Quantcast
Viewing all articles
Browse latest Browse all 40045

តុលាការ​សម្រេច​ឃុំ​ខ្លួន​ក្រឡា​បញ្ជី​តុលាការ​កំពូល​ម្នាក់​បណ្ដោះ​អាសន្ន​ទាក់ទង​រឿង​ពុក​រលួយ

Image may be NSFW.
Clik here to view.
សាលា​ដំបូង​រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៦  RFA/Brach Chev


ដោយ ថា កិត្យា RFA 2016-08-07

សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំ​ខ្លួន​មន្ត្រី​ក្រឡា​បញ្ជី​តុលាការ​កំពូល​ម្នាក់​ឈ្មោះ វ៉ាត វិសិដ្ឋ ក្នុង​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ។ ការ​សម្រេច​ឃុំ​ខ្លួន​នេះ បន្ទាប់​ពី​សាកសួរ​ពេញ​មួយ​ថ្ងៃ​នៅ​ថ្ងៃ​ទី​៧ ខែ​សីហា ក្រោយ​ពី​ទទួល​សំណុំ​រឿង​នេះ​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា ចំណាត់ការ​លើ​មន្ត្រី​តុលាការ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​អំពើ​ពុក​រលួយ​នេះ ហាក់​នៅ​តិចតួច​នៅ​ឡើយ។

សំណុំ​រឿង​មន្ត្រី​ក្រឡា​បញ្ជី​តុលាការ​កំពូល លោក វ៉ាត វិសិដ្ឋ ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​នេះ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​យ៉ាង​មមាញឹក​នៅ​ថ្ងៃ​អាទិត្យ ទី​៧ សីហា នេះ។

អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា បាន​ឲ្យ​ដឹង​តាម​បណ្ដាញ​ទំនាក់ទំនង​តេឡេក្រាម (Telegram) នៅ​ល្ងាច​ថ្ងៃ​ទី​៧ សីហា ថា ក្រោយ​ពី​សួរ​ចម្លើយ និង​ពិភាក្សា​ដេញដោល​ចំពោះ​មុខ​រួច ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក រស់ ពិសិដ្ឋ បាន​សម្រេច​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ជន​ត្រូវ​ចោទ​ឈ្មោះ វ៉ាត វិសិដ្ឋ ពី​បទ​វីតិក្រម និង​បទ​រំលោភ​អំណាច​តាម​បញ្ញត្តិ​មាត្រា​៥៩២ មាត្រា​៥៩៣ នៃ​ក្រម​ព្រហ្មទណ្ឌ មាត្រា​៣២ និង​មាត្រា​៣៥ នៃ​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ។

ទោះ​បី​ជា​យ៉ាង​ណា លោក លី សុផាណា និង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យ៉ិនទៀង នៅ​ពុំ​ទាន់​បាន​បញ្ជាក់​ថា តើ​លោក វ៉ាត វិសិដ្ឋ បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ទាក់ទង​នឹង​រឿង​អ្វី​នោះ​ទេ។

មាត្រា​៥៩២ នៃ​ក្រម​ព្រហ្មទណ្ឌ ចែង​ថា វីតិក្រម គឺ​ជា​អំពើ​របស់​អ្នក​រាជការ​សាធារណៈ ឬ​ពលរដ្ឋ​ទទួល​អាណត្តិ​សាធារណៈ​ដោយ​ការ​បោះឆ្នោត​ដែល​ទី​១ ទាមទារ ឬ​ទទួល​ជា​សិទ្ធិ ជា​ពន្ធ ជា​អាករ​នូវ​ចំនួន​ប្រាក់​ដែល​ខ្លួន​បាន​ដឹង​ថា​មិន​ត្រូវ​បង់ ឬ​លើស​ពី​ចំនួន​ដែល​គេ​ត្រូវ​បង់។ ទី​២ យល់​ព្រម​ក្រោម​រូបភាព​ណា​មួយ និង​ដោយ​មូលហេតុ​ណា​មួយ​ក៏ដោយ ធ្វើ​ការ​លើកលែង ឬ​លោះលា​ចំពោះ​ការ​បង់​ពន្ធ ឬ​អាករ​ដែល​ខ្លួន​ដឹង​ថា​ខុស​ច្បាប់។

មាត្រា​៥៩៣ ចែង​ថា បទ​វីតិក្រម​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ២​ឆ្នាំ​ទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៤​លាន​រៀល​ទៅ ១០​លាន​រៀល។

មន្ត្រី​ក្រឡា​បញ្ជី​តុលាការ​កំពូល លោក វ៉ាត វិសិដ្ឋ ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បញ្ជូន​មក​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​សីហា បន្ទាប់​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​សម្រេច​ឃាត់​ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​ពុក​រលួយ​កាល​ល្ងាច​ថ្ងៃ​សុក្រ ទី​៥ សីហា។

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា លោក ព្រាប កុល បង្ហាញ​ការ​ស្វាគមន៍​ចំពោះ​ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដែល​ចាត់ការ​ទៅ​លើ​មន្ត្រី​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។ ទោះ​ជា​យ៉ាង​ណា លោក​នៅ​តែ​រិះគន់​ថា ករណី​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ក្នុង​ប្រព័ន្ធ​តុលាការ នៅ​តែ​មាន​ច្រើន​ទៀត ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​មន្ត្រី​មាន​សមត្ថកិច្ច​ត្រូវ​ចាត់ការ​បន្ត៖ «ករណី​ដែល​មន្ត្រី​តុលាការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​នេះ ខ្ញុំ​គិត​ថា​មិន​មាន​អី​ភ្ញាក់ផ្អើល ឬ​មាន​មន្ទិល​សង្ស័យ​នោះ​ទេ ព្រោះ​ថា ក្នុង​ករណី​ពុក​រលួយ​វា​មាន​ច្រើន​ណាស់។ ការ​ចាប់​មន្ត្រី​មួយ​នេះ គ្រាន់​តែ​ជា​ជំហាន​ទី​មួយ​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​កសាង​សំណុំ​ឯកសារ​មាន​ភស្តុតាង និង​មាន​ឯកសារ​ជា​ការ​ប្តឹងផ្តល់​អី​ទៅ ចាប់​បាន។ ប៉ុន្តែ​ខ្ញុំ​គិត​ថា ក្នុង​ករណី​ពុក​រលួយ​ទូទៅ​នៅ​មាន​ករណី​ច្រើន​ទៀត»។

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា រូប​នេះ ឲ្យ​ដឹង​ដែរ​ថា តាម​ការ​សិក្សា​ស្រាវជ្រាវ​កន្លង​មក រាប់​តាំង​ពី​ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០១៦ នេះ ប្រជាពលរដ្ឋ​នៅ​តែ​យល់​ឃើញ​ថា ប្រព័ន្ធ​តុលាការ​កម្ពុជា នៅ​តែ​ពុក​រលួយ​ខ្លាំង​ជាង​គេ​ទាំងអស់។ លោក​បន្ថែម​ថា ប្រជាពលរដ្ឋ​គឺ​ចង់​ឃើញ​វិធានការ​របស់​រដ្ឋាភិបាល ធ្វើ​ការ​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ឲ្យ​បាន​ស៊ី​ជម្រៅ ជាពិសេស​ការ​លុប​បំបាត់​អំពើ​ពុក​រលួយ​នៅ​ក្នុង​វិស័យ​តុលាការ៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>