ដោយ ម៉ែន សុធីរ RFA 2016-05-09
ពលរដ្ឋរស់នៅខេត្តប៉ែកឦសានប្រទេសកម្ពុជា ចាត់ទុកគ្រោះមហន្តរាយខ្យល់កន្ត្រាក់ និងផ្គររន្ទះ បណ្ដាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅប្រជាពលរដ្ឋ។ ខ្យល់កន្ត្រាក់ និងផ្គររន្ទះ បានសម្លាប់មនុស្សពីរនាក់នៅខេត្តក្រចេះ បំផ្លាញដើមកៅស៊ូជាង ៥ពាន់ដើមនៅខេត្តរតនគិរី ព្រមទាំងបំផ្លាញផ្ទះជាង ៦០ខ្នងនៅខេត្តស្ទឹងត្រែង ចាប់ពីខែមេសា។
ពលរដ្ឋរស់នៅតាមដងទន្លេមេគង្គ សម្ដែងការបារម្ភពីបម្រែបម្រួលអាកាសធាតុ ដូចជាខ្យល់កន្ត្រាក់ និងផ្គររន្ទះ។ ការបារម្ភនេះ បន្ទាប់ពីខ្យល់កន្ត្រាក់ បានបំផ្លាញផ្ទះពលរដ្ឋនៅខេត្តស្ទឹងត្រែង ជាង ៦០ខ្នង ក្នុងនោះជាង ១០ខ្នងត្រូវដួលរលំ។
ពលរដ្ឋរស់នៅឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ លោក ប៉េ ខាំទា ឲ្យដឹងថា បាតុភូតគ្រោះធម្មជាតិបានធ្វើឲ្យផ្ទះរបស់លោកដួលរលំកាលពីថ្ងៃទី៦ ឧសភា។ លោកថា មានផ្ទះពលរដ្ឋចំនួន ១២ខ្នងផ្សេងទៀតក្នុងភូមិក្បែរខាង ក៏រងគ្រោះដោយខ្យល់កន្ត្រាក់ដែរ។ លោកថា អ្នកភូមិចាត់ទុកបាតុភូតខ្យល់កន្ត្រាក់ គឺជាបាតុភូតដ៏សាហាវមិនធ្លាប់កើតមាននៅក្នុងភូមិពីមុនមក៖ «ផ្ទះ គឺកន្ត្រាក់យកតែម្តង។ ខាងមុខដួលអស់ហើយ ផ្ទះតូច និងផ្ទះធំ គឺបាក់ជើងតាងខ្ទេចតែម្តង»។
ជនជាតិដើមភាគតិចខិះ មានដើមកំណើតនៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង លោក ទា សន អំពាវនាវឲ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ផ្ដោតការយកចិត្តទុកដាក់ទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ដែលជាធាតុផ្សំចម្បងនាំឲ្យកើតមានបាតុភូតធម្មជាតិ និងអាកាសធាតុឡើងកម្តៅខ្លាំង។ លោកថា ការប្រែប្រួលអាកាសធាតុនៅឆ្នាំនេះ បង្កគ្រោះមហន្តរាយធ្ងន់ធ្ងរដល់ជីវិតរស់នៅរបស់ពលរដ្ឋទាំងអាកាសធាតុឡើងកម្ដៅខ្លាំង និងបាតុភូតខ្យល់កន្ត្រាក់ បានបំផ្លាញផ្ទះពលរដ្ឋចំនួន ២៤ខ្នងនៅឃុំសេកុង កាលពីថ្ងៃទី១៨ មេសា៖ «ពីមុនមកមិនដែលមានទេខ្យល់កន្ត្រាក់ និងគ្រោះរាំងស្ងួតអី ព្រោះថាព្រៃឈើយើងពេញបរិបូរណ៍ អត់មានអស់ដូចចឹង»។
នាយករដ្ឋបាលសាលាស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង លោក ថៃ អ៊ី មានប្រសាសន៍ថា នៅពេលអាជ្ញាធរស្រុកទទួលព័ត៌មានពីបាតុភូតគ្រោះធម្មជាតិ គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ស្រុក និងខេត្ត បានចុះចែកអំណោយរបស់កាកបាទក្រហម ដូចជាជួសជុលផ្ទះឡើងវិញបានចំនួន ២ខ្នង ការផ្តល់សម្ភារៈជួសជុលផ្ទះ ថវិកា និងអង្ករ ជាដើម៖ «ប្រជាពលរដ្ឋដែលរងគ្រោះ យើងបានអន្តរាគមន៍ ដូចជានៅចម្ការលើ យើងបានចែកជាស័ង្កសី ហើយនិងអំណោយកាកបាទក្រហម»។
