Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

អ្នក​មាន​ជម្លោះ​ដីធ្លី​នៅ ​កោះកុង ​ប៉ះទង្គិច​ជាមួយ​អាជ្ញាធរ

$
0
0
ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​មកពី​ខេត្ត​កោះកុង​ដែល​កំពុង​ស្នាក់​នៅ​ក្នុង​វត្ត​សាមគ្គីរង្សី​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ពេល​ផ្ដល់​បទសម្ភាស​ដល់​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃ​ម្សិលមិញ​។ ពួកគេ​បាន​ប៉ះទង្គិច​ជាមួយ​សន្ដិសុខ​។ ហុង មិនា

ទូច សុខា ភ្នំពេញ ​ប៉ុស្តិ៍​ Thu, 11 August 2016

ភ្នំពេញៈ ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​មកពី​ខេត្ត​កោះកុង​ដែល​កំពុង​ស្នាក់នៅ​ក្នុង​វត្ត​សាមគ្គីរង្សី​ក្នុង​សង្កាត់​​ស្ទឹងមានជ័យ​អស់​រយៈពេល​​មួយ​សប្តាហ៍​មក​ហើយ​នោះ​បាន​ប៉ះទង្គិច​​ជាមួយ​សន្តិសុខ​ និង​កម្លាំង​​នគរបាល​ខណ្ឌ​មានជ័យ​ ខណៈ​ដែល​​អ្នក​ភូមិ​ទាំង​នោះ​ចង់​​ចេញ​ពី​វត្ត​ទៅ​ស្វែង​រក​អន្តរាគមន៍​ជាថ្មី​នៅ​​ការិយាល័យ​​តំណាង​សហភាព​អឺរ៉ុប​នៅ​កម្ពុជា​។

ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​មកពី​ស្រុក​បទុមសាគរ និង​ស្រុក​ស្រែអំបិល​ខេត្ត​កោះកុង​ប្រមាណ​ ៧០ ​នាក់​កាលពី​ព្រឹក​ម្សិលមិញ​បាន​ព្យាយាម​ចេញ​ពី​វត្ត​សាមគ្គីរង្សី​ក្នុង​​បំណង​ទៅ​ស្វែងរក​អន្តរាគមន៍​ជាថ្មី​ពី​សហភាព​អឺរ៉ុប និង​ក្រសួង​រៀបចំ​​ដែនដី។ ប៉ុន្តែ​ត្រូវ​បាន​​កម្លាំង​នគរបាល​ និង​សន្តិ​សុខខណ្ឌ​ដែល​មាន​​ប្រហាក់​ប្រហែល​នឹង​ចំនួន​ពលរដ្ឋ​ដែរ​នោះ​បាន​រារាំង និង​បង្ក​ឲ្យ​​មាន​ការ​ប៉ះទង្គិច​គ្នា​តែ​មិន​មាន​របួស​ធ្ងន់ធ្ងរ​នោះ​ទេ។

តំណាង​ប្រជាពលរដ្ឋ​ម្នាក់​ដែល​អះអាង​ថា​ត្រូវ​សមត្ថកិច្ច​ធាក់​ត្រូវ​ជើង និង​ច្រាន​ឲ្យ​ដួល​​ទៅ​លើ​ដី​អ្នកស្រី ផាវ ញ៉ើង ប្រាប់​អ្នក​សារព័ត៌មាន​ថា​ពួក​អ្នកស្រី​មាន​បំណង​​ចេញ​ពី​វត្ត​នៅ​ម៉ោង​ប្រហែល​ ៧ ព្រឹក​ដើម្បី​ទៅ​សួរ​នាំ​ពី​ដំណោះស្រាយ​ដីធ្លី​របស់​ពួក​អ្នកស្រី​ពី​សហភាព​អឺរ៉ុប និង​ក្រសួង​​ដែនដី​ក្រោយ​ពី​បាន​ដាក់​​ញត្តិ​កាលពី​ថ្ងៃ​ទី​ ៤ ​ខែ​សីហា។ ប៉ុន្តែ​ក្រុម​សន្តិសុខ និង​កម្លាំង​នគរបាល​ខណ្ឌ​ហាម​មិន​ឲ្យ​​ពួក​អ្នកស្រី​ចេញ​ពី​វត្ត​ទើប​ធ្វើ​ឲ្យ​មាន​ការ​រុញ​ច្រាន​គ្នា​។


