Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

សង្គ្រោះ​ជាតិ​កំពុង​រក​យុទ្ធសាស្ត្រ​ ​ទប់ស្កាត់​ជនបរទេស​កុំ​ឲ្យ​បោះឆ្នោត​នា​ពេល​ខាង​មុខ

$
0
0
ពលរដ្ឋ​ខ្មែរ​ចាំ​រារាំង​ជនជាតិ​វៀតណាម​មិន​ឲ្យ​ចូល​បោះឆ្នោត​នៅ​វត្ត​ចំប៉ា​ពី​ឆ្នាំ​ ២០១៣។

ភ្នំពេញ​ប៉ុស្តិ៍​ មាស សុខជា Tue, 16 August 2016

 ភ្នំពេញៈ គណបក្ស​ប្រឆាំង​បាន​ប្រកាស​​បើក​សិក្ខា​សាលា​មួយ​នា​សប្តាហ៍​នេះ​ដោយ​អញ្ជើញ​​អ្នក​ជំនាញ​ច្បាប់​​នានា​ដើម្បី​ធ្វើការ​ជជែក​ពិភាក្សា​អំពី​ច្បាប់​ស្តីពី​សញ្ជាតិ​ និង​អន្តោប្រវេសន៍​ជា​ការ​ឆ្លើយតប​ទៅ​​នឹង​​​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប.) ​ដែល​ថា​ជនបរទេស​​អាច​បោះឆ្នោត​បាន បើ​ទោះ​បី​​ពួកគេ​មិន​ចេះ​និយាយ​ភាសា​ខ្មែរ​ក្តី​។

កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ​គ.ជ.ប. ​បាន​ប្រកាស​​ជា​សាធារណៈ​​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ថា​ឲ្យ​​​តែ​អ្នក​ដែល​កាន់​អត្តសញ្ញាណប័ណ្ណ​​កម្ពុជា​​​មាន​សិទ្ធិ​​​​ចុះ​ឈ្មោះ​បោះឆ្នោត​​ និង​បោះឆ្នោត​បើ​ទោះបី​ពួកគេ​មិន​ចេះ​និយាយ​ភាសា​ខ្មែរ​​ក៏ដោយ​។

ប៉ុន្តែ​តំណាងរាស្រ្ត​លោក អេង ឆៃអ៊ាង តាង​នាម​ឲ្យ​គណបក្ស​សង្គ្រោះជាតិ​បាន​ប្រាប់​​អ្នក​គាំទ្រ​នៅ​ទីស្នាក់ការ​​គណបក្ស​​កាលពី​ម្សិលមិញ​​ថា​គណបក្ស​នឹង​​បើក​សិក្ខាសាលា​មួយ​នា​សប្តាហ៍​នេះ​​ដោយ​អញ្ជើញ​​អ្នក​ជំនាញ​ច្បាប់​​ដើម្បី​បង្ហាញ​​ និង​​ពិភាក្សា​អំពី​ច្បាប់​ស្តីពី​សញ្ជាតិ​​ និង​អន្តោប្រវេសន៍​ដើម្បី​ធានា​ថា តើ​ត្រូវ​បំពេញ​បែបបទ​អ្វី​ខ្លះ​​មុន​ពេល​ជនជាតិ​បរទេស​អាច​ចូល​សញ្ជាតិ​កម្ពុជា​បាន​។
លោក ឆៃអ៊ាង បន្ត​ថា​៖ «​​ចំពោះ​​​ជនបរទេស​ដែល​មិន​បាន​បំពេញ​នូវ​លក្ខខណ្ឌ​​សញ្ជាតិ​​​ថា​ តើ​សមត្ថកិច្ច​​អាច​ចេញ​អត្តសញ្ញាណប័ណ្ណ​ឲ្យ​ពួកគេ​បាន​ឬ​អត់​? ​ប្រសិន​បើ​សមត្ថកិច្ច​ចេញ​ [អត្តសញ្ញាណប័ណ្ណ​] ឲ្យ​ពួកគេ​​ តើ​​សមត្ថកិច្ច​នឹង​ត្រូវ​ទទួល​រង​បទល្មើស​​កម្រិត​ណា​​​?»​។

