Quantcast
Viewing all articles
Browse latest Browse all 40045

អ្នក​នៅ​តំបន់​ភ្នំ​គូលែន​ខ្លះ​ប្រកប​របរ​សុំទាន​ខណៈ​តំបន់​​នេះ​កំពុង​ទាក់ទាញ​ទេសចរ

Image may be NSFW.
Clik here to view.
អ្នក​សុំ​ទាន​អង្គុយ​តម្រៀប​ជួរ​គ្នា​​តាម​ជណ្ដើរ​ឡើង​ទៅ​ព្រះ​អង្គធំ នា​ភ្នំ​គូលែន ដើម្បី​ចាំ​សុំទាន​អ្នក​ទេសចរណ៍ កាល​ពី​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Hang Savyouth


ដោយ ហង្ស សាវយុត RFA 2016-08-26

តំបន់​ឧទ្យាន​ជាតិ​ព្រះអង្គ​ធំ​លើ​ខ្នងភ្នំ​គូលែន ដែល​ជាទី​ល្បីល្បាញ​ជា​យូរ​មក​ហើយ​ថា​មាន​វត្ថុ​សក្ដិសិទ្ធិ​ផង​នោះ កំពុង​មាន​សក្ដានុពល​យ៉ាង​ខ្លាំង​ក្នុង​ការ​ទាក់ទាញ​ទេសចរ​ជាតិ និង​អន្តរជាតិ ឱ្យ​ឡើង​ទៅ​កម្សាន្ត​ឥត​ដាច់​ស្ទើរ​តែ​រៀងរាល់​ថ្ងៃ។

វត្តមាន​​ទេសចរ​ទៅ​កាន់​ភ្នំ​គូលែន ជា​រៀងរាល់ថ្ងៃ​ធ្វើ​ឱ្យ​អ្នក​ជំនួញ​ជា​ច្រើន​មក​ពី​ខេត្ត​មួយ​ចំនួន ដូចជា​បាត់ដំបង កំពង់ចាម កំពង់ធំ ជាដើម នាំ​គ្នា​ឡើង​ទៅ​ស្នាក់នៅ​ប្រកប​របរ​លក់​ដូរ​នំ ចំណី ព្រម​ទាំង​វត្ថុ​អនុស្សាវរីយ៍​ទៅ​ឱ្យ​ទេសចរ​ដោយ​រក​បាន​កម្រៃ​សមរម្យ​សម្រាប់​ចិញ្ចឹម​ជីវិត។ ក៏​ប៉ុន្តែ​ចំពោះ​ប្រជាពលរដ្ឋ​ខ្លះ ដែល​ជា​ម្ចាស់​ស្រុក​នៅ​លើ​ខ្នង​ភ្នំ​វិញ មិន​មាន​លទ្ធភាព​រក​ចំណូល​ពី​វិស័យ​ទេសចរណ៍​នោះ​ទេ គឺ​ពួកគេ​បាន​ត្រឹមតែ​ធ្វើ​ជា​អ្នក​សុំ​ទាន​ពី​អ្នក​ទេសចរ​ទៅ​វិញ។

«សំឡេង​កូតទ្រ»៖ សំឡេង​កូតទ្រ​ដែល​ឮ​នេះ គឺ​រសាត់​ចេញ​ពី​កន្លែង​បុរស​ពិការ​ភ្នែក​ម្នាក់​ដែល​អង្គុយ​សុំទាន​ផ្ទាល់​លើ​កម្រាល​ឥដ្ឋ​នៃ​ជណ្ដើរ​ឡើង​ទៅ​កាន់​ទី​សក្ការៈ​តំបន់​ព្រះអង្គ​ធំ​លើ​ខ្នងភ្នំ​គូលែន។ គាត់​អង្គុយ​កូតទ្រ​ដោយ​មាន​ដាក់​កញ្ច្រែង​ជ័រ​តូច​មួយ​ក្បែរ​ខ្លួន ដើម្បី​ឱ្យ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​ណា​ដែល​មាន​ក្ដី​អាណិត​អាសូរ ហើយ​បរិច្ចាគ​លុយ​ខ្លះ​សម្រាប់​ជួយ​ឱ្យ​រូប​គាត់​យក​ទៅ​ចិញ្ចឹម​ជីវិត។

