
ដោយ ខែ សុណង RFA 2016-08-13
អាជ្ញាធរខេត្តសៀមរាប និងក្រសួងទេសចរណ៍ បានរួមគ្នាអន្តរាគមន៍រកឃើញជនជាតិបារាំង មួយគ្រួសារ និងមគ្គុទ្ទេសក៍ទេសចរណ៍ខ្មែរម្នាក់ដែលវង្វេងបាត់នៅក្នុងព្រៃ។
ប្រធានអង្គភាពនគរបាលទេសចរណ៍ខេត្តសៀមរាប លោក សំ រស្មី មានប្រសាសន៍នៅថ្ងៃទី១៣ ខែសីហា ថា ជនជាតិបារាំង មួយគ្រួសារមានសមាជិក ៤នាក់ និងបុរសជាមគ្គុទ្ទេសក៍ទេសចរណ៍ខ្មែរម្នាក់ដែលបានធ្វើដំណើរទៅតាមផ្លូវឡើងទៅក្បាលស្ពាន នៅស្រុកបន្ទាយស្រី ជាទីដែលទេសចរទៅទស្សនារូបចម្លាក់ បានវង្វេងបាត់ចាប់តាំងពីម៉ោង ៩ព្រឹកថ្ងៃទី១២ ខែសីហា និងបានរកឃើញវិញនៅព្រឹកថ្ងៃទី១៣ ខែសីហា។
លោកថា ដោយមានកិច្ចអន្តរាគមន៍ពីកងកម្លាំងយោធាតំបន់នោះ ហើយរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង ក៏បានចុះទៅផ្ទាល់ និងអាចទំនាក់ទំនងជាមួយមគ្គុទ្ទេសក៍បាននៅពេលមានសេវាទូរស័ព្ទ និងកំណត់ចំណុចបាន៖ «កម្លាំងសមត្ថកិច្ចរកដែលតាំងពីយប់តែរកអត់ឃើញ ព្រោះអត់មានទំនាក់ទំនងគ្នាបានតាមទូរស័ព្ទកម្លាំងសមត្ថកិច្ចជួយរកតាំងពីយប់មិញម្ល៉េះ។ រកឃើញដោយសារប្រព័ន្ធរបស់មគ្គុទ្ទេសក៍ដែលបានដាក់ថ្មទៅតាមជាប់ ទាក់ទងបាន។ នៅក្នុងមួយជួរនោះទាល់តែទ័ពបានអាចដឹងផ្លូវទៅចំណុចណាៗ»។
មន្ត្រីដដែលអះអាងថា ដំណឹងបាត់អ្នកទេសចរណ៍នេះ ពួកគេបានដឹងតាមរយៈតៃកុងឡាន ដែលបានជូនដំណឹងទៅចាប់តាំងពីម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី១២ ខែសីហា ដែលអ្នកទេសចរណ៍ទាំង ៤រូប និងមគ្គុទ្ទេសក៍ខ្មែរមិនបានត្រឡប់មកវិញតាមការណាត់ជួប ហើយមិនអាចទាក់ទងមគ្គុទ្ទេសក៍បាន៕