លោក​បន្ត​ថា​៖ «​ក្នុង​ករណី​នេះ​ប្រសិន​បើ​ជនបរទេស​យក​អត្តសញ្ញាណប័ណ្ណ​ដែល​ចេញ​ដោយ​ខុស​ច្បាប់​ដោយ​សមត្ថកិច្ច​ទៅ​ចុះ​ឈ្មោះ​​បោះឆ្នោត​ តើ​​គាត់​ត្រូវ​ទទួល​បទល្មើស​ប្រភេទ​ណា? ​ហើយ​នរណា​ជា​អ្នក​ដោះស្រាយ​បញ្ហា​ទាំងអស់​នេះ​​?»។

លោក​បន្ថែម​ថា​បន្ទាប់​ពី​​ចប់​សិក្ខាសាលា​នេះ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ប្រកាស​លទ្ធផល​​នៃ​សិក្ខាសាលា​ទៅ​សាធារណជន។

ប្រធាន ​គ.ជ.ប. លោក ស៊ិក ប៊ុនហុក ​និង​អ្នក​នាំពាក្យ លោក ហង្ស ពុទ្ធា ​មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ​ខណៈ​អគ្គលេខាធិការ គ.ជ.ប. លោក ទេព នីថា បាន​បដិសេធ​​​ធ្វើ​អត្ថាធិប្បាយ​។

លោក តុប ណេត អ្នក​នាំ​ពាក្យ​​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​នៃ​ក្រសួង​មហាផ្ទៃ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​​ថា​រហូត​​មក​ដល់​ពេល​នេះ​​មិន​មាន​អត្តសញ្ញាណប័ណ្ណ​ក្លែងក្លាយ​​ណា​មួយ​​ត្រូវ​បាន​ចេញ​​ទៅ​​ប្រជាជន​កម្ពុជា​ទេ​ប៉ុន្តែ​​បាន​ទទួល​ស្គាល់​ថា​ពេល​ខ្លះ​​​មាន​ករណី​​មួយ​ចំនួន​ដែល​ប្រជាជន​​ទទួល​​បាន​អត្តសញ្ញាណប័ណ្ណ​​ដោយ​សកម្មភាព​ខុស​ច្បាប់។

លោក​បន្ត​ថា​៖ «​​យើង​មិន​ទាន់​ទទួល​​បាន​ព័ត៌មាន​ណា​មួយ​​ថា​មាន​ចេញ​ [អត្តសញ្ញាណប័ណ្ណ​] ​​ក្លែងក្លាយ​ទេ​រហូត​មក​ដល់​ពេល​នេះ​ប៉ុន្តែ​​អាច​មាន​ជនបរទេស​មួយ​ចំនួន​​​ទទួល​បាន​អត្តសញ្ញាណប័ណ្ណ​​ខុស​ច្បាប់​»។«​អត្តសញ្ញាណប័ណ្ណ​​​​គឺ​ត្រឹមត្រូវ​ប៉ុន្តែ​របៀប​ដែល​​គាត់​ទទួល​បាន​វា​គឺ​មាន​​រឿង​​ផ្សេងៗ​»​។

លោក​មិន​បាន​ប្រាប់​ថា​តើ​វា​ខុស​ច្បាប់​ឬ​អត់​គ្រាន់​តែ​​​សំដៅ​ទៅ​​ជនបរទេស​មួយ​ចំនួន​​ឃុបឃិត​​ជាមួយ​បុគ្គល​​​មួយ​ចំនួន​ដើម្បី​ទទួល​​បាន​​ឯកសារ​ខុស​ច្បាប់​នៅ​ក្នុង​ការ​ធ្វើ​​អត្តសញ្ញាណប័ណ្ណ​។

ទោះ​យ៉ាង​ណា​ក្តី​លោក តុប ណេត បាន​បន្ថែម​ថា​ប្រសិន​បើ​មាន​បញ្ហា​​មួយ​ចំនួន​កើតឡើង​ដូច​នេះ​មន្រ្តី​ គ.ជ.ប.​ដែល​សង្ស័យ​​លើ​​ភាព​មិន​ប្រក្រតី​នេះ​ត្រូវ​តែ​ពិភាក្សា​នៅ​ក្នុង​កម្រិត​ថ្នាក់​ក្រោម​ជាតិ​ហើយ​ប្រសិន​បើ​បញ្ហា​ទាំង​នេះ​មិន​អាច​ដោះស្រាយ​បាន​ពួកគេ​នឹង​​បញ្ជូន​បញ្ហា​ទាំង​នេះ​ទៅ​ថ្នាក់​ជាតិ​ដើម្បី​ដោះស្រាយ។

