
ដោយ ម៉ម មុនីរតន៍ RFA 2016-08-20
ក្រសួងបរិស្ថាន បានដាក់លិខិតមួយច្បាប់និមន្តប្រធានបណ្ដាញព្រះសង្ឃឯករាជ្យចូលរួមកិច្ចពិភាក្សាមួយដោយមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដឹកនាំ។ កិច្ចពិគ្រោះយោបល់ដែលគ្រោងនឹងពិភាក្សាក្រោមប្រធានបទ "ការការពារ និងអភិរក្សធនធានធម្មជាតិ"នេះ ត្រូវបានព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ បញ្ជាក់ព្រះទ័យថា ព្រះអង្គនៅរារែកក្នុងការចូលរួមនៅឡើយ មកដល់ពេលនេះ។
ព្រះសង្ឃដែលសកម្មក្នុងកិច្ចការសង្គម និងធ្លាប់រងសម្ពាធផ្លូវនយោបាយផង គឺព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មានថេរដីកាថា វេទិកាដែលគ្រោងនឹងរៀបចំដោយរដ្ឋាភិបាល គឺព្រះអង្គនៅមិនទាន់ប្រាកដនៅឡើយទេ ក្នុងការនិមន្តចូលរួមវេទិកាថ្នាក់ជាតិដែលគ្រោងនឹងដំណើរការនៅថ្ងៃទី២២ ខែសីហា ខាងមុខនេះ។
មានថេរដីកាតាមទូរស័ព្ទ ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ យល់ថា លិខិតដែលនិមន្តព្រះអង្គឲ្យចូលរួមវេទិកាថ្នាក់ជាតិ ដែលនិយាយពីបរិស្ថាន និងធនធានធម្មជាតិនេះ គឺជាការផ្ដល់កិត្តិយសសម្បើមណាស់ពេកហើយរបស់រដ្ឋាភិបាលចំពោះព្រះអង្គ។ ប៉ុន្តែអ្វីដែលធ្វើឲ្យព្រះអង្គពិបាកព្រះទ័យក្នុងការសម្រេចចិត្តចូលរួមនោះ ដោយសារមានហេតុផលមួយចំនួន ក្នុងនោះទិដ្ឋាការ ឬវីសា (Visa) ដែលព្រះអង្គត្រូវចេញទៅក្រៅប្រទេស ពិបាកក្នុងការពន្យារពេល។ ម្យ៉ាងវិញទៀត សុខភាពព្រះអង្គនៅពេលនេះ មិនអំណោយផលថែមទៀតផង៖ «»។
លិខិតនិមន្តលើកនេះរបស់ក្រសួងបរិស្ថាន បានក្លាយជាមន្ទិលសង្ស័យមួយថ្មីទៀត មកលើសកម្មជនសង្គម។ ការបង្ហាញជំហរចង់ឲ្យមានការចូលរួមយ៉ាងពេញលេញនេះ អ្នកឃ្លាំមើលផ្នែកសិទ្ធិមនុស្សពីខាងសង្គមយល់ឃើញថា នេះប្រហែលជារដ្ឋាភិបាលចង់ផ្សះផ្សាផ្លូវចិត្តផង និងកសាងជំនឿចិត្តផង។ បើទោះជាបែបណា ជំងឺធ្លាក់ទឹកចិត្តរបស់ពលរដ្ឋបានកើតឡើងរួចទៅហើយ តាមរយៈការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី។ មធ្យោបាយដទៃទៀតរបស់រដ្ឋាភិបាល ដូចជាគំរាមកំហែងទៅលើសកម្មជនដីធ្លី អ្នកការពារសិទ្ធិមនុស្ស និងអ្នកនយោបាយបក្សប្រឆាំងជាដើម។ ទាំងនេះសុទ្ធតែជាទង្វើដែលពលរដ្ឋពិចារណាពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល។
