Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ដាំ​កូន​ឈើ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​វីរៈជ័យ

$
0
0
ប្រជា​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​មណ្ឌល​យ៉ន នាំ​គ្នា​ដាំ​កូន​ឈើ​​នៅ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​វីរៈជ័យ នា​ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៦។  RFA/Ratha Visal

ដោយ រដ្ឋា វិសាល RFA 2016-08-27

ជនជាតិ​ដើម​ភាគតិច​ព្រៅ នៃ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​មណ្ឌល​យ៉ន នាំ​គ្នា​ដាំ​កូន​ឈើ​ច្រើន​ប្រភេទ​នៅ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​វីរៈជ័យ​និមិត្តរូប​នៃ​កិច្ច​អភិរក្ស​ព្រៃឈើ​ដែល​នៅ​សេសសល់​ពី​ការ​​កាប់​បំផ្លាញ​ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ។ ការ​ដាំ​កូន​ឈើ​នេះ ក៏​ជា​សារ​ដាស់​ស្មារតី​ដល់​មន្ត្រី​អាជ្ញាធរ​ពាក់ព័ន្ធ​ឲ្យ​រួម​គ្នា​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ឡើង​វិញ​ដែរ។

​​កូន​ឈើ​ប្រភេទ​នាងនួន បេង កកោះ គគីរ ធ្នង់ ចំនួន ៧០០​ដើម ត្រូវ​បាន​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្រៅ ក្នុង​ឃុំ​តាវែងលើ ស្រុក​តាវែង ខេត្ត​រតនគិរី ដាំ​នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា នេះ​ក្នុង​តំបន់​ការពារ​​ធម្មជាតិ​មណ្ឌល​យ៉ន នៃ​ឧទ្យាន​ជាតិ​វីរៈជ័យ។

​តំណាង​សហគមន៍​មណ្ឌល​យ៉ន លោក កៅ ប៉ាត់ កត់សំគាល់​ថា ឈើ​ប្រណិត​គ្រប់​ប្រភេទ​នៅ​ក្នុង​តំបន់​ការពារ​រង​ការ​ខូចខាត​ច្រើន​ហេតុ​នេះ​ទើប​សហគមន៍​នាំ​គ្នា​ដាំ​កូនឈើ​ឡើង​វិញ​ជា​គំរូ​បង្ហាញ​នៃ​ការ​ខិតខំ​អភិរក្ស​ព្រៃ​ឈើ​ធនធានធម្មជាតិ​បាន​នៅ​គង់វង្ស។ លោក​ថា កន្លង​ទៅ​នេះ ទាំង​ប្រជាពលរដ្ឋ​មន្ត្រី​មាន​អំណាច និង​ម្ចាស់​ក្រុមហ៊ុន​សម្បទាន​នៅ​តំបន់​ក្បែរ​នោះ​គឺ​ជា​អ្នក​កាប់​យក​ឈើ​មាន​តម្លៃ​ដោយ​គ្មាន​ការ​ទប់​ស្កាត់៖ «ដាំ​ឈើ​ហ្នឹង​យើង​គំរូ​ព្រៃឈើ​វា​ខូចខាត។ សហគមន៍​គេ​ធ្វើ​មិន​ថា សហគមន៍​មិន​ថា អ្នក​ដទៃ​គេ​ចូល​មក​អុកឡុក​ទប់​អត់​ឈ្នះ»។

​អង្គការ​សង្គ្រោះ​សត្វព្រៃ​កម្ពុជា (Save Cambodia Wildlife) ចាប់​ពី​ឆ្នាំ​២០១១ បាន​រៀបចំ​គម្រោង​គាំពារ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ក្នុង​ឧទ្យាន​ជាតិ​ដើម្បី​ពង្រឹង​កិច្ច​អភិរក្ស​ធនធាន​ធម្មជាតិ ជា​ពិសេស​ព្រៃឈើ​ឲ្យ​បាន​ប្រសើរ​ឡើង​វិញ។

​មន្ត្រី​គម្រោង​ផ្ដួចផ្ដើម​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​ចម្រុះ​អង្គការ​សង្គ្រោះ​សត្វព្រៃ​កម្ពុជា ប្រចាំ​ខេត្ត​រតនគិរី លោក សេ ស៊ូ បញ្ជាក់​ថា គម្រោង​បាន​សិក្សា​ពី​សារសំខាន់​នៃ​ការ​ដាំ​កូនឈើ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​នេះ ដើម្បី​ស្តារ​ឡើង​វិញ​នូវ​ឈើ​ដែល​រង​ការ​ខូចខាត។

លោក​មាន​ជំនឿ​ថា ការ​ដាំ​កូន​ឈើ​របស់​សហគមន៍​ថ្ងៃ​នេះ​មាន​សារសំខាន់​ដើម្បី​រួម​ចំណែក​ស្តារ​ព្រៃ​ឈើ​ឡើង​វិញ៖ «សហគមន៍​ជា​ផ្នែក​មួយ​ស្តារ​ព្រៃ​រេចរឹល​ហ្នឹង​នឹង​ជំរុញ​ឲ្យ​មាន​ការ​ចូលរួម​ទៅ​លើ​ការ​ស្រឡាញ់​ធនធាន​ធម្មជាតិ​ដែល​ជា​ទិសដៅ​របស់​រាជរដ្ឋាភិបាល ឬ​អង្គការ​យើង​ដែរ ប៉ុន្តែ​វា​អាស្រ័យ​មន្ទីរ​ជំនាញ​រាជរដ្ឋាភិបាល​ជួយ​គាំទ្រ»។

