Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ទម្លាក់​បទ​ចោទ​ប្រឆាំង​ស្ត្រី​​បឹងកក់​២​រូប

$
0
0
អ្នកស្រី ទេព វន្នី (ឆ្វេង) និង​លោកស្រី បូវ សោភា ញញឹម​មក​កាន់​អ្នក​គាំទ្រ​នៅ​ខាង​មុខ​តុលាការ នៅ​ថ្ងៃ​ទី​១៧ សីហា ឆ្នាំ​២០១៦។ RFA/Cheu Sideth

ដោយ​ សុ ជីវី RFA 2016-08-19

អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អំពាវនាវ​អោយ អាជ្ញាធរ​កម្ពុជា ទម្លាក់​បទ​ចោទ​ប្រឆាំង​ស្ត្រី​សកម្មជន​សហគមន៍​បឹងកក់ ២ រូប ដែល​ត្រូវ​ចាប់​ខ្លួន​ក្នុង យុទ្ធនាការ "ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ"កាល​ពី​ដើម​សប្ដាហ៍​នេះ។

អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​អន្តរជាតិ ចាត់​ទុក​ករណី​នេះ​ថា ជា​ការ​ចោទ​ប្រកាន់​ដែល​ពុំ​មាន​មូលដ្ឋាន និង​បាន​រំលោភ​លើ​បទដ្ឋាន​ច្បាប់​ជាតិ និង​អន្តរជាតិ ដែល​ការពារ​សេរីភាព​បញ្ចេញ​មតិ និង​ការ​ជួប​ប្រជុំ។

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា ចាត់​ទុក​ការ​អំពាវនាវ​នេះ​ថា ពុំ​បាន​ឈរ​លើ​គោលការណ៍​ច្បាប់ ដែល​ធានា​អធិបតេយ្យភាព​របស់​កម្ពុជា។

សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ចេញ​នៅ​ថ្ងៃ​ទី​១៩ ខែ​សីហា លើក​ឡើង​ថា សកម្មជន​បឹងកក់​ទាំង ២​រូប​ដែល​បាន​ចូលរួម​​តវ៉ា​ដោយ​សន្តិវិធី គួរ​ត្រូវ​រួចផុត​ពី​ការ​ចោទ​ប្រកាន់។
ស្ត្រី​សកម្មជន​បឹងកក់ ចំនួន ២​រូប គឺ​អ្នកស្រី ទេព វន្នី និង​អ្នកស្រី បូវ សោភា ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​ពន្ធនាគារ​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​សីហា ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​ជាអាទិ៍ តាម​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ។ សំណុំ​រឿង​នេះ​នឹង​ត្រូវ​បើក​សវនាការ​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​សីហា។

នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ប៊្រែដ អាដាម (Brad Adams) ថ្លែង​តាម​រយៈ​សេចក្ដី​ថ្លែងការណ៍​នោះ​ថា ការ​ចាប់​ខ្លួន​ស្ត្រី​បឹងកក់ ទាំ ២​រូប ជា​ចំណាត់​ការ​ដែល​គ្មាន​មូលដ្ឋាន៖ «ការ​ចោទ​ប្រកាន់​ស្ត្រី​សកម្មជន​ទាំង ២​រូប​នេះ គឺ​ជា​ការ​រឹត​បន្តឹង​ថ្មី​មួយ​ទៀត​ក្នុង​ដំណាក់កាល​ដែល​មាន​ការ​កើន​ឡើង​នូវ​ការ​រំលោភ​បំពាន ការ​ព្យាបាទ​ទៅ​លើ​អ្នក​រិះគន់​រដ្ឋាភិបាល​ដោយ​សន្តិវិធី។ ទាំង​នេះ​ហាក់​បង្ហាញ​ថា នៅ​កម្ពុជា​ ពុំ​មាន​នរណា​ម្នាក់​អាច​តវ៉ា​ប្រឆាំង​នឹង​ការ​ធ្វើ​ខុស​របស់​រដ្ឋាភិបាល​ឡើយ។ លើស​ពី​នេះ​ពួកគេ​ដែល​ជា​អ្នក​តវ៉ា​នឹង​ក្លាយ​ជា​មុខសញ្ញា​នៃ​ការ​ធ្វើបាប​របស់​រដ្ឋាភិបាល​បន្ត​ទៀត»។

