Quantcast
Viewing all articles
Browse latest Browse all 40045

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ព្រមាន​ជា​ថ្មី​ចំពោះ​ពលរដ្ឋ​ដែល​បន្ត​លែង​សត្វ​ចិញ្ចឹម​តាម​ផ្លូវ​សាធារណៈ

Image may be NSFW.
Clik here to view.
សត្វ​គោ​របស់​ពលរដ្ឋ​ដើរ​លើ​ដង​ផ្លូវ​ក្នុង​ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Den Ayuthyea


ដោយ ដែន អយុធ្យា RFA 2016-07-31

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ អំពាវនាវ​ដល់​ម្ចាស់​សត្វ​ចិញ្ចឹម​ទាំងអស់​នា​មូលដ្ឋាន​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​មួយ​នេះ ឲ្យ​ចូលរួម​មើល​ថែ​សត្វ​ពាហនៈ​របស់​ខ្លួន កុំ​លែង​ឲ្យ​ដើរ​អនាធិបតេយ្យ​នៅ​តាម​ផ្លូវ​សាធារណៈ នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ និង​ប៉ះពាល់​សតិ​អារម្មណ៍​របស់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​ចូល​មក​ទស្សនា​ខេត្ត​នេះ។

អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ជា​ម្ចាស់​សត្វ​ចិញ្ចឹម​មាន​គោ និង​ពពែ ជាដើម ឲ្យ​ថែ​រក្សា​សត្វ​ចិញ្ចឹម​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ ដោយ​មិន​ត្រូវ​លែង​ឲ្យ​ដើរ​អនាធិបតេយ្យ​ពាសពេញ​ក្រុង​ទេសចរណ៍​នេះ​ទេ ព្រោះ​ទទួល​រង​ការ​រិះគន់​ធ្ងន់ធ្ងរ​ពី​ភ្ញៀវ​ទេសចរ និង​អាជីវករ​នៅ​ក្នុង​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ។

លោក​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​សត្វ​ចិញ្ចឹម​ទាំងអស់ ត្រូវ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ ដោយ​មិន​ត្រូវ​លែង​សត្វ​គោ ឬ​ពពែ​របស់​ខ្លួន ឲ្យ​ដើរ ឬ​ដេក​នៅ​តាម​ផ្លូវ​សាធារណៈ​ដូច​ពេល​មុន​ទៀត​ទេ ព្រោះ​នាំ​ឲ្យ​ប៉ះពាល់​ដល់​សតិ​អារម្មណ៍​ភ្ញៀវ​ទេសចរ។

លោក យន្ត មីន សង្កត់​ធ្ងន់​ថា អាជ្ញាធរ​នឹង​ចាប់​ផាក​ពិន័យ​ម្ចាស់​សត្វ​ចិញ្ចឹម​ក្នុង ១​ក្បាល​ចំនួន ១០​ម៉ឺន​រៀល ឬ​ច្រើន​ជាង​នេះ ទៅ​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​ក្រុង​ព្រះសីហនុ នៅ​ពេល​អាជ្ញាធរ​ចាប់​បាន​សត្វ​ចិញ្ចឹម​ដែល​ម្ចាស់​លែង​ចោល​ឲ្យ​ដើរ​អនាធិបតេយ្យ​ពាសពេញ​ក្រុង៖ «»។

បញ្ហា​នេះ​ដែរ អភិបាល​ក្រុង​ព្រះសីហនុ លោក អ៊ី សុខឡេង កាល​ពី​ខែ​កក្កដា បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ស្ដីពី​ការ​ចាត់​វិធានការ​ចំពោះ​ម្ចាស់​សត្វ​ចិញ្ចឹម​រួម​មាន គោ ក្របី និង​ពពែ​ជាដើម ដែល​ម្ចាស់​លែង​ចោល​អនាធិបតេយ្យ​តាម​ដង​ផ្លូវ និង​តាម​សួនច្បារ​សាធារណៈ​ក្នុង​ភូមិសាស្ត្រ​ក្រុង​ព្រះសីហនុ។ លោក អ៊ី សុខឡេង ឲ្យ​ដឹង​ថា កន្លង​មក សត្វ​ពាហនៈ​ទាំង​នេះ​ត្រូវ​ម្ចាស់​លែង​ឲ្យ​ដើរ​អនាធិបតេយ្យ​តាម​ផ្លូវ និង​ទី​សាធារណៈ​ក្នុង​ក្រុង​ព្រះសីហនុ បង្ក​ឲ្យ​បាត់បង់​របៀប​រៀបរយ​សង្គម ប៉ះពាល់​ដល់​សោភ័ណភាព បង្ក​គ្រោះថ្នាក់​ចរាចរណ៍ និង​ប៉ះពាល់​ដល់​អនាម័យ​បរិស្ថាន ហើយ​រង​ការ​រិះគន់​ពី​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ៖ «»។

Image may be NSFW.
Clik here to view.
សត្វ​គោ​របស់​ពលរដ្ឋ​ដើរ​លើ​ដង​ផ្លូវ​ក្នុង​ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Den Ayuthyea