ជា​រៀងរាល់​ថ្ងៃ នៅ​តាម​កាំជណ្ដើរ​ឡើង​ទៅ​កាន់​ព្រះអង្គ​ធំ​លើ​ខ្នងភ្នំ​គូលែន មិន​មែន​មាន​តែ​បុរស​ពិការ​ភ្នែក​កូតទ្រ​ដើម្បី​សុំទាន​តែ​ម្នាក់​ប៉ុណ្ណោះ​ទេ គឺ​នៅ​ក្បែរៗ​ខ្លួន​របស់​គាត់​មាន​ស្ត្រី និង​បុរស​វ័យ​ចាស់ៗ​ជា​ម្ចាស់​ស្រុក​នៅ​លើ​ភ្នំ​គូលែន​នេះ​ជា​ច្រើន​ទៀត បាន​អង្គុយ​តម្រៀប​គ្នា​រង់ចាំ​សុំ​ទាន​អ្នក​ទេសចរណ៍​ដែល​មក​កម្សាន្ត។

ស្ត្រី​វ័យ​ចំណាស់​ម្នាក់ អាយុ ៧៤​ឆ្នាំ ក្នុង​ចំណោម​អ្នក​សុំ​ទាន​ជា​ច្រើន​ទៀត​នៅ​តាម​កាំជណ្ដើរ​ឡើង​ទៅ​ព្រះអង្គ​ធំ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ។ គាត់​មាន​ប្រសាសន៍​ថា គាត់​មាន​កំណើត និង​រស់​នៅ​ភូមិ​ពពេល នៃ​ឃុំ​ខ្នងភ្នំ ជា​យូរ​មក​ហើយ។

ស្ត្រី​ដដែល​បញ្ជាក់​ថា ជា​រៀងរាល់​ថ្ងៃ រូប​គាត់​បាន​ក្រោក​ពី​ព្រលឹម​ចេញ​ពី​កូន​ខ្ទម​កម្សត់​តូច​មួយ ហើយ​ដើរ​ដោយ​ថ្មើរ​ជើង​មក​តំបន់​ព្រះអង្គ​ធំ​ដើម្បី​អង្គុយ​សុំទាន។ គាត់​មាន​កូន ​៣​នាក់​ដែល​មាន​ប្ដី​ប្រពន្ធ​អស់​ទៅ​ហើយ ក៏ប៉ុន្តែ​កូនៗ​ទាំង​នោះ​មិន​អាច​ឱ្យ​គាត់​ទី​ពឹង​បាន​ទេ ពីព្រោះ​ពួកគេ​គិតតែ​ពី​ផឹក​ស្រា។

ស្ត្រី​ដដែល​បញ្ជាក់​ថា ស្ថានភាព​បច្ចុប្បន្ន​នេះ រូប​គាត់​មាន​វ័យ​កាន់​តែ​ចាស់ ហើយ​ប្ដី​ស្លាប់​ចោល​គ្មាន​ទី​ពឹង រួម​ទាំង​គ្មាន​កម្លាំង​ធ្វើ​ស្រែ​ចម្ការ​ផង ក៏​សម្រេច​ចិត្ត​អង្គុយ​សុំ​ទាន​គេ​សម្រាប់​ចិញ្ចឹម​ជីវិត​ចុង​ក្រោយ៖ «មិន​ដែល​មាន​ដីស្រែ​ទេ មាន​តែ​ចម្ការ ប៉ុន្តែ​ពេល​ដែល​ខ្ញុំ​មេម៉ាយ អត់​មាន​អ្នក​កាប់ឆ្ការ ក៏​មក​អង្គុយ​សុំទាន​គេ​ដូច​នេះ​ទៅ»។

