Quantcast
Viewing all articles
Browse latest Browse all 40045

តំណាង​ពលរដ្ឋ​ខេត្ត​ពោធិ៍សាត់​ជាង​២០០​នាក់​ស្នើ​ឲ្យ​សមត្ថកិច្ច​ចាត់ការ​ជនល្មើស​បំផ្លាញ​ព្រៃ​រដ្ឋ

Image may be NSFW.
Clik here to view.
ផ្ទៃ​ដី​ព្រៃ​ដែល​ត្រូវ​បាន​​ឈូស​ឆាយ​ដោយ​គ្រឿង​ចក្រ នៅ​ចំណុច​ភ្នំតាកុច ឋិត​នៅ​ឃុំ​ស្វាយស ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ កាល​ពី​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០១៦។  RFA/Chhin Chetha


ដោយ ជិន ជេដ្ឋា RFA 2016-09-03

តំណាង​ពលរដ្ឋ​ពីរ​ភូមិ នៃ​ឃុំ​ឈើតុំ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ គ្រោង​ជួប​មន្ត្រី​សិទ្ធិមនុស្ស និង​អ្នក​ច្បាប់​ដើម្បី​រក​មធ្យោបាយ​ជំរុញ​ឲ្យ​តុលាការ និង​ស្ថាប័ន​មួយ​ចំនួន​ទៀត​ មាន​វិធានការ​ប្រឆាំង​នឹង​អ្នក​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​របស់​រដ្ឋ។ អ្នក​ភូមិ​ថា ការ​បំផ្លាញ​ព្រៃ និង​ហ៊ុមព័ទ្ធ​របង​យក​ដី​ទៅ​ធ្វើ​កម្មសិទ្ធិ​នៅ​តែ​បន្ត​កើត​មាន​ដោយ​គ្មាន​ការ​ទប់ស្កាត់។

អ្នកភូមិ​ក្បាល​ទាហាន និង​ភូមិ​បំណក់ នៃ​ឃុំ​ឈើតុំ ដែល​នាំ​គ្នា​ផ្ដិត​មេដៃ​ជាង ២០០​នាក់ (២៣០) គាំទ្រ​លើ​ពាក្យ​បណ្ដឹង​ប្រឆាំង​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​យោធា​ម្នាក់​ដែល​គេ​សង្ស័យ​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បំផ្លាញ​ព្រៃឈើ និង​កាន់កាប់​ដី​ព្រៃ​នៅ​ចំណុច​ជើង​ភ្នំ​តាកុច កំពុង​ទន្ទឹង​រង់ចាំ​យុត្តិធម៌។ ដី​ព្រៃ​ប្រមាណ ៥០០​ហិកតារ នៅ​ជើង​ភ្នំ​តាកុច ឋិត​នៅ​ភូមិ​អន្សាចំបក់ ឃុំ​ស្វាយស ត្រូវ​បំផ្លាញ​ស្ទើរ​អស់។

តំណាង​ពលរដ្ឋ​ម្នាក់​លោក ម៉េង ប៊ុនរឿន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២ ខែ​កញ្ញា ថា ពាក្យ​បណ្ដឹង​របស់​ពលរដ្ឋ​ដាក់​ចូល​សាលា​ខេត្ត​ពោធិ៍សាត់ សាលាដំបូង ក្រសួង​កសិកម្ម និង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ជា​ដើម​តាំង​ពី​អំឡុង​ខែ​កក្កដា ឆ្នាំ​២០១៥ មក​នោះ មិន​ទាន់​ឃើញ​ស្ថាប័ន​ណា​មួយ​ចាត់ការ​យ៉ាង​ណា​នៅ​ឡើយ​ទេ។

លោក​ថា នៅ​ដើម​ខែ​តុលា ឆ្នាំ​២០១៦ ខាង​មុខ​ពលរដ្ឋ​នឹង​សើរើ​រឿង​នេះ​ឡើង​វិញ៖ «ខ្ញុំ​មាន​គំនិត​ទៅ​អង្គការ​លីកាដូ (LICADHO) ឬ​អាដហុក (ADHOC) ដែល​ជា​អង្គការ​ធ្វើ​ស្និទ្ធស្នាល​ជាមួយ​នឹង​រដ្ឋាភិបាល ឬ​ជាមួយ​ថ្នាក់​ខេត្ដ​ហ្នឹង អ៊ីចឹង​ពួក​ខ្ញុំ​ឲ្យ​គាត់​ជួយ​ជំរុញ​ទៅ​លើ​បណ្ដឹង​របស់​ពួក​ខ្ញុំ​ដែល​ដាក់​ទៅ។ អាជ្ញាធរ​នៅ​តែ​ធ្វើ​ការ​វាស់វែង និង​លក់​ទៅ​ឲ្យ​ឈ្មួញ​ដដែល ហើយ​កំពុង​មាន​បទល្មើស​យ៉ាង​ធ្ងន់ធ្ងរ រាល់​ថ្ងៃ​មិន​ឈូស​ត្រឹម​ជើង​ភ្នំ​ទេ សូម្បី​លើ​ភ្នំ​ក៏​យក​គ្រឿង​ចក្រ​ទៅ​ឈូស​ឆាយ​ដើម្បី​ដាំ​ដំណាំ​ផ្ដាច់​មុខ»។

