![]() |
មន្ត្រីបក្សប្រឆាំងនៅខេត្តកំពង់ធំ ដែលបង្ហាញពីការគាំទ្រលោក សម រង្ស៊ី ប្រធានស្ដីទីគណបក្ស សង្គ្រោះជាតិ វិលចូលកម្ពុជា នៅឆ្នាំ២០១៩។ Screen shot |
ដោយ សុ ជីវី RFA 2019-05-15
សមត្ថកិច្ចខេត្តកំពង់ធំ បន្តកោះហៅមេឃុំ ជំទប់ឃុំ និងសមាជិកក្រុមប្រឹក្សាជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ នៅឃុំប្រាសាទ ស្រុកសន្ទុក ៤នាក់ទៀត ឲ្យចូលឆ្លើយបំភ្លឺនៅថ្ងៃទី១៥ ឧសភា នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំប្រាសាទ។ អ្នកទាំង៤ គឺជាមេឃុំប្រាសាទ លោក ស៊ន ស៊ុនហេង ជំទប់ទី១ អ្នកស្រី ពៅ រដ្ឋា និងសមាជិកក្រុមប្រឹក្សា ២នាក់ គឺលោក សេង ម៉ុន និងអ្នកស្រី សំ សុខឃឿន។
សមាជិកក្រុមប្រឹក្សាជាប់ឆ្នោតខេត្តកំពង់ធំ លោក ថៃ ធីម ប្រាប់អាស៊ីសេរីថា អ្នកទាំង៤ ត្រូវបានសមត្ថកិច្ចចេញលិខិតកោះហៅកាលពីថ្ងៃទី១៤ ឧសភា និងបានចូលឆ្លើយបំភ្លឺរួចទាំងអស់គ្នាហើយ នៅព្រឹកថ្ងៃទី១៥ ឧសភា។ លោក ថៃ ធីម បន្តថា មកដល់ពេលនេះ មានមន្ត្រីបក្សប្រឆាំងជាប់ឆ្នោតនៅខេត្តកំពង់ធំ មានចំនួនកើនដល់ ៣៥នាក់ហើយ ដែលត្រូវនគរបាលកោះហៅទៅសួរនាំ នៅប៉ុស្តិ៍នគរបាលតាមមូលដ្ឋាន។ អ្នកទាំង ៣៥នាក់ បានចូលឆ្លើយបំភ្លឺរួចរាល់ហើយ។
ដើមហេតុនៃការកោះហៅ មន្ត្រីបក្សប្រឆាំងទាំង ៣៥នាក់ ត្រូវបានមន្ត្រីគណបក្ស សង្គ្រោះជាតិ អះអាងថា ដោយសារពួកគេ បានហូបអាហារជុំគ្នា និងបង្ហោះសារ កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៨ និងខែមករា ឆ្នាំ២០១៩ គាំទ្រលោក សម រង្ស៊ី ប្រធានស្ដីទីគណបក្ស សង្គ្រោះជាតិ ឲ្យវិលចូលកម្ពុជាវិញ។
មន្ត្រីមូលដ្ឋានរបស់បក្សសង្គ្រោះជាតិនៅខេត្តកំពង់ធំរូបនេះ ចាត់ទុកការកោះហៅនេះ ជាការគំរាម ដល់សេរីភាពនយោបាយរបស់ពួកគេ ខណៈមន្ត្រីបក្សប្រឆាំងតាមមូលដ្ឋានទាំងនោះ មិនរងគំនាបបំបិទសិទ្ធិនយោបាយទេ។ ចំណែកអ្នកឃ្លាំមើលសិទ្ធិមនុស្សថា នេះជាការគំរាមកំហែង និងរំលោភសិទ្ធិសេរីភាពនយោបាយធ្ងន់ធ្ងរ៕