Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

ការ​បែកបាក់​​​ដែល​ពិបាក​នឹង​ផ្សះផ្សា

$
0
0
ក្បួន​ដង្ហែ​សព​លោក​បណ្ឌិត កែម ឡី កាលពី​ថ្ងៃ​ ២៤ កក្កដា​ដែល​មាន​អ្នក​ចូលរួម​យ៉ាង​ណែន​ណាន់​តាន់​តាប់​មិន​នឹក​ស្មាន​ដល់។ ហុង មិនា

ភ្នំពេញ​ប៉ុស្តិ៍​ Thu, 28 July 2016

បន្ទាប់ពី​មាន​ករណី​ឃាតកម្ម​បាញ់​សម្លាប់​លោក​បណ្ឌិត​ កែម ​ឡី ​អាយុ ៤៦ ​ឆ្នាំ​ដែល​ជា​អ្នក​វិភាគ​នយោបាយ​ដ៏លេចធ្លោ​ម្នាក់​កាលពី​ព្រឹក​ថ្ងៃ​ទី ១០ ខែ​កក្កដា​ខណៈ​ពេល​ដែល​លោក​កំពុង​ទទួល​ទាន​កាហ្វេ​ពេល​ព្រឹក​របស់​គាត់​ក្នុង​មីនីម៉ាត​មួយ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​នោះ​មាន​មនុស្ស​រាប់ពាន់​ រាប់​ម៉ឺន​នាក់​ទាំង​អ្នក​មាន​ ទាំង​អ្នក​ក្រ ទាំង​អ្នក​ទីក្រុង​ និង​អ្នក​ស្រុក​ស្រែ​ចម្ការ​បាន​ទៅ​ប្រមូល​ផ្តុំ​គ្នា​នៅ​វត្ត​ចាស់​ជាពិសេស​នៅ​​ថ្ងៃ​ដង្ហែ​សព​ទៅ​តម្កល់​នៅ​ស្រុក​កំណើត​ក្នុង​ខេត្ត​តាកែវ​គឺ​មាន​អ្នក​ចូលរួម​ដោយ​ស្ម័គ្រ​ចិត្ត​មកពី​គ្រប់​ទិសទី​យ៉ាង​ណែនណាន់​តាន់តាប់​ដើម្បី​ជា​ការ​បង្ហាញ​នូវ​សមាន​ចិត្ត​ និង​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាមួយ​ក្រុម​គ្រួសារ​សព​លោក ​កែម​ ឡី។

លោក​ បណ្ឌិត កែម ​ឡី​ ត្រូវ​បាន​គេ​ស្គាល់​ទូទាំង​ប្រទេស​កម្ពុជា​តាមរយៈ​ការ​រិះគន់​របស់​លោក​ទៅ​លើ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន​ និង​ម្តងម្កាល​លោក​ក៏​បាន​រិះគន់​គណបក្ស​សង្គ្រោះ​​ជាតិ​របស់​នាង​ខ្ញុំ​ផ្ទាល់​ផង​ដែរ​។ លោក​ទទួល​បាន​កេរ្តិ៍​ឈ្មោះ​សម្រាប់​ការ​រិះគន់​របស់​លោក​ដោយ​មិន​មាន​ការ​ភ័យខ្លាច​។
នៅ​ឆ្នាំ​ ២០១៤ លោក​បាន​បង្កើត​កម្មវិធី​មួយ​ឈ្មោះ​ថា​ «ខ្មែរ​ដើម្បី​ខ្មែរ» ជា​ក្រុម​តស៊ូ​មតិ​មួយ​ដើម្បី​លើក​កម្ពស់​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ។ បន្ទាប់​មក​លោក​ក៏​បាន​បង្កើត​គណបក្ស​មួយ​ឈ្មោះ​ថា​គណបក្ស​ប្រជាធិបតេយ្យ​​​មូលដ្ឋាន​ដែល​គ្រោង​នឹង​ឈរ​ឈ្មោះ​សម្រាប់​​បោះឆ្នោត​ឃុំ​សង្កាត់​នៅ​ឆ្នាំ ២០១៧ និង​ការ​បោះឆ្នោត​​សកល​​នៅ​ឆ្នាំ​ ២០១៨ ខាង​មុខ​នេះ។

