Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

មេ​ដឹក​នាំ​ចូល​រួម​វេទិកា​សេដ្ឋកិច្ច​ឥស្លាម​ពិភពលោក​បង្ហាញ​យុទ្ធសាស្ត្រ​​ពង្រឹង​កំណើន​សេដ្ឋកិច្ច

$
0
0
ប្រធាន​មូលនិធិ​វេទិកា​សេដ្ឋកិច្ច​ឥស្លាម​ពិភពលោក (WIEF) លោក តួន មូសា ហ៊ីតាម (Tun Mosa Hitam) [ឆ្វេង​ទី​១] រដ្ឋលេខាធិការ​នៃ​ក្រសួង​ការងារ លោក អូស្មាន ហាស្សាន់ [ឆ្វេង​ទី​៣] និង​ប្រមុខ​ដឹក​នាំ​រដ្ឋ​​ផ្សេង​ទៀត នៅ​ក្នុង​ពិធី​បើក​វេទិកា​សេដ្ឋកិច្ច​ឥស្លាម​ពិភពលោក​លើក​ទី​១២ នៅ​ទីក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូនេស៊ី នៅ​ថ្ងៃ​ទី​២ សីហា ឆ្នាំ​២០១៦។ RFA/San Sel

ដោយ សាន សែល RFA 2016-08-02

វេទិកា​សេដ្ឋកិច្ច​ឥស្លាម​ពិភពលោក​លើក​ទី​១២ (12th World Islamic Economic Forum) បើក​ទ្វារ​ជា​ផ្លូវការ​ហើយ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី នៅ​ថ្ងៃ​ទី​២ ខែ​សីហា។ បណ្ដា​មេដឹកនាំ​រដ្ឋ​លើក​ឡើង​ពី​តួនាទី​នៃ​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម (SME) បច្ចេកវិទ្យា សិល្បៈ និង​ការ​ជំរុញ​ពី​រដ្ឋ​ដើម្បី​ធានា​ថា រាល់​ពលរដ្ឋ​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​កំណើន​សេដ្ឋកិច្ច​ដោយ​សមធម៌។

វេទិកា​សេដ្ឋកិច្ច​ឥស្លាម​ពិភពលោក បាន​ធ្វើ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី វិញ​ម្ដង ដែល​ជា​ប្រទេស​អ្នក​កាន់​សាសនា​ឥស្លាម​ធំ​ជាង​គេ​បំផុត​លើ​ពិភពលោក។ ក្នុង​កម្មវិធី​បើក​វេទិកា​នេះ ប្រមុខ​ដឹកនាំ​រដ្ឋ​នានា​បង្ហាញ​ជំហរ និង​យុទ្ធសាស្ត្រ​ដើម្បី​ពង្រឹង​កំណើន​សេដ្ឋកិច្ច​សកល​សម្រាប់​ប្រទេស​មូស្លីម និង​មិន​មែន​មូស្លីម។

អ្នក​ដើរ​តួនាទី​សំខាន់​ក្នុង​វិស័យ​សេដ្ឋកិច្ច​ជាង ២​ពាន់​នាក់ រាប់​តាំង​ពី​មេដឹកនាំ​រដ្ឋ អ្នក​ជំនួញ អ្នក​ជំនាញ​ខាង​បច្ចេកវិទ្យា សិល្បករ​មក​ពី ១០០​ប្រទេស​អ្នក​កាន់​សាសនា​ឥស្លាម និង​មិន​មែន​ឥស្លាម ជួបជុំ​គ្នា​នៅ​ទីក្រុង​ហ្សាកាតា (Jakarta) ប្រទេស​ឥណ្ឌូនេស៊ី (Indonesia) ដើម្បី​ពិភាក្សា និង​ចែក​រំលែក​ពី​យុទ្ធសាស្ត្រ និង​បទពិសោធន៍​ស្ដីពី​ការ​រក្សា និង​ជំរុញ​កំណើន​សេដ្ឋកិច្ច។ នេះ​ជា​មិនមែន​ជា​ការ​ចៃដន្យ​ទេ​ដែល​វេទិកា​ពិភពលោក​នេះ​ធ្វើ​ឡើង​នៅ​ប្រទេស​ឥណ្ឌូនេស៊ី។ ខណៈ​សេដ្ឋកិច្ច​សកល​កំពុង​ស្រុត​ចុះ សេដ្ឋកិច្ច​ឥណ្ឌូនេស៊ី រក្សា​លំនឹង។ ស្ថាប័ន​សេដ្ឋកិច្ច​អុដស្វត (Oxford Economics) ប៉ាន់​ស្មាន​ថា សេដ្ឋកិច្ច​ឥណ្ឌូនេស៊ី កើន​ក្នុង​អត្រា ៥​ភាគរយ រហូត​ដល់​ឆ្នាំ​២០២៥។
ប្រធាន​មូលនិធិ​វេទិកា​សេដ្ឋកិច្ច​ឥស្លាម​ពិភពលោក (WIEF) លោក តួន មូសា ហ៊ីតាម (Tun Mosa Hitam) ថ្លែង​ថា អាជីវកម្ម​ខ្នាត​តូច និង​មធ្យម សំខាន់​មែន​ទែន​សម្រាប់​កំណើន​សេដ្ឋកិច្ច។ លោក​បញ្ជាក់​ថា សេដ្ឋកិច្ច​ប្រទេស​ឥណ្ឌូនេស៊ី ដើរ​ទៅ​មុខ​បាន​អាស្រ័យ​លើ​ការ​រីក​ចម្រើន​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម ដែល​បាន​បង្កើត​ការងារ និង​ជំរុញ​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប (GDP)។