លោក គល់ បញ្ញា ​​នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​បាន​ថ្លែង​ថា​បើ​ទោះបី​ជា​ច្បាប់​ស្តីពី​ការ​បោះឆ្នោត​អនុញ្ញាត​​ឲ្យ​​​ប្រជាជន​គ្រប់​រូប​មាន​សិទ្ធិ​​ចុះ​​ឈ្មោះ​​បោះឆ្នោត​ក៏ដោយ​ក៏​ប៉ុន្តែ​​ គ.ជ.ប. ​​​ត្រូវ​តែ​ទទួល​ខុស​​ត្រូវ​នៅ​ក្នុង​​ការ​ស្វែងរក​ការពិត​​នៃ​ជនបរទេស​ដែល​​កំពុង​កាន់​​​អត្តសញ្ញាណប័ណ្ណ​​សញ្ជាតិ​ខ្មែរ​​ដើម្បី​​ឲ្យ​ប្រាកដ​ថា​ តើ​ពួកគេ​កំពុង​កាន់​​​អត្តសញ្ញាណប័ណ្ណ​​ក្លែងក្លាយ​ឬ​អត់?

លោក គល់ បញ្ញា បាន​ថ្លែង​បន្ត​ថា​៖ «​គ.ជ.ប. អាច​សង្ស័យ​​​​អត្តសញ្ញាណប័ណ្ណ​ខ្មែរ​ចំពោះ​ជនបរទេស​ណា​មួយ​ដែល​មក​សុំ​ចុះ​ឈ្មោះ​​បោះឆ្នោត​ហើយ​គាត់​មិន​ចេះ​និយាយ​ភាសា​ខ្មែរ​ [​គ.ជ.ប.​] ​អាច​សង្ស័យ​​​​អត្តសញ្ញាណប័ណ្ណ​នេះ​ក្លែងក្លាយ​ផង​ដែរ​ព្រោះ​អាច​ទទួល​បាន​សញ្ជាតិ​ខ្មែរ​លុះត្រាតែ​គាត់​​ចេះ​ភាសា​ខ្មែរ​»។ «​គ.ជ.ប.​អាច​សង្ស័យ​​ហើយ​ទុក​ករណី​​ជនបរទេស​​នោះ​ដែល​មិន​ចេះ​​និយាយ​ភាសា​ខ្មែរ​សុំ​អនុសាសន៍​​ពី​ក្រសួង​មហាផ្ទៃ​ដើម្បី​​បញ្ជាក់​ថា ​តើ​គាត់​​មាន​អត្តសញ្ញាណប័ណ្ណ​ខ្មែរ​ពិតប្រាកដ​ឬ​អត់​​។ ​ប្រសិន​បើ​ [ជនបរទេស​] ​មាន​ [​អត្តសញ្ញាណប័ណ្ណ​​ខ្មែរ​] ​ត្រឹមត្រូវ​​ [គ.ជ.ប.] ​ទើប​ត្រូវ​ចុះ​ឈ្មោះ​បោះឆ្នោត​ឲ្យ​ជនបរទេស​នោះ​​»។

លោក បញ្ញា ក៏​បាន​បន្ថែម​ផង​ដែរ​ថា​នេះ​ជា​ការ​អនុវត្ត​ទៅ​តាម​ច្បាប់​​​ស្តីពី​ការ​បោះឆ្នោត​ហើយ​ថា គ.ជ.ប. មិន​មាន​សិទ្ធិ​​សួរ​ដេញដោល​ជនបរទេស​នោះ​ថា​ តើ​មាន​សញ្ជាតិ​ខ្មែរ​ឬ​អត់​នោះ​ទេ​។

ដោយសារ​តែ​នៅ​ក្នុង​ការ​បោះឆ្នោត​កន្លង​មក​មាន​សេចក្តី​រាយការណ៍​ជាច្រើន​ថា​មាន​ជនជាតិ​វៀតណាម​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ហើយ​បាន​ទៅ​បោះឆ្នោត​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​នៅ​ក្នុង​ស្រុក ​និង​ក្រៅ​ស្រុក​ជាច្រើន​បាន​ដាក់​ការ​ព្រួយ​បារម្ភ​ថា​អាច​នឹង​មាន​ជនជាតិ​វៀតណាម​កាន់​តែ​ច្រើន​ថែម​ទៀត​នឹង​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ក្នុង​ពេល​ខាង​មុខ​ដោយ​​ប្រើ​ឯកសារ​ដែល​មិន​បាន​បំពេញ​ឲ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​ផ្លូវ​ច្បាប់​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​ស្តីពី​សញ្ជាតិ​របស់​កម្ពុជា៕ PS

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>