ដោយ ជុន ច័ន្ទបុត្រ RFA 2019-05-17
សកម្មជនគណបក្សសង្គ្រោះជាតិខេត្តបាត់ដំបងចំនួន ៥នាក់បន្ថែមទៀតនៅថ្ងៃទី១៧ ឧសភា បានចូលខ្លួនបំភ្លឺតាមការកំណត់របស់តំណាងអយ្យការនៅសាលាដំបូងខេត្តបាត់ដំបង ដោយមានអ្នកគាំទ្រជាច្រើននាក់ឃ្លាំមើលនៅខាងក្រៅរបងតុលាការដូចថ្ងៃមុនៗ ដែរ។
សមាជិកក្រុមប្រឹក្សាជាប់ឆ្នោតស្រុកគាស់ក្រឡគណបក្សសង្គ្រោះជាតិលោក ថោង សារឿន ប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃទី១៧ឧសភាថា មន្ត្រីតុលាការចំនួន២នាក់បានសាកសួរលោកជាង១ម៉ោង អំពីការជួបជុំគ្នាហូបនំបញ្ចុកនៅផ្ទះរបស់លោក ជា ជីវ ប្រធានគណបក្សសង្គ្រោះជាតិខេត្តបាត់ដំបងកាលពីឆ្នាំ២០១៨កន្លងទៅ៖ «ហើយសួរថា ខ្ញុំបានទៅចូលផ្ទះកញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត ដែរទេ? ខ្ញុំថា ខ្ញុំអត់ចូលទៅទេ ហើយក៏មិនបានធ្វើចលនាអ្វីដែរ។ បើតាមមើល ខ្ញុំគិតថា ដីកានេះប្រហែលគេបំភិតបំភ័យពួកខ្ញុំហើយ ដោយសារយើងមើលទៅអ្នកដែលហូបនំបញ្ចុក និងអ្នកលើកម្រាមដៃស្អាតនោះ គឺមិនមានពាក់ព័ន្ធនឹងសាលដីការបស់តុលាការកំពូលនោះទេ»។
លោកបន្តថា ពួកគាត់ទាំង ៥នាក់បានត្រឡប់ទៅផ្ទះវិញអស់ហើយ បន្ទាប់ពីចូលបំភ្លឺតុលាការរួចនៅពីរសៀលថ្ងៃដដែល។
តំណាងអយ្យការនៃសាលាដំបូងខេត្តបាត់ដំបងលោក គឺ ប៊ុណ្ណារ៉ា បានកោះហៅលោក ថោង សារឿន និងមន្ត្រីបក្សប្រឆាំង ៤នាក់ផ្សេងទៀតដែលបានចូលបំភ្លឺនៅថ្ងៃទី១៧ ឧសភា ដោយចោទប្រកាន់ប្រឆាំងសាលដីកាតុលាការកំពូល រឿងរំលាយគណបក្ស សង្គ្រោះជាតិ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧។
ប៉ុន្តែកន្លងមកមន្ត្រីសង្គមស៊ីវិលនិងអង្គការសិទ្ធិមនុស្សអន្តរជាតិហៅដីកាកោះនេះថា ជាអំពើគំរាមកំហែងបំភិតបំភ័យដល់មន្ត្រីបក្សប្រឆាំង ដើម្បីកុំឱ្យពួកគាត់ធ្វើសកម្មភាពនយោបាយគាំទ្រលោក សម រង្ស៊ី និង លោក កឹម សុខា បន្តទៀត។
គិតត្រឹមថ្ងៃទី១៧ ខែឧសភា តំណាងអយ្យការនៃសាលាដំបូងខេត្តបាត់ដំបង បានកោះហៅមេឃុំចៅសង្កាត់ សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ស្រុក ក្រុង និងក្រុមប្រឹក្សាខេត្តបាត់ដំបង គណបក្ស សង្គ្រោះជាតិ ឱ្យចូលបំភ្លឺនៅតុលាការចំនួន ៣៥នាក់ហើយ ចាប់តាំងពីថ្ងៃទី៨ ឧសភាមក ក្នុងនោះមានចៅសង្កាត់អូរចារជាប់ឆ្នោត គឺកញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត និងមន្ត្រីគណបក្ស សង្គ្រោះជាតិ ២២នាក់ផ្សេងទៀត ដែលបានចូលបំភ្លឺរួច៕