
ដោយ ជិន ជេដ្ឋា RFA 2016-08-18
អង្គការលីកាដូ (LICADHO) ខេត្តកំពង់ឆ្នាំង បារម្ភពីការកើនឡើងនៃករណីរំលោភសេពសន្ថវៈលើអនីតិជន បន្ទាប់ពីអង្គការនេះទទួលបានបណ្ដឹងពីអាណាព្យាបាលជនរងគ្រោះចំនួន ៩ករណីក្នុងរយៈពេល ៦ខែដើមឆ្នាំ២០១៦ ហើយបើប្រៀបធៀបរយៈពេលដូចគ្នាមានការកើនឡើងជាងឆ្នាំ២០១៥។ មន្ត្រីសិទ្ធិមនុស្ស និងអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បារម្ភពីសន្តិសុខ និងសុវត្ថិភាពរបស់ពលរដ្ឋ។
មន្ត្រីអង្គការលីកាដូ រិះគន់អាជ្ញាធរមានសមត្ថកិច្ចថាមិនទាន់ធានាបាននូវសុខសុវត្ថិភាពជូនពលរដ្ឋ ឬជនរងគ្រោះនៅឡើយ។ ពលរដ្ឋខ្លះកំពុងរស់នៅក្នុងភាពភ័យខ្លាចក្នុងអំពើឃាតកម្ម គ្រឿងញៀន និងរំលោភសេពសន្ថវៈ ខណៈការទាមទាររកខុសត្រូវលើរឿងទាំងនេះនៅមានកម្រិត។
មន្ត្រីសម្របសម្រួលអង្គការលីកាដូ ខេត្តកំពង់ឆ្នាំង លោក គង់ ច័ន្ទមុនី មានប្រសាសន៍ថា អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ គួរបង្កើនការយកចិត្តទុកដាក់បង្ការ និងទប់ស្កាត់នូវបទល្មើសទាំងនេះ។ លោកថា ស្ថាប័នអយ្យការ និងមន្ទីរជំនាញនីមួយៗដែលមាននីតិសម្បទា ត្រូវធានាដោះស្រាយបញ្ហាជូនជនរងគ្រោះ ជាពិសេសកុមារពេលមានការរំលោភបំពាន ប៉ុន្តែស្ថាប័នទាំងនេះយឺតយ៉ាវក្នុងការដោះស្រាយបញ្ហាមួយចំនួន៖ «កន្លងទៅ ពលរដ្ឋបានដាក់បណ្ដឹងទៅសមត្ថកិច្ចពាក់ព័ន្ធអស់ទាំងហ្នឹង ហើយពលរដ្ឋតែងតែមានការរអ៊ូរទាំអំពីចំណាត់ការយឺតយ៉ាវ។ កន្លងទៅ យើងបានជួបសមត្ថកិច្ចមានការខ្វះខាត (មធ្យោបាយ) ទើបមានការយឺតយ៉ាវ។ ប៉ុន្តែយើងលើកទឹកចិត្ដឲ្យសមត្ថកិច្ចបង្កើតឆន្ទៈ រិះរកមធ្យោបាយទាំងឡាយណាឲ្យបានតាមគោលបំណងដែលអាចធ្វើបានជូនពលរដ្ឋ ដើម្បីឲ្យពលរដ្ឋមានជំនឿទៅលើសមត្ថកិច្ចហ្នឹង»។
លោក គង់ ច័ន្ទមុនី បញ្ជាក់ថា រយៈពេល ៦ខែដើមឆ្នាំ២០១៥ ខាងលោកទទួលបានករណីរំលោភនៅទូទាំងខេត្តចំនួន ៧ករណី ប៉ុន្តែរយៈពេល ៦ខែដូចគ្នាក្នុងឆ្នាំ២០១៦ នេះ បានកើនមកដល់ ៩ករណី។ កត្តាដែលបង្កឲ្យមានបទល្មើសរំលោភសេពសន្ថវៈមានច្រើន ប៉ុន្តែលោកចាប់អារម្មណ៍លើការខ្វះខាតរបស់អាជ្ញាធរក្នុងការផ្សព្វផ្សាយ និងកិច្ចការពារសុវត្ថិភាពជូនពលរដ្ឋក្នុងស្ថានភាពងាយរងគ្រោះ។
ចំណែកអ្នកស្រាវជ្រាវផ្នែកអភិវឌ្ឍន៍សង្គមមើលឃើញថា បទល្មើសបីដែលបង្កគ្រោះថ្នាក់ដល់សង្គម និងធ្វើឲ្យពលរដ្ឋរស់នៅក្នុងភាពភ័យខ្លាចនាពេលបច្ចុប្បន្ន គឺការគ្រប់គ្រងអាវុធជាតិផ្ទុះមិនត្រឹមត្រូវ ដែលអាចឲ្យជនល្មើសយកទៅសម្លាប់មនុស្ស ការចរាចរគ្រឿងញៀន និងល្បែងស៊ីសងដែលអាចឈានដល់អំពើចាប់រំលោភសេពសន្ថវៈលើកុមារីមិនទាន់គ្រប់អាយុ និងអំពើលួច ឆក់ ឬប្លន់ ជាដើម។
