Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

ដើម​បណ្ដឹង​រដ្ឋប្បវេណី​ថា​គាត់​ព្រម​ទទួល​យក​ការ​រៀបការ​ដោយ​បង្ខំ​ព្រោះ​ចង់​រក្សា​ជីវិត

$
0
0
ដើម​បណ្ដឹង​រដ្ឋប្បវេណី​ដែល​លាក់​ឈ្មោះ​មាន​លេខ​កូដ 2TCCP-232 (ស្ដាំ) ជម្រាប​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០១៦។ Photo courtesy of ECCC

ដោយ ឡេង ម៉ាលី RFA 2016-08-25

អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី​២៥ សីហា បន្ត​សវនាការ​ស្ដាប់​ការ​ថ្លែង​ទុក្ខ​សោក​របស់​ដើម​បណ្ដឹង​រដ្ឋប្បវេណី​មួយ​រូប​ទៀត ដែល​មាន​លេខ​កូដ 2TCCP-232 អះអាង​ថា គាត់​ព្រម​ទទួល​យក​ការ​រៀបការ​ដោយ​បង្ខំ ព្រោះ​ខ្លាច​គេ​យក​ទៅ​សម្លាប់។

ដើម​បណ្ដឹង​រដ្ឋប្បវេណី​ដែល​នៅ​លាក់​ឈ្មោះ ព្រោះ​ឋិត​ក្រោម​ការ​ស៊ើប​អង្កេត​ក្នុង​សំណុំ​រឿង​០០៣ និង​០០៤ នៅ​ឡើយ បាន​ជម្រាប​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ថា លោក​មិន​ហ៊ាន​ប្រកែក​នឹង​អង្គការ​ខ្មែរ​ក្រហម ដែល​បង្ខំ​ឲ្យ​លោក​រៀបការ​ទេ ព្រោះ​ដើម្បី​រក្សា​ជីវិត​ខ្លួន​ឯង​ផង និង​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត​ផង៖ «គាត់​សួរ​ទី​មួយ​ថា ធ្វើ​កូន​អង្គការ​ទេ? ដោយ​ខ្ញុំ​ខ្លាច​ស្លាប់​ទាំង​នារី​ជា​គូ​ដណ្ដឹង ដោយ​ខ្ញុំ​ខ្លាច​ស្លាប់​ទាំង​ខ្លួន​ខ្ញុំ ដោយ​នឹក​ឃើញ​ខ្លាច​ស្លាប់​ដល់​បង​ប្អូន​ច្រើន​ទៀត ខ្ញុំ​សុខ​ចិត្ត​ឆ្លើយ​ថា ជា​កូន​អង្គការ រួច​ប្រធាន​កង​សួរ​គ្រប់​បី​ដង​ថា កូន​អង្គការ​ទេ? ខ្ញុំ​ថា បាទ​កូន​អង្គការ ដើម្បី​រួច​រស់​ជីវិត ត្រូវ​តែ​ឆ្លើយ។ រួច​ហើយ​មេ​កង រី ហ្នឹង​កត់​កំណត់​ហេតុ​លេខ​១ លេខ​២ លេខ​៣ អ៊ីចឹង​ទៅ ថា​ខ្ញុំ​ហ្នឹង​សុខ​ចិត្ត​ហើយ។ បើ​ខ្ញុំ​មិន​សុខ​ចិត្ត​ធ្វើ​តាម​ទេ ឬ​ខ្ញុំ​ប្រឆាំង​ថា​មិន​មែន​កូន​អង្គការ មិន​ធ្វើ​តាម​ការ​ណែនាំ​របស់​មេ​កង ខ្ញុំ​ប្រហែល​ជា​ទៅ​មន្ទីរ​ឧក្រិដ្ឋកម្ម​ណា​មួយ​ហើយ។ បើ​ខ្ញុំ​ឆ្លើយ​អ៊ីចឹង​ទៅ គឺ​ខ្ញុំ​បាន​រួច​ខ្លួន»។

លោក​បាន​ចាត់​ទុក​ការ​បង្ខំ​របស់​ខ្មែរ​ក្រហម​ឲ្យ​លោក​រៀបការ​នេះ ថា​ជា​ភាព​ឃោរឃៅ ព្រោះ​ពួក​គេ​បាន​បំបាត់​សេចក្ដី​ស្រឡាញ់​ចំពោះ​គូ​ដណ្ដឹង​របស់​លោក ហើយ​បង្ខំ​ឲ្យ​រៀបការ​ជាមួយ​មនុស្ស​ដែល​លោក​មិន​បាន​ឃើញ ឬ​ស្គាល់​គ្នា​សោះ៖ «អាពាហ៍ពិពាហ៍​នេះ ខ្ញុំ​សោកស្ដាយ​បំផុត​លោក​ប្រធាន សោកស្ដាយ​ត្រង់​ថា គូ​ដណ្ដឹង​របស់​ខ្ញុំ​ត្រូវ​បាន​គ្នា​ជា​ប្ដី​ប្រពន្ធ​ទៅ​អនាគត ហើយ​មិន​បាន​គ្នា។ ដូចជា​ផ្លែ​ឈើ​កំពុង​តែ​ពេញ ហើយ​បេះ​ម៉ាត់​មក​ដូច​ផ្លែ​ស្វាយ​ស្រក់​ជ័រ។ ខ្ញុំ​ពេល​ហ្នឹង ប្រធាន​កង​ផ្ដាច់​មនោសញ្ចេតនា ហើយ​ខ្ញុំ​គ្មាន​សិទ្ធិ​តវ៉ា​អី មាន​តែ​ចុក​ទ្រូង​ចុក​ថ្លើម ពិបាក​ក្នុង​ចិត្ត»។

