានី​ភ្នំពេញ។ RFA/Cheu Sideth


ដោយ អ៊ុំ រង្សី RFA 2016-07-29

​យុវជន​មួយ​ចំនួន​ចង់​ឃើញ​រាជរដ្ឋាភិបាល​កម្ពុជា ផ្ដល់​ការ​លើក​ទឹក​ចិត្ត​ឲ្យ​បាន​ស្មើភាព​គ្នា និង​មាន​តម្លាភាព​ដល់​គ្រប់​យុវជន ជាពិសេស​កុំ​ឲ្យ​មានការ​រើសអើង​ចំពោះ​ក្រុម​យុវជន​ណា​ដែល​ឈឺឆ្អាល​នឹង​កិច្ចការ​សង្គម។ ការ​ថ្លែង​បែប​នេះ ធ្វើ​ឡើង​ក្រោយ​ពី​មាន​កិច្ច​សន្ទនា​រវាង​យុវជន​ជាមួយ​ស្ថាប័ន​រដ្ឋាភិបាល​ស្ដីពី "ការ​វិយោគ​ទៅ​លើ​យុវជន​ដើម្បី​លើក​កម្ពស់​អភិបាលកិច្ច​ល្អ និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព"កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​កក្កដា។

ការ​អំពាវនាវ​របស់​យុវជន​ធ្វើ​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត បន្ទាប់ពី​ពួកគេ​សង្កេត​ឃើញ​ថា យុវជន​សកម្ម​ក្នុង​ការងារ​សង្គម​ខ្លះ​មិន​ទទួល​បាន​ការ​គាំទ្រ និង​លើកទឹកចិត្ត ពេល​ពួកគេ​ប្រើប្រាស់​សិទ្ធិ​សេរីភាព ពេលវេលា និង​ធនធាន​របស់​ខ្លួន​ដើម្បី​រួម​ចំណែក​ដល់​ការ​លើក​កម្ពស់​អភិបាលកិច្ច​ល្អ​នោះ។

តំណាង​ក្រុម​យុវជន​ដែល​បាន​ចូល​រួម​ក្នុង​កម្មវិធី​នេះ លោក រិន សុគុណដារ៉ា យល់​ថា បច្ចុប្បន្ន​យុវជន​បាន​ចាប់​ផ្ដើម​គិតគូរ​ពី​បញ្ហា​ប្រទេស​ជាតិ និង​ហ៊ាន​ធ្វើ​សកម្មភាព​ផ្សេងៗ​ដើម្បី​ឲ្យ​មាន​ការ​កែប្រែ​ក្នុង​សង្គម។ យ៉ាង​នេះ​ក្ដី លោក​ហាក់​មិន​ពេញ​ចិត្ត​ចំពោះ​ចំណាត់​ការ​មួយ​ចំនួន​ដែល​រដ្ឋាភិបាល​ប្រើប្រាស់​សម្រាប់​រឹត​បន្តឹង និង​រារាំង​ការ​ចូលរួម​របស់​យុវជន។
លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​ហ៊ាន​ផ្ដល់​ឱកាស​ឲ្យ​យុវជន​ធ្វើ​សកម្មភាព​ដើម្បី​ជំរុញ​កិច្ច​អភិបាលកិច្ច​សង្គម​ប្រកប​ដោយ​ប្រសិទ្ធភាព៖ «ខ្ញុំ​គិត​ថា យុវជន​សម័យ​ឥឡូវ គាត់​អាច​យល់​ដឹង​ពី​បញ្ហា​សង្គម និង​ប្រទេស​របស់​គាត់​បាន​ច្រើន ថា​ជួប​ប្រទះ​អ្វី​ខ្លះ ហើយ​គាត់​អាច​បញ្ចេញ​បញ្ហា​របស់​គាត់​ឲ្យ​រដ្ឋាភិបាល​ដឹង​ដើម្បី​រក​ដំណោះស្រាយ តែ​បែរ​ជា​គាត់​បញ្ចេញ​ទៅ បែរ​ជា​ត្រូវ​បាន​រារាំង និង​រឹតត្បិត។ អា​ហ្នឹង​ខ្ញុំ​យល់​ថា ជា​រឿង​ដែល​មិន​សម​ហេតុផល​នោះ​ទេ»។

