ដោយ សួង សុភារី 09/05/2016 rfi
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គជប អាចពន្យាពេលសម្រាប់អ្នកចុះឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ ២០១៧ ទៅពាក់កណ្តាលខែសីហា ឬដើមខែកញ្ញា ឆ្នាំ ២០១៦វិញ។ យ៉ាងណាក៏ដោយ គជប មិនអាចកំណត់កាលបរិច្ឆេទច្បាស់លាស់ នៅឡើយទេ។ អ្នកនាំពាក្យគជប បានបញ្ជាក់ថា នេះគ្រាន់តែជាការប៉ាន់ស្មានប៉ុណ្ណោះ ដោយសារពេលនេះ គជប កំពុងរងចាំជំនួយឈុតកុំព្យូទ័រ ចំនួន ២៤០០គ្រឿង ពីសហភាពអឺរុប សម្រាប់រៀបចំការចុះឈ្មោះបោះឆ្នោត។
លោកហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានប្រាប់វិទ្យុបារាំងនៅព្រឹកថ្ងៃទី ៩ឧសភាថា ដំណើរការនៃការចុះឈ្មោះអ្នកបោះឆ្នោត ដែលគ្រោងធ្វើឡើងនៅខែឧសភា អាចនឹងត្រូវពន្យាពេល ប្រសិនបើជំនួយជាឈុតកុំព្យូទ័ររបស់សហភាពអឺរុប នៅមិនទាន់ត្រូវបានបញ្ជូនមកដល់ទេនោះ។ លោកបានបញ្ជាក់ថា កន្លងមក សហភាពអឺរុប បានសន្យាផ្តល់ជំនួយជាសម្ភារៈ ដើម្បីបម្រើដល់ភាពងាយស្រួលនៃការចុះឈ្មោះអ្នកបោះឆ្នោត ដែលគិតជាទឹកប្រាក់មានចំនួន ៦លាន៧សែនដុល្លារអាមេរិក។
ដោយសារភាពយឺតយ៉ាវក្នុងការបញ្ជូនសម្ភារៈមកនេះ ទើបគជប បានប៉ាន់ប្រមាណ ពីលទ្ធភាពនៃការពន្យាពេលដំណើរការចុះឈ្មោះ។ យ៉ាងណាក៏ដោយ លោកហង្ស ពុទ្ធា បញ្ជាក់ថា ប្រសិនបើជំនួយនេះ មកដល់លឿន នោះការចុះឈ្មោះបោះឆ្នោត នឹងដំណើរការលឿនទៅតាមនឹងដែរ។ អ្នកនាំពាក្យគជបរូបនេះ ក៏បញ្ជាក់ថា ភាពយឺតយ៉ាវនឹងមិនមានផលប៉ះពាល់ដល់ដំណើរការបោះឆ្នោតទេ ព្រោះក្រុមការងារ របស់គណៈកម្មាការជាតិរៀបចំការបោះឆ្នោត បានត្រៀមលក្ខណៈរួចរាល់ហើយ ដើម្បីរៀបចំដំណើរការ ការបោះឆ្នោតទូទាំងប្រទេស ឲ្យមានភាពរលូន។
លោកគល់ បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្វ្រែល យល់ថា គជប គួរតែកំណត់កាលបរិច្ឆេទនៃការចុះឈ្មោះអ្នកបោះឆ្នោតឲ្យបានច្បាស់លាស់ ទោះបីជាត្រូវពន្យាពេលក៏ដោយ។ ការរៀបចំប្រតិទិនច្បាស់លាស់ ដែលជាដំណឹង អាចឲ្យពលរដ្ឋមានការត្រៀមខ្លួនជាស្រេច។ មួយវិញទៀត លោកគល់ បញ្ញា បញ្ជាក់ថា គជប មិនគួរកំណត់ថ្ងៃចុះឈ្មោះបោះឆ្នោត ដោយសារតែជំនួយពីបរទេសនោះទេព្រោះថាគជប មានថវិកាជាតិប្រមាណ ២០លានដុល្លារ ដើម្បីរៀបចំដំណើរការនេះរួចហើយ។ តាមលោកគល់ បញ្ញា ប្រសិនបើគជប មានផែនការ ឬគោលការណ៍ អនុម័តច្បាស់លាស់ នោះម្ចាស់ជំនួយ ក៏នឹងព្យាយាមពន្លឿន ជំនួយរបស់ពួកគេដូចគ្នា។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ ២០១៧ នឹងមានការិយាល័យបោះឆ្នោត ចំនួន ១៦៣៧ ហើយគជប ប៉ាន់ស្មានថា នឹងមានពលរដ្ឋ ដែលមានអាយុលើស ១៨ឆ្នាំ ប្រមាណជាង ៩លាន៦សែននាក់ នឹងចូលរួមចុះឈ្មោះបោះឆ្នោត។ កាលបរិច្ឆេទច្បាស់លាស់នៃការបោះឆ្នោតនេះ នឹងត្រូវប្រកាសដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល ៩ខែមុនការបោះឆ្នោត៕