អ្នកជានរណា? (ដោយ អ៊ុម-ហាក់)
WHO ARE YOU?
អភ័ព្វអ្វីម្ល៉េះខ្មែរអើយ! ព្រឹត្តិការណ៍អ្វីមួយកើតឡើង តូចក្តីធំក្តីរមែង បានជាលេសឱ្យខ្មែរខ្វែងគំនិតគ្នា ជួនកាលរហូតបែកបាក់ប្រឆាំងគ្នាមិនដឹងទីបញ្ចប់នៅឯណា។ គ្រាន់តែរឿងលោកអ៊ូ-ចាន់រដ្ឋ ស្នើសុំសាលាក្រុងភ្នំពេញតាំងរូបសំណាកលោកកែម-ឡី នៅទីលានប្រជាធិបតេយ្យក៏មានទំនាស់រវាងទាហានគាំទ្រនិងមិនគាំទ្រសំណើនេះដែរ។
ក្នុងនាមខ្ញុំជាអតីតនាយទាហានមួយរូបដែលបានបំរើកងទ័ពជាតិអស់រយពេល១៨ឆ្នាំដែរ ខ្ញុំសូមអនុញ្ញាតបបួលប្អូនៗទាហានទាំងអស់រាប់តាំងពីពលទាហានទៅដល់ឧត្តមសេនីយ៍ពិចារណាជាមួយខ្ញុំដូចតទៅ៖
*- រឿងតាំងរូបសំណាកលោកកែម-ឡី នៅទីណាក៏ដោយមិនមែនជាភារកិច្ចរបស់ ប្អូនៗទាហានទេ មិនគួរច្រណែននឹងកិត្តិយសដែលប្រជាពលរដ្ឋខ្មែរប្រគល់ជូនលោក កែម-ឡី ឡើយ។ ខ្មែរធ្លាប់ជូនកិត្តិយសដល់លោកភិរម្យភាសាអ៊ូ ហៅក្រមង៉ុយបាន ម្តេចក៏ជូនទៅលោកកែម-ឡី មិនបាន? ទាំងពីរនាក់មានដែលបានកាន់កាំភ្លើងការពារព្រំដែនពីកាលណា?។
*- ប្អូនៗជាទាហានស្ម័គ្រចិត្តមិនមែនជាទាហានកាតព្វកិច្ចឡើយ គ្មាននរណាបង្ខិតបង្ខំប្អូនៗទេ គឺប្អូនៗជ្រើសយកវិជ្ជាជីវៈនេះដោយខ្លួនឯង ដូចតែគ្រូបង្រៀនឬគ្រូពេទ្យដែរ ខុសគ្នាតែត្រង់ថាអ្នកយកជីវិតទៅធ្វើដើមទុនតែប៉ុណ្ណោះ។
*- បើប្អូនៗការពារទឹកដីបានដោយជោគជ័យ អ្នកបានបំពេញករណីយកិច្ចរបស់ខ្លួនបានត្រឹមត្រូវហើយ។បើអ្នកបានបំពេញករណីយកិច្ចរបស់អ្នកដោយក្លាហានប្រកបដោយវីរភាពខ្ពង់ខ្ពស់ អ្នកនឹងបានទទួលនូវគ្រឿងឥស្សរិយយសផ្សេងៗតាមលំដាប់ថ្នាក់វីរភាពរបស់អ្នក។ នេះហើយកិត្តិយសនិងមោទនភាពរបស់អ្នក រាល់ពេលដែលអ្នកពាក់ឯក- សណ្ឋានទៅណាមកណាម្តងៗ។ បើអ្នកបានតស៊ូការពារជាតិក្រាញដេកដោយដី យកថ្មជាខ្នើយ ទ្រាំក្តៅរងា ឯកសណ្ឋានមិនជាបើ គ្មានមួកសុវត្ថិភាព គ្មានស្បែកជើងពាក់ ហូបបាយខ្ចប់ស្លិកចេក នោះមិនមែនជាកំហុសរបស់ប្រជាពលរដ្ឋខ្មែរ ឬលោកកែម-ឡីទេ។ នៅភ្នំពេញឃើញតែគេពាក់ផ្កាយព្រោងព្រាត ពាក់គ្រឿងឥស្សរិយយសពេញទ្រូងភ្លឺចិញ្ចាចចិញ្ចែង មិនដឹងថាអ្នកទាំងនោះធ្លាប់បានឃើញព្រំដែនខ្មែរឬក៏អត់ផងទេ។
បើអ្នកច្រណែនគួរច្រណែនជនអស់នេះទៅវិញ ប្រហែលល្អជាងច្រណែនដុំថ្មឬដុំស្ពាន់ដែលជារូបសំណាកឥតវិញ្ញាណរបស់លោកកែម-ឡីនោះ។
មុននឹងទុកឱកាសជូនប្អូនប្រទេចផ្តាសាខ្ញុំ បងសូមសួរប្អូនដោយស្មោះថា តើប្អូនយល់ថាអ្នកជានរណា?។ បើប្អូនឆ្លើយត្រឹមថា ខ្ញុំជាទាហាន ចម្លើយនេះមិនគ្រប់គ្រាន់ទេ។ បងជឿជាក់ថានៅស្រុកខ្មែរ សាលាយោធាគ្រប់ជាន់ថ្នាក់រមែងខិតខំតែបំពត់ប្អូនឱ្យជឿ ស្រឡាញ់ គោរពតែអង្គការលើ គេប្រើឱ្យធ្វើអ្វីក៏ធ្វើតាមគេឥតរួញរា ឥតប្រកែក។ គេមិនបានណែនាំប្អូនឱ្យយល់ថា ក្រៅតែពីជាទាហាន ប្អូនក៏ជាមនុស្ស ហើយក៏ជាមនុស្សខ្មែរផងដែរទេ។ មនុស្សជាសត្វមួយក្រុមដែលមានវិចារណញ្ញាណ ស្គាល់ត្រូវ ស្គាល់ខុស ស្គាល់ល្អ ស្គាល់អាក្រក់ ស្គាល់អ្វីដែលគួរធ្វើនិងអ្វីដែលមិនគួរធ្វើ។ បើមិនដូច្នោះទេ ប្អូននឹងក្លាយទៅជាម៉ាស៊ីន ឬជាតិរច្ឆានក៏អាចថាបាន។ រួមសេចក្តីមក កងទ័ពខ្មែរនឹងអាចបំពេញករណីយកិច្ចរបស់ខ្លួនបានប្រកបដោយជោគជ័យនិងកិត្តិយស ទាំងមេបញ្ជាការ
ទាំងអ្នកទទួលបញ្ជាត្រូវចាំឱ្យច្បាស់ថាខ្លួនធ្វើការជាមួយមនុស្ស ហើយក៏ត្រូវយល់ឱ្យច្បាស់ពីតម្លៃមនុស្សផងដែរ។ កងទ័ពតិរច្ឆានចេះបានតែបំផ្លាញ ហើយទីបញ្ចប់ក៏នឹងបំផ្លាញខ្លួនឯងផងដែរ៕
អ៊ុម-ហាក់ ៥កញ្ញា២០១៦