ដោយឡែកនៅខេត្តក្រចេះ ពលរដ្ឋរស់នៅស្រុកស្នួល និងស្រុកសំបូរ ពីរនាក់ បានស្លាប់ដោយរន្ទះបាញ់កាលពីចុងខែមេសា ក្នុងនោះ ពលរដ្ឋរស់នៅស្រុកស្នួល ម្នាក់ក្នុងចំណោម ៦នាក់បានស្លាប់នៅពេលពិសាអាហារពេលល្ងាចជាមួយក្រុមគ្រួសារ ហើយសមាជិកគ្រួសារ ៥នាក់ទៀតបានសន្លប់ដោយសាររន្ទះបាញ់នោះដែរ។
ចំណែកនៅខេត្តរតនគិរី បាតុភូតខ្យល់កន្ត្រាក់បានវាយបំបាក់ដើមកៅស៊ូមានអាយុ ៨ឆ្នាំអស់ជាង ៥ពាន់ដើមលើផ្ទៃដី ១០ហិកតារ កាលពីថ្ងៃទី១៨ ខែមេសា ឋិតនៅស្រុកបរកែវ ខេត្តរតនគិរី។
ប្រធានសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ មើលឃើញថា គ្រោះមហន្តរាយធម្មជាតិមានលក្ខណៈកាន់តែធ្ងន់ធ្ងរទៅៗ ទាំងអាកាសធាតុឡើងកម្តៅខ្លាំង និងខ្យល់កន្ត្រាក់។ លោកថា ដើម្បីដោះស្រាយបញ្ហានេះ ទាមទារឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធធ្វើយុទ្ធនាការរយៈពេលវែង ដោយធ្វើការដាំដើមឈើឡើងវិញ ដើម្បីកាត់បន្ថយបម្រែបម្រួលអាកាសធាតុ។ លោក សន ជ័យ ផ្តល់ទស្សនៈថា រដ្ឋាភិបាលត្រូវប្រើប្រាស់ថវិការដ្ឋដើម្បីពង្រីកប្រព័ន្ធការពាររន្ទះនៅតំបន់ដែលងាយរងគ្រោះ ដូចជានៅតាមសាលារៀន ជាដើម៖ «មានកត្តារួមផ្សំជាច្រើន ទោះបីជាមានការបដិសេធថា វាមិនមែនជាលទ្ធផលនៃការកាប់បំផ្លាញព្រៃឈើទេ ប៉ុន្តែយើងនៅតែមើលឃើញចឹង។ មើលឃើញថា ការដែលបាត់បង់ទឹកភ្លៀងដោយសារតែព្រៃឈើធំៗបានបាត់បង់ ហើយរួមផ្សំជាមួយនឹងទិដ្ឋភាពសព្វថ្ងៃនេះ ជាដំណាក់កាលមួយ។ ពីមុនមនុស្សបំផ្លាញធម្មជាតិ ឥឡូវធម្មជាតិបំផ្លាញមនុស្សវិញ»។
អ្នកជំនាញផ្នែកអាកាសធាតុពន្យល់ថា ការប្រែប្រួលអាកាសធាតុអាចបណ្ដាលមកពីដំណើរផ្ទៃក្នុងរបស់ធម្មជាតិ ឬកម្លាំងជំរុញពីខាងក្រៅ ឬបណ្ដាលមកពីការប្រែប្រួលរយៈពេលវែងនៃសមាសភាពបរិយាកាស ឬការប្រើប្រាស់ដីដោយសារតែសកម្មភាពមនុស្ស។ កត្តាធម្មជាតិ ដូចជាការប្រែប្រួលថាមពលព្រះអាទិត្យ ការប្រែប្រួលយឺតៗនៃគន្លងផែនដីជុំវិញព្រះអាទិត្យ ការប្រែប្រួលចរន្តទឹកសមុទ្រ និងការប្រែប្រួលចរន្តខ្យល់ ជាដើម។ បន្ថែមពីលើនេះ សកម្មភាពមនុស្សជាឧបសគ្គចម្បងធ្វើឲ្យប្រែប្រួលស្រទាប់បរិយាកាស ដូចជាការដុតឥន្ធនៈ ផូស៊ីល ការកាប់ព្រៃឈើ ការដុតព្រៃរានដីធ្វើកសិកម្ម និងការសាងសង់ពង្រីកក្រុងជាទីលានចាក់សំរាម ឬកាកសំណល់ ជាដើម។
ក្រៅពីប្រឈមនឹងខ្យល់កន្ត្រាក់ និងផ្គររន្ទះនៅខេត្តប៉ែកឦសានប្រទេសកម្ពុជា ពលរដ្ឋមួយចំនួន ក៏ប្រឈមនឹងគ្រោះរាំងស្ងួតដែលធ្វើឲ្យខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ។ ចំណែកសត្វក្របីរបស់ពលរដ្ឋ ក៏បានស្លាប់អស់ជាច្រើនក្បាល ដោយសារការខ្វះទឹក និងអាកាសធាតុក្តៅខ្លាំង៕