Quantcast
Viewing all articles
Browse latest Browse all 40045

ពលរដ្ឋ​ស្រុក​សណ្ដាន់​បារម្ភ​ខ្លាច​បាត់បង់​ដី​ដែល​ពួក​គាត់​ទាមទារ​កាន់​កាប់​ធ្លាក់​ទៅ​ដៃ​ឈ្មួញ

Image may be NSFW.
Clik here to view.
ស្លាក​សញ្ញា​ស្គាល់​ក្រុមហ៊ុន​វៀតណាម ស៊ី.អ.ស៊ី.ខេ អភិវឌ្ឍន៍ កៅស៊ូ នៅ​តំបន់​ព្រៃឡង់។ Photo: RFA


ដោយ សូត សុខប្រាថ្នា RFA 2016-08-14

ប្រជាពលរដ្ឋ​នៅ​ឃុំ​សណ្ដាន់ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ បារម្ភ​ថា​តំបន់​ដី​ដែល​ពលរដ្ឋ​ទាមទារ​កាន់​កាប់ នឹង​ធ្លាក់​លើ​ដៃ​អ្នក​មាន​ប្រាក់ ឬ​ឈ្មួញ មិន​មែន​បាន​ទៅ​លើ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ឈ្មោះ ស៊ី.អ.ស៊ី.ខេ (CRCK) ឡើយ។ ការ​លើក​ឡើង​នេះ ក្រោយ​ពេល​ពួក​គាត់​ឃើញ​តំបន់​ដី​ជាច្រើន​ហិកតារ ត្រូវ​បាន​មនុស្ស​មក​ពី​តំបន់​ផ្សេង​ទន្ទ្រាន​យក​ដាំ​ស្វាយចន្ទី ខណៈ​ពួក​គេ​ធ្លាប់​ប្រាប់​ពលរដ្ឋ​ថា​ជា​ដី​ក្រុមហ៊ុន។ អាជ្ញាធរ​ស្រុក​សណ្ដាន់ ថា​នឹង​ចុះ​ស្រាវជ្រាវ​លើ​ករណី​នេះ។

ប្រជាពលរដ្ឋ​នៅ​ឃុំ​សណ្ដាន់ ស្នើ​ឲ្យ​អាជ្ញាធរ​ជួយ​បង្ហាញ​តម្លាភាព​ចំពោះ​បញ្ហា​ដីធ្លី​ដែល​ពួក​គាត់​កំពុង​ងឿង​ឆ្ងល់។ ពលរដ្ឋ​លើក​ឡើង​ថា ដំបូង​ឡើយ​កាល​ពី​ឆ្នាំ​២០១៥ មាន​មនុស្ស​មួយ​ក្រុម​ចូល​ទៅ​ឈូស​ឆាយ​ដី​ព្រៃ​តំបន់​ព្រៃ​តាធឹក ដែល​ជា​ដី​សហគមន៍​ពី​មុន​មក។

កាលណោះ ពេល​យក​គ្រឿងចក្រ​ចូល​ឈូស​ឆាយ ពួក​គេ​បញ្ជាក់​ថា​ជា​ដី​ក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ (CRCK) ហើយ​រារាំង​មិន​ឲ្យ​ពលរដ្ឋ​ចូល​កាន់​កាប់​ឡើយ ប៉ុន្តែ​នៅ​ចុង​ខែ​កក្កដា ឆ្នាំ​២០១៦ បែរ​ជា​មាន​បុគ្គល​មក​ពី​តំបន់​ផ្សេង​ប្រើ​កម្មករ​ដាំ​ស្វាយចន្ទី​ទៅ​វិញ។

ពលរដ្ឋ​នៅ​ភូមិ​ឈូក ឃុំ​សណ្ដាន់ លោក សិត សេង មាន​ប្រសាសន៍​ថា ដី​ដែល​ប្រជាពលរដ្ឋ​ទាមទារ​កាន់​កាប់​ប្រមាណ ១០​ហិកតារ​នៅ​ចំណុច​ព្រៃ​តាធឹក ត្រូវ​បាន​គេ​យក​ទៅ​ដាំ​ស្វាយចន្ទី​កាល​ពី​ចុង​ខែ​កក្កដា។ លោក​បន្ត​ថា ដំបូង​ឡើយ ដី​តំបន់​នោះ ខាង​ក្រុមហ៊ុន​មិន​ឲ្យ​ពលរដ្ឋ​ចូល​កាន់​កាប់​ឡើយ ដោយ​អះអាង​ថា​ជា​ដី​ក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ វិនិយោគ​ពី​រដ្ឋ​ទុក​សម្រាប់​ដាំ​កៅស៊ូ ប៉ុន្តែ​បែរ​ជា​មាន​បុគ្គល​ឯកជន​មក​ពី​តំបន់​ផ្សេង​កាន់​កាប់​ជំនួស៖ «ប្រជាពលរដ្ឋ​ឆ្ងល់​ថា ហេតុ​អី​ប្រជាជន​ដង​ខ្នោះ​នៅ​កន្លែង​នោះ​មិន​បាន បែរ​ជា​បាន​ទៅ​ប្រជាជន​គេ​ផ្សេង។ ប្រជាជន​ឆ្ងល់​តែ​ប៉ុណ្ណេះ​ទេ»។

