Quantcast
Viewing all articles
Browse latest Browse all 40045

សង្គ្រោះជាតិ​ចូលរួម​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​​ខ្មៅ ​ទាមទារ​ឲ្យ​ដោះ​លែង​អ្នក​ទោស «មនសិការ»

Image may be NSFW.
Clik here to view.
ប៉ូលិស​ចាប់​ឃាត់​ខ្លួន​សកម្មជន​ដីធ្លី​បុរី​កីឡា​ក្នុង​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​កាលពី​ម្សិលមិញ​។ ហុង មិនា


ភ្នំពេញ​ប៉ុស្តិ៍​ មាស សុខជា and ឃុត សុភចរិយា Tue, 9 August 2016

ភ្នំពេញៈ គណបក្ស​ប្រឆាំង​បាន​ប្រកាស​ចូលរួម​ក្នុង​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​ខណៈ​ដែល​អាជ្ញាធរ​បាន​ឃាត់​ខ្លួន​សកម្មជន​ដីធ្លី​ម្នាក់​ដែល​កំពុង​ធ្វើ​​យុទ្ធនាការ «ថ្ងៃ​ចន្ទ​ពណ៌​​ខ្មៅ​» កាលពី​ម្សិលមិញ​ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​សិទ្ធិ​មនុស្ស អគ្គលេខាធិការ​ គ.ជ.ប និង​អ្នក​ទោស​ «មនសិការ»​ផ្សេង​ទៀត​រួម​ទាំង​ទាមទារ​ឲ្យ​មាន​ការ​វែក​មុខ និង​ចាប់​ខ្លួន​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ការ​សម្លាប់​លោក​បណ្ឌិត​ កែម ឡី មក​ផ្ដន្ទាទោស​តាម​ច្បាប់។

ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ម្សិលមិញ​នៅ​ក្នុង​ខណ្ឌ​មានជ័យ​លោក​ អេង​ ឆៃអ៊ាង តំណាងរាស្រ្ត​ និង​ជា​អ្នក​នាំ​ពាក្ស​គណបក្ស​សង្គ្រោះ​​ជាតិ​បាន​ប្រកាស​ថា​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ចូលរួម​ជាមួយ​យុទ្ធនាការ​​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​នៅ​គ្រប់​ទីកន្លែង​ជាមួយ​មនុស្ស​ដទៃ​ទៀត​ដោយ​គិត​ចាប់ពី​ថ្ងៃ​ចន្ទ​សប្តាហ៍​នេះ​តទៅ​។

លោក​​ ឆៃអ៊ាង ​​និយាយ​ថា​៖ «​យើង​នឹង​ជួបជុំ​គ្នា​ជា​រៀងរាល់​ថ្ងៃ​ចន្ទ​នៅ​ទីស្នាក់ការ​កណ្តាល​ [គណបក្ស​សង្គ្រោះ​ជាតិ] មួយ​ថ្ងៃ​ហើយ​ថា​បើ​មាន​បងប្អូន​ប្រុស​​ស្រី​ណា​ដែល​ពាក់​អាវ​ខ្មៅ​សូម​មក​ចូលរួម​ជាមួយ​យើង​នៅ​ទី​នេះ​ដើម្បី​ឲ្យ​យើង​បង្ហាញ​នូវ​គំនិត​របស់​យើង​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ឱ្យ​ទម្លាក់​ចោល​ការ​ចោទប្រកាន់​ទៅ​លើ​សកម្មជន​សិទ្ធិ​មនុស្ស​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ និង​សកម្មជន​របស់​ [គណបក្ស​សង្គ្រោះ​ជាតិ] ដែល​ពួកគាត់​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​»។
លោក​ថា​៖«ដូច្នេះ​ [យើង​] សូម​អំពាវនាវ​ដល់​បងប្អូន​ទាំងអស់​ឲ្យ​មក​ចូលរួម​នៅ​រៀងរាល់​ថ្ងៃ​ចន្ទ​»។

