Quantcast
Viewing all articles
Browse latest Browse all 40045

សហគមន៍​ខេត្ត​រតនគិរី​សុំ​ឲ្យ​អាជ្ញាធរ​ទប់ស្កាត់​ការ​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​ទៅ​វៀតណាម

Image may be NSFW.
Clik here to view.
រថយន្ត​ដឹក​ឈើ​ជាប់​ផុង​នៅ​ភូមិ​ឃួន ឃុំ​កោះពាក្យ ស្រុក​វ៉ឺនសៃ ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៦។ Photo ADHOC


ដោយ រដ្ឋា វិសាល RFA 2016-08-18

ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ឡំ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី អះអាង​ថា ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ឆ្លងដែន​ទៅ​លក់​ឲ្យ​ឈ្មួញ​វៀតណាម ខុស​ច្បាប់​កើត​មាន​ឡើង​វិញ​ខណៈ​ភ្លៀង​កំពុង​ធ្លាក់​ជោកជាំ។ ជំនួញ​ឈើ​ឆ្លង​ដែន​ខុស​ច្បាប់​នេះ ក៏​បណ្ដាល​ឲ្យ​ផ្លូវលំ​របស់​សហគមន៍​រង​ការ​ខូចខាត​កាន់​តែ​ច្រើន​ឡើង។

យ៉ាង​ហោច​ណាស់​រថយន្ត​ទេសចរណ៍​តូចៗ​ចំនួន​បី​ទៅ​បួន​គ្រឿង ត្រូវ​ឈ្មួញ​ប្រើប្រាស់​ជា​មធ្យោបាយ​ដឹក​ជញ្ជូន​ឈើ​ប្រណិត​ខុស​ច្បាប់​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម កាលពី​រំលង​អធ្រាត្រ​ថ្ងៃ​ទី​១៨ ខែ​សីហា។

តំណាង​សហគមន៍​ភូមិ​ឡំ លោក រចំ ខាំ បញ្ជាក់​ថា នៅ​វេលា​យប់​ឈ្មួញ​ប្រើប្រាស់​រថយន្ត​ដឹក​ជញ្ជូន​ឈើ​ឆ្លងកាត់​ភូមិ​ប្រជាពលរដ្ឋ​រស់​នៅ​ឆ្ពោះ​ទៅ​ច្រក​របៀង​ព្រំដែន​ចំណុច​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ភូមិ​ឡំ ក្នុង​ឃុំ​ប៉ក់ញ៉ៃ ជា​បន្តបន្ទាប់​ប្រមាណ​មួយ​សប្ដាហ៍​កន្លង​ទៅ​នេះ។ លោក​ថា សហគមន៍​មិន​អាច​ទប់ស្កាត់​ការ​ដឹក​ជញ្ជូន​ឈើ​នោះ​បាន​ទេ ក៏​ប៉ុន្តែ​អ្នក​ភូមិ​បារម្ភ​ពី​ផ្លូវលំ​សហគមន៍​ដែល​កំពុង​រង​ការ​ខូចខាត​ដោយសារ​រដូវ​នេះ​ភ្លៀង​ច្រើន​រថយន្ត​ដឹក​ជញ្ជូន​ធ្ងន់​ធ្វើ​ឲ្យ​ផ្លូវ​ផុង​ជា​ជង្ហុក ឬ​រណ្ដៅ​ជ្រៅ​ប៉ះពាល់​ការ​ធ្វើ​ដំណើរ ឬ​ការ​ដឹក​ជញ្ជូន​របស់​ពលរដ្ឋ៖ «សហគមន៍​រអ៊ូ​ពេក ផ្លូវ​ខូចខាត ឡាន​វា​ដឹក​ឈើ​ចូល​មក​ភូមិ​ឡំ តាម​ច្រក​ប៉ុស្តិ៍​ភូមិ​ឡំធំ។ គេ​ដឹក​យប់ៗ សុទ្ធ​តែ​ឡាន​តូចៗ»។
ភូមិ​ឡំ ឋិត​នៅ​ជាប់​នឹង​ព្រំដែន​ស្រុក​ដាក់កឺ ខេត្ត​យ៉ាឡាយ ប្រទេស​វៀតណាម។ ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ​ឈ្មួញ​ធ្វើ​អាជីវកម្ម​ឈើ​ប្រណិត​ប្រើប្រាស់​ផ្លូវ​នៅ​តំបន់​នោះ​ដឹក​ជញ្ជូន​ឈើ​ឆ្លង​ច្រក​របៀង​ចូល​ទៅ​ប្រទេស​វៀតណាម បើ​ទោះ​បី​តំបន់​នោះ​មាន​តម្រួត​ព្រំដែន និង​សមត្ថកិច្ច​មូលដ្ឋាន​បោះ​ទី​តាំង​ការពារ​សន្តិសុខ និង​សុវត្ថិភាព​តំបន់​ព្រំដែន​យ៉ាង​ណា​ក្តី។

