
ដោយ ម៉ែន សុធីរ RFA 2016-08-21
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ខេត្តស្ទឹងត្រែង លោក សាន ស៊ិន ចោទសមត្ថកិច្ចស្រុកសេសាន ថារំខានកម្មវិធីបណ្តុះបណ្តាលដល់ភ្នាក់ងារអង្កេតការណ៍ចុះឈ្មោះបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិ នៅឃុំស្រែគរ ស្រុកសេសាន នៅថ្ងៃទី២១ សីហា។
លោកថា នាយរងសេនាធិការនៃអធិការស្រុកសេសាន លោក កង ម៉ៅ បានដណ្ដើមឯកសារសិក្ខាកាមដែលចូលរួម បង្កប៉ះពាល់ដល់សតិអារម្មណ៍សិក្ខាកាមដែលកំពុងសិក្សា។ លោកចាត់ទុកទង្វើនេះជាទម្រង់នៃការគំរាមកំហែងសិទ្ធិមនុស្ស បង្កប៉ះពាល់ដល់ដំណើរការបណ្តុះបណ្តាលភ្នាក់ងារអង្កេតការណ៍ចុះឈ្មោះបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិ៖ «ឆាឆៅក្នុងកម្មវិធីបណ្តុះបណ្តាលនីតិវិធីចុះឈ្មោះបោះឆ្នោតគេប្រារព្ធ។ ដំណាក់ការនេះគេកំពុងបង្រៀនដល់ភ្នាក់ងារគេឲ្យអង្កេតការណ៍នៃការចុះឈ្មោះបោះឆ្នោត។ រឿងអីមកមើលឯកសារ មកអង្គុយឲ្យចេញមិនចង់ចេញ មកក្រឡុកក្រឆា។ អាហ្នឹងរូបភាពគំរាមកំហែង»។
អាស៊ីសេរី មិនអាចទាក់ទងនាយរងសេនាធិការនៃអធិការស្រុកសេសាន លោក កង ម៉ៅ ដើម្បីសុំការបំភ្លឺបញ្ហានេះបានទេនៅថ្ងៃទី២១ សីហា ព្រោះទូរស័ព្ទចូលច្រើនដងពុំមានអ្នកទទួល។
គណបក្សសង្គ្រោះជាតិ គ្រោងបើកវគ្គបណ្តុះបណ្តាលទូទាំងខេត្តស្ទឹងត្រែង រយៈពេល ៥ថ្ងៃគិតចាប់ពីថ្ងៃទី១៨ សីហា ដោយមានការចូលរួមពីពលរដ្ឋ និងសកម្មជនបក្សនយោបាយរាប់រយនាក់។ វគ្គបណ្តុះបណ្តាលនេះផ្ដោតសំខាន់ស្វែងយល់ពីក្រមសីលធម៌អ្នកអង្កេតការណ៍ចុះឈ្មោះបោះឆ្នោត ដែលតំណាងឲ្យគណបក្សនយោបាយ៕