អ្នក​នាំពាក្ស​រដ្ឋាភិបាល​លោក​ ផៃ​ ស៊ីផាន បាន​ឱ្យ​ដឹង​ថា​ការ​ចូលរួម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ជាមួយ​នឹង​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​គឺ​គ្មាន​អ្វី​ចម្លែក​នោះ​ទេ​ព្រោះ​យុទ្ធនាការ​របស់​គណបក្ស​នេះ​ត្រូវ​បាន​រៀបចំ​ដោយ​អ្នក​ផ្តើម​គំនិត​គឺ​លោក អ៊ូ វីរៈ លោក ប៉ា ងួន ទៀង និង​ លោក​ កែម ឡី។

លោក​ ស៊ីផាន ​បាន​ឱ្យ​ដឹង​ថា៖ «អ្នក​ទាំង​ពីរ​នោះ​ជា​ [បុគ្គល] ដែល​មាន​និន្នាការ​ជាមួយ​លោក​ កឹម សុខា ចាប់​តាំងពី​ពួកគេ​ [បាន​ធ្វើការ] ​នៅ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ជាមួយ​គ្នា​មក​ម្ល៉េះ​គឺ​វា​មិន​មាន​អ្វី​ចម្លែក​សម្រាប់​យើង​នោះ​ទេ​។

លោក​បន្ថែម​ថា​ការ​ប្រកាស​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ការ​ចូលរួម​ជាមួយ​យុទ្ធនាការ​​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​គឺ​ «ដើម្បី​ស្វែងរក​កម្លាំង​របស់​សាធារណជន​ឲ្យ​ប្រឆាំង​ទៅ​នឹង​រដ្ឋាភិបាល​​តែ​ប៉ុណ្ណោះ​»។

នៅ​​ពេល​សួរ​ថា តើ​រដ្ឋាភិបាល​នឹង​ហាម​ឃាត់​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​នេះ​ទេ​ លោក ស៊ីផាន បាន​ថ្លែង​ថា ​រដ្ឋាភិបាល​នឹង​រង់ចាំ​មើល​សកម្មភាព​នេះ​ជា​មុន​សិន​។

កាលពី​ម្សិលមិញ​សកម្មជន​ដីធ្លី​ដែល​​ភាគ​ច្រើន​មកពី​ខេត្ត​កោះកុង និង​​បុរីកីឡា​បាន​នាំ​គ្នា​កាន់​បដា និង​រូបថត​លោក​បណ្ឌិត កែម ឡី ដើរ​ចេញ​ពី​តំបន់​បុរី​កីឡា​ក្នុង​គោល​បំណង​​ឆ្ពោះ​ទៅ​កាន់​តុលាការ​សាលា​ឧទ្ធរណ៍​ដើម្បី​គាំទ្រ​ និង​អំពាវនាវ​ឲ្យ​តុលាការ​នេះ​ដាក់​មោឃភាព​នីតិវិធី​តុលាការ​លើ​ករណី​លោក នី ចរិយា អគ្គលេខាធិការ គ.ជ.ប និង ថ្នាក់ដឹកនាំ​សំខាន់ៗ​បួន​រូប​នៃ​សមាគម​សិទ្ធិ​មនុស្ស អាដហុក។ ប៉ុន្តែ​ក្បួន​ដង្ហែ​ដើរ​មិន​ទាន់​បាន​ប៉ុន្មាន​ម៉ែត្រ​ផង​ក៏​ត្រូវ​បាន​កម្លាំង​​នគរបាល​ខណ្ឌ​៧​មករា​ជាច្រើន​នាក់​ធ្វើការ​រារាំង និង​ចាប់​ដក​ហូត និង​ហែក​ចោល​នូវ​បដា និង​​រូបថត​របស់​លោក បណ្ឌិត​កែម ឡី ដែល​នាំឲ្យ​អ្នក​ភូមិ​កាន់តែ​ខឹងសម្បា​ហើយ​នាំ​គ្នា​ស្រែក​តវ៉ា​ប្រឆាំង​ទៅ​នឹង​ចំណាត់ការ​នេះ។

ក្រោយ​ពេល​មាន​ការ​ស្រែក​តវ៉ា​កាន់តែ​ខ្លាំង​ក្រុម​កម្លាំង​នគរបាល​ទាំង​នោះ​បាន​ចាប់​ឃាត់​ខ្លួន​អ្នកស្រី ស ស៊ន [ម៉ោង ៩:៣០ នាទី​ព្រឹក] ដែល​ស្លៀក​សម្លៀក​បំពាក់​ពណ៌​ខ្មៅ​ដាក់​លើ​រថយន្ត​ហើយ​ដឹក​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មករា​ដើម្បី​សាកសួរ។

