Quantcast
Viewing all articles
Browse latest Browse all 40045

ខ្មែរនឹងដោះស្រាយរឿងព្រំដែនតាមវិធីណា?


(ដោយជូលាងហាក់) 

សូមសម្តេចហ៊ុនសែន លោកករុណាបូកសងគិតគូរពិចារណា ហើយទទួលស្គាល់ការពិតទាំងឡាយ។ ក៏សូម
ឱ្យលោកមានព្រលឹងចិត្តក្លាហានក្នុងការដោះស្រាយបញ្ហាព្រំដែន ខណៈដែលអត្តសញ្ញាណខ្មែរខំរើបម្រះសុំ
រស់ក្នុងសន្តិភាពដែលឆ្លាតវាងវៃ  តែ(មិនមែន)ជាសន្តិភាពកូនទន្សាយរស់ភ្លេចខ្លួនក្បែរពស់ថ្លាន់។ គណបក្ស
ប្រជាជនបាននិងកំពុងធ្វើកំហុសខុសឆ្គងយ៉ាងច្រើនក្នុងខ្សែប្រវត្តិសាស្ត្រខ្មែរ ក្នុងបំណងធំតែមួយគឺការខិតខំ
ការពារផលប្រយោជន៍គណបក្សរបស់ខ្លួន ច្រើនជាងការគិតគូររឿងផលប្រយោជន៍ធំរបស់ប្រទេសជាតិ។

ការដែលបក្សប្រជាជនព្យាយាមជានិច្ចជាកាលក្នុងការការពារផលប្រយោជន៍បក្ស ហើយបំផ្លិចបំផ្លាញសាមគ្គី
ក្នុងគ្រួសារសង្គមជាតិខ្មែរ បាននិងកំពុងឆ្លុះបញ្ចាំងកំហុសទាំងនេះ ដែលវាធ្វើឱ្យព្រលឹងចិត្តខ្មែររោយរាវ ស្រប
ពេលដែលដែនដីខ្មែរបាននិងកំពុងទទួលការបៀតបៀនជាអលជ្ជីពីប្រទេសក្បែរខាង ជាពិសេសគឺយួនដែល
មានកម្លាំងចិត្តហ៊ឹកហ៊ាក់ ហ៊ានប្រមាថឈ្លានពានខ្មែរ ព្រោះតែទង្វើខុសឆ្គងនៃគណបក្សប្រជាជន។

ដឹងហើយថាខ្មែរប្រាថ្នាចង់បានសន្តិភាព រស់នៅជួបជុំប្តីប្រពន្ធកូនចៅផៅសន្តាន សុខសាន្តគ្មានបញ្ហាជាមួយ
ជនជាតិក្បែរខាង។  ប៉ុន្តែខ្មែរចាំបាច់ត្រូវយល់ឱ្យជាក់ច្បាស់ ដោយឥតច្រឡំថា ចរិតខ្មែរដែលជោរទន់ជ្រាយ
(សន្តិភាពនិយមខុសបទ)នឹងនាំមកនូវទុក្ខវេទនាធំ ឬវិនាសកម្មដល់ខ្លួននិងក្រុមគ្រួសារកូនចៅនៅថ្ងៃក្រោយ។

ត្រឹមត្រូវហើយដែលថា យើងមិនចង់យកអាវុធទៅដោះស្រាយបញ្ហាព្រំដែននោះទេ។ ប៉ុន្តែកុំឱ្យយល់ច្រឡំថា
សន្តិភាពឬសេចក្តីសុខសាន្ត នឹងបានមកពីការជជែកដោះស្រាយរវាងភាគីទាំងពីរ ដោយសន្តិវិធី តែមិនមែន
មកពីការវាយប្រហារដោយកម្លាំងទ័ពប្រដាប់អាវុធនោះ... ខ្មែរយល់អ៊ីចឹង វាខុសពីការពិតដែលថាប៉ុន្មានឆ្នាំ
មុនខ្មែរនិងសៀមផ្ទុះអាវុធមួយប្រាវក្នុងរឿងដណ្តើមវត្តអារាមទឹកដីខ្មែរក្បែរព្រះវិហារ។ ក្រោយពីការផ្ទុះអាវុធ
មួយប្រាវហ្នឹងមក ខ្មែរក៏បានសុខក្នុងអារម្មណ៍រហូតមកទល់សព្វថ្ងៃ។  ត្រង់ហ្នឹងហើយដែលយើងអាចហៅថា
ជាសន្តិភាពឆ្លាតវាងវៃ។ យើងស្អប់សង្គ្រាម តែយើងក៏ស្អប់ជនពាលដែលបំផ្លាញសន្តិភាពយើងចង់បាន។