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ ប្រធានាធិបតី​នៃ​ប្រទេស​ឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ (Joko Widodo) មាន​ប្រសាសន៍​ថា ខណៈ​បច្ចេកវិទ្យា​កំពុង​លូតលាស់​ខ្លាំង ជា​ការ​ចាំបាច់​ដែរ ដែល​រដ្ឋាភិបាល​ដើរ​តួនាទី​ជួយ​សម្របសម្រួល​អប់រំ និង​បង្កើន​សមត្ថភាព​ផ្នែក​បច្ចេកវិទ្យា​នេះ​ដល់​ពលរដ្ឋ។ អាជីវកម្ម​ជា​ច្រើន ទាំង​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម ផ្ដើម​ចេញ​ពី​បច្ចេកវិទ្យា​ដែល​កំពុង​ពេញ​និយម។ លោក​សង្កត់​ធ្ងន់​ថា ប្រសិនបើ​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម ដើរ​មិន​ទាន់​បច្ចេកវិទ្យា​ទេ ពិភពលោក​នឹង​ទុក​អ្នក​ចោល។ បន្ទុក​របស់​រដ្ឋាភិបាល ត្រូវ​ធានា​ថា ការ​រីក​ចម្រើន​ផ្នែក​បច្ចេកវិទ្យា​នេះ ផ្ដល់​ប្រយោជន៍​ដល់​អ្នក​ក្រីក្រ​ដែរ មិនមែន​តែ​ប្រជាជន​នៅ​ទីក្រុង​ប៉ុណ្ណោះ​ទេ។

ឧស្សាហកម្ម​ច្នៃប្រឌិត​ទាក់ទង​នឹង​វប្បធម៌ ក៏​ជួយ​ឲ្យ​សេដ្ឋកិច្ច​រឹងមាំ។ លោក មូហ៊ីតាម គូស​បញ្ជាក់​ថា កម្មវិធី​មូកាហ្វេសត៍ (MOCAfest) ដែល​ជា​កម្មវិធី​បង្ហាញ​ស្នាដៃ​សិល្បៈ​ឥស្លាម និង​មិន​មែន​ឥស្លាម ដូចជា​សំលៀកបំពាក់ ភ្លេង គំនូរ និង កុន  ដែល​ជា​ផ្នែក​មួយ​នៃ​វេទិកា​សេដ្ឋកិច្ច​ឥស្លាម​ពិភពលោក​បង្ហាញ​ថា វប្បធម៌​សិល្បៈ ជួយ​បង្កើត​ឲ្យ​មាន​អាជីវកម្ម​មាន​សក្ដានុពល​កើត​ឡើង ដែល​ជួយ​លើក​តម្កើង​មុខមាត់​ប្រទេស និង​ទាក់ទាញ​ទេសចរណ៍។

លោក ណាជីប រ៉ាហ្សាក់ (Najib Razak) នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ម៉ាឡេស៊ី វិញ សង្កត់​ធ្ងន់​ថា វា​​ជា​ការ​ចាំបាច់​ដែល​កំណើន​សេដ្ឋកិច្ច​អាច​ស្ថិតស្ថេរ​បាន លុះ​ត្រា​តែ​មាន​ស្ថិរភាព​នយោបាយ និង​សន្តិភាព។ នាយករដ្ឋមន្ត្រី​រូប​នេះ​ថ្លែង​ថា ការ​អនុវត្ត​ច្បាប់​នានា ត្រូវ​តែ​ប្រព្រឹត្ត​ទៅ​ដោយ​តឹងរ៉ឹង។

បើ​ទោះ​បី​ជា​អ្នក​ការពារ​សិទ្ធិមនុស្ស និង​អ្នក​នយោបាយ ត្រូវ​បាន​គេ​ចាប់​ដាក់​ពន្ធនាគារ ហើយ​អ្នក​រិះគន់​រដ្ឋាភិបាល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​ក៏ដោយ រដ្ឋលេខាធិការ​នៃ​ក្រសួង​ការងារ លោក អូស្មាន ហាស្សាន់ រៀបរាប់​ប្រាប់​វេទិកា​ថា រដ្ឋាភិបាល​កម្ពុជា រក្សា​បាន​នូវ​ស្ថិរភាព​នយោបាយ សន្តិសុខ និង​សន្តិភាព ដើម្បី​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​សង្គម។

វេទិកា​សេដ្ឋកិច្ច​ឥស្លាម​ពិភពលោក​លើក​ទី​១២ ប្រព្រឹត្តទៅ​រយៈពេល ៣​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២ ដល់ ៤ ខែ​សីហា។ ការ​ពិភាក្សា នឹង​ផ្ដោត​លើ​ចំណុច​ចំនួន​ប្រាំ​ដែល​កំពុង​ដើរ​តួនាទី​ខ្លាំងក្លា​ក្នុង​កំណើន​សេដ្ឋកិច្ច​ពិភពលោក ដូចជា វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់ អាជីវកម្ម​ខ្នាត​តូច និង​មធ្យម វិស័យ​អាហារ​ឥស្លាម (Halal) វិស័យ​សំលៀកបំពាក់​ឥស្លាម និង​វិស័យ​ហិរញ្ញវត្ថុ​ឥស្លាម៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>