Image may be NSFW.
Clik here to view.
អ្នក​សុំ​ទាន​អង្គុយ​តម្រៀប​ជួរ​គ្នា​​តាម​ជណ្ដើរ​ឡើង​ទៅ​ព្រះ​អង្គធំ នា​ភ្នំ​គូលែន ដើម្បី​ចាំ​សុំទាន​អ្នក​ទេសចរណ៍ កាល​ពី​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Hang Savyouth


ស្ត្រី​ចំណាស់​ម្នាក់​ទៀត​ដែល​មាន​ទឹក​មុខ​ស្លេកស្លាំង ហាក់​ដូច​ជា​មាន​ជំងឺ​ប្រចាំ​កាយ ហើយ​អង្គុយ​នៅ​ជាប់​គ្នា​នោះ មាន​ប្រសាសន៍​ប្រហាក់ប្រហែល​គ្នា​ថា រូប​គាត់​មាន​ដី​ចម្ការ​ខ្លះ​នៅ​លើ​ខ្នងភ្នំ​គូលែន ប៉ុន្តែ​បច្ចុប្បន្ន​គាត់​មាន​ជំងឺ​ឥត​ដាច់ និង​គ្មាន​កម្លាំងកាយ​ផង​ក៏​បង្ខំចិត្ត​មក​អង្គុយ​សុំទាន​អ្នក​ទេសចរណ៍​នៅ​តំបន់​ព្រះអង្គ​ធំ ដើម្បី​បាន​ប្រាក់​ខ្លះ​គ្រាន់​ចិញ្ចឹម​ជីវិត៖ «ខ្ញុំ​វា​មិន​មាន​កម្លាំង​ធ្វើ​ការ​ណា។ ខ្ញុំ​ឈឺ ពេល​ខ្លះ​មក​អង្គុយ​សុំ​ទាន​គេ បាន​ប្រាក់ ២​ពាន់​រៀល​ក្នុង​១​ថ្ងៃ​ដើម្បី​បាន​យក​ទៅ​ទិញ​អង្ករ​ដាំ​បាយ​ហូប»។

តំបន់​ភ្នំ​គូលែន គឺ​ជា​ឧទ្យាន​ជាតិ​ដែល​មាន​ធម្មជាតិ​ចម្រុះ​រីក​ស្រស់​ត្រកាល​គ្រប់​រដូវ ព្រមទាំង​ជា​អតីត​រាជធានី​មហិន្ទ្របពត៌ ដោយ​មាន​បន្សល់ទុក​នូវ​ប្រាសាទ​បុរាណ និង​កន្លែង​សក្ការបូជា​ខាង​សាសនា​ជា​ច្រើន​ទៀត។ អ្វី​ដែល​អ្នក​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ចាប់​អារម្មណ៍​ខ្លាំង​ជាង​គេ​បំផុត គឺ​ទឹកជ្រោះ​នៃ​ជីវិត​សត្វ​លោក​ដែល​នៅ​បាត​អូរ ក្រោម​ទឹក មាន​ឆ្លាក់​រូប​ទេវ នៃ​លទ្ធិ​ព្រហ្មញ្ញ​ជាច្រើន ហើយ​ហូរ​ធ្លាក់​ចុះ​ធ្វើ​ឱ្យ​អ្នក​ទេសចរណ៍​ចម្រុះ​ជាតិ​សាសន៍​ចូល​ចិត្ត​នាំ​គ្នា​ចុះ​ងូត​ជម្រះ​មន្ទិល​នានា​ទៀត​ផង។