លោក កែម​ ឡី គឺជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​រិះគន់​មួយ​ចំនួន​ទៀត​ដែល​ទទួល​បាន​ការ​ស្រឡាញ់​ក្នុង​ការ​ដែល​លោក​រិះគន់​ពី​បញ្ហា​ផ្សេងៗ​នៅ​ក្នុង​សង្គម​កម្ពុជា​។ មនុស្ស​ជាច្រើន​បាន​ស្គាល់​លោក​តាមរយៈ​ការ​ផ្សាយ​សំឡេង​ក្នុង​វិទ្យុ​ជា​ញឹកញាប់​ក៏​ដូចជា​ការ​ផុស​តាម​ទំព័រ Facebook របស់​លោក​ជា​ដើម​ដែល​ជា​រឿយៗ​លោក​តែង​ធ្វើការ​ពន្យល់​ពី​ជីវិត​ពិត​នៃ​អំពើ​ពុករលួយ​ និង​និទ្ទណ្ឌភាព​ដែល​ធ្លាប់​បាន​កើត​មាន​ឡើង​នា​ពេល​កន្លង​មក។

នៅ​មុន​ពេល​ទទួល​​មរណភាព​គាត់​បាន​ចាប់ផ្ដើម​គម្រោង​លេចធ្លោ​មួយ​​ក្នុង​ចំណោម​គម្រោង​នានា​ជា​អ្វី​ដែល​លោក​ហៅថា «១០០​រាត្រី» ដែល​​ជា​យុទ្ធនាការ​ធ្វើ​ដំណើរ​នៅ​ទូទាំង​​ប្រទេស​រួម​បញ្ចូល​ទាំង​​ការ​ស្នាក់​នៅ​ផ្ទះ​ជាមួយ​ក្រុម​គ្រួសារ​​ក្រីក្រ​ដែល​រស់នៅ​តាម​ទី​ជនបទ​ និង​ការ​ទៅ​មើល​​តំបន់​ដែល​ទាមទារ​ដោយ​​ប្រទេស​កម្ពុជា​ និង​វៀតណាម​ផង​​ដែរ​។

សូម្បី​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ជា​ប្រទេស​មួយ​ធ្លាប់​មាន​ប្រវត្តិ​ពី​អំពើ​ហិង្សា​ បញ្ហា​នយោបាយ និង​បញ្ហា​ផ្សេងៗ​ក្តី​តែ​ករណី​សម្លាប់​លោក​ កែម​ ឡី ​ពិតជា​កក្រើក​ខ្លាំង​ណាស់​ដោយ​ទទួល​បាន​ការ​ថ្កោលទោស​ និង​ការ​ចូលរួម​បង្ហាញ​ពី​ការ​សោកស្តាយ​ពី​ប្រជាពលរដ្ឋ​យ៉ាង​ច្រើន​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។

បន្ទាប់​ពី​បាន​បាញ់​សម្លាប់​លោក​ កែម​ ឡី​ ហើយ​ឃាតករ​បាន​រត់​គេច​ខ្លួន​ដោយ​ថ្មើរជើង​រហូត​​ដល់​ហ្វូង​មនុស្ស​ជាច្រើន​ប្រមូល​ផ្តុំ​គ្នា​ដេញ​ចាប់​បាន​ និង​ធ្វើការ​វាយដំ​បុរស​នោះ​ផង​ដែរ។ បុរស​នោះ​ត្រូវ​បាន​គេ​យក​ទៅ​ឃុំឃាំង​ដោយ​ប៉ូលិស​។ បុរស​នេះ​បាន​ប្រាប់​ថា​គាត់​ឈ្មោះ «​ជួប​សម្លាប់» ហើយ​បាន​អះអាង​ថា​លោក​បាញ់​សម្លាប់​លោក កែម ​ឡី​ ព្រោះ​តែ​បញ្ហា​បំណុល​។

រឿង​ដែល​ឃាតករ​សារភាព​ហាក់​ដូចជា​មិនសម​ហេតុផល​ហើយ​សាច់ញាតិ​របស់​បុរស​ទាំង​ពីរ​បាន​និយាយ​ដូច​គ្នា​ថា​ពួកគាត់​មិន​គិត​ថា​បុរស​ទាំង​ពីរ​​នេះ​ស្គាល់​គ្នា​នោះ​ទេ​ពី​មុន​មក។ ដូច្នេះ​ហើយ​ការ​សារភាព​របស់​​ឃាតករ​នៅ​តែ​មិន​ទាន់​ច្បាស់​ហើយ​សំណួរ​នៅ​តែ​ចោទ​សួរ​ថា​តើ​ឃាតករ​ធ្វើឃាត​លោក​ កែម ឡី​ តាម​បញ្ជា​របស់​អ្នក​ណា​ម្នាក់​ឬ​មួយ​យ៉ាង​ណា?

