Image may be NSFW. Clik here to view. ![]() |
ទីតាំងសង្ស័យផលិតប៊ីចេងក្លែងក្លាយសញ្ញារូបវែក ដែលសមត្ថកិច្ចបង្ក្រាបបាន ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ រូបថតនគរបាលជាតិ |
ដោយ ជាតិ ចំណាន RFA 2018-01-25
ម្ចាស់ទីតាំងសង្ស័យថា លួចវេចខ្ចប់ប៊ីចេងក្លែងក្លាយសញ្ញារូបវែក ត្រូវសមត្ថកិច្ចបញ្ជូនមកតុលាការក្រុងភ្នំពេញ នៅថ្ងៃទី២៥ ខែមករានេះ ដើម្បីសាកសួរមុនឈានដល់ការចោទប្រកាន់។ ការសម្រេចបញ្ជូនជនសង្ស័យមកតុលាការនៅថ្ងៃទី២៥ ខែមករា នេះ ក្រោយសមត្ថកិច្ចចម្រុះចុះឆែកឆេរកន្លែងវេចខ្ចប់ប៊ីចេងក្លែងក្លាយ ដែលរងបណ្ដឹងរំលោភកម្មសិទ្ធិបញ្ញា របស់ក្រុមហ៊ុនប៊ីចេងរូបវែក ដែលជាម្ចាស់ដើមនៃក្រុមហ៊ុនថៃ និងរឹបអូសប៊ីចេង ក្លែងក្លាយបានជាង ៣.៥តោន។
អ្នកនាំពាក្យអយ្យការនៃសាលាដំបូងក្រុងភ្នំពេញ និងជាព្រះរាជអាជ្ញារងដែលកាន់សំណុំរឿងវេចខ្ចប់ប៊ីចេងក្លែងក្លាយលោក លី សុផាណា ឲ្យដឹងតាមរយៈប្រព័ន្ធតេឡេក្រាមថា លោកកំពុងចាត់ការរឿងក្តីនេះ។ លោក លី សុផាណា បានបើកប្រតិបត្តិការកាលពីថ្ងៃទី២២ ២៣ ខែមករា ទៅលើសំណុំរឿងនេះ។ សមត្ថកិច្ចបានចុះបង្ក្រាប បីទីតាំងនៅក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ក្រុងភ្នំពេញ រកឃើញប៊ីចេង សំបកវេចខ្ចប់ ម៉ាស៊ីនអ៊ុតមាត់ថង់ ម៉ាស៊ីនវេចខ្ចប់ និងប៊ីចេងក្លែងក្លាយជាង ៣.៥តោន។
ក្រោយរកឃើញវត្ថុតាងទាំងនោះ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃសម្រេចបញ្ជូនខ្លួនម្ចាស់ទីតាំងដែលរងបណ្ដឹងរំលោភកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុនប៊ីចេងរូបវែកទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់នៅថ្ងៃទី២៥ ខែមករា។
ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃ លោកឧត្ដមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ដែលដឹកនាំកម្លាំងចុះបង្ក្រាបបទល្មើសនេះ ត្រូវសារព័ត៌មានក្នុងស្រុកដកស្រង់សម្ដី ក្នុងពេលលោកចុះបង្ក្រាបថា ការសម្រេចបង្ក្រាបករណីនេះ ព្រោះសមត្ថកិច្ចបានទទួលពាក្យបណ្ដឹងពីម្ចាស់ក្រុមហ៊ុនប៊ីចេងសញ្ញារូបវែករបស់ប្រទេសថៃ ដែលមានការចុះបញ្ជីនៅប្រទេសកម្ពុជា។ លោកបន្តថា ក្រុមហ៊ុនដែលជាដើមបណ្តឹងបានរាយការណ៍ថា មានក្រុមហ៊ុន និងទីតាំងវេចខ្ចប់ប៊ីចេងក្លែងក្លាយជាច្រើនទីតាំងកំពុងប្រព្រឹត្តលួចផលិត និងចែកចាយពេញទីក្រុងភ្នំពេញ និងទូទាំងខេត្តនៃប្រទេសកម្ពុជា។
ការរកឃើញផលិតផលក្លែងក្លាយនៅពេលនេះ មិនមែនជាលើកទីមួយទេ កន្លងមកសមត្ថកិច្ច ក៏ធ្លាប់បានរកឃើញកន្លែងផលិតគ្រឿងបរិភោគក្លែងក្លាយជាច្រើនដែរ។
នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ បានសរសេរនៅហ្វេសប៊ុក (Facebook) របស់លោកថា៖ «ស្រុកគេទៅដល់ណាដល់ណីអស់ហើយ ឯងនៅស៊ីប៊ីចេង ស្ករត្នោតក្លែងក្លាយ បន្លែគីមី និងសំបកសាច់ក្រកខូចគុណភាពហ្នឹងទៅ!»។
បន្ថែមពីនេះ មន្ត្រីសង្គមស៊ីវិលរូបនេះបានផ្ដល់បទសម្ភាសមកអាស៊ីសេរីថា សមត្ថកិច្ចគួរប្រឹងប្រែងបង្ក្រាបលើករណីទាំងនេះឲ្យបានខ្លាំងក្លាជាងនេះ ដោយមិនចាំបាច់រង់ចាំមានពាក្យ បណ្ដឹងទើបចាត់ការទេ។ លោក សន ជ័យ បន្តថា បញ្ហានេះធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរណាស់ដល់សុខភាពរបស់ពលរដ្ឋ៖ «មនុស្សភាគច្រើននៅក្នុងប្រទេសនេះ (កម្ពុជា) ខ្ញុំសន្និដ្ឋានបានថាជាង ៨០ភាគរយ ដែលប្រើប៊ីចេង ហើយប៊ីចេងខ្ទះទ្រវែកជាប៊ីចេងល្បី ឃើញគេផ្សាយពាណិជ្ជកម្មច្រើនណាស់នៅតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ។ នេះជារឿងមួយដែលគួរឲ្យសោកស្ដាយបំផុតដែលមានផលិតផលបែបនេះក្លែងក្លាយ»។
លោក សន ជ័យ ចង់ឃើញសមត្ថកិច្ចបង្ក្រាបការនាំចូលបន្លែគីមី គ្រឿងសមុទ្រដាក់សារធាតុគីមី និងផលិតផលផ្សេងទៀត ដោយមិនចាំបាច់រង់ចាំមានពាក្យបណ្ដឹងឡើយ។
បញ្ហាសុខភាពនេះដែរ ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន ធ្លាប់ស្តីបន្ទោសពលរដ្ឋថាមិនចេះមើលបន្លែគីមីខ្លួនឯងបែរជានាំគ្នាបន្ទោសរដ្ឋាភិបាល និងបន្ទោសរូបលោកទៅវិញ។ ប៉ុន្តែ លោក ហ៊ុន សែន រងការរិះគន់ពីមហាជនវិញថា ជាមេដឹកនាំបរាជ័យក្នុងការអនុវត្តការងាររបស់ខ្លួន៕