Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

អ្នក​វិភាគ​ស្នើ​ឲ្យ ACU ស៊ើប​អង្កេត​អ្នក​ផ្ដល់​លុយ​ដ៏​ច្រើន​ដល់​កាកបាទ​ក្រហម​កម្ពុជា

$
0
0
ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យ៉ិនទៀង ថ្លែង​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៦។ RFA/Leng Maly

ដោយ ម៉ម មុនីរតន៍ RFA 2016-05-08

នៅ​ក្នុង​ទិវា​កាកបាទ​ក្រហម​អឌ្ឍចន្ទ​ក្រហម​លើក​ទី​១៥៣ ឆ្នាំ​នេះ ប្រមុខ​រដ្ឋាភិបាល បាន​អំពាវនាវ​ជា​ថ្មី​ទៀត សូម​ឲ្យ​អ្នក​មាន​ធនធាន​ទ្រព្យ​សម្បត្តិ ជួយ​បរិច្ចាគ​លុយ​ផ្ទាល់​ខ្លួន​ដើម្បី​សង្គម និង​ជួយ​ជន​រងគ្រោះ។ គេ​សង្កេត​ឃើញ​ថា ក្រោយ​ការ​អំពាវនាវ​របស់​លោក ហ៊ុន សែន ភ្លាម មាន​អ្នក​ឧកញ៉ា អង្គ​ទូត និង​អ្នក​ដែល​ប្រកប​អាជីវកម្ម​កម្រិត​មធ្យម និង​ខ្នាត​ធំ បាន​ចូលរួម​ផ្ដល់​លុយ​ជា​បន្តបន្ទាប់។

អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម យល់​ឃើញ​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) ត្រូវ​តែ​សិក្សា និង​ស៊ើប​អង្កេត​លុយ​ទាំង​នេះ ថា​តើ​អ្នក​ផ្ដល់​លុយ​ទាំង​នោះ​បាន​លុយ​មក​ពីណា អាច​មាន​ករណី​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ដែរ​យ៉ាង​ណា?

លុយ​មិន​តិច​ជាង ១៣​លាន​ដុល្លារ​ទេ ដែល​កាកបាទ​ក្រហម​ទទួល​បាន​ក្នុង​ឆ្នាំ​នេះ ក្រោយ​ពី​បញ្ចប់​ពិធី​ខួប​លើក​ទី​១៥៣ ឆ្នាំ​នៃ​ទិវា​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម​ពិភពលោក សម្រាប់​ថ្ងៃ​ទី​៨ ឧសភា។

បើ​ទោះ​បី​ជា​បែប​ណា អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម​វិញ រិះគន់​ថា បញ្ហា​លុយ​ដែល​អ្នក​រក​ស៊ី និង​ឧកញ៉ា​មួយ​ចំនួន​បាន​ផ្ដល់​ដល់​កាកបាទ​ក្រហម​នៅ​ពេល​នេះ អាច​មាន​មន្ទិល​សង្ស័យ ថា​អាច​ជា​ករណី​លាង​លុយ​កខ្វក់​ក៏​អាច​ថា​បាន។ បញ្ហា​នេះ ស្ថាប័ន​ប្រឆាំង​អំពើ​ពុក​រលួយ ត្រូវ​បើក​ការ​ស៊ើប​អង្កេត ដើម្បី​ឲ្យ​ប្រាកដ​ថា ប្រភព​លុយ​ដែល​បាន​បរិច្ចាគ​នេះ អាច​ជា​លុយ​ស្អាតស្អំ ឬ​យ៉ាង​ណា។

អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក មាស នី មាន​ប្រសាសន៍​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដែល​គ្រប់គ្រង​ដោយ​លោក ឱម យ៉ិនទៀង ត្រូវ​ពិនិត្យ​លើ​ការ​ផ្ដល់​លុយ​ដ៏​ច្រើន​លើសលប់​នេះ ដើម្បី​ធានា​ថា ជា​លុយ​ដែល​មិន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ។ លោក​បន្ត​ថា ភាព​ស្មុគស្មាញ​នេះ មាន​បញ្ហា​ច្រើន​ណាស់ ដោយ​រាប់​ចាប់​ពី​ស្ថាប័ន​កាកបាទ​ក្រហម​នេះ​ឡើង។ ក៏ប៉ុន្តែ​បញ្ហា​នេះ​នៅ​ត្រង់​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ គេ​សង្កេត​ឃើញ​ថា កម្រ​ធ្វើ​កិច្ចការ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ណាស់ លុះត្រា​តែ​មាន​បណ្ដឹង ទើប​អាច​ដំណើរ​ការ​រឿង​ក្ដី​បាន។ នេះ​ជា​មូលហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​មាន​មន្ទិល​សង្ស័យ​ថា លុយ​ដែល​បាន​បរិច្ចាគ​នេះ អាច​ជា​មធ្យោបាយ​លាង​ខ្លួន​ផង​ក៏​អាច​ថា​បាន​ដែរ។ លោក​បន្ត​ថា «ខ្ញុំ​គិត​ថា​ទី​មួយ សំខាន់​យើង​ចាប់​ផ្ដើម​ពី​ស្ថាប័ន​កាកបាទ​ក្រហម​ខ្លួន​ឯង ថា​តើ​ស្ថាប័ន​កាកបាទ​ក្រហម​ហ្នឹង​ផ្អែក​ទៅ​លើ​គុណ​តម្លៃ​អ្វី? បើ​សិន​ជា​ផ្អែក​ទៅ​លើ​គុណ​តម្លៃ​យុត្តិធម៌ សមធម៌ ហើយ​និង​ការ​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស កាកបាទ​ក្រហម មិន​គិត​ត្រឹម​តែ​ការ​ប្រមូល​លុយ​យក​មក ហើយ​យក​ទៅ​ជួយ​ដល់​ជន​រងគ្រោះ​នោះ​ទេ ព្រោះ​លុយ​ខ្លះ​បាន​យក​មក​ជួយ​កាកបាទ​ក្រហម ក៏​អាច​ជា​លុយ​កខ្វក់​ដែរ»។

គេ​សង្កេត​ឃើញ​ថា ក្នុង​ពេល​ពិធី​ត្រូវ​បាន​បិទ​បញ្ចប់​ភ្លាម មនុស្ស​មួយ​ចំនួន​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល ក៏​បាន​ផ្ដល់​លុយ​ដ៏​ច្រើន​ក្នុង​ទំហំ​ទឹក​ប្រាក់​ដ៏​ច្រើន។ បញ្ជី​ឈ្មោះ​ដែល​គេ​ផ្សព្វផ្សាយ បាន​បង្ហាញ​អ្នក​ដែល​បរិច្ចាគ​ច្រើន​ជាង​គេ គឺ​ម្ចាស់​ក្រុមហ៊ុន​សាងសង់​ផ្ទះ​ពិភព​ថ្មី ផ្ដល់​ជូន​ជាង ១​លាន ២​សែន​ដុល្លារ​សហរដ្ឋ​អាមេរិក។ ដោយឡែក​នៅ​ឆ្នាំ​នេះ គេ​សង្កេត​ឃើញ​ស្ថានទូត​ពីរ​ប្រចាំ​កម្ពុជា បាន​ផ្ដល់​លុយ​ដល់​កាកបាទ​ក្រហម​ដែរ ក្នុង​នោះ​ស្ថានទូត​ចិន ចំនួន ១​ម៉ឺន​ដុល្លារ។ ការ​បរិច្ចាគ​ដែល​មាន​ចំនួន​តិច​ជាង​គេ គឺ​ស្ថានទូត​ភូមា ដែល​មាន​ចំនួន ៥០​ដុល្លារ។ តួលេខ​នេះ នៅ​មិន​ទាន់​គិត​ដល់​ឧកញ៉ា និង​ឈ្មួញ​រក​ស៊ី​ធំៗ​មួយ​ចំនួន​ទៀត​នៅ​ឡើយ​ផង។

របាយការណ៍​ដែល​ត្រូវ​គេ​ផ្សព្វផ្សាយ​ជា​សាធារណៈ បាន​បង្ហាញ​ថា លុយ​ដែល​កាកបាទ​ក្រហម​ទទួល​បាន​ពី​ការ​បរិច្ចាគ​នេះ មាន​ចំនួន​ជាង ១៣​លាន ៤​សែន​ដុល្លារ​អាមេរិក។

