Image may be NSFW. Clik here to view. ![]() |
Justice Ministry spokesman Chin Malin |
សៅរ៍, ៣០ កក្កដា ២០១៦ 10:49 ដោយ: អូន វាយោ dap news
ភ្នំពេញ ៖ លោកជិន ម៉ាលីន អ្នកនាំពាក្យ ក្រសួងយុត្ដិធម៌ បានថ្លែង ថា អ្នកដែលប្រើប្រាស់សិទ្ធិរបស់ខ្លួន ប៉ះពាល់ដល់សិទ្ធិសេរីភាព អ្នកដទៃ ដោយចោទប្រកាន់គេឯងគ្មានភស្ដុតាង ត្រឹមត្រូវនោះគឺ ត្រូវទទួលខុស ត្រូវចំពោះមុខច្បាប់។
ការថ្លែងរបស់លោកជិន ម៉ាលី ដូចនេះបន្ទាប់ពីលោកស្រីថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី បាននិយាយប្រាប់សកម្មជនរបស់ខ្លួន ដោយចោទប្រកាន់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្ដី ថា ជាអ្នក សម្លាប់លោកបណ្ឌិតកែម ឡី កាលពីថ្ងៃទី១០ ខែកក្កដាកន្លងទៅនេះ។ លោកស្រីថាក់ ឡានី បាននិយាយ ថា"ហើយឥឡូវហ្នឹងហ៊ុន សែន មិនដឹងគិតយ៉ាងម៉េចទេ នៅមិននៅ ចុះឡើង ចុះឡើង ទៅបាញ់សម្លាប់លោក កែម ឡី អ្នកវិភាគនយោបាយ"។
អ្នកនាំពាក្យក្រសួងយុត្ដិធម៌លោកជិន ម៉ាលីន បានថ្លែងបញ្ជាក់ ថា សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្ដី មានសិទ្ធិដាក់ពាក្យប្ដឹងអ្នកដែលបាននិយាយមួលបង្កាច់ និងចោទប្រកាន់គ្មានភស្ដុតាង មកលើសម្ដេចបាន។ លោកជិន ម៉ាលីន បានបញ្ជាក់បន្ថែមថា"ខ្ញុំគិតថា នេះជារឿងធម្មតា គឺបុគ្គលគ្រប់រូបត្រូវបានការពារ ដោយច្បាប់ ទៅលើកិត្ដិយស និងសេចក្ដីថ្លៃថ្នូរអញ្ចឹងទេ អ្នកដែលប្រើប្រាស់សិទ្ធិរបស់ខ្លួន បំពានទៅលើសិទ្ធិសេរីភាព របស់អ្នកដទៃ ដូចជាការចោទប្រកាន់ និយាយដោយគ្មានភស្ដុតាង គ្មានទឡ្ហីករអីត្រឹមត្រូវហ្នឹងត្រូវទទួល ខុសត្រូវចំពោះមុខច្បាប់"។
លោកជិន ម៉ាលីន បានគូសបញ្ជាក់ទៀត ថា ចំពោះអ្នកដែលនិយាយចោទប្រកាន់ និងមួលបង្កាច់អ្នកដទៃ ដោយគ្មានភស្ដុតាងនោះ គឺត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ មិនថាបុគ្គលនោះមានឋានៈ តួនាទី ឬស្ថិតនៅក្រុមណាមួយឡើយ៕