មាននរណាចង់នាំទុក្ខសោកមកដាក់ខ្លួន នៅលើពិភពលោកនេះ? ពិតជាគ្មានមនុស្សណាចង់មានរឿងឱ្យជីវិត
ខ្លួនបានធ្លាក់ក្នុងទុក្ខវេទនានោះទេ។ ប៉ុន្តែសុំ(កុំឱ្យ)ខ្មែរមានមនោសញ្ចេតនាសន្តិភាពនិយមខុសបទឱ្យសោះ។
មិនមែនជាសំណេរញុះញង់សោះទេ តែនេះជាសំណេរលើកព្រលឹងខ្មែរឱ្យមានមនុស្សភាពក្នុងជីវិតខ្លួន។

កាលណាជនជាតិមួយ ដែលមានចរិតឈ្លានពានពីធម្មជាតិ សង្កេតឃើញកំសោយរបស់ខ្មែរ គឺគេនឹងខំបង្កើន
អំពើឈ្លានពានចំពោះខ្មែរដើម្បីផលប្រយោជន៍និងជីវិតរស់នៅខ្លាំងក្លានៃជនជាតិគេ។ គេនឹងមិនដែលគិតគូរ
ឬខ្វាយខ្វល់ចំពោះទុក្ខសោក របស់ខ្មែរសោះទេ។ ព្រោះពួកគេចង់រស់ប្រកបដោយកម្លាំងដុះដាលធំមាំការពារ
ពូជពង្សជាតិសាសន៍របស់ផង់គេ។ យួនបាននិងកំពុងអនុវត្តសកម្មភាពរាលដាលទាំងនេះ ដើម្បីជនជាតិគេ។
បើខ្មែរនឹងយកវិបត្តិព្រំដែនក្នុងពេលថ្មីៗមកគិតគូរ ខ្មែរនឹងអាចយល់យ៉ាងច្បាស់ថារឿងហ្នឹងគឺវាអ៊ីចឹងមែន។

ខ្មែរធ្លាប់ឮហើយថា សន្តិភាពកើតមកពីកម្លាំង។ គ្មានកម្លាំងគឺគ្មានសន្តិភាពសោះទេនៅលើលោកនេះ។ កម្លាំង
មានពីរបែបដែលខ្មែរខ្វះខាតមិនសូវសម្បូរ៖ កម្លាំងមួយគឺកងទ័ពសាស្ត្រាវុធដែលខ្មែរមានបន្តិចបន្តួច ប៉ុន្តែគេ
យកទៅប្រើប្រាស ពុំសមស្របតាមទិសដៅ វាយសំពងបាញ់បោះបង្ក្រាបជនជាតិខ្លួនដែលរស់ដោយពិបាក។
ប៉ុន្តែខ្សែព្រំដែនឯណោះ យួនចូលធ្វើអ្វីបានតាមអំពើចិត្ត អត់មានទ័ពខ្មែរចូលទៅហាមឃាត់ទប់ទល់សោះទេ។

រីឯកម្លាំងមួយទៀត គឺកម្លាំងសតិបញ្ញាស្មារតីនៃមេដឹកនាំខ្មែរដែលខ្សត់ខ្សោយគួរខ្មាស់អៀន តែខ្លាំងខាងកំទិច
បំផ្លាញគ្រួសារខ្លួនឯង, បក្សប្រឆាំង, ដែលដុតដៃដុតជើងខ្នះខ្នែង ប្រឹងធ្វើការស្រាវជ្រាវរកផែនទីដែលនឹងជួយ
បំភ្លឺកន្លែងណាដែលជាខ្សែព្រំដែនខ្មែរ-យួនពិតប្រាកដ។ មិនត្រឹមតែមិនជួយជាកម្លាំងចិត្តជ្រោមជ្រែងគ្រួសារ
ជាតិសាសន៍ឯង ឬជួយចូកចែវពួតដៃគ្នាឱ្យមានជោគជ័យ ក្នុងការការពារបូរណភាពទឹកដីប៉ុណ្ណោះទេ តែបក្ស
ប្រជាជនហ៊ុនសែន បែរជាជ្រើសរើសការធ្វើកំហុសដ៏ធំ ដ៏ឆ្គាំឆ្គងទៅវិញ ដោយវាយបំបាក់ទឹកចិត្តនិងកិត្តិយស
មនុស្សជាគ្រួសារឯង, គឺលោកអ៊ុំសំអាន, ហើយចាប់លោកបញ្ចូលគុកទាំងបំពាន ដោយចរិតក្រអឺតក្រទម។