ដើម​បណ្ដឹង​រូប​នេះ​បន្ត​ថា មូលហេតុ​ដែល​ពួក​ខ្មែរ​ក្រហម​បំបែក​លោក​ពី​គូ​ដណ្ដឹង​ចាស់​របស់​លោក ពីព្រោះ​គេ​ចាត់​ទុក​គូ​ដណ្ដឹង​របស់​លោក ថា​មាន​ប្រវត្តិ​គ្រួសារ​ជា​សមាសភាព​ខ្មាំង​របស់​បដិវត្តន៍ ហើយ​ត្រូវ​បាន​គេ​យក​ទៅ​សម្លាប់​រួច​ហើយ៖ «មាន​បង​ប្រុស​គាត់​មួយ​ត្រូវ​អង្គការ​កម្ទេច។ អ៊ីចឹង​ប្រធាន​កង រី ហ្នឹង បាន​សួរ​ខ្ញុំ​ថា បើ​មាន​អង្គការ​កម្ទេច​អ៊ីចឹង មិត្ត​ឯង​មិន​អាច​រៀបការ​ជាមួយ​នារី​ហ្នឹង​បាន​ទេ ព្រោះ​ថ្ងៃ​ក្រោយ​ទៅ​មិត្ត​ឯង​នឹង​ស្លាប់​តាម​បង​ប្អូន​នារី​ហ្នឹង​ហើយ ព្រោះ​នារី​ហ្នឹង​ឋិត​នៅ​ក្នុង​ការ​តាមដាន​របស់​អង្គការ។ អ៊ីចឹង បើ​កាលណា​សម្លាប់​នារី​ហ្នឹង ក៏​សម្លាប់​មិត្ត​ឯង​ដែរ។ អ៊ីចឹង មិត្ត​ឯង​ត្រូវ​ដូរ​ចិត្ត​ធ្វើ​ម៉េច។ ឥឡូវ​ខ្ញុំ​ឲ្យ​មិត្ត​ឯង​ធ្វើ​ជា​កូន​អង្គការ មិត្ត​ឯង​យល់​យ៉ាង​ម៉េច? ពិចារណា​មើល។ ចង់​ងាប់ ឬ​ចង់​រស់? បើ​យក​នារី​ហ្នឹង មាន​តែ​ងាប់​ហើយ គឺ​ការ​កម្ទេច​ដក​ស្មៅ​ទាំង​ឫស។ មេ​កង​ហ្នឹង​ថា​អ៊ីចឹង»។

រហូត​មក​ដល់​ពេល​នេះ អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​បាន​ស្ដាប់​សក្ខីកម្ម​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ចំនួន ៣​រូប​ហើយ ទាក់ទង​នឹង​អង្គ​ហេតុ​រៀប​អាពាហ៍ពិពាហ៍​ដោយ​បង្ខំ និង​ការ​រំលោភ​សេពសន្ថវៈ​នៅ​ក្នុង​របប​ខ្មែរ​ក្រហម។ អង្គ​ហេតុ​នេះ ជា​បទ​ចោទ​មួយ​ប្រឆាំង​អតីត​មេ​ដឹកនាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​ពីរ​រូប ក្នុង​សំណុំ​រឿង​លេខ​០០២ វគ្គ​២ គឺ​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន។

សវនាការ​លើ​សំណុំ​រឿង​លេខ​០០២ វគ្គ​២ សម្រាប់​សប្ដាហ៍​នេះ ត្រូវ​បាន​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​សម្រេច​ផ្អាក​ត្រឹម​រសៀល​ថ្ងៃ​ទី​២៥ សីហា ហើយ​សវនាការ​នឹង​ត្រូវ​លើក​ទៅ​បន្ត​នៅ​ថ្ងៃ​ច័ន្ទ ទី​២៩ សីហា សប្ដាហ៍​ក្រោយ។ សវនាការ​នោះ អង្គ​ជំនុំ​ជម្រះ​នឹង​ស្ដាប់​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ថ្មី​ក្នុង​អង្គ​ហេតុ​នេះ​មួយ​រូប​ទៀត ដែល​មាន​លេខ​កូដ​ថា 2TCCP-219៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>