ទោះ​បី​ជា​យ៉ាង​នេះ​ក្តី សត្វ​ពាហនៈ ឬ​សត្វ​ចិញ្ចឹម ត្រូវ​បាន​ម្ចាស់​លែង​ឲ្យ​ដើរ​អនាធិបតេយ្យ​ពាសពេញ​ក្រុង​ព្រះសីហនុ បាន​បន្ត​កើត​មាន​រហូត​មក​ដល់​ពេល​នេះ ទោះ​បី​អាជ្ញាធរ​ខេត្ត និង​ក្រុង​ព្រះសីហនុ ប្រកាស​ឲ្យ​ម្ចាស់​សត្វ​ចិញ្ចឹម​ទាំងអស់​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ។

ទាក់ទិន​បញ្ហា​នេះ រដ្ឋបាល​ក្រុង​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា នៅ​ភូមិសាស្ត្រ​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​មួយ​នេះ​មាន​ម្ចាស់​សត្វ​ចិញ្ចឹម​គោ​ក្របី និង​ពពែ ចំនួន ៤៦​ម្ចាស់ ដែល​កន្លង​មក​បាន​លែង​សត្វ​ចិញ្ចឹម​ឲ្យ​ដើរ​ពាសវាលពាសកាល និង​ដេក​លើ​ចិញ្ចើម​ផ្លូវ ឬ​ទ្រូង​ផ្លូវ តាម​សួនច្បារ និង​ទី​សាធារណៈ​ក្នុង​ក្រុង​យ៉ាង​អនាធិបតេយ្យ។

ប្រជាពលរដ្ឋ អាជីវករ និង​ភ្ញៀវ​ទេសចរ បាន​សាទរ​ចំពោះ​ចំណាត់ការ​តាម​ផ្លូវ​ច្បាប់​របស់​រដ្ឋបាល​ក្រុង​ព្រះសីហនុ ទៅ​លើ​ម្ចាស់​សត្វ​ចិញ្ចឹម​នេះ​ដែរ។

ប្រជាពលរដ្ឋ និង​អាជីវករ​លក់​ដូរ​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ បាន​គាំទ្រ​ចំពោះ​ចំណាត់ការ​ផាក​ពិន័យ​របស់​អាជ្ញាធរ​ក្រុង និង​ខេត្ត​ព្រះសីហនុ ទៅ​លើ​ម្ចាស់​សត្វ​ពាហនៈ រួម​មាន គោ ក្របី និង​ពពែ​ជាដើម ដែល​កន្លង​មក​បាន​លែង​ឲ្យ​ដើរ​ពាសពេញ​ក្រុង បង្ក​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់​សង្គម និង​ប៉ះពាល់​ដល់​អារម្មណ៍​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​ចូល​មក​ទស្សនា​ខេត្ត​នេះ។

ស្នងការ​រង​នគរបាល​ខេត្ត​ព្រះសីហនុ និង​ជា​ប្រធាន​ការិយាល័យ​កណ្ដាល​នគរបាល​សណ្ដាប់ធ្នាប់​សាធារណៈ លោក អ៊ី សុខា បាន​សំណូមពរ​ថា ម្ចាស់​សត្វ​ចិញ្ចឹម​ទាំងអស់​នៅ​ទូទាំង​ក្រុង​ព្រះសីហនុ ត្រូវ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ ដើម្បី​រក្សា​សោភ័ណភាព​ក្រុង​ទេសចរណ៍​មួយ​នេះ​មាន​របៀប​រៀបរយ​ល្អ និង​ជៀស​ផុត​ពី​ការ​ផាក​ពិន័យ​ធ្ងន់ធ្ងរ​តាម​ផ្លូវ​ច្បាប់​ចំពោះ​កំហុស​ឆ្គង​ខ្លួន។

ទាក់ទិន​បញ្ហា​នេះ មន្ត្រី​រាជការ និង​មន្ត្រី​សង្គម​ស៊ីវិល​ខេត្ត​ព្រះសីហនុ បាន​រិះគន់​ចំពោះ​ម្ចាស់​សត្វ​ចិញ្ចឹម​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ ដែល​ហាក់​បង្ហាញ​កាយវិការ ឬ​សកម្មភាព​ផ្គើន មិន​សហការ​ជាមួយ​អាជ្ញាធរ​ក្រុង និង​ខេត្ត​ព្រះសីហនុ ហើយ​បន្ត​លែង​សត្វ​ចិញ្ចឹម​របស់​ខ្លួន​ឲ្យ​ដើរ និង​ដេក​អនាធិបតេយ្យ​នៅ​តាម​ផ្លូវ​ថ្នល់​សាធារណៈ​ទាំង​យប់​ថ្ងៃ ឲ្យ​ស្រប​តាម​ការ​ណែនាំ ឬ​សេចក្តី​ជូន​ដំណឹង​របស់​អាជ្ញាធរ​នោះ​ទេ​គិត​មក​ដល់​ថ្ងៃ​ទី​៣០ ខែ​កក្កដា៕

Viewing all articles
Browse latest Browse all 40045

Trending Articles