Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

តើ​អាជីវកម្ម​ខ្នាត​តូច​និង​មធ្យម​គួរ​ធ្វើ​យ៉ាង​ណា​ខ្លះ​ដើម្បី​មាន​ឱកាស​ទទួល​បាន​មូលធន?

$
0
0
សហ​ស្ថាបនិក​នៃ​ក្រុមហ៊ុន សូលេកត្រា អ៊ីនធឺណេស៊ិនណល (Solektra International) លោក ស្ស៊ន នៀង (Thione Niang) (រូប​ទី​២​ពី​ឆ្វេង) ថ្លែង​នៅ​ក្នុង​វេទិកា​ឥស្លាម​ពិភពលោក​លើក​ទី​១២ នៅ​ប្រទេស​ឥណ្ឌូនេស៊ី នៅ​ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០១៦។ Photo WIEF

ដោយ សាន សែល RFA 2016-08-23

នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ឥស្លាម​ពិភពលោក​លើក​ទី​១២ នៅ​ប្រទេស​ឥណ្ឌូនេស៊ី នៅ​ថ្ងៃ​ទី​៤ ខែ​សីហា ក្រុម​អ្នក​ជំនាញ​បាន​អះអាង​ថា វិស័យ​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម ឬ អេស.អិម.អ៊ី (SMEs) ជា​ចលករ​សំខាន់​រុញ​ច្រាន​សេដ្ឋកិច្ច។ យ៉ាង​ណា អេស.អិម.អ៊ី ដែល​ភាគច្រើន​ជា​អាជីវកម្ម​បែប​គ្រួសារ ជា​អាជីវកម្ម​ក្រៅ​ប្រព័ន្ធ ជួប​ការ​លំបាក​ក្នុង​ការ​ទទួល​បាន​ជំនួយ​ហិរញ្ញវត្ថុ ដើម្បី​ពង្រីក​ទំហំ​អាជីវកម្ម។

តើ អេស.អិម.អ៊ី គួរ​ធ្វើ​យ៉ាង​ណា​ខ្លះ​ដើម្បី​មាន​ឱកាស​ទទួល​បាន​មូលធន? ហើយ​តើ​រចនាសម្ព័ន្ធ​បែប​ណា​ដែល​អាច​ឲ្យ អេស.អិម.អ៊ី ទទួល​បាន​ហិរញ្ញវត្ថុ​ដោយ​ចីរភាព?

អាជីវកម្ម​ខ្នាត​តូច និង​មធ្យម ឬ អេស.អិម.អ៊ី (SMEs) មាន​ចំនួន​ជាង ៦០​លាន​អាជីវកម្ម​នៅ​ប្រទេស​ឥណ្ឌូនេស៊ី ដែល​តំណាង​ឲ្យ ៦០​ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប និង​តំណាង​ឲ្យ ៩០​ភាគរយ​នៃ​ការងារ​របស់​ប្រទេស​នេះ។ ចំនួន អេស.អិម.អ៊ី មាន ៥៥​លាន​អាជីវកម្ម​កាល​ពី ៣​ឆ្នាំ​មុន។
អស់​រយៈពេល​ជាច្រើន​ឆ្នាំ ឥណ្ឌូនេស៊ី មាន​គោល​នយោបាយ​លើក​កម្ពស់​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម ឬ អេស.អិម.អ៊ី (SMEs) ដាក់​ឈ្មោះ​ថា «ប៊ុមរ៉ា (Bumra)»។ ប៊ុមរ៉ា បង្កើត​ជា​ប្រព័ន្ធ​អេកូឡូស៊ី​សម្រាប់​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម​មួយ។ ក៏ប៉ុន្តែ​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម​នៅ​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត មិន​ទាន់​មាន​ប្រព័ន្ធ​បែប​នេះ​នៅ​ឡើយ។