ដោយសារ​ភាព​ទាក់ទាញ​របស់​ភ្នំ​គូលែន មាន​ច្រើន​យ៉ាង បាន​ធ្វើ​ឱ្យ​អ្នក​ទេសចរណ៍​ចម្រុះ​ជាតិ​សាសន៍​តែង​នាំគ្នា​ឡើង​ទៅ​ទស្សនា​ទី​នោះ បង្កើត​ឱកាស​ឱ្យ​ក្រុម​មនុស្ស​មក​ពី​តំបន់​ផ្សេង​ជា​ច្រើន​ចូល​ទៅ​លក់​ដូរ​ម្ហូប​អាហារ នំ ចំណី និង​វត្ថុ​អនុស្សាវរីយ៍ ដោយ​រក​បាន​ចំណូល​យ៉ាង​សមរម្យ។

ទោះ​ជា​យ៉ាង​ណា ពលរដ្ឋ​ដែល​ជា​ម្ចាស់​ស្រុក​រស់​នៅ​លើ​ខ្នងភ្នំ​គូលែន ជា​យូរ​មក​ហើយ​​នោះ ហាក់​ដូចជា​មានលទ្ធភាព​តិចតួច​ក្នុង​ការ​ស្រូប​យក​ចំណូល​ដែល​បាន​ពី​វិស័យ​ទេសចរណ៍​នោះ ដោយសារ​តែ​ពួកគេ​មិន​ចេះ​រក​ស៊ី​របៀប​អ្នក​ជំនួញ​ទេ គឺ​ចេះតែ​ធ្វើ​ស្រែ​ចម្ការ។

មេ​ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយលើ លោក ឈឿម តាំង ទទួល​ស្គាល់​ថា បច្ចុប្បន្ន​នេះ​ពិត​ជា​មាន​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ស្រុក​នៅ​លើ​ខ្នង​ភ្នំ​គូលែន ក្រីក្រ រហូត​ដល់​ក្លាយ​ទៅ​ជា​អ្នក​សុំទាន​មែន។

នៅ​ឃុំ​ខ្នងភ្នំ មាន​ប្រជាពលរដ្ឋ​រស់​នៅ​ចំនួន​ជាង ៩៤០​គ្រួសារ ហើយ​ក្នុង​នោះ​មាន​ប្រហែល​ជាង ២០​នាក់ ដែល​ប្រកប​របរ​សុំ​ទាន​ជា​រៀងរាល់​ថ្ងៃ។

លោក​មេឃុំ​ខ្នងភ្នំ ឱ្យ​ដឹង​ថា អ្នក​សុំទាន​ទាំង​នោះ​មក​ពី​ភូមិ​ពពេល ខ្លះ ភូមិ​តាពេញ ខ្លះ និង​ភូមិ​អន្លង់ធំ ខ្លះ។ មូលហេតុ​ដែល​ពួកគេ​​សុំ​ទាន​បណ្ដាល​មក​ពី​គ្មាន​ដី​ធ្វើ​ចម្ការ​គ្រប់គ្រាន់​ក្នុង​ពេល​ដែល​រដ្ឋាភិបាល​បាន​អភិរក្ស និង​កំណត់​ដី​ឧទ្យាន​ជាតិ​យ៉ាង​តឹងតែង និង​មូលហេតុ​ខ្លះ​ទៀត គឺ​អ្នក​នោះ​ជា​ជន​ពិការ៖ «ចេះ​តែ​ជួយ​បង្កើត​មុខ​របរ​ឱ្យ​គាត់​ដែរ តាម​រយៈ​គម្រោង​របស់​អង្គការ ប៉ុន្តែ​ពួកគាត់​អត់​អាច​ធ្វើ​តាម​បាន ដោយ​គាត់​មិន​ឧស្សាហ៍ ព្យាយាម»។

​អង្គការ​មូលនិធិ បុរាណវិទ្យា និង​អភិវឌ្ឍន៍ ដែល​ហៅ​កាត់​ថា អេ.ឌី.អេហ្វ (ADF) បាន​ប្រឹងប្រែង​ជួយ​លើក​ស្ទួយ​ជីវភាព​ជនជាតិ​ភាគ​តិច​នៅ​លើ​ខ្នងភ្នំ​គូលែន​នោះ ជា​ច្រើន​ឆ្នាំ​មក​ហើយ តាម​រយៈ​ការ​បង្កើត​កម្មវិធី​បណ្ដុះ​បណ្ដាល​ជំនាញ​កសិកម្ម មាន​បណ្ដុះ​ផ្សិត ការ​ចិញ្ចឹម​សត្វ ព្រម​ទាំង​ដាំ​បន្លែ​ជាដើម។

