Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

អ្នក​ជំនាញ​រំពឹង​ថា​បណ្ដាញ​អ្នក​សារព័ត៌មាន​ស្នូល​នឹង​រាយការណ៍​ពី​បញ្ហា​បរិស្ថាន​កាន់​តែ​ស៊ី​ជម្រៅ

$
0
0
នាយក​វិទ្យាស្ថាន​កម្ពុជា សម្រាប់​ការ​សិក្សា​ផ្នែក​សារព័ត៌មាន គឺ​លោក មឿន ឈានណារិទ្ធ ថ្លែង​ប្រាប់​អ្នក​កាសែតក្រោយ​​កិច្ច​ប្រជុំ​ដើម្បី​ជ្រើសរើស​សមាជិក​ស្នូល​នៃ​បណ្ដាញ​អ្នក​សារព័ត៌មាន​ផ្នែក​បរិស្ថាន ដែល​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៦ នា​រាជធានី​ភ្នំពេញ។ RFA/Phann Yasy

ដោយ អ៊ុំ រង្សី RFA 2016-08-18

ក្លឹប​អ្នក​កាសែត​កម្ពុជា និង​វិទ្យាស្ថាន​កម្ពុជា សម្រាប់​ការ​សិក្សា​ផ្នែក​សារព័ត៌មាន​បាន​សហការ​គ្នា​បង្កើត​បណ្ដាញ​អ្នក​សារព័ត៌មាន​ស្នូល​ដែល​មក​ពី​បណ្ណាការ​ខេត្ត និង​រាជធានី​ភ្នំពេញ ជាង ២០​ស្ថាប័ន ដើម្បី​រាយការណ៍​ព័ត៌មាន​ដែល​ទាក់ទង​នឹង​បញ្ហា​បរិស្ថាន​នៅ​កម្ពុជា។ អ្នក​ជំនាញ​ផ្នែក​សារព័ត៌មាន​រំពឹង​ថា បណ្ដាញ​អ្នក​សារព័ត៌មាន​ស្នូល​នេះ នឹង​ជួយ​អប់រំ និង​រាយការណ៍​ពី​បញ្ហា​បរិស្ថាន​នៅ​កម្ពុជា កាន់​តែ​ស៊ីជម្រៅ​ជាង​មុន។

អ្នក​ជំនាញ​ផ្នែក​សារព័ត៌មាន​យល់​ថា ការ​រាយការណ៍​ព័ត៌មាន​បរិស្ថាន​កាន់​តែ​ស៊ីជម្រៅ នឹង​ជួយ​ជំរុញ​ឲ្យ​មាន​ការ​បង្កើត​គោលនយោបាយ​បរិស្ថាន​សមស្រប​សម្រាប់​ស្ថានភាព​រស់​នៅ​របស់​ពលរដ្ឋ​កម្ពុជា កាន់​តែ​ប្រសើរ​ឡើង។

ការ​លើក​ឡើង​របស់​អ្នក​ជំនាញ​សារព័ត៌មាន​នៅ​ពេល​នេះ ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​ដើម្បី​ជ្រើសរើស​សមាជិក​ស្នូល​នៃ​បណ្ដាញ​អ្នក​សារព័ត៌មាន​ផ្នែក​បរិស្ថាន ដែល​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា។


ទីប្រឹក្សា​ក្លឹប​អ្នក​កាសែត​កម្ពុជា លោក គី សុខលីម និយាយ​ថា ដោយ​មើល​ឃើញ​ថា បញ្ហា​បរិស្ថាន​ដូចជា បញ្ហា​គ្រោះ​រាំងស្ងួត ការ​កាប់​បំផ្លាញ​ព្រៃឈើ​បាន​ក្លាយ​ជា​ឧបសគ្គ​រាំង​ស្ទះ​ដល់​ដំណើរ​ការ​ផលិតកម្ម និង​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ​កម្ពុជា កាន់​តែ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ ហេតុ​នេះ​ទើប​ក្លឹប​អ្នក​កាសែត​សហការ​ជាមួយ​អ្នក​ជំនាញ​សារព័ត៌មាន ទាំង​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត បង្កើត​ឲ្យ​មាន​បណ្ដាញ​សារព័ត៌មាន​ស្នូល​ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​មាន​វិធានការ​សមស្រប​ណា​មួយ​ដោះស្រាយ​បញ្ហា​បរិស្ថាន​ដែល​កំពុង​កើត​មាន​នេះ៖ «ចាប់​ពី​នេះ​ទៅ យើង​ចង់​ឲ្យ​អ្នក​សារព័ត៌មាន​យើង​ហ្នឹង​ផ្សព្វផ្សាយ​ពី​បញ្ហា​បរិស្ថាន​ឲ្យ​បាន​ច្រើន ដូចជា គ្រោះ​រាំង​ស្ងួត ការ​ប្រែប្រួល​អាកាសធាតុ តាំង​ពី​ការ​ដាំដុះ ការ​កាប់​ព្រៃឈើ​ដើម្បី​ឲ្យ​ដឹង​ថា បញ្ហា​ទាំង​នេះ​គឺ​ជា​បញ្ហា​សំខាន់​សម្រាប់​កម្ពុជា មិន​មែន​រឿង​នយោបាយ​តែ ១​មុខ​ទេ ដូច្នេះ​នេះ​ជា​ចំណែក​មួយ​ជួយ​ជំរុញ​អ្នក​តាក់​តែង​គោលនយោបាយ​ជាតិ គាត់​គិត​ពិចារណា​ឡើង​វិញ​ពី​ចំណុច​នេះ»។