ឥឡូវនេះរដ្ឋាភិបាលខ្មែរនៃសម្តេចតេជោ កំពុងនិយាយបបួលយួនចូលទៅពឹងពាក់បារាំង សុំអ្នកមានជំនាញ
ការ និងបច្ចេកទេសផ្នែកខាងរូបភាពខ្សែព្រំដែនលើក្រដាសផែនទី ឱ្យចូលមកជួយបញ្ចប់វិវាទនេះ។ ប៉ុន្តែការ
សុំជំនួយបច្ចេកទេសពីបារាំងក្នុងការរាវរកខ្សែព្រំដែនពិតប្រាកដហ្នឹង គឺខ្មែរសុំរកតែក្នុង(ចំណុចតូចមួយ) នៃ
ខ្សែព្រំដែនជាទូទៅរវាងដីខ្មែរនិងដីយួន។ ជារឿងមិនត្រឹមត្រូវ ប៉ុន្តែរដ្ឋាភិបាលខ្មែរប្រាប់រាស្ត្ររបស់ខ្លួនថា ជា
កិច្ចការម៉ត់ចត់ត្រឹមត្រូវ ដែលខ្មែរនិងយួនស្របយោបល់គ្នា បោះបង្គោលបានមួយភាគធំរួចរាល់អស់ហើយ។

ទោះយ៉ាងណា ប៉ុន្មានឆ្នាំមុននេះ តាមព័ត៌មានផ្សេងៗយើងធ្លាប់ឮមានមនុស្សចាស់ខ្មែរអាយុហុកប្លាយឬ៧០
ជាង បាននិយាយហើយចង្អុលទៅឯនាយឆ្ងាយ ថាដីខ្មែរនៅរាប់គីឡូម៉ែត្រពីនេះទៅ មិនមែននៅត្រង់កន្លែង
ដែលគាត់កំពុងឈរនេះទេ។  បានសេចក្តីថា ខ្មែរបានបាត់បង់ដីស្រែយ៉ាងច្រើនទៅយួន នៅតាមជាយដែន
ខេត្តស្វាយរៀង ខេត្តតាកែវ កំពុងចាម ឬ រតនៈគីរីជាដើម។   ខ្មែរចាស់ៗទាំងនោះ ដែលចាំច្បាស់ពីទឹកដីកេរ្តិ៍
ដំណែលពីឪពុកម្តាយដូនតា បានចូលក្នុងវ័យចាស់ជរា ស្លាប់ជិតអស់ទៅហើយ។  សិស្សានុសិស្សខ្មែរ ព្រម
ទាំងយុវជនខ្មែរ  ដែលចង់ដឹងរឿងហ្នឹងជាបន្តទៀត  គួរដើររកខ្មែរចាស់ៗ  អាយុ៧០ប្លាយ រស់នៅតាមជាយ
ដែនខ្មែរ-យួន ហើយឈ្លេចសួរពួកគាត់រឿងខ្សែព្រំដែនហ្នឹង ក្រែងគាត់នៅចាំបានខ្លះៗ។

ឮផងដែរថាភូមិកំណើតលោកហេងសំរិន ក៏យួនចូលមកទាញយកជាដីយួនផងដែរ។ រឿងហ្នឹងយ៉ាងម៉េច?

ម្យ៉ាងទៀត ខ្មែររាល់គ្នាក៏បានឮផងដែរថា ឆ្នាំក្រោយគេនឹងបើកសិទ្ធិឱ្យរាស្ត្រខ្មែរដើរមើលបង្គោលខ្សែព្រំដែន
បានតាមចិត្ត។ សុំសួរថាពេលនោះ ខ្មែររាល់គ្នានឹងដើរទៅតាមរបងព្រំដែនហើយឈរគយគន់មើលទៅឃើញ
ស្អីខ្លះ?  តើរាស្ត្រខ្មែរនឹងដឹងយល់ ស្គាល់ស្អីខ្លះចំពោះទិដ្ឋភាពដែលភ្នែកខ្លួនកំពុងមើលឃើញនោះ? ពិតជាអត់
ប្រយោជន៍ ព្រោះគ្មានខ្មែរសាមញ្ញណាម្នាក់ នឹងមើលស្គាល់ ឬដឹងយល់ពីបញ្ហាខ្សែព្រំដែននោះទេ។ ខំដើរទៅ
មើលបានការអី? នេះជាបញ្ហាសម្រាប់តែក្រុមមនុស្សមានជំនាញការនិងបច្ចេកទេសខាងខ្សែព្រំដែន ទើបអាច
មើលយល់ហើយធ្វើកិច្ចការទាំងនេះឱ្យបានត្រឹមត្រូវម៉ត់ចត់ ឥតមានគំនិតឆិនឆៃ ក៏មិនធ្វើអ្វីឱ្យតែរួចពីដៃ។