អាស៊ីសេរី​មិន​អាច​ទាក់ទង​មន្ត្រី​យោធា​ឈ្មោះ ចាន់ បារាំង និង​មេភូមិ​អន្សាចំបក់ លោក ខ្លឹម ពៅ និង​អ្នក​មួយ​ចំនួន​ទៀត​ដែល​រង​ការ​ចោទ​ប្រកាន់​ដើម្បី​បំភ្លឺ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២ ខែ​កញ្ញា។ ប៉ុន្ដែ​មេឃុំ​ស្វាយស លោក ចាន់ សៃ បញ្ជាក់​ថា សកម្មភាព​ទន្ទ្រាន​ចូល​កាន់កាប់​ដី​ព្រៃ​របស់​រដ្ឋ​នេះ គឺ​ហួស​លទ្ធភាព​លោក​ដែល​ជា​អាជ្ញាធរ​ឃុំ ព្រោះ​វា​ស្ថិតនៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋបាល​ព្រៃឈើ។

លោក ចាន់ សៃ បន្ថែម​ថា​អ្នក​ដែល​ចូល​រុករាន​ភាគ​ច្រើន​ជា​ពលរដ្ឋ​ពី​ឃុំ​ឈើតុំ ប៉ុន្តែ​ករណី​នេះ​មាន​ពលរដ្ឋ​មួយ​ក្រុម​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ហើយ ហើយ​លោក​ក៏​រង់ចាំ​មើល​រឿង​នេះ​ដែរ៖ «ខ្ញុំ​ជា​មេ​ឃុំ​នេះ ក៏​ខ្ញុំ​មិន​អាច​ទៅ​គ្រប់គ្រង​ដី​របស់​រដ្ឋ​ហ្នឹង។ វា​ហួសហេតុ​នឹង​ហាមឃាត់​ទៅ​ហើយ គ្រាន់​តែ​ចេញ​ផុត​ទៅ​គេ​ចូល បើ​យើង​ចូល​ទៅ​គេ​ចេញ​ទៅ។ មន្ត្រី​យោធា​ហ្នឹង​គេ​ប្ដឹង​ទៅ​តុលាការ​ណោះ​ហើយ ប៉ុន្ដែ​ចាត់​វិធានការ​យ៉ាង​ម៉េច​ខ្ញុំ​អត់​បាន​ទទួល​ដំណឹង​ដែរ»។

ចំណែក​មេភូមិ​អន្សាចំបក់ នៃ​ឃុំ​ស្វាយស លោក ខ្លឹម ពៅ ធ្លាប់​ថា ផ្ទៃ​ដី​ព្រៃ​នៅ​ចំណុច​ច្រាប​ផ្ចឹក និង​ជើង​ភ្នំ​តាកុច​មាន​ទំហំ​ជិត ២០​ហិកតារ គឺ​ឋិតនៅ​ក្នុង​ទឹក​ដី​ភូមិ​របស់​លោក​គ្រប់គ្រង ដូច្នេះ​លោក​បាន​បែង​ចែក​ដី​នោះ​ឲ្យ​ទៅ​ពលរដ្ឋ​ចំនួន ១៧៨​គ្រួសារ ដើម្បី​ឈូស​ឆាយ​បង្កបង្កើន​ផល​ម្នាក់​បន្តិច។ ចំណែក​ក្រុម​ពលរដ្ឋ​ដែល​ប្ដឹង​ទាមទារ​រក្សាទុក​ដី​ព្រៃ​នេះ មិន​មែន​ជា​អ្នក​ស្រុក​ភូមិ​របស់​លោក​ឡើយ។

អ្នកភូមិ នៃ​ឃុំ​ឈើតុំ បាន​ឈឺ​ឆ្អាល និង​ប្ដឹង​រឿង​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ភ្នំ​តាកុច ឋិត​នៅ​ក្នុង​ឃុំ​ស្វាយស ស្រុក​ក្រគរ ព្រោះ​ភ្នំតាកុច ឋិត​នៅ​ក្បែរ​ភូមិឋាន​របស់​ពួកគេ​ជាង​អ្នក​ភូមិ នៃ​ឃុំ​ស្វាយស ហើយ​អ្នក​ភូមិ​ជា​ច្រើន នៃ​ឃុំ​ឈើតុំ តែងតែ​មើល​គោ ក្របី និង​អាស្រ័យ​អនុផល​ព្រៃឈើ​នៅ​លើ​ភ្នំ​តាកុច៕

Viewing all articles
Browse latest Browse all 40045

Trending Articles