Quantcast
Viewing all articles
Browse latest Browse all 40045

គ.ជ.ប​ស្វាគមន៍​ជំហរ​បក្ស​ប្រឆាំង​ដែល​ប្រកាស​ប្ដឹង​ជនបរទេស​កាន់​អត្តសញ្ញាណប័ណ្ណ​ខ្មែរ​ខុស​ច្បាប់

Image may be NSFW.
Clik here to view.
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ថ្លែង​បន្ទាប់​ពី​កិច្ច​ប្រជុំ នៅ​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០១៥។ RFA/Morm Moniroth


ដោយ ប្រាជ្ញ ចេវ RFA 2016-08-20

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ស្វាគមន៍​ជំហរ​របស់​បក្ស​ប្រឆាំង​ដែល​ប្រកាស​ប្ដឹង​ជនបរទេស​ដែល​មាន​អត្តសញ្ញាប័ណ្ណ​ខ្មែរ​ខុស​ច្បាប់ ទៅ គ.ជ.ប និង​តុលាការ។ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ​ថា ការ​ស្វាគមន៍​របស់ គ.ជ.ប ពេល​នេះ ជា​សញ្ញាណ​ល្អ​មួយ​ចំពោះ​ដំណើរការ​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត និង​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ។

ខណៈ​ការ​ចុះ​ឈ្មោះ​បោះ​កាន់តែ​ខិតចូល​មក​ដល់​ដែល​នឹង​ចាប់​ផ្ដើម​នៅ​ខែ​កញ្ញា ខាង​មុខ គណបក្ស​សង្គ្រោះ​ជាតិ បង្ហាញ​ការ​យក​ចិត្ត​ទុក​ជំរុញ​លើ​ដំណើរការ​នៃ​ការ​បោះឆ្នោត​ឲ្យ​កាន់តែ​ប្រសើរ​ឡើង។

អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក ហង្ស ពុទ្ធា ថ្លែង​ថា ពលរដ្ឋ​គ្រប់រូប ឬ​គណបក្ស​នយោបាយ​មាន​សិទ្ធិ​ប្ដឹង​តវ៉ា ឬ​ប្ដឹង​ជំទាស់​ចំពោះ​​ដំណើរការ​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ក្រោយ​ពេល​បិទ​បញ្ជី​ចុះ​ឆ្នោត​ដំបូង។ លោក​បញ្ជាក់​ថា នេះ​ជា​ការ​ចូលរួម​ល្អ​មួយ​ដើម្បី​ធានា​បាន​នូវ​បញ្ជី​បោះឆ្នោត​ដែល​មាន​លក្ខណៈ​ល្អ​ប្រសើរ៖ «ការ​បោះ​ឆ្នោត​មួយ​ដែល​មាន​តម្លាភាព មិន​អាច​កាត់​ផ្ដាច់​បាន​ពី​ការ​ចូលរួម​របស់​អ្នក​សង្កេតការណ៍​នៃ​គណបក្ស​នយោបាយ ឬ​ហៅ​ថា ភ្នាក់ងារ​គណបក្ស និង​អ្នក​សង្កេតការណ៍​ជាតិ អន្តរជាតិ​បាន​នោះ​ទេ អ៊ីចឹង គ.ជ.ប ស្វាគមន៍»។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​១៨ ខែ​សីហា គណបក្ស​សង្គ្រោះ​ជាតិ ថា​នឹង​ពឹង​ពាក់​មេធាវី​ដើម្បី​រៀបចំ​ពាក្យ​បណ្ដឹង​ប្ដឹង​ជនបរទេស​ដែល​ប្រើប្រាស់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ខុស​ច្បាប់​យក​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ទៅ គ.ជ.ប និង​តុលាការ។ ក្រុម​សមាជិកសភា​គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​ស្នើ​ទៅ​ក្រសួង​យុត្តិធម៌ សុំ​ឲ្យ​ផ្ដល់​នូវ​បញ្ជី​ឈ្មោះ​ជនបរទេស​ដែល​ទទួល​បាន​បាន​សញ្ជាតិ​ខ្មែរ​តាម​រយៈ​សញ្ជាតូបនីយកម្ម​ត្រឹមត្រូវ​តាម​ច្បាប់។