ទន្ទឹម​គ្នា​នេះ​ដែរ នាយក​ប្រតិបត្តិ​អង្គការ​ស្ម័គ្រចិត្ត​ដើម្បី​សង្គម (CVS) លោក ប៉ែន សុមុនី យល់​ឃើញ​ថា កង្វះខាត​ការ​លើក​ទឹក​ចិត្ត ការ​ផ្សព្វផ្សាយ និង​ការ​គំរាម​កំហែង​សុទ្ធតែ​រូបភាព​បង្អាក់​ទឹក​ចិត្ត និង​បង្ក​ភាព​ភ័យខ្លាច​ដល់​យុវជន​មិន​ឲ្យ​ចូលរួម​ក្នុង​សង្គម​បាន។ លោក ប៉ែន សុមុនី ចង់​ឲ្យ​ភាគី​ទាំង​អស់​ធ្វើ​ការ​រួម​គ្នា​ដើម្បី​បើក​ឱកាស​ឲ្យ​យុវជន​អាច​ចូលរួម​ក្នុង​កិច្ចការ​សង្គម និង​បង្កើន​តួនាទី​សំខាន់​ដល់​យុវជន​បាន​ដោយ​ពេញលេញ៖ «រដ្ឋាភិបាល​កម្ពុជា ត្រូវតែ​បើក​ឧកាស​ពេញលេញ​ដល់​យុវជន ឲ្យ​ចូលរួម​កិច្ច​ការងារ​សង្គម ទាំង​សម្ដែង​មតិ និង​អ្វី​ដែល​ពួកគាត់​ចង​បាន ហើយ​បាន​ធ្វើ​បែប​នេះ​បាន​យុវជន​អាច​មាន​ឱកាស​ម្រេច​ចិត្ត​បាន​ខ្លះ​ហើយ»។

​ទាក់ទង​នឹង​ករណី​ទាំងនេះ អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​យុវជន​នៃ​ក្រសួង​អប់រំ​យុវជន និង​កីឡា លោក ចឹក លីម មាន​ប្រសាសន៍​ថា កម្ពុជា​មាន​ចំនួន​ប្រជាពលរដ្ឋ​ជា​យុវជន​ច្រើន​ជាង​គេ​នៅ​តំបន់​អាស៊ាន ហើយ​សម្រាប់​យុវជន​កម្ពុជា អាយុ​ក្រោម ៣៥​ឆ្នាំ មាន​រហូត ៦៥%។ លោក​ថា ដើម្បី​ជំរុញ​ឲ្យ​យុវជន​អាច​ចូលរួម​លើក​កម្ពស់​អភិបាលកិច្ច​ល្អ​បាន​ច្រើន រដ្ឋាភិបាល​បាន​ដាក់​យុទ្ធសាស្ត្រ​ចំនួន ៤ អាទិភាព រួម​មាន ការ​ពង្រឹង​គុណភាព​អប់រំ ផ្ដល់​ឱកាស​ការងារ​យុវជន លើក​កម្ពស់​សុខភាព​យុវជន និង​បង្កើន​ការ​ចូលរួម​របស់​យុវជន តាម​រយៈ​ការងារ​ស្ម័គ្រចិត្ត៖ «រដ្ឋាភិបាល និង​ពង្រឹង​ចំណេះ ជំនាញ​របស់​ពួកគេ ទាំង​ជំនាញ​ទន់ និង​រឹង ឲ្យ​ពួកគេ​យល់​ដឹង​បាន​ទូលាយ​ដើម្បី​អាច​អភិវឌ្ឍ​ខ្លួន​ឯង និង​សង្គម​ជាតិ​បាន​ពេញលេញ»។

ប៉ុន្តែ​យ៉ាង​នេះ​ក្តី មន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា រូប​នេះ​ដែល​ជា​ស្ថាប័ន​គ្របដណ្ដប់​លើ​ការងារ​យុវជន​ដែរ​នោះ បាន​បដិសេធ​ពី​មូលហេតុ និង​មិន​មាន​ប្រតិកម្ម​ណា​មួយ​ឡើយ​នៅ​ពេល​មាន​ការ​បង្ក្រាប រារាំង ឬ​ការ​ចាប់​ខ្លួន​យុវជន​នៅ​ពេល​កន្លង​មក​នោះ​ឡើយ។

យុវជន​ជិត ២០០​នាក់ ដែល​មក​ពី​បណ្ដា​សាកល​វិទ្យា​នានា​នៅ​រាជធានី​ភ្នំពេញ ដែល​ចូល​រួម​កម្មវិធី​នេះ ក៏​បាន​ផ្ដល់​អនុសាសន៍​ទៅ​រដ្ឋាភិបាល​ចំនួន ៥​ចំណុច ដោយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​តែ​ដោះស្រាយ​ជា​បន្ទាន់​រួម​មាន ការ​អប់រំ​យុវជន គិតគូរ​ពី​មុខ​របរ និង​ការ​ចំណាកស្រុក​របស់​យុវជន ជំរុញ​យុវជន​ឲ្យ​ចូលរួម​ពេញលេញ​លើ​កិច្ច​ការពារ​ដីធ្លី និង​ធនធាន​ធម្មជាតិ លុប​បំបាត់​អំពើ​ពុករលួយ​ដែល​កើត​មាន​ចំពោះ​យុវជន និង​ផ្ដល់​សេរីភាព​ជា​មូលដ្ឋាន​ដល់​យុវជន៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>