សហ​ស្ថាបនិក​នៃ​ក្រុមហ៊ុន សូលេកត្រា អ៊ីនធឺណេស៊ិនណល (Solektra International) លោក ស្ស៊ន នៀង (Thoine Niang) ថ្លែង​ថា ពិភពលោក​ផ្លាស់ប្ដូរ​ដោយសារ​អ៊ីនធឺណិត (Internet) ហើយ​លោក​ថា តាម​រយៈ​អ៊ីនធឺណិត អាជីវកម្ម​ជាច្រើន​បាន​កើត​ឡើង​ព្រោងព្រាត។ លោក​បញ្ជាក់​ពី​បទពិសោធន៍​នៃ​អាជីវកម្ម​របស់​លោក​ក្នុង​សហរដ្ឋ​អាមេរិក ថា អ្វី​ដែល​ត្រូវ​ការ​ចាំបាច់​ក្នុង​កាលៈទេសៈ​អំណោយ​ទាន​ផ្នែក​បច្ចេកវិទ្យា​បច្ចុប្បន្ន គឺ​ឆន្ទៈ។ លោក​សង្កត់​ធ្ងន់​ថា ឆន្ទៈ​នេះ គឺ​សំខាន់​ខ្លាំង​ណាស់៖ «បើ​សិន​ជា​យើង​ព្យាយាម​រៀន​ពី​វា ជា​ឧទាហរណ៍ យើង​ចង់​លក់​សេវាកម្ម ឬ​ក៏​ផលិតផល​ណា​មួយ ហើយ​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​នោះ គឺ​បង្កើត​ទំព័រ​ហ្វេសប៊ុក​មួយ។ ដំបូង​ព្យាយាម​លក់​របស់​សេវាកម្ម​យើង​ជាមួយ​បណ្ដាញ​អ្នក​ដែល​យើង​ស្គាល់ គ្រួសារ ឬ​មិត្តភ័ក្ដិ​ជិតស្និទ្ធ។ ប្រមូល​ក្រដាស​ប្រាក់ ៥​ដុល្លារ ឬ ១០​ដុល្លារ​ពី​អ្នក​ដែល​ជឿជាក់​លើ​យើង​មុន​គេ។ មនុស្ស​នឹង​មក​យក​យើង ពេល​យើង​ជោគជ័យ។ ដូច្នេះ​ភាព​ជា​ដៃគូ​ជា​រឿង​មិន​អាច​មើល​រំលង​បាន»។

លោក ស្ស៊ន បន្ថែម​ទៀត​ថា នៅ​ពេល​លោក​ចាប់​ផ្ដើម​អាជីវកម្ម​ថាមពល​ជីវម៉ាស​ដំបូង គាត់​ព្យាយាម​ជួប​មនុស្ស​ឲ្យ​បាន​ច្រើន ដើម្បី​សិក្សា​ស្វែងយល់​ពី​វិស័យ​នេះ៖ «ស្គាល់​អ្នក​ល្បីៗ​ឲ្យ​បាន​ច្រើន ដែល​ពួក​គេ​មាន​អ្នក​គាំទ្រ ឬ​ហ្វែលឡូវឺ (Followers) ច្រើន។ វា​ល្អ​ដែល​យើង​មាន​អ្នក​ស្គាល់​ច្រើន។ យើង​ផ្ដោត​ធ្វើ​អ្វី​ដែល​យើង​ចេះ ហើយ​ធ្វើ​អ្វី​ដែល​យើង​ស្រឡាញ់»។

លោក ស្ស៊ន អះអាង​ថា លោក​ប្រាប់​ទៅ​យុវជន​ដែល​ចង់​ធ្វើ​ជំនួញ​ថា ពួក​គេ​មិន​ចាំបាច់​មាន​លុយ​ដើម្បី​បង្កើត​អាជីវកម្ម​នោះ​ទេ។ អ្វី​ដែល​គេ​ត្រូវ​ការ​នោះ គឺ​គំនិត។ ប្រសិន​បើ​គេ​មាន​គំនិត ហើយ​មាន​ឆន្ទៈ​អនុវត្ត​គំនិត។

តើ​មាន​ឆន្ទៈ​តែ​មួយ​មុខ​គ្រប់គ្រាន់​ហើយ​ឬ​នៅ ដើម្បី​ជោគជ័យ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​នេះ?

ការ​ព្យាយាម​រក​ទុន​ដើម្បី​ដំណើរ​ការ​អាជីវកម្ម គឺ​លំបាក​គ្រប់​ទីកន្លែង​លើ​ពិភពលោក​សម្រាប់​សហគ្រិន​វ័យ​ក្មេង។ គេ​ត្រូវ​មាន​គំនិត និង​គម្រោង​អាជីវកម្ម​ច្បាស់លាស់។ ពេល​ខ្លះ សហគ្រិន​មិន​មាន​ព័ត៌មាន​គ្រប់គ្រាន់​ដូច​អ្វី​ដែល​ធនាគារ​ទាមទារ ដែល​ពេល​ខ្លះ​ត្រូវ​ការ​លិខិត​ស្នាម​ច្រើន។

វេទិកា​ឥស្លាម​ពិភពលោក​លើក​ទី​១២ នៅ​ប្រទេស​ឥណ្ឌូនេស៊ី នៅ​ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០១៦។ Photo WIEF