​ក្រសួង​បរិស្ថាន​បាន​បង្កើត​សហគមន៍​ការពារ​ធម្មជាតិ​ចំនួន​ប្រាំ​លើ​ផ្ទៃដី​ជិត ២.០០០​​ហិកតារ ​ក្នុង​ឧទ្យាន​ជាតិ​វីរៈជ័យ ​មាន​ផ្ទៃដី​សរុប​ជាង ៣៣​គីឡូម៉ែត្រ​ក្រឡា។

​ប្រធាន​ការិយាល័យ​ផែនការ និង​ច្បាប់ និង​ជា​អ្នក​សម្របសម្រួល​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​រតនគិរី លោក ទន់ សុវណ្ណនី បញ្ជាក់​ថា សហគមន៍​មាន​តួនាទី​សំខាន់​ក្នុង​កិច្ច​អភិរក្ស​​ព្រៃឈើ​ក្នុង​ឧទ្យាន​ជាតិ។ លោក​ថា ចាប់​ពី​ឆ្នាំ​២០១៦ នេះ ត​ទៅ​ស្ថាប័ន​ជំនាញ​ពង្រឹង​យន្តការ​អនុវត្ត​​ច្បាប់ និង​លើក​ទឹក​ចិត្ត​សហការ​ជាមួយ​សហគមន៍​ដើម្បី​លុបបំបាត់​បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​អភិរក្ស៖ «បើ​អត់​មាន​ប្រជាពលរដ្ឋ​ទេ ឧទ្យានុរក្ស​ក៏​ពិបាក​ដែរ ព្រោះ​ប្រជាពលរដ្ឋ​ជា​ភ្នែក​ម្នាស់ ភ្នែក​ច្រើន​ពេល​គាត់​ទៅ​ដក​ហូត​អនុផល​ព្រៃឈើ អ្នក​ណា​ធ្វើ​អ្វី​គាត់​ឃើញ​ហើយ»។

​ចំណែក​អភិបាល​ស្រុក​តាវែង លោក មួង ប៉ាង ថ្លែង​ដែរ​ថា អាជ្ញាធរ​គាំទ្រ​ខ្ពស់​ចំពោះ​ការ​ដាំ​ឈើ​ឡើង​វិញ​របស់​សហគមន៍​ដើម្បី​ស្តារ​ឡើង​វិញ​ព្រៃ​ដែល​ខូចខាត។ លោក​អំពាវនាវ​សុំ​ឲ្យ​សហគមន៍​បន្ត​កិច្ច​ការពារ​ធនធាន​ធម្មជាតិ និង​កុំ​កាប់​បំផ្លាញ​ឈើ ឬ​បណ្ដាល​ឲ្យ​ភ្លើង​ឆេះ​ព្រៃឈើ​ត​ទៅ​ទៀត៖ «ប្រជាពលរដ្ឋ​រស់​នៅ​ទីនេះ​សុំ​ឲ្យ​គាត់​ថែរក្សា​ការពារ​ព្រៃ​ឈើ។ កូន​ឈើ​ដែល​យើង​ដាំ​នេះ ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ឆេះ​ព្រៃ»។

​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​មណ្ឌល​យ៉ន មាន​ជនជាតិ​ដើម​ភាគតិច​ព្រៅ ១៥​គ្រួសារ​ជា​សមាជិក​បង្កើត​ឡើង​តាម​រយៈ​ក្រសួង​បរិស្ថាន​តាំង​ពី​ឆ្នាំ​២០០៦ ដើម្បី​អភិរក្ស​ព្រៃឈើ​ចំនួន ៥៥០​ហិកតារ​នៃ​​តំបន់​ទ្រនាប់​ឧទ្យាន​ជាតិ​វីរៈជ័យ។ រហូត​មក​ទល់​នឹង​ឆ្នាំ​២០១៤ សមាជិក​សហគមន៍​កើត​ឡើង​ដល់ ២០​គ្រួសារ​ត្រូវ​បាន​ក្រសួង​បរិស្ថាន​ប្រកាស​ផ្ដល់​សិទ្ធិ​ពេញលេញ និង​ផ្លូវការ​ទៅ​ឲ្យ​សហគមន៍​អភិរក្ស ខណៈ​ឈើ​មានតម្លៃ​ក្នុង​​ព្រៃ​នោះ​រង​ការ​កាប់​ធ្វើ​អាជីវកម្ម​ពី​សំណាក់​ក្រុមហ៊ុន​សម្បទាន និង​ប្រជាពលរដ្ឋ​រស់​នៅ​ក្បែរ​តំបន់​​នោះ៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>