អ្វី​ដែល​កើតឡើង​គឺ​វា​បាន​កើត​ឡើង​រួច​ហើយ​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ​ក៏​ប្រជាជន​កម្ពុជា​ភាគច្រើន​ជឿ​ថា​ករណី​សម្លាប់​លោក​ កែម ​ឡី ​គឺជា​ករណី​នយោបាយ​ហើយ​​មាន​មនុស្ស​តិច​ណាស់​ដែល​មាន​ជំនឿ​ទៅ​លើ​ការ​ស៊ើបអង្កេត​របស់​​រដ្ឋាភិបាល​ដែល​បាន​សន្យា​។​ ទោះ​ការ​ពិត​ដែល​នៅ​ពី​ក្រោយ​ការ​ស្លាប់​របស់​លោក​ កែម​ ឡី ជា​អ្វី​ក៏ដោយ ក៏​ព្រឹត្តិការណ៍​នេះ​បាន​កំណត់​រួច​ទៅ​ហើយ​ពី​ចំណុច​មួយ​នៃ​ការ​មិន​ត្រឡប់​មក​វិញ​នៃ​ការ​ផ្តល់​គំនិត​ជា​សាធារណៈ។

ឥឡូវ​នេះ​ការ​បាក់បែក​ប្រេះឆា​រវាង​ប្រជាជន​​ និង​​រដ្ឋាភិបាល​មើល​​ទៅ​មិន​ងាយ​នឹង​ត្រឡប់​ក្រោយ​បាន​​នោះ​ទេ​។

ភាព​ជឿជាក់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​កាន់​អំណាច​បាន​រង្គោះរង្គើ​ចាប់​តាំងពី​ការ​បោះឆ្នោត​សកល​ក្នុង​ឆ្នាំ​ ២០១៣ មក​ម្ល៉េះ​នៅ​ពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ស្ទើរ​តែ​បាត់​អាសនៈ​​ភាគច្រើន​របស់​ខ្លួន​ដែល​មាន​ដោយ​​ភាព​មិន​ប្រក្រតី​ជាច្រើន​ជុំវិញ​ការ​​ទទួល​ជ័យជម្នះ​ដ៏​ប្រកៀក​ប្រកិត​គ្នា​នោះ​ជាពិសេស​ការ​ខុស​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ហើយ​លទ្ធផល​នេះ​បាន​បង្ហាញ​ពី​សញ្ញា​នៃ​វិបត្តិ​ជំនឿ​ចិត្ត។

មាន​ការ​ប្រឆាំង​តវ៉ា​ធំៗ​អស់​រយៈពេល​ជាច្រើន​ខែ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​រហូត​ដល់​មាន​ការ​បង្រ្កាប​ដ៏​បង្ហូរ​ឈាម​។

មួយ​រយៈ​នៅក្នុង​ឆ្នាំ​ ២០១៤ រដ្ឋាភិបាល​ហាក់​ដូចជា​មាន​ឆន្ទៈ​ក្នុង​ការ​សហការ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ប៉ុន្តែ​បន្ទាប់​មក​ករណី​នោះ​បាន​បាត់បង់​អស់​ទៅ​វិញ​។ ជិត​មួយ​ឆ្នាំ​ហើយ​មក​ទល់​ពេល​នេះ​ដែល​មន្ត្រី​នានា​តុលាការ និង​ស្ថាប័ន​សាធារណៈ​ដទៃ​ទៀត​បាន​ធ្វើ​ទុក្ខ​បុកម្នេញ​សមាជិក​សភា​បក្ស​ប្រឆាំង​សកម្មជន​បរិស្ថាន​ និង​សមាជិក​សង្គម​ស៊ីវិល​ផ្សេងៗ​ដែល​ហ៊ាន​រិះគន់​។