ប្រធាន​គ្រប់គ្រង​កម្មវិធី​អភិវឌ្ឍន៍ និង​អាហារ​បំប៉ន របស់​អង្គការ​មូលនិធិ​បុរាណវិទ្យា និង​អភិវឌ្ឍន៍ លោក ដេវីដ សាន់ឌើឡែន (David Sunderlan) មាន​ប្រសាសន៍​ថា ពលរដ្ឋ​ដែល​ជា​ម្ចាស់​ស្រុក​នៅ​លើ​ខ្នងភ្នំ​គូលែន មិន​ដូចជា​អ្នក​ចំណាកស្រុក​មក​ពី​ខេត្ត​ផ្សេងៗ​នោះ​ទេ គឺ​អ្នក​ចំណាកស្រុក​ទាំង​នោះ​សុទ្ធតែ​ជា​អ្នក​ជំនួញ​ដែល​អាច​ស្រូប​យក​ចំណូល​ពី​វិស័យ​ទេសចរណ៍​បាន។ ចំណែក​ឯ​ម្ចាស់​ស្រុក​ដែល​រស់​នៅ​លើ​ខ្នងភ្នំ ជា​យូរ​មក​ហើយ គឺ​មាន​ឱកាស​តិចតួច​ក្នុង​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​តាម​រយៈ​ការ​ធ្វើ​កសិកម្ម​ដោយ​ដាំ​បន្លែ ឬក៏​ចិញ្ចឹម​សត្វ​ជាដើម៖ «វា​ជា​រឿង​ដ៏​អកុសល​ចំពោះ​ពលរដ្ឋ​ខ្លះ​ដែល​ពិការ​ដោយសារ​តែ​គ្រាប់មីន​កន្លង​មក ដែល​គេ​សម្រេច​ចិត្ត​ជ្រើស​យក​មុខ​របរ​រកលុយ​បាន​ប្រហែល ៣​ដុល្លារ ក្នុង ១​ថ្ងៃ ពី​ការ​សុំទាន ជា​ជាង​ការ​ជ្រើសរើស​យក​ជំនាញ​ចិញ្ចឹម​សត្វ និង​ដាំ​បន្លែ ដែល​អង្គការ​របស់ខ្ញុំ​បង្រៀន​ឱ្យ​អាច​រក​ប្រាក់​បាន​ប្រហែល​ពី ៣ ទៅ ៤​ដុល្លារ ក្នុង ១​ថ្ងៃ​ដែរ​នោះ»។

ជន​ចាស់​ជរា និង​ពិការ​ខ្លះ​ដែល​រស់​នៅ​លើ​ខ្នងភ្នំ​គូលែន បាន​ត្អូញត្អែរ​ថា ពួកគេ​នឹង​មិន​មាន​ម្ហូប​អាហារ ព្រមទាំង​សម្លៀក​បំពាក់​គ្រប់គ្រាន់​ទេ ប្រសិនបើ​ពួកគេ​មិន​ប្រកប​របរ​សុំទាន​ដូច​សព្វថ្ងៃ​នេះ។ ពួកគេ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​គួរ​តែ​មាន​គោលនយោបាយ​ចិញ្ចឹម​បីបាច់​ថែរក្សា​មនុស្ស​ចាស់​ឱ្យ​រស់​បាន​សមរម្យ នៅ​ពេល​ដែល​ពួកគេ​ធ្វើការ​ចិញ្ចឹម​ជីវិត​លែង​កើត​ទៅ​ហើយ​នោះ៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>