លោក​ឲ្យ​ដឹង​ទៀត​ថា នៅ​ពេល​ថ្មីៗ​នេះ ប្រជាពលរដ្ឋ ១៥​គ្រួសារ​ដែល​មាន​បញ្ហា​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ លើ​ទំហំ​ដី​ជាង ២០​ហិកតារ និង​ដី​ពីរ​កន្លែង​ផ្សេង​ទៀត​ដោយ​មិន​ដឹង​ចំនួន​ពិត​ប្រាកដ ហើយ​ពលរដ្ឋ​បាន​ស្នើសុំ​អាជ្ញាធរ​ជួយ​ដោះស្រាយ ឬ​ដោះដូរ​ដី​តំបន់​ផ្សេង​ជូន​ពួក​គាត់ ប៉ុន្តែ​អាជ្ញាធរ​ស្រុក​ធ្លាប់​បញ្ជាក់​ថា ពួក​គាត់​មិន​មាន​គោលការណ៍​ដោះស្រាយ​ជូន​ពលរដ្ឋ​ទាំង​នេះ​ឡើយ ព្រោះ​ការ​ចូល​ទៅ​កាន់​កាប់​ដី​របស់​អ្នក​ភូមិ​ធ្វើ​ឡើង​ដោយ​ខុស​ច្បាប់។

ទាក់ទង​បញ្ហា​នេះ អភិបាល​ស្រុក​សណ្ដាន់ លោក ឡង គីសឺង មាន​ប្រសាសន៍​ថា លោក​នៅ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ស្ដីពី​ការ​គ្រប់គ្រង​តំបន់​ដី​ក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ ដោយ​បុគ្គល​ឯកជន​ឡើយ។ តែ​យ៉ាង​នេះ​ក្តី លោក​នឹង​ស្រាវជ្រាវ​អំពី​បញ្ហា​នេះ៖ «បើ​សិន​មាន​ឯកជន បាន​ទៅ​យក​ដី​ប្រជាពលរដ្ឋ ខ្ញុំ​នឹង​ឲ្យ​កម្លាំង​ស្រុក​ទៅ​សួរ​នាំ​គាត់។ អត់​មាន​ឯកជន​ទៅ​មាន​ទីតាំង​ក្នុង​ដី​ក្រុមហ៊ុន​ទេ»។

ក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ ជា​ក្រុមហ៊ុន​វៀតណាម មួយ​ដែល​ត្រូវ​បាន​រាជ​រដ្ឋាភិបាល​ផ្តល់​សិទ្ធិ​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច​សម្រាប់​ដាំ​កៅស៊ូ​លើ​ទំហំ​ដី​ជាង ៦​ពាន់​ហិកតារ កាល​ពី​ឆ្នាំ​២០១០។ ក្រុមហ៊ុន​នេះ​មាន​ភាព​ចម្រូងចម្រាស​ដោយសារ​ផ្ទៃ​ដី​មួយ​ចំនួន​ប៉ះពាល់​ដី​ស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ ព្រម​ទាំង​មាន​សេចក្តី​រាយការណ៍​ជាច្រើន​ពី​បណ្ដាញ​ការពារ​ព្រៃ​ឡង់ ថា​ក្រុមហ៊ុន​មួយ​នេះ​បាន​កាប់​ឈើ​នៅ​ក្រៅ​តំបន់​ដី​សម្បទាន​របស់​ខ្លួន​ទៀត​ផង។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ មន្ត្រី​សម្របសម្រួល​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ខេត្ត​កំពង់ធំ លោក ញូង សាមឿន មាន​ប្រសាសន៍​ថា ជា​ជំហាន​ដំបូង ពលរដ្ឋ​ត្រូវ​ស៊ើប​ឲ្យ​កាន់​តែ​ច្បាស់​បន្ថែម​ទៀត​អំពី​បញ្ហា​នេះ ហើយ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អាជ្ញាធរ​ឲ្យ​ជួយ​អន្តរាគមន៍។ លោក​បន្ត​ថា ប្រសិន​បើ​ដី​នោះ​ជា​ដី​ក្រុមហ៊ុន ហើយ​ត្រូវ​បាន​កាន់​កាប់​ដោយ​ឈ្មួញ ឬ​អ្នក​មាន​ប្រាក់​បន្ត​ទៀត គឺ​ជា​រឿង​ខុស​ច្បាប់។ ជាង​នេះ​ទៀត អាជ្ញាធរ​ត្រូវ​ស៊ើប​អង្កេត​បញ្ហា​នេះ​ឲ្យ​បាន​ច្បាស់លាស់ ជៀសវាង​ដី​របស់​ពលរដ្ឋ​ធ្លាប់​កាន់​កាប់ ឬ​ជា​ដី​សហគមន៍​របស់​ពួក​គាត់ ត្រូវ​ធ្លាក់​ទៅ​ដៃ​ឯកជន ឬ​អ្នក​មាន​ប្រាក់​ដោយ​យក​ឈ្មោះ​ក្រុមហ៊ុន​ជា​បង្អែក៕

Viewing all articles
Browse latest Browse all 40045

Trending Articles