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ សម ​រង្ស៊ី ​បាន​និរទេស​ខ្លួន​ទៅ​​បរទេស​ដើម្បី​ចៀសវាង​ការ​ចាប់​ខ្លួន​ទាក់ទង​នឹង​បណ្តឹង​បរិហារ​កេរ្តិ៍​ដោយ​អតីត​រដ្ឋមន្រ្តី​ការបរទេស។ លោក​ កឹម​ សុខា ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​កំពុង​ត្រូវ​បាន​គំរាម​កំហែង​ផង​ដែរ​ពី​បទ​បរិហារកេរ្តិ៍​មួយ​​ពី​ករណី​ស្រ្តី​កំណាន់​របស់​គាត់​។ លោក​បាន​នៅ​ក្នុង​ទីស្នាក់ការ​​កណ្តាល​គណបក្ស​សង្គ្រោះជាតិ​ចាប់​តាំងពី​ចុង​ខែ​ឧសភា​មក​ម្ល៉េះ​ដើម្បី​ចៀសវាង​ការ​ចាប់​ខ្លួន​។

តំណាង​រាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ពីរ​​រូប​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​ដោយ​រំលោភ​លើ​​អភ័យ​ឯកសិទ្ធិ​សភា​របស់​ពួកគេ​ដែល​បាន​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​លើ​ករណី​ដែល​បាន​ចោទប្រកាន់​ថា​ពួកគេ​បាន​បង្ហោះ​ឯកសារ​លើ​បណ្ដាញ​សង្គម​ទាក់ទង​​ទៅ​នឹង​ភាព​មិន​ត្រឹមត្រូវ​ពី​បញ្ហា​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​ជាមួយ​នឹង​ប្រទេស​វៀតណាម​។

សមាជិក​សភា​បក្ស​ប្រឆាំង​ជាច្រើន​រូប​ប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​បះបោរ​ក្នុង​ការ​ដឹកនាំ​ការ​តវ៉ា​ដោយ​សន្តិវិធី​កាលពី​ខែ​កក្កដា​ឆ្នាំ​ ២០១៤ ដែល​បាន​អំពាវនាវ​ឱ្យ​មាន​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ និង​សេរីភាព​នៃ​ការ​ជួបជុំ​ដែល​ក្រោយ​មក​បង្ក​ជា​អំពើ​​ហិង្សា​បន្ទាប់ពី​កង​កម្លាំង​ចូល​ទៅ​អន្តរាគមន៍។

សមាជិក​អង្គការ​អាដហុក​ចំនួន​ ៤ ​នាក់​ដែល​ជា​អង្គការ​សិទ្ធិ​មនុស្ស​​ឈាន​មុខ​គេ​មួយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​ចាប់​ដាក់​ពន្ធនាគារ​ពី​បទ​សូកប៉ាន់​សាក្សី​ក្នុង​សំណុំ​រឿង​ប្រឆាំង​នឹង​លោក​ កឹម សុខា នេះ។ ក៏​មាន​សមាជិក​ម្នាក់​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ផង​ដែរ​ ដែល​បាន​រង​ការ​ចោទ​ប្រកាន់​។ រីឯ​បុគ្គលិក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ម្នាក់​ក៏​ត្រូវ​បាន​ចោទប្រកាន់​ដែរ​ដោយ​​ជាប់​ទាក់ទង​នឹង​ករណី​នេះ​ដូច​គ្នា។

ករណី​នៃ​​ការ​បង្ក្រាប​ទាំង​នេះ​គឺជា​កិច្ចការ​ផ្ទាល់​របស់​រដ្ឋ​ចំណែកឯ​មូលហេតុ​នៅ​ពី​ក្រោយ​ការ​សម្លាប់​លោក​ កែម​ ឡី នៅ​តែ​មិន​ច្បាស់​លាស់​។ ប៉ុន្តែ​មនុស្ស​ជាច្រើន​មាន​ការ​ប្រយត្ន័​​ប្រយែង​ និង​ខ្លះ​មាន​ការ​ខឹងសម្បា​ហើយ​ពួកគេ​ទំនង​ជា​មាន​ការ​សង្ស័យ​ទៅ​លើ​ការ​សន្និដ្ឋាន​ណា​ដែល​ធ្វើការ​ស៊ើបអង្កេត​​ដោយ​រដ្ឋាភិបាល​មួយ​។