អភិបាលស្រុក​អូរយ៉ាដាវ លោក ម៉ា វិចិត្រ កត់សំគាល់​ថា អាជ្ញាធរ​ខេត្ត​បាន​ចាត់​វិធានការ​ដាក់​បម្រាម​​មិន​ឲ្យ​ចរាចរណ៍​ឈើ​ប្រណិត​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម បន្ត​ទៀត​ទេ បន្ទាប់ពី​យុទ្ធនាការ​របស់​គណៈកម្មការ​ជាតិ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​រក​ឃើញ​ឈើ​ប្រណិត​ត្រូវ​បាន​គេ​កាប់​យក​មក​​ស្តុក​ទុក​នៅ​ការដ្ឋាន​ក្រុមហ៊ុន​នានា តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​នៅ​ភាគ​ឦសាន។ លោក​ថា សហគមន៍​ត្រូវ​ផ្ដល់​ព័ត៌មាន​ជូន​អាជ្ញាធរ​ទាន់​ពេល​វេលា​ដើម្បី​សហការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ និង​ធ្វើ​ឲ្យ​ខូចខាត​ផ្លូវ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ៖ «ហេតុ​អ្វី​បាន​ជា​គាត់​មិន​ផ្ដល់​ព័ត៌មាន​មក​អាជ្ញាធរ​មាន​វិធានការ​បង្ក្រាប។ ខ្ញុំ​នឹង​បញ្ជូន​ក្រុម​ការងារ​ចុះ​បង្ក្រាប»។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​រតនគិរី លោក ឆាយ ធី កត់សំគាល់​ដែរ​ថា បច្ចុប្បន្ន​នេះ​ការ​ចរាចរណ៍​ឈើ​ប្រណិត​ឆ្លងដែន​ទ្រង់ទ្រាយ​ធំ​បាន​បញ្ចប់​ហើយ ក៏ប៉ុន្តែ​ការ​ដឹក​ជញ្ជូន​ឈើ​តាម​ម៉ូតូ និង​រថយន្ត​ទេសចរណ៍​តូចៗ​នៅ​តែ​បន្ត​កើត​មាន។ លោក​ថា មិន​មែន​ភូមិ​ឡំ នោះ​ទេ នៅ​តាម​បណ្ដា​ភូមិ​​ផ្សេង​ទៀត​នៅ​ជាប់​នឹង​ព្រំដែន​វៀតណាម ការ​លួច​ចរាចរ​ឆ្លងដែន​ខុសច្បាប់​នៅ​តែ​បន្ត​កើត​មាន៖ «គាត់ ​មាន​ការ​ព្រួយ​បារម្ភ គាត់​សំណូមពរ​ទៅ​អាជ្ញាធរ​នៅ​មូលដ្ឋាន​ឲ្យ​ចាត់​វិធានការ​កុំ​ឲ្យ​ដឹក​ ជញ្ជូន​ឈើ​ឆ្លង​កាត់​ភូមិ​គាត់។ មិន​មែន​ភូមិ​ហ្នឹង​មួយ​ទេ ជា​ច្រើន​ភូមិ​ដែល​មាន​ការ​រក​ស៊ី​ឈើ»។

​ទោះបីជា​យ៉ាង​នេះ​ក្តី​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគិរី លោក កែប កត់ ថ្លែង​បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​បាន​ដាក់​វិធានការ​តឹងរ៉ឹង​បិទ​មិន​ឲ្យ​ចរាចរ​ឈើ​ឆ្លង​ដែន​បាន​​ត​ទៅ​ទៀត​ទេ។ លោក​ថា នឹង​ចាត់​មន្ត្រី​ជំនាញ​ត្រួតពិនិត្យ​ករណី​នេះ​បន្ថែម​ទៀត៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>