សេចក្ដី​ថ្លែងការណ៍​របស់ យូមែន រ៉ៃត៍ វ៉ច្ឆ លើក​ឡើង​ទៀត​ថា ការ​ឃុំ​ខ្លួន​អ្នកស្រី ទេព វន្នី និង​អ្នកស្រី បូវ សោភា ជា​តឹកតាង​ដំបូង​បង្អស់​ដែល​អាជ្ញាធរ​ចាត់​វិធានការ​ទៅ​លើ​ក្រុម​អ្នក​ធ្វើ​យុទ្ធនាការ "ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ"។ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ចោទ​ប្រកាន់​យុទ្ធនាការ​ "ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ"ថា ជា​ការ​ញុះញង់​ប្រឆាំង​រដ្ឋាភិបាល​ដែល​មាន​បរទេស​នៅ​ពី​ក្រោយ​ខ្នង ហើយ​រដ្ឋាភិបាល​លោក ហ៊ុន សែន ហៅ​ថា ជា​ទម្រង់​នៃ​បដិវត្តន៍​ពណ៌។

ឆ្លើយ​តប​ចំពោះ​ការរិះគន់​របស់ យូមែន រ៉ៃត៍ វ៉ច្ឆ មន្ត្រី​រដ្ឋាភិបាល និង​ជា​អ្នកនាំពាក្យ​ទីស្តីការ គណៈ​រដ្ឋមន្ត្រី លោក ផៃ ស៊ីផាន អំពាវនាវ​ឲ្យ យូមែន រ៉ៃត៍ វ៉ច្ឆ និង​អ្នករិះគន់​ដទៃ​ទៀត​យល់​ពី ច្បាប់​កម្ពុជា ដែល​លោក​ថា គ្មាន​ស្ថាប័ន អង្គការ ឬ​បរទេស​ណា​អាច​មាន​សិទ្ធិ​ជ្រៀតជ្រែក​ដំណើរ​ការ​របស់​តុលាការ​បាន​ទេ។

លោក​ថា រដ្ឋាភិបាល​មិន​ទទួល​យក​នូវ​ការ​ដាក់​សម្ពាធ​ណា​មួយ​នោះ​ឡើយ៖ «ខ្ញុំ​គិត​ថា ការ​បកស្រាយ​នេះ មិន​គួរ​បកស្រាយ​នៅ​ក្នុង​ភាព​ងងឹតងងល់​នោះ​ទេ យើង​ឃើញ​បញ្ជា​របស់​រដ្ឋាភិបាល គឺ​ជា​តំណាង​អំណាច​អោយ​រដ្ឋាភិបាល​ដែល​គេ​ហៅ​ថា នីត្យានុកូលភាព ដូច្នេះ​បទបញ្ជា​ហាម​មិន​អោយ​មាន​ចលនា​ដែល​យល់​ឃើញ​ថា ធ្វើ​អោយ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សង្គម។ អ្នក​ទាំង​អស់​នោះ​ទេ​ដែល​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​សកម្មភាព​របស់​រដ្ឋាភិបាល បាន​សេចក្ដី​ថា ប្រឆាំង​នឹង​នីត្យានុកូលភាព​របស់​រដ្ឋាភិបាល»។

អ្នកស្រី ទេព វន្នី និង​លោកស្រី បូវ សោភា ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌ​ដូនពេញ ឃុំ​ខ្លួន​សាកសួរ​ក្រោយ​ពី​ចាប់​ខ្លួន​អ្នក​ទាំង​២ កាល​ពី​ល្ងាច​ថ្ងៃ​ច័ន្ទ ទី​១៥ ខែ​សីហា ក្នុង​ពេល​ធ្វើ​យុទ្ធនាការ "ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ"ដែល​ធ្វើ​ឡើង​នៅ​ក្នុង​សហគមន៍​បឹងកក់។

សកម្មជន​បឹងកក់ រួម​នឹង​អ្នក​សហគមន៍​មាន​ជម្លោះ​ដី​ធ្លី​មួយ​ចំនួន​ទៀត តែង​នាំ​គ្នា​ជួប​ប្រជុំ​នៅ​រាល់​ថ្ងៃ​ច័ន្ទ ដោយ​ពាក់​អាវ​ខ្មៅ ដើម្បី​ទាមទារ​អោយ​មាន​ការ​ដោះលែង​អ្នក​ការពារ​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក អគ្គលេខាធិការ​រង គ.ជ.ប មួយ​រូប ដែល​កំពុង​ជាប់​ឃុំ និង​ជំរុញ​ដល់​រដ្ឋាភិបាល​អោយ​ស្វែង​រក​យុត្តិធម៌​ករណី​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>