ដោយ ថា កិត្យា RFA 2016-08-14
ព្រះសង្ឃខ្មែរកម្ពុជាក្រោមមួយអង្គព្រះនាម ដាវ ទេព្យ ត្រូវបានគេរាយការណ៍ពីក្នុងពន្ធនាគារព្រៃស មកថា មានអ្នកទោសនៅក្នុងបន្ទប់ឃុំឃាំងជាមួយគ្នាមួយក្រុម ព្រួតវាយរហូតសន្លប់នៅព្រឹកថ្ងៃទី១៤ ខែសីហា។ ចំពោះករណីនេះ មន្ត្រីសិទ្ធិមនុស្សស្នើឲ្យរដ្ឋាភិបាល ចាត់វិធានការឲ្យបានតឹងរ៉ឹងដើម្បីបញ្ឈប់សកម្មភាពហិង្សានៅក្នុងពន្ធនាគារតទៅទៀត។
ប្រភពសុំមិនបញ្ចេញឈ្មោះឲ្យដឹងថា ហេតុការណ៍ព្រួតវាយលើព្រះសង្ឃ ដាវ ទេព្យ នេះកើតឡើងនៅបន្ទប់ឌី (D) ក២ ក្នុងតំបន់អគារឌី (D) នៅមណ្ឌលកែប្រែ ម១ ឬគុកព្រៃស កាលពីម៉ោង ៦ព្រឹកថ្ងៃទី១៤ ខែសីហា។
ប្រភពនៅក្នុងពន្ធនាគារដដែលបន្តថា អ្នកដែលប្រើហិង្សានោះមានគ្នាពី ៦នាក់ទៅ ៧នាក់ ក្នុងនោះមានអ្នកទោសវៀតណាម ម្នាក់ឈ្មោះ យ៉ាង ឌឿង ជាអ្នកផ្ដើមគំនិតបើកការវាយដំ។ គេសង្ស័យថា ហេតុការណ៍នេះផ្ដើមចេញពីការប្រកាន់និន្នាការនយោបាយខុសគ្នា។
ចំពោះករណីនេះ អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក ចាន់ គឹមសេង បញ្ជាក់យ៉ាងខ្លីថា គ្មានអ្នកទោសមនសិការនោះទេ ហើយក៏ចុចបិទទូរស័ព្ទទៅវិញ នៅពេលអាស៊ីសេរី សួរថា តើពិតជាមានហេតុការណ៍អ្នកទោសដូចគ្នាព្រួតវាយលើព្រះសង្ឃ ដាវ ទេព្យ ដែលគេចាត់ទុកថាជាអ្នកទោសមនសិការដែរឬទេ?
ព្រះតេជព្រះគុណ ដាវ ទេព្យ ត្រូវបានអាជ្ញាធរចាប់ព្រះកាយកាលពីខែសីហា ឆ្នាំ២០១៥ ហើយតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន ២ឆ្នាំពីបទគំរាមសម្លាប់ ការរក្សាទុកសារធាតុញៀន។ កន្លងទៅ សង្គមស៊ីវិលបានរិះគន់ទៅលើចំណាត់ការរបស់សមត្ថកិច្ច និងតុលាការចំពោះករណីព្រះសង្ឃអង្គនេះ និងទាមទារឲ្យដោះលែងវិញ។ ពួកគេថា វត្ថុតាងដែលតុលាការយកមកដាក់បន្ទុក មិនអាចយកធ្វើជាមូលដ្ឋានច្បាប់បានឡើយ ដោយហេតុថា ក្នុងពេលសមត្ថកិច្ចស្វែងរកវត្ថុតាងព្រះសង្ឃទាំង ២អង្គមិនឋិតនៅកន្លែងឡើយ ហើយក្រោយមកត្រូវបានសមត្ថកិច្ចចាប់បង្ខំឲ្យផ្ដិតមេដៃទទួលស្គាល់វត្ថុតាងទៅវិញ។ លើសពីនេះ យុវជនដែលជាដើមបណ្ដឹងប្ដឹងពួកគាត់ពីបទគំរាមសម្លាប់ ក៏ត្រូវសមត្ថកិច្ចបង្ខំឲ្យផ្ដិតមេដៃលើពាក្យបណ្ដឹង ហើយក្រោយមក យុវជនរូបនោះថែមទាំងបានដកពាក្យបណ្ដឹងវិញទៀតផង។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា លោកមិនទាន់ទទួលបានព័ត៌មានករណីហិង្សាលើព្រះតេជព្រះគុណ ដាវ ទេព្យ នេះនៅឡើយទេ ប៉ុន្តែលោកនឹងពិនិត្យមើលលើករណីនេះ៖ «មើលរបាយការណ៍សិនថា តើការចោទប្រកាន់នេះពិតប្រាកដ ឬក៏ការចោទប្រកាន់អីផ្សេងៗទៀត។ យ៉ាងណាក៏ដោយ យើងទទួលយកការចោទប្រកាន់ដើម្បីពិនិត្យមើល ហើយស្រាវជ្រាវព័ត៌មាននេះ»។
ករណីក្រុមអ្នកទោសនយោបាយ ឬអ្នកទោសមនសិការជួបបញ្ហានៅក្នុងពន្ធនាគារ គឺមិនមែនជារឿងថ្មីនោះទេ។ កន្លងទៅថ្មីៗនេះ សមាជិកសភាគណបក្សសង្គ្រោះជាតិ លោក ឡុង រី ដែលចូលសួរសកម្មជនរបស់ខ្លួននៅពន្ធនាគារព្រៃស កាលពីព្រឹកថ្ងៃទី១២ ខែសីហា ថាមានអ្នកទោសវៀតណាម មួយក្រុមវាយធ្វើបាបអ្នកទោសមនសិការរហូតដល់សន្លប់ពីរដងទម្រាំទទួលបានការអន្តរាគមន៍។ ហេតុការណ៍នោះបានកើតឡើងនៅបន្ទប់លេខ១៧ ក្នុងតំបន់អគារប៊ី (B) នៅមណ្ឌលកែប្រែ ម១ កាលពីថ្ងៃទី៨ ខែសីហា។
អគ្គលេខាធិការអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា លោក សួន ប៊ុនស័ក្តិ មានប្រសាសន៍ថា ប្រសិនបើពិតជាមានករណីនេះកើតឡើងមែន លោកថាគឺជាការរំលោភសិទ្ធិមនុស្ស និងជាកម្សោយកិច្ចការរដ្ឋបាលទៅលើពន្ធនាគារ ដែលមន្ត្រីពន្ធនាគារបណ្តែតបណ្តោយឲ្យមានអំពើហិង្សានៅក្នុងពន្ធនាគារនេះ៖ «និយាយឲ្យធំគឺក្រសួងមហាផ្ទៃ ឬរដ្ឋាភិបាល ត្រូវមានវិធានការទៅលើមន្ត្រីពន្ធនាគារដែលបណ្តែតបណ្តោយឲ្យហិង្សានេះ តែបើយើងនិយាយឲ្យចង្អៀតបន្តិច គឺប្រធានពន្ធនាគារត្រូវមានវិធានការពង្រឹងអនុរក្សពន្ធនាគារដែលជាអ្នកការពារសន្តិសុខជូនអ្នកទោសអ៊ីចឹងៗ»។
ជុំវិញបញ្ហានេះ គណបក្សសង្គ្រោះជាតិ ក៏ប្រកាសថានឹងស្នើក្រសួងមហាផ្ទៃ ឬពន្ធនាគារឃុំអ្នកទោសឲ្យដាច់ដោយឡែកពីគ្នារវាងអ្នកទោសនយោបាយ ឬអ្នកទោសមនសិការ និងអ្នកទោសដែលប្រព្រឹត្តបទល្មើសឆក់ប្លន់៕