អ្នកស្រី​បន្ថែម​ថា៖ «ពេល​ហ្នឹង​មុន​​ដំបូង​យើង​អង្វរ​គេ​សុំ​​ចេញ​តែ​គេ​ (​សមត្ថកិច្ច) អត់​ព្រម​គេ​ព្យាយាម​រុញ​បុក​មក​យើង​មុន​​​​​អ៊ីចឹង​យើង​ក៏​លូន​ក្រោម​ជើង​ពួកគាត់​អាជ្ញាធរ​ពុករលួយ​មួយ​ចំនួន​នោះ​គាត់​បាន​មក​ធាក់​ជើង​ខ្ញុំ​ឡើង​ដួល​កាប់ផ្ងារ និង​​វាយ​ក្បាល​ខ្ញុំ​ឡើង​ក្រាប​លើ​ដី​...»។

ពលរដ្ឋ​ម្នាក់​ទៀត​ដែល​អះអាង​ថា​ត្រូវ​សមត្ថកិច្ច​ធាក់​មួយ​ជើង​ដែរ​នោះ​គឺ​អ្នកស្រី យី គន្ធា ឲ្យ​ដឹង​ថា​មុន​ពេល​ប៉ះ​ទង្គិច​គ្នា​ភាគី​ទាំង​សង​ខាង​បាន​រុញ​ច្រាន​គ្នា​ទៅ​វិញ​ទៅ​មក​ហើយ​សមត្ថកិច្ច​ព្យាយាម​ទាញ​ទ្វារ​របង​វត្ត​បិទ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ចេញ​ពី​វត្ត​ទើប​ប្រជាពលរដ្ឋ​ព្យាយាម​លូន និង​សម្រុក​​ចេញ​ពី​វត្ត​តែ​ម្តង។

អ្នកស្រី​បន្ត​ថា៖ «ខ្ញុំ​ឈឺ​ក្បាល​ជង្គង់​ព្រោះ​​​ច្រាន​គ្នា​ទៅ​មុខ​​ទៅ​ក្រោយ​អាជ្ញាធរ​គួរ​តែ​ដោះស្រាយ​ជម្លោះ​ជូន​​ប្រជាពលរដ្ឋ​ទើប​ល្អ​មិន​គួរ​ប្រើ​កម្លាំង​ដាក់​ប្រជាពលរដ្ឋ​ទេ»។

ភរិយា​ និង​កូនៗ​លោក​ កែម ឡី យក​ប្រាក់​ទៅ​ជួយ​ឧបត្ថម្ភ​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​មកពី​កោះកុង​។ រូបថត ហ្វេសប៊ុក

អភិបាលរង​ខណ្ឌ​មានជ័យ​លោក​ ឌីរ័ត្ន ខេមរុន បាន​បដិសេធ​ដោយ​ថា​សមត្ថកិច្ច​មិន​បាន​បង្ក​ហិង្សា​ណា​មួយ​​លើ​ពលរដ្ឋ​នោះ​ទេ​តែ​លោក​ថា​គ្រាន់តែ​ឃាត់​អ្នក​ទាំង​នោះ​មិន​ឲ្យ​ដើរ​ហែ​​ក្បួន​នៅ​ខាង​ក្រៅ​ប៉ុណ្ណោះ​។

លោក​ថា​ ការ​មិន​ឲ្យ​ដើរ​ហែ​ក្បួន​នៅ​ខាង​ក្រៅ​នេះ​ព្រោះ​លោក​ខ្លាច​ខូច​សណ្តាប់​ធ្នាប់​សាធារណៈ។ ប៉ុន្តែ​លោក​បាន​ថា​អាជ្ញាធរ​សន្យា​ទាក់ទង​មន្ត្រី​ក្រសួង​រៀបចំ​​ដែនដី​មក​ដោះស្រាយ​​​ផ្ទាល់​នៅ​នឹង​វត្ត​តែ​ម្តង។

លោក​បន្ត​ថា៖ «តាម​ពិត​ការ​ប៉ះទង្គិច​គ្នា​អត់​មាន​ទេ...ខ្មែរ​តែ​មួយ​គេ​មិន​ដែល​វាយ​ខ្មែរ​គ្នា​ឯង​ទេ​...យើង​បាន​ជួយ​ពន្យល់​គាត់​កុំ​ឲ្យ​ដើរ​ហែ​ខូច​សណ្តាប់​ធ្នាប់​សាធារណៈ»។