ខ្មែរគួរពឹងពរជនបរទេស, អាមេរិកឬបារាំង, រកអ្នកជំនាញការបច្ចេកទេសខាងខ្សែព្រំដែន ដែលគេអាចមាន
ឧបករណ៍ទំនើបដើម្បីកំណត់ខ្សែបន្ទាត់ (ចាប់តាំងពីចុងម្ខាងទៅរហូតដល់ចុងម្ខាងទៀត) តែគេមិនត្រូវស្នើសុំ
រកជំនាញការបច្ចេកទេសសម្រាប់ដោះស្រាយតែលើខ្សែស្រប(ម្តុំតូច)នោះទេ។ ជាដាច់ខាត គឺខ្មែរមិនត្រូវធ្វើ
កិច្ចការដ៏សំខាន់នេះ ដោយឆិនឆៃឱ្យបានតែរួចពីដៃនោះទេ។ លើកនេះយើងបោះបង្គោលហើយ គឺជាប់ជា
រហូតហើយ ឥតមានការកែប្រែបានដោយធូរៗទៀតឡើយ។ អ៊ីចឹងសូមប្រយ័ត្នស្មារតី ធ្វើការឱ្យបានត្រឹមត្រូវ
កុំឱ្យបាត់ដីយើង។ ព្រោះយើងអាឡោះអាល័យណាស់ អាណិតម៉ែឪជីដូនជីតាដែលខំថែរក្សាកេរ្តិ៍ដំណែល
ទឹកដីទាំងហ្នឹង ទុកឱ្យកូនខ្មែរជំនាន់ក្រោយ។ គណបក្សប្រជាជនគួរប្រយ័ត្នស្មារតីរឿងនេះ។

ចំពោះជនជាតិខ្មែរ ការចាប់ផ្តើមដោះស្រាយបញ្ញាព្រំដែនរវាងខ្មែរនិងប្រទេសជិតខាង គួរចាប់ផ្តើមពីសាមគ្គី
ភាព ក្នុងគ្រួសារជាតិសាសន៍ខ្លួនជាមុនសិន។ ប្រមូលកម្លាំងប្រាជ្ញាពីគ្រប់ភាគីនយោបាយ ហើយប្តូរយោបល់
គ្នា ថាតើមានចំណុចខ្លាំងហើយល្អៗត្រង់ណាខ្លះដែលខ្មែរគួរចាប់យកមកជាគោលធ្វើការដោះស្រាយ ស្វែង
រកផលប្រយោជន៍ជូនជាតិមាតុភូមិរបស់ខ្លួន។ បើខ្មែរមិនអាចរកឃើញសាមគ្គីភាពក្នុងគ្រួសារសោះទេ ជីវិត
ដែលនឹងទូលភ្នំទុក្ខរាប់តំណតទៅ គឺកូនចៅខ្មែររាល់គ្នាជាទូទៅ គ្មានរើសមុខខ្មែរណាម្នាក់ឡើយ។ សុំហាម
ផ្តាច់ថា កុំយកដីខ្មែរជាថ្នូរនឹងការលុកលុយរបស់យួន ជួយបក្សប្រជាជន។ នេះជាទោសមានទម្ងន់ធ្ងន់។