ដោយ​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា មិន​បាន​បង្ហាញ​សកម្មភាព​របស់​ខ្លួន ក្នុង​ដំណើរការ​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ឡើយ​ទេ។ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន និយាយ​ថា រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ធ្វើ​លើ​រឿង​ទាំង​នេះ​ហើយ៖ «គណបក្ស​ប្រជាជន ជា​គណបក្ស​កាន់​អំណាច ដូច្នេះ​មិន​បាច់​អី​វែង​ឆ្ងាយ​ទេ ដូច្នេះ​បញ្ហា​ហ្នឹង​មិន​បាច់​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ ក៏​គណបក្ស​ប្រជាជន និង​រាជរដ្ឋាភិបាល​ធ្វើ​ដែរ»។

គណបក្ស​នឹង​ស្នើ​សុំ​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​ស្រាវជ្រាវ និង​ចាត់​វិធានការ​ចំពោះ​ការ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ដោយ​ខុស​ច្បាប់។ សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល ថា​នឹង​សហការ​ជាមួយ​ក្រសួង​មហាផ្ទៃ ក្នុង​ការ​ផ្ដល់​ឈ្មោះ​ជនបរទេស​ដែល​បាន​ទទួល​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ដោយ​ខុស​ច្បាប់។

ទាក់ទង​រឿង​នេះ​ដែរ នៅ​ចុង​សប្ដាហ៍​នេះ រដ្ឋាភិបាល បាន​បង្ហាញ​របាយការណ៍ ថា​ជនអន្តោប្រវេសន៍​វៀតណាម ប្រើប្រាស់​ឯកសារ​រដ្ឋបាល​មិន​ប្រក្រតី​មាន​ជាង ៩​ម៉ឺន​នាក់។ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ លោក សុខ ផល ថ្លែង​ក្នុង​ពិធី​ប្រជុំ​ផ្សព្វផ្សាយ​របាយការណ៍​បូក​សរុប​ជំហាន​ដំបូង​ស្ដីពី​ការ​គ្រប់គ្រង​ជនបរទេស​អន្តោប្រវេសន៍ នៅ​ថ្ងៃ​សុក្រ ទី​១៩ ព្រមាន​នឹង​បញ្ជូន​អ្នក​ទាំង​នោះ​ទៅ​ប្រទេស​កំណើត​វិញ និង​ទប់ស្កាត់​មិន​ឲ្យ​ពួកគេ​យក​ឯកសារ​មិន​ប្រក្រតី​នោះ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ឡើយ។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ស្នើ​ទៅ​ក្រសួង​មហាផ្ទៃ ធ្វើ​រឿង​នេះ​ឲ្យ​បាន​មុន​ការ​ចុះ​ឈ្មោះ​ឆ្នោត​ដើម្បី​ធានា​ថា បញ្ជី​ឈ្មោះ​បោះឆ្នោត​មាន​សុក្រឹតភាព។ លោក​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ពេល​ចុះ​ឈ្មោះ​ឆ្នោត គណបក្ស​សង្គ្រោះ​ជាតិ នឹង​ពង្រាយ​ភ្នាក់ងារ​ទូទាំង​ប្រទេស​ជាង ៣.០០០​នាក់​ដើម្បី​ឃ្លាំមើល៖ «ភ្នាក់ងារ​ហ្នឹង​គាត់​សង្កេត​មើល បើ​សិន​មាន​ភាព​មិន​ប្រក្រតី​នៃ​ឯកសារ​ណា​មួយ គាត់​អាច​ជជែក​ជាមួយ​ប្រធាន​ក្រុម​ការងារ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ហើយ​បើ​ឃើញ​មាន​ភាព​មិន​ប្រក្រតី ហ្នឹង​ដាក់​ពាក្យ​បណ្ដឹង​ជំទាស់​ទៅ»។

ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នឹង​ចាប់​ផ្ដើម​ពី​ដើម​ខែ​កញ្ញា ដល់​ចុង​ខែ​វិច្ឆិកា សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ នៅ​ក្នុង​ឆ្នាំ​២០១៧ និង​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០១៨។ ក្រៅ​ពី​គណបក្ស​សង្គ្រោះ​ជាតិ គេ​មិន​ទាន់​ឃើញ​គណបក្ស​នយោបាយ​ណា​ផ្សេង​ទៀត​ប្រកាស​តាមដាន​នៃ​ដំណើរការ​នេះ​នៅ​ឡើយ​ទេ។  សង្គម​ស៊ីវិល​ធ្វើ​ការងារ​ទាក់ទង​ការ​បោះឆ្នោត​ស្នើ​ឲ្យ​គ្រប់​គណបក្ស​នយោបាយ ចូលរួម​សង្កេតការណ៍​នៃ​ដំណើរការ​ចុះ​ឈ្មោះ​បោះឆ្នោត៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>