នៅ​វេលា​ម៉ោង ៤:១៥ ​នាទី​រសៀល​អ្នកស្រី​ត្រូវ​បាន​សមត្ថកិច្ច​ដោះ​លែង​ឲ្យ​វិល​ត្រឡប់​មក​ផ្ទះ​វិញ​បន្ទាប់​ពី​គាត់​បាន​យល់​​​ព្រម​ផ្តិត​មេដៃ​លើ​កិច្ចសន្យា​បញ្ឈប់​ការ​ចូលរួម​សកម្មភាព​ក្នុង​ «យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​»។

ទោះ​ជា​បែប​ក្ដី​អ្នកស្រី​បាន​អះអាង​ថា​អ្នកស្រី​នឹង​នៅ​តែ​បន្ត​នូវ​សកម្មភាព​នេះ​រហូត​ដល់​មាន​ការ​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស និង​មន្ត្រី គជប បើ​ទោះបី​ជា​អ្នកស្រី​ត្រូវ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ក៏ដោយ​។

អ្នកស្រី​បញ្ជាក់​ថា៖ «ក្នុង​អំឡុង​ពេល​នៃ​ការ​ឃាត់​ខ្លួន​មន្ត្រី​តុលាការ​ម្នាក់​បាន​លើក​យក​មាត្រា​ ៥២២ និង មាត្រា​ ៥២៣ នៃ​ច្បាប់​ក្រម​ព្រហ្មទណ្ឌ​មក​គំរាម​ខ្ញុំ​ថា​តាម​អំណាច​នៃ​មាត្រា​ទាំង​ពីរ​នេះ​ខ្ញុំ​អាច​នឹង​ត្រូវ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពី​ ៥ ខែ​ទៅ​ ៨ ខែ និង​ពិន័យ​ជា​ប្រាក់​ពី​មួយ​លាន​ទៅ​ពីរ​លាន​រៀល​»។

ជាមួយ​គ្នា​នេះ​ដែរ​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​ម្សិលមិញ​សកម្មជន​ដីធ្លី​នៅ​សហគមន៍​បឹងកក់​ក៏​បាន​នាំ​គ្នា​រៀបចំ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​នេះ​ដែរ​ដោយ​បាន​នាំ​គ្នា​ពូន​ដី​សាង​ជា​ផ្នូរ​សព​របស់​លោក​បណ្ឌិត កែម ឡី​ ដោយ​មាន​ការ​ដាក់​តាំង​លម្អ​នូវ​ភ្លើង​ទៀន​ និង​ផ្កាឈូក​កម្រង​ផ្កា​ព្រម​ទាំង​អ្នក​ចូលរួម​ត្រូវ​ពាក់​អាវ​ខ្មៅ​ដែល​មាន​រូប​លោក​ កែម ឡី នៅ​ពី​មុខ​ផង​។

អ្នកស្រី​ ទេព វន្នី ដែល​ជា​អ្នក​ដឹកនាំ​កម្មវិធី​នេះ​បាន​និយាយ​ថា៖ «យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​សប្ដាហ៍​ទី​ ១៤ ​នេះ​គឺ​យើង​ធ្វើ​ដើម្បី​ស្វែងរក​យុត្តិធម៌​ឲ្យ​លោក​បណ្ឌិត កែម ឡី ផង និង​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​សកម្មជន​សិទ្ធិ​មនុស្ស ៤ នាក់ និង គជប ម្នាក់ និង​អ្នក​ទោស​មនសិការ ១៧ នាក់​ផ្សេង​ទៀត»។

បើ​តាម​អ្នកស្រី វន្នី នៅ​ក្នុង​ពិធី​នោះ​ក៏​មាន​កម្លាំង​សមត្ថកិច្ច​ជាច្រើន​ត្រូវ​បាន​​ដាក់​ពង្រាយ​ដើម្បី​ឃ្លាំ​មើល​ និង​រារាំង​ការ​ដង្ហែ​ក្បួន​ចេញ​ពី​កន្លែង​រៀបចំ​ពិធី​ផង​ដែរ៕ NS

Viewing all articles
Browse latest Browse all 40045

Trending Articles