នាយក​វិទ្យាស្ថាន​កម្ពុជា សម្រាប់​ការ​សិក្សា​ផ្នែក​សារព័ត៌មាន គឺ​លោក មឿន ឈានណារិទ្ធ។ លោក​មាន​ប្រសាសន៍​ដែរ​ថា អ្នក​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​អប់រំ​ទៅ​ដល់​សង្គម និង​មហាជន ដើម្បី​កាត់​បន្ថយ​បញ្ហា​បរិស្ថាន​ដែល​ប្រទេស​នេះ​កំពុង​មាន​កង្វល់​ធំធេង។ លោក​បន្ត​ថា កន្លង​មក​អ្នក​សារព័ត៌មាន​ដែល​រាយការណ៍​រឿង​ផល​ប៉ះពាល់​បរិស្ថាន​នៅ​កម្ពុជា តែង​រង​ការ​គំរាមកំហែង​ដល់​អាយុ​ជីវិត។
លោក​រំពឹង​ថា បណ្ដាញ​អ្នក​សារព័ត៌មាន​នេះ នឹង​ពង្រឹង​សមត្ថភាព ថែម​ទាំង​ជួយ​កាត់​បន្ថយ​ហានិភ័យ​ពី​លើ​អ្នក​សារព័ត៌មាន តាម​រយៈ​ការ​ប្រឹក្សា​យោបល់​ពី​អ្នក​ជំនាញ​លើ​របៀប​រាយការណ៍​កាន់​តែ​មាន​ប្រសិទ្ធភាព៖ «ឆ្លង​កាត់​ការ​ពិភាក្សា​មក ឃើញ​ថា អ្នក​សារព័ត៌មាន​យើង​ពិគ្រោះ​យោបល់​ទៅ​ថា គួរ​តែ​មាន​ការ​បង្កើត​បណ្ដាញ ឬ​ជា​ក្រុម​ដើម្បី​ធ្វើ​ការ​រាយការណ៍​ព័ត៌មាន​ស្នូល ពាក់ព័ន្ធ​នឹង​បរិស្ថាន​កម្ពុជា ដើម្បី​ឲ្យ​យើង​ជួយ​ពង្រឹង​វិជ្ជាជីវៈ​ផ្នែក​រាយការណ៍​ព័ត៌មាន សុវត្ថិភាព​អ្នក​សារព័ត៌មាន ក៏​ដូចជា​ជំរុញ​សេរីភាព​ក្នុង​ការ​រាយការណ៍​ព័ត៌មាន​បរិស្ថាន​កាន់តែ​ទូលាយ»។

ចំណែក​ឯ អ្នក​រាយការណ៍​ព័ត៌មាន​វិទ្យុ​វាយោ​អន្តរជាតិ​ដែល​បាន​ចូលរួម​ជា​សមាជិក​បណ្ដាញ​នេះ កញ្ញា ថាន រស្មី ប្ដេជ្ញា​រាយការណ៍​ព័ត៌មាន​បរិស្ថាន​ដែល​មាន​ប្រយោជន៍​ដើម្បី​ជួយ​អប់រំ​ពី​ផល​ប៉ះពាល់ និង​វិធី​បន្សាំ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ដល់​ពលរដ្ឋ​កម្ពុជា ឲ្យ​កាន់តែ​ស៊ី​ជម្រៅ​ជាង​មុន៖ «ខ្ញុំ​ប្ដេជ្ញា​សរសេរ​ព័ត៌មាន ឬ​រាយការណ៍​ព័ត៌មាន​បរិស្ថាន ទាំង​ការ​ប្រែប្រួល​អាកាសធាតុ គ្រោះ​រាំង​ស្ងួត​ទឹក​ជំនន់​ព្រៃឈើ ដើម្បី​នាំ​សារ​ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ឲ្យ​យល់​ដឹង​បាន​ច្រើន»។

ក្លឹប​អ្នក​កាសែត​កម្ពុជា និង​វិទ្យាស្ថាន​កម្ពុជា សម្រាប់​ការ​សិក្សា​ផ្នែក​សារព័ត៌មាន​អះអាង​ថា នេះ​ជា​លើក​ទី​១​ហើយ ដែល​កម្ពុជា បង្កើត​ឲ្យ​មាន​បណ្ដាញ​អ្នក​សារព័ត៌មាន​ស្នូល​ផ្នែក​រាយការណ៍​ព័ត៌មាន​បរិស្ថាន​នៅ​កម្ពុជា។ បណ្ដាញ​នេះ នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​ចាប់​ពី​ខែ​ចុង​ខែ​សីហា នេះ​ត​ទៅ៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>