សូមស្តាប់ពាក្យពេចន៍ទូន្មានមួយនេះ៖  មិនមែនត្រឹមតែជាពាក្យពេចន៍ជ្រាលជ្រៅខ្ពង់ខ្ពស់  ចេញពីមាត់មនុស្ស
មានប្រាជ្ញាវាងវៃខ្លាំងដូចយ៉ាងប្រធានាធិបតិយនៃប្រទេសមហាអំណាចណាមួយនោះទេ ប៉ុន្តែជាពាក្យពេចន៍
ហាមប្រាម ប្រៀនប្រដៅ ដែលចេញមកពីព្រះឱស្ឋនៃ(ព្រះអាទិទេព)ជាស្ថាបនិកនៃឋានសួគ៌និងផែនដី ចំពោះ
អស់ទាំងមនុស្សដែលទន់ខ្សោយប្រាជ្ញាស្មារតី គួរត្រងត្រាប់ស្តាប់ឱ្យបាន ហើយយកជាជំនឿការពារខ្លួន។ ព្រះ
ទ្រង់បានហាមហើយថា "អស់ទាំងនគរណាដែលបែកខ្ញែក  ទាស់តែគ្នាឯង  នោះនឹងត្រូវវិនាសទៅ  ហើយផ្ទះ
ណាដែលទាស់ទែងគ្នាឯងនោះនឹងត្រូវរលំទៅ ជាមិនខាន"។

ខ្មែរគួរចាំជានិច្ចថា ករណីណាដែលព្រះទ្រង់បានហាមប្រាម គឺតែងតែកើតមានជាការពិតដោយចៀសមិនផុត
ដូចយ៉ាងព្រឹត្តិការណ៍ពិភពលោកដែលកំពុងកើតឡើង ស្របតាមទំនាយក្នុងព្រះគម្ពីរ។

និយាយពីវិវាទថ្មីៗតាមព្រំដែនខ្មែរ-យួន។ ពួកយួនឈ្លានពានចូលមកក្នុងដីខ្មែរ, ដីដែលយួនដាក់ឈ្មោះឱ្យទៅ
ជាតំបន់ស,  ហើយស្រាប់តែយួនចាប់ផ្តើមសាងសង់សំណង់មាំទាំក្នុងដីនោះ។ ជារូបភាព(ចង្កូមធំ) ខាំម្តងឱ្យ
បានជាប់រើមិនរួច ហើយលេបដីនោះបាត់ឈឹង។ ចំណែកឯខ្មែរឯណេះ បានត្រឹមដើររអ៊ូរទាំស្រែកតវ៉ាទៅយួន
តែយួននិយាយប្រាវ ប្រាប់មកវិញថា យួនធ្វើហ្នឹងគឺ(អត់មាន)ចូលមកក្នុងដីខ្មែរសោះទេ។ បានសេចក្តីថាម៉េច?

គឺបានសេចក្តីថាតំបន់សដែលយួនកំពុងសាងសង់អគារមាំៗទាំងហ្នឹង គឺយួនប្រាប់ខ្មែរថាជាដីយួនរួចស្រេច
ទៅហើយ។ អគារស៊ីម៉ង់មាំទាំ ជាចង្កូមធំរបស់យួនត្របាក់ហើយលេបដីម្តុំហ្នឹង។ សួរថាតើខ្មែរនឹងមានចិត្តឈឺ
ឆ្អាល ហើយប្រតិកម្មធំដុំជាយ៉ាងណានោះ គឺយើងនៅចាំសង្កេតការណ៍ហ្នឹងតទៅទៀត។

សួរថាយ៉ាងម៉េចបានជាយួនហ៊ានធ្វើអ៊ីចឹង? គឺមកពីសតិបញ្ញាមេដឹកនាំខ្មែរខ្សោយ។ ខ្សោយយ៉ាងម៉េច? ខ្សោយ
ត្រង់ថា យួនចូលមកក្នុងដីមានទំនាស់, ដីខ្មែរដែល(ជំហានដំបូង)យួនហៅថាជាតំបន់ស, ហើយចាប់ផ្តើមសង់
សំណង់ធំមាំទាំប៉ុន្មានសប្តាហ៍មកហើយ ក៏គ្មានខ្មែរណារូតរះ អើពើទាល់តែសោះ រហូតដល់យួនសង់សំណង់
ទាំងហ្នឹងបានសម្រេចជាច្រើនផ្នែករួចទៅហើយ ទើបឃើញខ្មែរនាំគ្នាស្រែកឆោឡោ ដូចជាមនុស្សទើបក្រោកពី
ដេក។ ត្រង់ហ្នឹងជាចំណុចមួយដែលឆ្លុះបញ្ចាំងភាពល្ងង់ខ្លៅទន់ខ្សោយរបស់មេដឹកនាំខ្មែរដែលយួនបានស្គាល់
ដូច្នេះ, ជាយថាហេតុ, វាជួយបង្កើនកម្លាំងចិត្តឈ្លានពានរបស់យួនចំពោះខ្មែរ ឱ្យកាន់តែហ៊ឹកហ៊ាក់ខ្លាំងឡើង។

