![]() |
(ពីឆ្វេង) លោក ឌឹម គុណឌី និង លោក ហ៊ុន វណ្ណៈ សកម្មជនចលនាមាតាធម្មជាតិ មុនពេលអាជ្ញាធរចាប់ខ្លួន នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧។ Photo Provided |
ដោយ ហេង សកល RFA 2018-01-25
សាលាដំបូងខេត្តកោះកុង នៅព្រឹកថ្ងៃទី២៥ មករា នេះ បានបើកសវនាការជំនុំជម្រះក្ដីសំណុំរឿងសកម្មជនអង្គការមាតាធម្មជាតិ ២រូប ដែលជាប់ចោទពីបទញុះញង់ និងធ្វើឱ្យប៉ះពាល់ដល់សិទ្ធិខាងរូបភាព ដែលប្ដឹងដោយក្រុមហ៊ុនរបស់លោក លី យ៉ុងផាត់។ សវនាការរឿងក្តីនេះ មានការចូលរួមតាមដានឃ្លាំមើលពីសំណាក់ក្រុមគ្រួសារជនជាប់ចោទ មន្ត្រីអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ សកម្មជនបរិស្ថាន និងសកម្មជនដីធ្លីជាច្រើននាក់ ទាំងនៅក្នុងបន្ទប់សវនាការ និងនៅខាងក្រៅបរិវេណតុលាការ។
ក្រោយដំណើរការសវនាការសួរដេញដោលរយៈពេលជាង ៣ម៉ោង តុលាការខេត្តកោះកុង បានកំណត់យកថ្ងៃទី២៦ មករា វេលាម៉ោង ២កន្លះ គឺជាថ្ងៃប្រកាសសាលក្រមរឿងក្ដីនេះ។
អតីតអ្នកសម្របសម្រួលបណ្ដាញស្ត្រីនៃអង្គការមាតាធម្មជាតិ អ្នកនាង លឹម គីមស័រ ឱ្យអាស៊ីសេរីដឹងថា ដំណើរការសវនាការបានប្រព្រឹត្តទៅដោយរលូន ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ លើកលែងតែភាគីដើមបណ្ដឹង គឺតំណាងក្រុមហ៊ុនលោក លី យ៉ុងផាត់ តែប៉ុណ្ណោះ ដែលអវត្តមាន។ អ្នកនាងបន្តថា មេធាវីដើមបណ្ដឹងបានព្យាយាមលើកយកសំណួរដាក់បន្ទុកជាច្រើនមកចោទសួរអតីតសហការីរបស់នាង គឺលោក ហ៊ុន វណ្ណៈ និងលោក ឌឹម គុណឌី។
នាងបន្តទៀតថា ទាំងតំណាងអយ្យការ និងមេធាវីដើមបណ្ដឹង សុទ្ធតែមិនមានភស្តុតាងគ្រប់គ្រាន់ ដើម្បីដាក់បន្ទុកលើអតីតសហការីរបស់នាងឡើយ ពោលគឺមានតែរូបភាព និងវីដេអូសកម្មភាពកប៉ាល់ដឹកខ្សាច់ស៊ីលីកានៅក្នុងលំហសមុទ្រ ដែលលោក ហ៊ុន វណ្ណៈ និងលោក ឌឹម គុណឌី បានថតយក នៅមុនការឃាត់ខ្លួនប៉ុណ្ណោះ។ លើសពីនេះទៀត មេធាវីដើមបណ្ដឹងបែរជាយករូបភាពចាស់ៗដែលអតីតសហការីរបស់នាង ថតនៅកន្លែងផ្សេង យកមកចោទប្រកាន់ពួកគាត់ទៅវិញ ដែលនាងចាត់ទុកថា នេះជារឿងមិនត្រឹមត្រូវ។ «»
ឆ្លងកាត់ដំណាក់កាលសវនាការនេះ អ្នកនាង លឹម គីមស័រ រំពឹងថា អតីតសហការីរបស់នាងទាំងពីររូប អាចនឹងត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញ ព្រោះពួកគាត់មិនបានប្រព្រឹត្តកំហុសអ្វីដូចការចោទប្រកាន់នោះឡើយ ហើយអ្វីដែលពួកគាត់ទាំងពីរនាក់បានធ្វើនោះ គឺជាការចូលរួមការពារបរិស្ថាន និងធនធានធម្មជាតិ ស្របតាមការអំពាវនាវរបស់រដ្ឋាភិបាលតែប៉ុណ្ណោះ។ «»
លោក ហ៊ុន វណ្ណៈ និងលោក ឌឹម គុណឌី ត្រូវបានអាជ្ញាធរខេត្តកោះកុងចាប់ឃុំខ្លួន តាំងពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០១៧ ក្រោយពេលអ្នកទាំងពីរបានជិះទូកថតរូបភាព និងវីដេអូ សកម្មភាពកប៉ាល់ដឹកខ្សាច់ស៊ីលីកា (Silica) ពីរគ្រឿងក្នុងលំហសមុទ្រ នៅឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង។