កាលពីថ្ងៃទី៨ ខែសីហា ក្រសួងបរិស្ថានបានផ្ញើលិខិតមួយច្បាប់ប្រគេនព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ។ ក្នុងលិខិតនិមន្តរបស់ក្រសួងបរិស្ថាន ដែលរៀបចំវេទិកានៅវិមានសន្តិភាពនោះ គឺយោងតាមចំណាររបស់លោក ហ៊ុន សែន កាលពីថ្ងៃទី១ ខែសីហា ដែលត្រូវនិមន្តព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ចូលរួម។ បើទោះជាបែបណា មកដល់ពេលនេះ ប្រធានបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមអង្គនេះ យល់ថា វត្តមានរបស់ព្រះអង្គក្នុងវេទិកាថ្នាក់ជាតិដ៏មានសារសំខាន់នេះ ប្រហែលជាខកខានច្រើនជាងចូលរួមទៅវិញ។
ជុំវិញរឿងនេះ អង្គការមិនមែនរដ្ឋាភិបាលដែលធ្វើកិច្ចការលើវិស័យបរិស្ថានយល់ឃើញថា នេះការវិវត្តន៍ថ្មីមួយរបស់រដ្ឋាភិបាល ដែលចាប់ផ្ដើមខ្វល់ខ្វាយ និងព្រួយបារម្ភរឿងវិនាសកម្មធនធានធម្មជាតិ។ មានការរិះគន់ជាច្រើនក្នុងពេលកន្លងទៅថា អ្នកការពារព្រៃឈើមិនត្រូវបានរដ្ឋាភិបាលយកចិត្តទុកដាក់។ មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងបើកឱកាសឲ្យប្រព្រឹត្តបទល្មើសព្រៃឈើ បាញ់សម្លាប់មន្ត្រីអង្គការមិនមែនរដ្ឋាភិបាលដោយស្រួល ហើយព្យាយាមបិទសំណុំរឿងដោយមិនអស់ចិត្ត ជាពិសេសការស៊ើបអង្កេតរបស់សមត្ថកិច្ចផ្ទុយពីអ្វីដែលសង្គមស៊ីវិលរកឃើញទៅវិញ។ មានឧទាហរណ៍ដូចជាសំណុំរឿងលោក ឈុត វុទ្ធី ជាដើម។
លោក អំ សំអាត មន្ត្រីជាន់ខ្ពស់អង្គការលីកាដូ (LICADHO) យល់ឃើញថា វត្តមានរបស់ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ នៅពេលនេះក្លាយជាប្រធានបទដ៏សំខាន់។ មិនតែប៉ុណ្ណោះ ព្រះអង្គកំពុងស្ថិតនៅក្នុងចន្លោះនៃសម្ពាធទាំងសង្ខាង គឺត្រូវជម្នះនូវការរិះគន់ពីពលរដ្ឋផង ជាពិសេសបើព្រះអង្គមិនបង្ហាញជំហរក្នុងការនិមន្តចូលទេ វាកាន់តែមានផលអាក្រក់ថែមទៀតពីខាងរដ្ឋាភិបាលផង។ បើទោះជាបែបណា លោក អំ សំអាត យល់ថា រឿងនេះលែងជាបញ្ហាទៅហើយ ដោយសារតែព័ត៌មានស្ដីពីកិច្ចពិគ្រោះយោបល់ដែលពុំធ្លាប់មាននេះ បានបែកធ្លាយជាសាធារណៈរួចទៅហើយ៖ «»។
ក្រុមអង្គការផ្នែកសិទ្ធិមនុស្សចាត់ទុកថា ការទាមទារចង់ឲ្យមានការចូលរួមពីដៃគូពាក់ព័ន្ធ ប៉ុន្តែមិនទប់ស្កាត់ការប្រព្រឹត្តបទល្មើស បានន័យថា នេះជាចំណុចខ្សោយ និងជាភាពអសកម្មរបស់រដ្ឋាភិបាល។ យន្តការដែលមានស្រាប់របស់រដ្ឋអំណាច ដូចជាក្រសួង និងរហូតដល់អាជ្ញាធរថ្នាក់មូលដ្ឋាន អង្គការចាត់តាំងទាំងនេះគឺជាសេនាធិការដ៏មានឥទ្ធិពលរបស់រដ្ឋាភិបាលដែលចាំបាច់ត្រូវប្រើប្រាស់ឲ្យមានប្រសិទ្ធិភាព។ អ្នកឃ្លាំមើលផ្នែកបរិស្ថានយល់ឃើញថា ផ្ទុយទៅវិញការការពារ និងអភិរក្សធនធានរបស់រដ្ឋ មានតែសកម្មជន និងអង្គការមិនមែនរដ្ឋាភិបាលវិញ។ មិនតែប៉ុណ្ណោះ ពួកគេទាំងនោះមិនត្រឹមតែពុំបានយកចិត្តទុកដាក់ និងការគាំពារពីរដ្ឋទេ ប៉ុន្តែថែមទាំងរងការគំរាមកំហែង ហើយចុងក្រោយត្រូវផ្តាច់ជីវិតជាដើមថែមទៀតផង៕