សុំខ្មែរទាំងឡាយកុំឱ្យមាន(ចិត្តជោរ)ពោលពាក្យសន្តិភាព បំភាន់សតិអារម្មណ៍ខ្លួនឯង។ ប៉ុន្តែសុំឱ្យមើលឃើញ
ការពិតជាក់ស្តែងចំពោះទង្វើរបស់ជនជាតិដែលរស់នៅក្បែរខាង។ ក្រៅពីសកម្មភាពដែលគេបាននិងកំពុងធ្វើ
ទាំងមុនទាំងក្រោយក្នុងពេលថ្មីៗ ដែលខ្មែរឃើញជាក់នឹងភ្នែក ខ្មែរមានខ្សែប្រវត្តិសាស្ត្រជូរចត់ដ៏វែងអន្លៃដែល
គួរនឹងដាស់តឿនសតិអារម្មណ៍ខ្មែររាល់គ្នាផងដែរ ថាខ្មែរចាំបាច់ត្រូវមានកម្លាំងទាំងពីរដើម្បីរស់នៅមានជីវិត
ក្នុងលោក ហើយរស់នៅប្រកបដោយកិត្តិយស ព្រោះយើងធ្លាប់ជាជនជាតិមានអរិយធម៌ខ្ពង់ខ្ពស់កាលពីដើម។

សូម(កុំ)ហៅរកអ្នកជំនាញការខាងខ្សែសីមាព្រំដែនខ្មែរ-យួន មកជួយក្នុងចំណុចតូចល្អិតមួយ ប៉ុន្តែ៩០ភាគរយ
នៃខ្សែព្រំដែនទាំងអស់ ខ្មែរនិងយួនពួនធ្វើស្ងាត់ៗរួចរាល់អស់ហើយ ដែលមានករណីខ្លះធ្វើចូលក្នុងស្រែចំការ
កសិករខ្មែរ ឱ្យពួកគាត់ឆោឡោបះបោរមិនសុខចិត្ត ក៏តាំងចាប់គ្រញិចពួកគាត់ហើយយកទៅធ្វើទោសទារុណ
កម្មដូចយ៉ាងករណីលោកព្រំជា និងអ្នកស្រីមាសស្រីនៅខេត្តស្វាយរៀងជាអាទិ៍។ ប៉ុន្តែសូមសើរើ មើលតាមការ
ពិតជាក់ស្តែង ដែលអ្នកជំនាញការបរទេសនឹងចង្អុលបង្ហាញ ពីចុងខ្សែម្ខាងទៅដល់ចុងម្ខាងទៀតនៃព្រំដែនឱ្យ
បានត្រឹមត្រូវ។ ត្រូវសើរើធ្វើទាំងអស់ឡើងវិញ តាមការស្រាវជ្រាវជ្រោមជ្រែងពីបរទេសដែលមានបច្ចេកទេស
និងជំនាញការពិតប្រាកដក្នុងករណីនេះ បើបក្សប្រជាជនអាណិតអាសូរអាឡោះអាល័យទឹកដីខ្មែរ។

ខ្មែរនិងយួនគឺពិតជា(គ្មាន)លទ្ធភាពឬបច្ចេកទេសនិងជំនាញការ ដើម្បីធ្វើការក្នុងបញ្ហាខ្សែព្រំដែននេះទេ។ សូម
កុំធ្វើដោយ(យោគយល់គ្នា) ឬដោយគំនិតទន់ជ្រាយឆិនឆៃបាត់បង់ទឹកដី  ហើយស្រាប់តែឥឡូវធ្វើមិនចេញក្នុង
ចំណុចមួយ ក៏យកលេសហ្នឹងទៅហៅរកអ្នកជំនាញការ និងបច្ចេកទេសមកជួយដោះស្រាយ។ សូមហាមផ្តាច់
កុំយកដីខ្មែរធ្វើជាសំណងសងគុណបំណាច់យួន ដែលយួនបានជួយជាស៊ឹមហ៊ុនសែនហេងសំរិន។ បើសង្គ្រាម
ខ្មែរក្រហមបណ្តាលឱ្យខ្មែរស្លាប់ជាងពីរលាននាក់ ហើយឥឡូវមកបាត់ទឹកដីខ្មែរថែមទៀតវាដូចជាធ្ងន់ណាស់។
សូមព្រះជាអម្ចាស់ ទ្រង់កាត់សេចក្តីហើយផ្តល់យុត្តិធម៌ជូនជនរងគ្រោះខ្មែរ។ អាម៉ែន៕៚

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>