នាយក​ប្រតិបត្តិ​នៃ​ធនាគារ​ឥស្លាម​ឌូបៃ (Dubai Islamic Bank) បណ្ឌិត អែដណាន់ ចីលវ៉ាន់ (Adnan Chilwan) មាន​ប្រសាសន៍​ថា ពេល​ខ្លះ​សហគ្រិន​មិន​បាន​ព្យាយាម​សិក្សា​ពី​ហេតុផល ហេតុ​អ្វី​បាន​ជា​អ្នក​ដទៃ​គេ​ជោគជ័យ ហើយ​បដិសេធ​នឹង​បរាជ័យ​ខ្លួន​ឯង។

ថ្នាក់​ដឹកនាំ​នៃ​ធនាគារ​ក្នុង​ប្រទេស​អារ៉ាប់​រួម (United Arab Emirates) នៅ​មជ្ឈិមបូព៌ា​រូប​នេះ​សង្កត់​ធ្ងន់​ថា យុទ្ធសាស្ត្រ​សំខាន់​ដើម្បី​ជួយ​ជំរុញ​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម ត្រូវ​ការ​ការ​ខំ​ប្រឹងប្រែង​ខ្លាំង៖ «យើង​ត្រូវ​ដាក់​ដំណើរ​ការ​ទាំង​ក្នុង​ជំនួញ ជា​ប្រព័ន្ធ​អេកូឡូស៊ី។ ពេល​មាន​ប្រព័ន្ធ​អេកូឡូស៊ី​ច្បាស់លាស់ សហគ្រិន​អាច​រៀបចំ​ប្រព័ន្ធ​អាជីវកម្ម​ច្បាស់លាស់ ដែល​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ជួយ​សម្របសម្រួល»។

លោក​ថ្លែង​ថា អ្វី​ដែល​គេ​តែង​និយាយ​កន្លង​មក គឺ​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម គឺ​ល្អ ដែល​វា​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច ក៏ប៉ុន្តែ​អ្វី​ដែល​សហគ្រិន​ត្រូវ​ការ​នោះ គឺ​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ៖ «ស្ថាប័ន​ហិរញ្ញវត្ថុ​ពង្រីក​ការ​ផ្ដល់​មូលធន​ដល់ អេស.អិម.អ៊ី ក៏ប៉ុន្តែ​ត្រូវ​ដឹង​ថា ស្ថាប័ន​ហិរញ្ញវត្ថុ​ទាំងនេះ​ក៏​ត្រូវ​មាន​ទំនួល​ខុស​ត្រូវ​ចំពោះ​ម្ចាស់​ភាគហ៊ុន»។

លោក អែដណាន់ បញ្ជាក់​ថា នៅ​ពេល​សហគ្រិន​មាន​រចនាសម្ព័ន្ធ​អាជីវកម្ម​ច្បាស់លាស់​ជា​លក្ខណៈ​ស្ថាប័ន​ច្បាស់លាស់ វា​បង្ក​ភាព​ងាយ​ស្រួល​ដើម្បី​ទទួល​បាន​ប្រាក់​ពង្រីក​អាជីវកម្ម ដែល​មាន​លទ្ធភាព​ទូលំទូលាយ​ចូល​ក្នុង​ទីផ្សារ និង​ប្រព័ន្ធ​ច្បាប់៖ «ខ្ញុំ​គិត​ថា​ចំណុច​ទាំងនេះ​សំខាន់​ខ្លាំង​ណាស់»។

ទោះ​បី​ជា​យ៉ាង​ណា ប្រធាន​ផ្នែក​ដៃគូ​សហការ​នៃ​មូលនិធិ អេស.អិម.អ៊ី អ៊ីមផេក (SMEs Impact Fund) លោក ផេនញ៉ែល អាលីវ៉ា (Peniel Uliwa) កត់​សម្គាល់​ឃើញ​ថា អាជីវកម្ម​ខ្នាត​តូច និង​មធ្យម គឺ​ពិបាក​បំពេញ​តម្រូវ​ការ​តាម​ការ​ទាមទារ​របស់​ស្ថាប័ន​ហិរញ្ញវត្ថុ ដើម្បី​ទទួល​បាន​ថវិកា​ដំណើរ​ការ​អាជីវកម្ម។ មូលនិធិ​របស់​លោក ផេនញ៉ែល ជួប​សម្របសម្រួល​សហគ្រិន​នៅ​ប្រទេស​តង់ហ៊្សានី (Tanzania) ទ្វីប​អាហ្វ្រិក។

