![]() |
ជនជាតិដើមភាគតិចព្នងរស់នៅភូមិចឹង ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ នាំគ្នាទៅពិនិត្យដីធ្លីដែលពួកគេចោទថាយោធារំលោភយកកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨។ Photo courtesy of ADHOC |
ដោយ ហេង សកល RFA 2018-01-27
ជនជាតិដើមភាគតិចព្នងបីគ្រួសាររស់នៅឃុំឃ្សឹម ស្រុកស្នួល ខែត្រក្រចេះ បារម្ភខ្លាចបាត់បង់ដីស្រែចម្ការចិញ្ចឹមជីវិត និងសុវត្ថិភាពក្រុមគ្រួសារ ក្រោយពីយោធាមួយក្រុមប្រដាប់ដោយអាវុធប្រើអំណាចជាទាហាន គំរាមអាយុជីវិតពួកគាត់។ យោធាទាំងនោះអះអាងថា ដីស្រែដែលអ្នកភូមិបីគ្រួសារអាស្រ័យផលបច្ចុប្បន្ន ជាកម្មសិទ្ធិរបស់ពួកគេ។
ជនជាតិដើមភាគតិចព្នងបីគ្រួសាររស់នៅភូមិចឹង ឃុំឃ្សឹម ស្រុកស្នួល កាលពីពេលថ្មីៗនេះ បានស្វែងរកកិច្ចអន្តរាគមន៍ទៅអាជ្ញាធរមូលដ្ឋាន និងសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ដើម្បីពិភាក្សាផ្នែកច្បាប់ ករណីយោធា ៣នាក់ គំរាមប្លន់យកដីពលរដ្ឋ ៥ហិកតារ និងយកគ្រឿងចក្រឈូសឆាយកំណត់ព្រំដីរបស់ពួកគាត់។
ជនជាតិដើមភាគតិចព្នងដែលត្រូវជាឪពុកជនរងគ្រោះ រស់នៅភូមិចឹង លោក ប្រ៉ក់ រ៉ូត ឲ្យដឹងនៅថ្ងៃទី២៧ មករា ថា យោធាមួយក្រុមប្រដាប់ដោយអាវុធ ឈ្មោះ ប្រុស ឈ្មោះ ភ័ណ និងឈ្មោះ ផុន បានជូនដំណឹងឲ្យពលរដ្ឋ ៣គ្រួសារ ចុះចេញពីដីចម្ការ ៥ហិកតារ ជាបន្ទាន់ បើពុំដូច្នេះទេ ពួកគេនឹងដុតកម្ទេចរោងចម្ការចោល។ លើសពីនេះទៀត យោធាទាំងនោះបានរារាំងមិនឲ្យពួកគាត់ដាំដុះលើដីទាំងនោះ និងគំរាមបាញ់ពលរដ្ឋ ប្រសិនបើនៅតែមានៈរឹងទទឹង។ លោកថា ពលរដ្ឋបីគ្រួសារដែលត្រូវទាហានគំរាមនោះ មិនហ៊ានដេកចាំចម្ការដូចមុននោះឡើយ និងមិនហ៊ានធ្វើចម្ការដាំដុះនោះទេ ព្រោះខ្លាចក្រែងយោធាទាំងនោះប្រើកាំភ្លើងបាញ់ និងចាប់ដាក់គុក៖ «ទាហានមានកាំភ្លើងស្រាប់ អ៊ីចឹងវាខលទៅគ្នាវាអីមិនដឹង ដល់យប់គំរាមយើង។ ខ្ញុំព្រួយដែរ ព្រោះគេមានអំណាច ដូចអា ភ័ណ ដូចអី គេទាហានគេកាប់ឈើម្នាក់ ១០ ទៅ ២០ហត្ថគេមានសាច់ញត្តិ និងខ្នង»។
បុរសដដែលបន្ថែមថា ក្រោយពីយោធាទាំងនោះគំរាម អ្នកភូមិបានផ្ដល់ដំណឹងទៅមេឃុំឲ្យជួយដោះស្រាយ និងអន្តរាគមន៍ឲ្យបញ្ឈប់គំរាមអាយុជីវិតពួកគាត់។ ពួកគាត់ប្ដេជ្ញាថា នឹងក្រាញននៀលមិនចាកចេញពីដីនោះជាដាច់ខាត ព្រោះជាដីកេរដូនតាដែលពួកគាត់ប្រើប្រាស់ច្រើនជំនាន់មកហើយ៖ «ខ្ញុំខលទៅខាងឃុំ គាត់ថាមិនអីទេដីយើងធ្វើទៅ។ គេអ្នកមានអំណាច ព្រោះយើងប្រជាពលរដ្ឋមានអី? បើគេធ្វើមានតែស្លាប់ បើទុកបានរស់»។
កាលពីពាក់កណ្ដាលខែមករា ឆ្នាំ២០១៨នេះ យោធាទាំងនោះបានយកគ្រឿងចក្រមួយគ្រឿង ចូលឈូសឆាយដីរបស់ពួកគាត់ ដើម្បីកំណត់ព្រំប្រទល់ដី និងដកបង្គោលរបងចាស់ៗចេញ។
អាស៊ីសេរី មិនអាចរកប្រភពទាក់ទងយោធាស្រុកស្នួល ឈ្មោះ ប្រុស ឈ្មោះ ភ័ណ និងឈ្មោះ ផុន ដើម្បីសុំការបំភ្លឺជុំវិញការចោទប្រកាន់នេះបានទេ នៅថ្ងៃទី២៧ ខែមករា។
មេឃុំឃ្សឹម លោកស្រី ក្លាន ណារ៉េត នៅថ្ងៃទី២៧ មករា បានបដិសេធមិនផ្ដល់បទសម្ភាសន៍ដល់អាស៊ីសេរី ទេ ដោយសារជាប់រវល់។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) លោក ប៊ី វ៉ាន់នី ឲ្យដឹងថា សមាគមអាដហុក បានទទួលពាក្យបណ្ដឹងរឿងនេះហើយ និងអន្តរាគមន៍ទៅអាជ្ញាធរឲ្យជួយស្វែងយុត្តិធម៌រឿងនេះ។ លោកចាត់ទុកការគំរាមរបស់យោធាទាំងនោះ ថាជាការរំលោភសិទ្ធិមនុស្ស និងផ្ទុយពីក្របខ័ណ្ឌច្បាប់ ជាពិសេសវានឹងប៉ះពាល់មុខមាត់របស់រដ្ឋាភិបាលផង។
លោកថា ជនរងគ្រោះមានសិទ្ធិប្ដឹងយោធាទាំងនោះទៅស្ថាប័នអយ្យការពីបទគំរាមដោយចេតនា៖ «ចង់បាននីតិរដ្ឋដែលគ្រប់គ្នាត្រូវឋិតនៅក្រោមច្បាប់ តែចំពោះអ្នកមានអំណាច និងអ្នកមានលុយបែរជាច្បាប់កាត់ចេញថា មិនឋិតក្រោមច្បាប់។ យើងសំណូមពរឲ្យអាជ្ញាធរស្រុក និងឃុំ ចាត់វិធានការលើជនប្រព្រឹត្ត និងអនុវត្តតាមនីតិវិធីច្បាប់»។
ក្រមព្រហ្មទណ្ឌមាត្រា២៣៣ ចែងថា ការគំរាមកំហែង និងសម្លាប់សម្ដែងចេញតាមលិខិត រូបភាព ឬវត្ថុអ្វីមួយ ត្រូវផ្ដន្ទាទោសពី ៦ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀលទៅ ៤លានរៀល៕