ប៉ុន្មាន​ថ្ងៃ​មុន​ពេល​ទទួល​មរណភាព​លោក​ កែម ឡី​ បាន​និយាយ​នៅ​វិទ្យុ​អាស៊ី​សេរី​ពី​របាយការណ៍​ថ្មី​មួយ​ដែល​ចេញ​ផ្សាយ​ដោយ​​អង្គការ​ Global Witness ដែល​បាន​រៀបរាប់​លម្អិត​ពី​ការ​គ្រប់គ្រង​អាជីវកម្ម​ជាច្រើន​របស់​សមាជិក​គ្រួសារ​​ និង​សាច់ញាតិ​ជិតស្និទ្ធ​របស់​លោក​នាយក​​រដ្ឋមន្ត្រី ហ៊ុន សែន និង​ការ​រំលោភ​បំពាន​​អំណាច​របស់​រដ្ឋាភិបាល។

ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋាភិបាល​ជាច្រើន​រួម​ទាំង​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន ​ខ្លួន​គាត់​ផ្ទាល់​បាន​​សួរ​សាធារណជន​ឲ្យ​ធ្វើការ​ពិចារណា​ថា​អ្នក​ណា​ដែល​បាន​ទទួល​អត្ថប្រយោជន៍​ពី​ការ​សម្លាប់​លោក កែម ឡី ហាក់​ដូចជា​ចង់​មាន​ន័យ​ទៅ​រក​គណបក្ស​សង្គ្រោះ​ជាតិ។ ប៉ុន្តែ​ប្រជាជន​កម្ពុជា​មិនមែន​ងាយ​ស្រួល​ឲ្យ​គេ​បោក​បាន​នោះ​ទេ។ បើ​មាន​អ្វី​កើតឡើង​ពួកគេ​នឹង​អង់​អាច​ក្រោក​ឈរ​ឡើង​ដើម្បី​និយាយ​​ការពិត​ដូចជា​លោក​ កែម ឡី អ៊ីចឹង​ដែរ។

ភ្លាមៗ​បន្ទាប់​ពី​គាត់​ត្រូវ​បាន​គេ​បាញ់​សម្លាប់​ប្រជាជន​នៅ​កន្លែង​កើត​ហេតុ​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ជុំវិញ​សាកសព​របស់​គាត់​ដើម្បី​ការពារ​ហើយ​យក​រថយន្ត​របស់​គាត់​ជំនួស​ឲ្យ​រថយន្ត​ដឹក​សព​ដើម្បី​ដឹក​សព​របស់​គាត់​ទៅ​កាន់​វត្តចាស់។ អ្នក​ផ្សេង​ទៀត​បាន​រូតរះ​ស្វែងរក​​ឈ្មោះ​ពិត​របស់​ឃាតករ​​ដោយ​ចែកចាយ​រូបភាព​តាម​ប្រព័ន្ធ​ Facebook។

ប្រសិន​បើ​ការ​សម្លាប់​លោក កែម ឡី ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​បង្កើត​ឲ្យ​មាន​ការ​ភ័យខ្លាច​គឺ​វា​ធ្វើ​ឲ្យ​កាន់​តែ​មាន​កំហឹង​ និង​​ការ​ប្តេជ្ញា​ចិត្ត​ប៉ុណ្ណោះ។ មន្ត្រី​កម្ពុជា​ជាច្រើន​បាន​​ចេញ​សារ​ព្រមាន​ជា​ញឹកញាប់​អំពី​អ្វី​ដែល​ហៅថា​ «បដិវត្តន៍​ពណ៌» ហើយ​​លោក​នាយក​រដ្ឋមន្រ្តី​ក៏​បាន​ព្រមាន​ប្រឆាំង​​នឹង​ការ​អំពាវនាវ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ផង​ដែរ​។ រដ្ឋាភិបាល​របស់​លោក​ ហ៊ុន ​សែន ​ខ្លាច​ពលរដ្ឋ​ខ្លួន​ឯង។ ប្រហែល​ជា​វា​មាន​​ហេតុផល​អ្វី​មួយ​៕NS

លោកស្រី មូរ សុខហួរ ជា​សមាជិក​រដ្ឋសភា​ជាតិ​នៃ​ប្រទេស​កម្ពុជា​មកពី​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​សមាជិក​ក្រុម​ប្រឹក្សា​សភា​អាស៊ាន​សម្រាប់​​កិច្ចការ​សិទ្ធិ​មនុស្ស​។

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>