អ្នកស្រាវជ្រាវ និងតាមដានស្ថានការណ៍សង្គម លោក មាស នី មានប្រសាសន៍ថា នៅតំបន់ខ្លះដែលមានករណីជក់ ឬចែកចាយគ្រឿងញៀន និងអសន្តិសុខសម្រាប់ពលរដ្ឋទូទៅពេលធ្វើដំណើរឆ្លងកាត់យប់ព្រលប់។ លោកថា តំបន់ទាំងនោះបើទោះបីជាមានសេចក្ដីរាយការណ៍ពីពលរដ្ឋរស់នៅក្នុងមូលដ្ឋានផ្ទាល់ ទៅឲ្យអាជ្ញាធរមានសមត្ថកិច្ច ក៏គេកម្រឃើញសមត្ថកិច្ចចុះបង្ក្រាប ឬលុបបំបាត់ដែរ៖ «យើងឃើញមានករណីមួយចំនួនកើតចេញពីក្រុមបងតូចបងធំ ដែលមានហៅថារំលោភបូកអីហ្នឹង ក៏កើតមានកាន់តែច្រើន។ នេះយើងមិននិយាយពីតារំលោភចៅ ឪពុកបង្កើតរំលោភកូន អាហ្នឹងវាជារឿងធ្ងន់ធ្ងរហើយ។ អាហ្នឹងវាអាចធ្វើឲ្យមានអសុវត្ថិភាពស្ត្រីក្នុងការធ្វើដំណើរចុះឡើង ហើយខ្ញុំសង្កេតឃើញឲ្យតែល្ងាចឡើង ស្ត្រីក្មេងៗមិនសូវជាហ៊ានដើរប៉ុន្មានទេ ព្រោះច្រើនតែមានបញ្ហាហ្នឹងកើតឡើង»។
អាស៊ីសេរី មិនទាន់អាចទាក់ទងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ដើម្បីសុំការអត្ថាធិប្បាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី១៧ ខែសីហា។ ប៉ុន្តែកន្លងទៅ លោក និងមន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាចអះអាងថា កម្ពុជា មានសុខសុវត្ថិភាព ពលរដ្ឋមានសិទ្ធិសេរីភាពដើរហើរទៅកន្លែងណាក៏បាន ទន្ទឹមនឹងរដ្ឋាភិបាលពង្រឹងនីតិរដ្ឋ ឬរដ្ឋដែលគោរពច្បាប់។
រដ្ឋាភិបាលតាមរយៈក្រសួងមហាផ្ទៃ បានកំណត់យកលក្ខណៈសម្បត្តិភូមិ-ឃុំមានសុវត្ថិភាពចំនួន ៩ចំណុច គឺគ្មានសកម្មភាពលួច ឆក់ ប្លន់គ្រប់ប្រភេទ គ្មានការដាំដុះ ផលិត ចរាចរ ការជួញដូរ ចែកចាយ ឬប្រើប្រាស់គ្រឿងញៀនខុសច្បាប់ គ្មានអំពើអនាចារ ជួញដូរស្រី និងកុមារ និងអំពើហិង្សាក្នុងគ្រួសារ គ្មានក្មេងទំនើង និងគ្មានល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ជាដើម។
ដើម្បីរក្សាបាននូវគោលការណ៍ទាំងនេះ អាជ្ញាធរភូមិ-ឃុំ គឺជាអ្នកមើលការខុសត្រូវ និងរាយការណ៍ផ្ទាល់ទៅថ្នាក់លើ ប៉ុន្តែបទល្មើសក្នុងមូលដ្ឋានខ្លះ មិនត្រូវបានបង្ក្រាប ឬរាយការណ៍នោះទេ បើទោះបីជាមានកម្លាំងប្រជាការពារភូមិច្រើនរង់ចាំជួយមេភូមិ ឬជាសេនាធិការរបស់ប៉ូលិសទៅហើយក្ដី។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោក មាស នី មានប្រសាសន៍ថា អាជ្ញាធរមានសមត្ថកិច្ចតែងតែនិយាយច្រើនជាងធ្វើ ហើយការធ្វើ ឬការអនុវត្តច្បាប់នោះ ក៏មិនសូវមានប្រសិទ្ធភាពដែរ៖ «ភូមិ-ឃុំមានសុវត្ថិភាពជារឿងមួយសំខាន់ណាស់ តែជួនកាលគោលការណ៍ហ្នឹងមានត្រឹមតែនិយាយ បើទោះបីជានៅក្នុងឃុំខ្លះដឹងថាមានអ្នកជក់គ្រឿងញៀនអ៊ីចឹង ក៏ពុំមានការរាយការណ៍ដែរ។ អ៊ីចឹងត្រូវតែពង្រឹងនូវអ្វីដែលបានគិតបានថា កុំឲ្យគ្រាន់តែថា ប៉ុន្តែចោរប្លន់ក៏នៅតែប្លន់ ហើយគ្រឿងញៀនក៏នៅតែមាន»។
ឱកាសនៃការកើតមានបទល្មើសរំលោភសេពសន្ថវៈ អាចកើតចេញពីជីវភាពក្រីក្រ ដែលឪពុកម្ដាយធ្វើចំណាកស្រុក រួចផ្ញើកូននៅនឹងសាច់ញាតិ បញ្ហាគ្រឿងញៀន និងការអនុវត្តច្បាប់នៅមានកម្រិត៕