ដើមបណ្តឹងក្នុងរឿងនេះ គឺក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសកោះកុង ដែលហៅកាត់ថា អេស.អ៊ី.ហ្សិត (SEZ Koh Kong Co., Ltd.) របស់លោកឧកញ៉ា លី យ៉ុងផាត់ ដែលជាសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា និងជាអ្នករកស៊ីនាំចេញខ្សាច់នៅខេត្តកោះកុង អស់រយៈពេលជាច្រើនឆ្នាំមកហើយ។
ពួកគេទាំងពីរត្រូវបានតំណាងអយ្យការខេត្តកោះកុង ចោទប្រកាន់ចំនួនពីរបទល្មើស គឺទី១ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងទី២ ធ្វើឲ្យប៉ះពាល់ដល់សិទ្ធិខាងរូបភាពនៃបុគ្គល ដែលប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ៣ឆ្នាំ ប្រសិនបើតុលាការសម្រេចថា ពួកគេពិតជាបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់មែននោះ។
មេធាវីការពារក្ដីឱ្យសកម្មជនអង្គការមាតាធម្មជាតិ គឺលោក សំ ចំរើន អះអាងថា ខាងតំណាងអយ្យការ និងមេធាវីដើមបណ្ដឹង មិនបានដាក់ភស្តុតាងអ្វីថ្មី ក្រៅពីភស្តុតាងដែលមានស្រាប់ គឺលទ្ធផលនៃកោសល្យវិច័យទៅលើអង្គចងចាំ ឬម៉េម៉ូរី (Memory) ដែលផ្ទុករូបភាពនៃសកម្មភាពកប៉ាល់ដឹកខ្សាច់ដែលត្រូវបានដកហូតពីកូនក្តីរបស់លោកនៅពេលមានការឃាត់ខ្លួនពួកគេតែប៉ុណ្ណោះ។ «»
ចំណែកមន្ត្រីសិទ្ធិមនុស្សដែលបានចូលរួមឃ្លាំមើលដំណើរការក្ដីនេះវិញ ក៏អះអាងដែរថា ពួកគេរកមិនឃើញថា លោក ហ៊ុន វណ្ណៈ និងលោក ឌឹម គុណឌី បានប្រព្រឹត្តបទល្មើសអ្វីនោះទេ។
មន្ត្រីប្រឹក្សាច្បាប់គម្រោងពន្ធនាគារនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) ប្រចាំខេត្តកោះកុង គឺលោក ហ៊ួរ អ៊ីន សង្កេតឃើញថា ទាំងតំណាងអយ្យការ និងមេធាវីដើមបណ្តឹង គ្មានភស្តុតាងអ្វីដើម្បីដាក់បន្ទុកលើសកម្មជនអង្គការមាតាធម្មជាតិទាំងពីររូបនោះឡើយ។ ចំណែកឯខាងមេធាវីជនជាប់ចោទវិញ បានបង្ហាញភស្តុតាងផ្លូវច្បាប់ និងអង្គហេតុជាច្រើន ដែលជាមូលដ្ឋានក្នុងការដោះបន្ទុកកូនក្ដីរបស់ខ្លួន ដើម្បីឱ្យមានសេរីភាពឡើងវិញ។ «»
ស្របពេលដែលអង្គជំនុំជម្រះកំពុងដំណើរការកាត់ក្តីរឿងនេះ នៅខាងក្រៅបរិវេណតុលាការឯណោះវិញ ក្រុមសកម្មជនបរិស្ថាន សហគមន៍ដីធ្លី និងសហគមន៍មូលដ្ឋានប្រមាណ ៣០នាក់ បានប្រមូលផ្គុំគ្នាដើម្បីតាមដានសវនាការនេះ ក្រោមក្រសែភ្នែកឃ្លាំមើលពីសំណាក់សមត្ថកិច្ចចម្រុះក្នុងខេត្តកោះកុង។
តំណាងបណ្ដាញស្ត្រីនៃសហគមន៍កោះស្រឡៅ គឺលោកស្រី ម៉ូត សុផា ថ្លែងថា លោកស្រី និងពលរដ្ឋផ្សេងទៀត ឡើងមកជួបជុំគ្នានៅខាងមុខតុលាការខេត្តកោះកុងនេះ ដើម្បីជាការលើកទឹកចិត្តដល់លោក ហ៊ុន វណ្ណៈ និងលោក ឌឹម គុណឌី ដែលបានចូលរួមយ៉ាងសកម្ម ក្នុងកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ រហូតដល់ត្រូវគេចាប់ឃុំខ្លួនដោយអយុត្តិធម៌បែបនេះ។ «»
ក្រុមគ្រួសារជនជាប់ចោទ មន្ត្រីអង្គការសិទ្ធិមនុស្ស សកម្មជនបរិស្ថាន សកម្មជនដីធ្លី និងសហគមន៍មូលដ្ឋាននៅក្នុងខេត្តកោះកុង សុទ្ធតែអះអាងថា ពួកគាត់នឹងតាមដានការប្រកាសសាលក្រមនៅថ្ងៃទី២៦ មករា ជាបន្តទៀត ហើយពួកគាត់សុទ្ធតែសំណូមពរដល់តុលាការខេត្តកោះកុង ឱ្យដោះលែងសកម្មជនទាំងពីររូបនោះមកវិញ ដើម្បីឱ្យពួកគេអាចត្រឡប់មកធ្វើការងារការពារបរិស្ថាន និងធនធានធម្មជាតិឡើងវិញ៕