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យ៉ិនទៀង ប្រតិកម្ម​ថា ការ​លើក​ឡើង​របស់​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ គឺ​ជា​ការ​រិះគន់​ដែល​ឡប់​សតិ។ លោក​បន្ត​ថា «គាត់​ហ្នឹង​កើត​ជំងឺ​សរសៃ​ប្រាសាទ​ទេ​ដឹង ដែល​គាត់​ចេះ​តែ​លើក​អ៊ីចឹង»។

អ្នក​វិភាគ​សង្គម​សង្កេត​ឃើញ​ថា ការ​បរិច្ចាគ​លុយ​កាក់ និង​ធនធាន​កន្លង​ទៅ​នេះ​របស់​ឧកញ៉ា និង​ឈ្មួញ​ខ្លះ គឺ​ដើម្បី​បាន​សុខ ជាពិសេស​ចៀសវាង​ការ​គំរាម​កំហែង​សម្រាប់​អាជីវកម្ម​ផ្ទាល់​ខ្លួន ក៏ប៉ុន្តែ​ពេល​ខ្លះ ការ​ផ្ដល់​លុយ​របស់​មនុស្ស​ចំនួន អាច​ស្ថិត​ក្រោម​ហេតុផល​ដើម្បី​បាន​បុណ្យ​ស័ក្ដិ កិត្តិយស និង​មុខ​តំណែង​ក៏​អាច​ថា​បាន​ខ្លះ​ដែរ។

ថ្លែង​នៅ​ក្នុង​ទិវា​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម នៅ​ទីស្នាក់ការ​កណ្ដាល​កាកបាទ​ក្រហម​កម្ពុជា ក្នុង​រាជធានី​ភ្នំពេញ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ជា​ថ្មី​ទៀត ដោយ​ស្នើ​ឲ្យ​អ្នក​មាន​ធនធាន ត្រូវ​ហ៊ាន​បរិច្ចាគ​ទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លួន ដើម្បី​ជួយ​ជន​រងគ្រោះ។ លោក ហ៊ុន សែន ចាត់​ទុក​ថា ការ​រួម​ចំណែក​នៅ​ពេល​នេះ គឺ​ជា​ការ​រួម​គ្នា​ក្នុង​ការ​កសាង​ប្រទេស ស្រប​ពេល​ពិភពលោក​កំពុង​រង​ការ​គំរាម​កំហែង​ដោយ​គ្រោះ​រាំង​ស្ងួត។ លោក​បន្ត​ថា «ខ្ញុំ​សង្ឃឹម​ថា​ការ​យោគយល់ ការ​ចូលរួម​ពី​សំណាក់​បង​ប្អូន​សប្បុរសជន នៅ​តែ​បន្ត​ដោះស្រាយ​កង្វល់ និង​ការ​លំបាក​របស់​ប្រជាជន។ កិច្ចការ​មនុស្សធម៌ ពិត​ជា​គ្មាន​ព្រំដែន​នោះ​ទេ ហើយ​គ្រោះ​មហន្តរាយ​ក៏​គ្មាន​ព្រំដែន​នោះ​ដែរ»។

ប្រធាន​ស្តីទី​គណបក្ស​ប្រឆាំង លោក កឹម សុខា ថ្លែង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ដើម្បី​ឲ្យ​ប្រទេស​មាន​ការ​អភិវឌ្ឍ​ជឿនលឿន​ទៅ​បាន លុះត្រា​តែ​រដ្ឋាភិបាល​បោស​សម្អាត​អំពើ​ពុក​រលួយ​ឲ្យ​បាន​ស្អាតស្អំ​ជា​មុន​សិន។ អំពើ​ពុក​រលួយ​ដែល​លោក កឹម សុខា ចាត់​ទុក​ថា​កំពុង​តែ​ញាំញី​នៅ​ក្នុង​សង្គម​ស្ទើរ​ក្លាយ​ទៅ​ជា​ប្រព័ន្ធ​ទៅ​ហើយ​នោះ គឺ​សំដៅ​ដល់​ពុក​រលួយ​ចាប់​ពី​ថ្នាក់​ជាតិ​រហូត​ដល់​មូលដ្ឋាន។

ក្រៅ​ពី​នេះ​វិញ អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​យល់​ឃើញ​ថា កំណែ​ទម្រង់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ សព្វថ្ងៃ​នេះ គឺ​ធ្វើ​ឡើង​សើៗ និង​គ្រាន់​តែ​ធ្វើ​ឲ្យ​ល្អ​មើល​ប៉ុណ្ណោះ៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>