ក្រុមហ៊ុន​កោះកុង​ស៊ូហ្គ័រ និង​ក្រុមហ៊ុន​កោះកុង​ផ្លែនថេសិន អ៊ីនដាស្រ្តី ខមភេនី លីមីតធីត ដែល​រង​ការ​ចោទ​ប្រកាន់​ពី​ប្រជាពលរដ្ឋ​ថា​បាន​រំលោភ​យក​ដីធ្លី​ពួកគាត់​នោះ​មិន​អាច​ទាក់ទង​សុំ​ការ​ឆ្លើយតប​បាន​ទេ​កាលពី​ម្សិលមិញ។

ចំណែក​លោក ហេង ហ៊ុយ ដែល​មាន​ងារ​ជា​ឧកញ៉ា និង​ជា​ប្រធាន​ក្រុមហ៊ុន​ ហេង ហ៊ុយ ដែល​ក៏​រង​ការ​ចោទប្រកាន់​ដែរ​នោះ​បាន​បដិសេធ​ថា​ដី​នៅ​តាម​បណ្តោយ​ផ្លូវ​ទៅ​ខេត្ត​កោះកុង​ក្នុង​ស្រុក​ស្រែអំបិល និង​បទុមសាគរ​ដែល​ប្រជាពលរដ្ឋ​កំពុង​ទាមទារ​នោះ​លោក​បាន​កាន់កាប់​តាំង​ពី​ឆ្នាំ​ ១៩៩៣ និង​ថា​ប្រជាពលរដ្ឋ​ទើប​មក​ចាប់​ដី​នោះ​នៅ​អំឡុង​ឆ្នាំ ២០០៧ ឬ ២០០៨​ ប៉ុណ្ណោះ។

លោក​បន្ត​ថា ​ក្រុមហ៊ុន​លោក​បាន​សម្រេច​​កាត់​ដី​ខ្លះ​ឲ្យ​ទៅ​ប្រជាពលរដ្ឋ​ទាំង​នោះ​សម្រាប់​រស់នៅ​ក្នុង​អំឡុង​ឆ្នាំ ២០១០។

លោក​បន្ថែម​ថា៖ «វា​ជា​កម្មសិទ្ធិ​របស់​ខ្ញុំ​ប៉ុន្តែ​ប្រជាពលរដ្ឋ​ទៅ​ដណ្តើម​ (រស់) នៅ​ហើយ​យើង​ក៏​ខ្ជិល​ (ដណ្តើម​វិញ) ​ហើយ​ក៏​ចរចា​គ្នា​រស់នៅ​ទៅ​ឯកភាព​គ្នា​ថា​ចែក​គ្នា​នៅ (ប្រជាពលរដ្ឋ) យក​ខ្លះ​សល់​ប៉ុន្មាន​ (ក្រុមហ៊ុន) យក​ដាំ​អំពៅ​ទៅ​មិន​មាន​អ្វី​ពាក់ព័ន្ធ​ជាមួយ​ប្រជាពលរដ្ឋ​ទេ»។

បន្ទាប់ពី​មាន​ការ​ប៉ះទង្គិច​គ្នា​អនុរដ្ឋ​លេខាធិការ​ក្រសួង​រៀបចំ​​ដែនដី​លោក​ ទេព ធន បាន​​ទៅ​​ជួប​ប្រជាពលរដ្ឋ​ និង​បាន​សន្យា​ថា​លោក​នឹង​ដឹកនាំ​ក្រុម​ការងារ​ទៅ​ពិនិត្យ​ និង​​ដោះស្រាយ​ទំនាស់​នោះ​ដោយ​ផ្ទាល់​នៅ​ថ្ងៃ​ទី​ ១៨ ខែ​សីហា ឆ្នាំ ២០១៦។

ក្រោយ​ទទួល​​បាន​ការ​សន្យា​នេះ​ប្រជាពលរដ្ឋ​ទាំង​នោះ​បាន​ឲ្យ​ដឹង​ថា​ពួកគេ​នឹង​វិល​ត្រឡប់​ទៅ​ផ្ទះ​នៅ​​ឯ​ខេត្ត​កោះកុង​វិញ​នៅ​ថ្ងៃ​នេះ៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>