
ទូច សុខា ភ្នំពេញ ប៉ុស្តិ៍ Fri, 12 August 2016
ភ្នំពេញៈ មានការប្រតាយប្រតប់គ្នាមួយប្រាវខណៈដែលកម្លាំងអាជ្ញាធរបានរារាំងប្រជាពលរដ្ឋនៅតំបន់បុរីកីឡាប្រមាណ ២០ នាក់មិនឲ្យធ្វើពិធីបួងសួង និងដង្ហែក្បួនទៅកាន់ព្រះអង្គដងកើដើម្បីសុំឲ្យវត្ថុស័ក្ដិសិទិ្ធជួយបន្ទន់ចិត្តអាជ្ញាធររាជធានី និងរដ្ឋាភិបាលពន្លឿនការដោះស្រាយផ្តល់សំណងផ្ទះល្វែងជូនប្រជាពលរដ្ឋ ១៥ គ្រួសារ និងផ្តល់សំណងបន្ថែមដល់អ្នកដែលត្រូវបានបណ្តេញចេញដោយបង្ខំឲ្យទៅរស់នៅតំបន់ភ្នំបាតក្នុងខេត្តកណ្តាល។
អ្នកស្រី ភោគ សុភីន តំណាងពលរដ្ឋបុរីកីឡា ១៥ គ្រួសារដែលមិនទាន់បានទទួលដំណោះស្រាយពីសាលារាជធានីបានប្រាប់អ្នកសារព័ត៌មានថាអ្នកស្រីបានរស់នៅបុរីកីឡាតាំងពីឆ្នាំ ១៩៩៣ និងថាក្រោយពីការបណ្តេញចេញនៅឆ្នាំ ២០១២ អ្នកស្រីមិនទាន់ទទួលដំណោះស្រាយណាមួយនៅឡើយទេបន្ទាប់ពីអ្នកស្រីបដិសេធទៅរស់នៅទីតាំងភូមិអណ្តូងតាមការស្នើរបស់សាលារាជធានី។
អ្នកស្រីថា ការបួងសួងនេះគឺដើម្បីឲ្យវត្ថុស័ក្ដិសិទិ្ធជួយបន្ទន់ចិត្តរដ្ឋាភិបាល និងមន្ត្រីសាលារាជធានីឲ្យពន្លឿនការដោះស្រាយផ្តល់សំណងដល់ពួកអ្នកស្រី។ «និយាយរួមទៅឲ្យសម្តេច ហ៊ុន សែន មើលទៅថាត្រឹមត្រូវវាយុត្តិធម៌សម្រាប់ពលរដ្ឋដែរទេ ...អ្នកមកពីក្រៅបានចាប់ឆ្នោតយកផ្ទះបានលក់ជាបន្តបន្ទាប់ចំណែកអ្នករស់នៅបុរីកីឡាពិតប្រាកដវិញបែរជាត្រូវគេឈូសផ្ទះចោលមិនបានដោះស្រាយជាគោលនយោបាយឲ្យខ្ញុំមិនអាចទទួលយកបានទេ»។
ពលរដ្ឋម្នាក់ទៀតដែលជាអតីតអ្នកបុរីកីឡាមកពីសហគមន៍ភ្នំបាតអ្នកស្រី ខៀវ ឡៃ ដែលពិការភ្នែកម្ខាង និងកំពុងបីកូនក្នុងដៃផងប្រាប់អ្នកសារព័ត៌មានថាអ្នកស្រីបានមករស់នៅបុរីកីឡាតាំងពីអំឡុងទសវត្សរ៍ឆ្នាំ ១៩៨០។
អ្នកស្រីថា ពួកអ្នកស្រីចំនួន ១៤០ គ្រួសារត្រូវបានបណ្តេញចេញពីបុរីកីឡានៅឆ្នាំ ២០១២ ឲ្យទៅរស់នៅតំបន់ភ្នំបាតត្រង់ចំណុចភូមិស្រះពោធិ៍ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល។
អ្នកស្រីថា ប្រជាពលរដ្ឋទទួលបានសំណងតិចតួចមិនអាចចិញ្ចឹមជីវិតបានទេ។ អ្នកស្រីមកនេះគឺដើម្បីធ្វើការបួងសួងសុំឲ្យវត្ថុស័កិ្ដសិទ្ធិជួយជំរុញឲ្យអាជ្ញាធរផ្តល់សំណងបន្ថែម ១ ម៉ឺនដុល្លារសម្រាប់អ្នកភូមិដើម្បីអាចដោះស្រាយជីវភាពបាន។ «ឥឡូវខ្ញុំធ្លាក់ខ្លួនសុំទានគេដោយសារអត់ខ្លាំងណាស់ក្រុមហ៊ុនផានអ៊ីម៉ិចជម្លៀសពួកខ្ញុំទៅគ្មានហេដ្ឋារចនាសម្ព័ន្ធអ្វីទាំងអស់ គ្មានមុខរបរគ្មានទីផ្សារឲ្យពួកខ្ញុំរស់នៅរបៀបម៉េច...»។
