ដោយ ហង្ស សាវយុត RFA 2016-08-02
អាជ្ញាធរមូលដ្ឋានខ្លះនៅភាគខាងលិចនៃទីរួមខេត្តសៀមរាប បានដើរប្រមូលយកអត្តសញ្ញាប័ណ្ណប្រជាពលរដ្ឋតាមភូមិ ដោយគេប្រាប់ថា យកទៅដើម្បីចុះឈ្មោះបោះឆ្នោត។ ការដើរប្រមូលយកអត្តសញ្ញាណប័ណ្ណពីប្រជាពលរដ្ឋនេះ ធ្វើឡើងក្នុងពេលដែលគណៈកម្មាធិការជាតិរៀបចំការបោះដែលហៅកាត់ថា (គ.ជ.ប) កំពុងត្រៀមខ្លួនរៀបចំបញ្ជីចុះឈ្មោះអ្នកបោះឆ្នោតជាថ្មីនៅពេលឆាប់ៗខាងមុខ។
ប្រជាពលរដ្ឋមួយចំនួននៅឃុំគោកដូង ស្រុកអង្គរជុំ ចម្ងាយជាង ៥០គីឡូម៉ែត្រ ភាគខាងលិចពីទីរួមខេត្តសៀមរាប សំដែងការមិនសប្បាយចិត្តជាមួយអាជ្ញាធរភូមិ-ឃុំ ដែលដើរប្រមូលយកអត្តសញ្ញាណប័ណ្ណពីពួកគេទេ។
អ្នកភូមិខ្លះភ័យខ្លាចនៅពេលដែលអាជ្ញាធរប្រមូលយកអត្តសញ្ញាណប័ណ្ណ ហើយអះអាងថា យកទៅចុះឈ្មោះបោះឆ្នោត ក៏ប៉ុន្តែលើក្រដាសដែលគេមើលឃើញបែរជាដាក់ថា បញ្ជីសមាជិកគណបក្សភូមិទៅវិញនោះ។
បុរសអ្នកភូមិអន្ទិតតុម្នាក់ ក្នុងចំណោមអ្នកភូមិជាច្រើនទៀត គឺលោក ជិន ឌន់។ លោកមានប្រសាសន៍នៅរសៀលថ្ងៃច័ន្ទ ទី១ ខែសីហា ថា មេភូមិរបស់គាត់ឈ្មោះ ឈង់ ប៊ុត បានដើរចែកសេចក្ដីជូនដំណឹងឱ្យប្រជាពលរដ្ឋគ្រប់គ្នាទៅរួមប្រជុំកាលពីថ្ងៃទី៣០ ខែកក្កដា កន្លងទៅ។ នៅពេលប្រជុំគឺមេភូមិរបស់គាត់បានចាត់តាំងប្រជាពលរដ្ឋខ្លះឱ្យធ្វើមេក្រុមដើរប្រមូលអត្តសញ្ញាណប័ណ្ណពីអ្នកភូមិចំនួន ១០នាក់។
លោក ជិន ឌន់ បញ្ជាក់ថា រូបលោកក៏ត្រូវមេភូមិតម្រូវឱ្យដើរប្រមូលអត្តសញ្ញាណប័ណ្ណពីអ្នកភូមិដែរ ប៉ុន្តែលោកបានប្រកែកមិនព្រមធ្វើ។ បុរសដដែលបញ្ជាក់ថា លោកឃើញមេភូមិកាន់បញ្ជីដើរចុះឈ្មោះប្រជាពលរដ្ឋធ្វើជាសមាជិកគណបក្សប្រជាជនកម្ពុជា នៅក្នុងភូមិ ហើយលោកមិនសប្បាយចិត្តទេ ពីព្រោះលោកមិនដែលជាសមាជិករបស់គណបក្សនេះឡើយ៖ «ខាងលើក្រដាសគេដាក់រាយនាមបញ្ជីសមាជិកបក្សភូមិ។ ខ្ញុំអត់មានចូលបក្សគាត់ផង គាត់បែរជាមកដាក់ឈ្មោះខ្ញុំ»។
ប្រជាពលរដ្ឋម្នាក់ទៀតដែលសុំមិនបញ្ចេញឈ្មោះ មានប្រសាសន៍ប្រហាក់ប្រហែលគ្នាថា លោកមានការភ័យខ្លាចនៅពេលដែលអាជ្ញាធរភូមិដើរប្រមូលយកអត្តសញ្ញាណប័ណ្ណ ហើយហាក់ដូចជាបង្ខំឱ្យចូលជាសមាជិកគណបក្សកាន់អំណាច៖ «ភូមិ-ឃុំ គេចាត់តាំងឱ្យប្រជាពលរដ្ឋម្នាក់ត្រូវគេចាត់ឱ្យធ្វើមេក្រុម ដើរប្រមូលយកអត្តសញ្ញាណប័ណ្ណពីអ្នកភូមិចំនួន ១០នាក់។ ពលរដ្ឋភ័យខ្លាចគេយកអត្តសញ្ញាណប័ណ្ណទៅធ្វើអ្វីផ្សេង»។
ទោះជាយ៉ាងណា អាស៊ីសេរី មិនអាចស្វែងរកការទាក់ទងមេភូមិអន្ទិតតុ ឈ្មោះ ឈង់ ប៊ុត និងមេឃុំគោកដូង ដើម្បីសុំការបំភ្លឺជុំវិញការចោទប្រកាន់របស់ប្រជាពលរដ្ឋបានថាយ៉ាងណានៅឡើយ នៅថ្ងៃទី១ ខែសីហា។ បញ្ហានេះដែរ ក៏មិនអាចទាក់ទងអង្គការក្រៅរដ្ឋាភិបាលដែលធ្វើការងារពាក់ព័ន្ធនឹងការបោះឆ្នោតណាមួយដើម្បីសុំការពន្យល់បានថា យ៉ាងណានៅឡើយ។
ក្នុងច្បាប់ស្ដីពីគណបក្សនយោបាយរបស់ប្រទេសកម្ពុជា ដែលអនុម័តឱ្យប្រើប្រាស់កាលពីខែតុលា ឆ្នាំ១៩៩៧ បានចែងថា ពលរដ្ឋខ្មែរគ្រប់រូបដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ អាចមានសិទ្ធិចូលជាសមាជិកគណបក្សនយោបាយបាន ក៏ប៉ុន្តែមាត្រា៥ នៃច្បាប់នេះចែងថា ការចូលជាសមាជិកនៃគណបក្សនយោបាយណាមួយគឺធ្វើឡើងដោយការស្ម័គ្រចិត្តមិនអាចអ្នកណាម្នាក់គាបសង្កត់ ឬក៏បង្ខិតបង្ខំបានឡើយ៕