លោក ផេនញ៉ែល ក៏​សង្កេត​ឃើញ​ការ​បាត់បង់​នូវ​ចំណុច​មួយ​ចំនួន​ក្នុង​ដំណើរ​ការ​ស្វែងរក​ហិរញ្ញប្បទាន​របស់ អេស.អិម.អ៊ី ដែល​ទាមទារ​ឲ្យ​សហគ្រិន​ក្រឡេក​មើល​មុំ​ថ្មី​ពី​ការ​កំណត់​តម្រូវ​ការ៖ «យើង​គួរ​កំណត់​វា​ដោយ​ការ​រីក​ចម្រើន​ផ្នែក​វិស័យ​កសិពាណិជ្ជកម្ម។ សហគ្រិន​ត្រូវ​មាន​ចំណេះ​ពី​ការ​វិភាគ​ទីផ្សារ។ ដូច្នេះ សហគ្រិន​ត្រូវ​ពិនិត្យ​មើល​សង្វាក់​ផលិតកម្ម។ ឧទាហរណ៍​ពិនិត្យ​មើល​ថា តើ​សង្វាក់​ផលិតកម្ម​ក្នុង​កសិពាណិជ្ជកម្ម​នេះ​មាន​អ្វី​ខ្លះ? ហើយ​ដំណាក់​កាល​សំខាន់​នៃ​ឥទ្ធិពល​នេះ គឺ​ទាក់ទង​ជាមួយ​កសិករ និង​អ្នក​ផលិត​មួយ​ចំនួន»។

លោក​បន្ថែម​ថា ប្រសិន​បើ​គេ​ពិនិត្យ​ឲ្យ​ដិតដល់​ពី​តម្រូវ​ការ​សាច់ប្រាក់ ដើម្បី​ឲ្យ​ច្បាស់​ថា ម្ចាស់​អាជីវកម្ម​ត្រូវ​ការ​កម្រិត​ណា? លោក​លើក​ឧទាហរណ៍​ថា កសិពាណិជ្ជកម្ម​ត្រូវ​ការ​វត្ថុ​ធាតុ​ដើម ហើយ​វត្ថុ​ធាតុ​ដើម​ភាគច្រើន​មាន​នៅ​រដូវ​ប្រមូល​ផល ដែល​តម្រូវ​ឲ្យ​សហគ្រិន​មាន​ទុន​ក្នុង​ដៃ​គ្រប់គ្រាន់​ដើម្បី​ទិញ​វត្ថុ​ធាតុ​ដើម​ទុក​ទាន់​ពេលវេលា៖ «យើង​ត្រូវ​ឲ្យ​ច្បាស់​ថា ភាព​ទាន់​ពេល គឺ​សំខាន់។ មូលធន​គឺ​ជា​ផ្នែក​មួយ​ដែល​ត្រូវ​មាន​ក្នុង​ដៃ​ឲ្យ​ទាន់​ពេល ដើម្បី​ឲ្យ​សហគ្រិន​អាច​ដើរ​តួនាទី​ក្នុង​សង្វាក់​ផលិតកម្ម និង​សិក្សា​ពី​ទីផ្សារ»។

លោក អែដណាន់ នៃ​ធនាគារ​អារ៉ាប់​ឌូបៃ គូស​បញ្ជាក់​ថា ក្រៅ​ពី​តម្រូវ​ឲ្យ​មាន​ទុន និង​ប្រព័ន្ធ​រចនាសម្ព័ន្ធ​មួយ​រឹងមាំ រដ្ឋាភិបាល​ត្រូវ​ដើរ​តួនាទី​ឲ្យ​សកម្ម ដើម្បី​ជួយ​សម្រួល​សហគ្រិន៖ «រដ្ឋាភិបាល​មិន​អាច​ចេះ​តែ​បន្ត​និយាយ​ពី​តួនាទី និង​សារសំខាន់​របស់​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម​នោះ​ទេ គឺ​ត្រូវ​ធ្វើ​សកម្មភាព។ ក្រុម​ការងារ​បច្ចេកទេស គោល​នយោបាយ និង​នីតិវិធី​ផ្សេង​ទៀត គឺ​បាន​រៀបចំ​រួច​ហើយ ក៏ប៉ុន្តែ​សួរ​ថា តើ​នរណា​ជា​អ្នក​អនុវត្ត​វា?»។

លោក​បន្ត​ទៀត​ថា កម្មវិធី​លើក​ទឹក​ចិត្ត​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម ក៏​រដ្ឋាភិបាល​គួរ​ជួយ​ឧបត្ថម្ភ​គាំទ្រ ហើយ​មិន​មែន​តែ​ជួយ​ផ្នែក​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​ជួយ​ផ្នែក​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ផង​ដែរ៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>