អ្នកស្រីថា អ្នកស្រីទទួលបានដីនៅឯភ្នំបាតទំហំ ៥ គុណនឹង ១២ ម៉ែត្រ និងបានប្រាក់ ២០០ ដុល្លារជាសំណង និងថាអ្នកផ្សេងទៀតបានដីតែមិនបានប្រាក់ និងខ្លះបានដីទំហំតូចជាងនេះ។
ក្រោយពីចប់ពិធីបន់ស្រន់នៅក្នុងសហគមន៍បុរីកីឡាប្រជាពលរដ្ឋទាំងនោះបានព្យាយាមដើរទៅកាន់ព្រះអង្គដងកើមុខព្រះបរមរាជវាំងបន្តទៀតដើម្បីធ្វើពិធីបន់ស្រន់បន្តតែត្រូវសមត្ថកិច្ចខណ្ឌ ៧ មករារារាំងដោយសមត្ថកិច្ចលើកហេតុផលថាខ្លាចនាំឲ្យកកស្ទះចរាចរណ៍។
ការរារាំងនេះធ្វើឲ្យមានការរុញច្រានប្រតាយប្រតប់គ្នាទៅវិញទៅមករវាងប្រជាពលរដ្ឋ និងសមត្ថកិច្ចប៉ុន្តែមិនមានបង្កជារបួសនោះទេហើយសមត្ថកិច្ចបានរឹបអូសយករូបសំណាកផ្ទះធ្វើពីក្រដាសពីពលរដ្ឋមកបំផ្លាញចោល និងបានប្រើកម្លាំងដណ្តើមយកធូបពីដៃពលរដ្ឋដែលដុតបន់ស្រន់។
ទោះយ៉ាងណាប្រជាពលរដ្ឋមួយចំនួននៅតែអាចទៅដល់ព្រះអង្គដងកើដើម្បីបន់ស្រន់នៅព្រឹកម្សិលមិញដដែល។
កាលពីថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០១៦ ក្រសួងដែនដីបានដាក់លិខិតមួយច្បាប់ទៅកាន់សាលារាជធានីដោយស្នើឲ្យជួយផ្តល់ផ្ទះដល់ពលរដ្ឋរងគ្រោះមួយចំនួនដែលរស់នៅក្នុងបុរីកីឡាដែលមិនទាន់បានទទួលដំណោះស្រាយ។
ទោះយ៉ាងណាអ្នកស្រី ភោគ សុភីន អះអាងថាសាលារាជធានីមិនទាន់បានអនុវត្តតាមសំណើរបស់ក្រសួងដែនដីនៅឡើយទេ។ លោក មាន ចាន់យ៉ាដា អ្នកនាំពាក្យសាលារាជធានីមិនអាចទាក់ទងសុំអធិប្បាយបានទេ។
ប្រធានក្រុមការងារពិសេសសិទ្ធិលំនៅឋានលោក សៀ ភារម្យ ថ្លែងថាបញ្ហារបស់អ្នកភូមិបុរីកីឡាដែលនៅសេសសល់កើតចេញពីការផ្តល់សំណងមិនសមរម្យពីភាគីក្រុមហ៊ុនផានអ៊ីម៉ិចរបស់លោកស្រី ស៊ុយ សុផាន។ លោកលើកជាឧទាហរណ៍ថាដូចជាករណីអ្នកបុរីកីឡាដែលត្រូវបញ្ជូនទៅរស់នៅភ្នំបាតប្រៀបដូចជាយកអ្នកទាំងនោះទៅដាក់នៅលើ «វាលខ្សាច់»។
កាលពីឆ្នាំ ២០០៣ រដ្ឋាភិបាលបានសម្រេចប្រគល់តំបន់បុរីកីឡាឲ្យទៅក្រុមហ៊ុនផានអ៊ីម៉ិចធ្វើការអភិវឌ្ឍតែត្រូវសាងសង់អគារផ្ទះល្វែងចំនួន ១០ ជាសំណងសម្រាប់ចែកជូនដល់ពលរដ្ឋ ១៧៧៦ គ្រួសារដែលកំពុងរស់នៅទីនេះ។ ប៉ុន្តែក្រុមហ៊ុនបានសង់តែ ៨ អគារប៉ុណ្ណោះដោយថាខ្លួនក្ស័យធនទើបធ្វើឲ្យកើតមានជម្លោះដ៏រ៉ាំរ៉ៃហើយពលរដ្ឋដែលមិនទាន់បានទទួលសំណងផ្ទះល្វែងក៏បាននាំគ្នាធ្វើការតវ៉ារហូតមកដល់ពេលនេះ៕
