![]() |
សន្និសីទស្ដីពីការគ្រប់គ្រងធនធានទឹកទន្លេមេគង្គឱ្យបានល្អ នៅទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩។ រូប៖ ជី វិតា |
ដោយ ជី វិតា RFA 2019-05-20
កិច្ចសហការឆ្លងដែន ដើម្បីគ្រប់គ្រងធនធានទឹកនៅក្នុងដងទន្លេមេគង្គឱ្យបានល្អប្រកបដោយនិរន្តរភាព គឺជាគន្លឹះសំខាន់សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចរបស់ប្រជាជនប្រមាណ ៦៥លាន និងបរិស្ថាន ដែលពឹងពាក់លើទន្លេដ៏វែងមួយនេះ។
បញ្ហាដែលប្រទេសសមាជិកនៃគណៈកម្មការទន្លេមេគង្គ (Mekong River Commission or MRC) ទាំងបួន មានថៃ ឡាវ កម្ពុជា និងវៀតណាម កំពុងប្រឈម រួមមានកង្វះការចែករំលែកព័ត៌មានស្តីពីការសាងសង់ទំនប់វារីអគ្គិសនីនៃប្រទេសនៅខ្សែទឹកខាងលើ បញ្ហាទឹកជំនន់ ការថយចុះនៃបរិមាណត្រី និងការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ នៅក្នុងដងទន្លេមេគង្គ។
បញ្ហាទាំងអស់នេះ ជំរុញឱ្យមានជួបប្រជុំគ្នារកដំណោះស្រាយក្នុងចំណោមប្រទេសតាមដងទន្លេមេគង្គ ដែលបានធ្វើឡើងនៅក្នុងសន្និសីទមួយ នៅទីក្រុងបាងកក។
ការចែករំលែកព័ត៌មាន និងបទពិសោធន៍ពីបញ្ហានៅក្នុងដងទន្លេមេគង្គ ដើម្បីផ្លាស់ប្ដូរយោបល់ក្នុងចំណោមអ្នកចូលរួមប្រមាណ ២០០នាក់នេះ ប្រព្រឹត្តទៅនៅក្នុងសន្និសីទស្ដីពីកិច្ចសហការឆ្លងដែនគ្រប់គ្រងធនធានទឹកទន្លេមេគង្គ នៅថ្ងៃទី២០ ឧសភា នៅសណ្ឋាគារ សូហ្វីតេល (Sofitel) ក្នុងទីក្រុងបាងកក ប្រទេសថៃ។ សន្និសីទរៀបចំដោយគណៈកម្មការទន្លេមេគង្គ ហៅកាត់ថា អិមអស៊ី (Mekong River Commission or MRC) ដែលមានប្រទេសសមាជិកទាំងបួន គឺមាន ថៃ ឡាវ កម្ពុជា និងវៀតណាមនេះ មានអ្នកចូលរួមពីច្រើនវិស័យ រួមមាន ប្រតិភូនៃប្រទេសសមាជិកគណៈកម្មការទន្លេមេគង្គ គ្រូបង្រៀន តំណាងអង្គការក្រៅរដ្ឋាភិបាលប្រទេសកម្ពុជា ថៃ ឡាវ និងវៀតណាម ព្រមទាំងប្រតិភូមកពីរដ្ឋាភិបាលចិន មីយ៉ានម៉ា អូស្ត្រាលី និងធនាគារពិភពលោក ក្នុងនាមជាដៃគូសន្ទនាផងដែរ។
ពីកម្ពុជា សាស្ត្រាចារ្យពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក គង់ សំអុល ដែលបានមកចូលរួមដែរនោះ មានប្រសាសន៍ថា នៅកម្ពុជាបច្ចុប្បន្នមានបញ្ហាប្រឈមនឹងការខ្វះខាតទិន្នន័យទាក់ទងនឹងធនធានធម្មជាតិក្នុងទន្លេមេគង្គ ដើម្បីបង្រៀនសិស្សានុសិស្ស ហេតុដូច្នេះទើបលោកចូលរួមក្នុងសន្និសីទនេះ៖ «មែនទែនទៅឯកសារទាក់ទងខាងធនធានធម្មជាតិតាមដងទន្លេមេគង្គ ក៏ដូចជាទន្លេសាបហ្នឹង យើងមិនទាន់មានទូលំទូលាយក្នុងការចែករំលែក ឬក៏យើងទាញយកមកផ្សព្វផ្សាយទៅលើសិស្សានុសិស្សជំនាន់ក្រោយបានទេ។ ខ្ញុំមកក្នុងនេះ គឺដើម្បីឱ្យដឹងថា តើទិន្នន័យក្នុងកម្មវិធី MRC ហ្នឹង តើគាត់មានអីខ្លះ ដើម្បីយើងយកទៅសិក្សាស្រាវជ្រាវ ឬក៏ចែករំលែកទៅឱ្យក្មេងជំនាន់ក្រោយ។ អ៊ីចឹងហើយ ខ្ញុំអត់បានដឹងថា តើក្នុងនោះវាមាន ដេតា (Data) អីខ្លះ ដែលបានចែករំលែក។ មែនទែនទៅ ជិតមួយថ្ងៃនេះ ព័ត៌មានដែលបានមក ដូចជាវាមានលក្ខណៈទូលំទូលាយអំពីគម្រោង ប៉ុន្តែគាត់អត់បានលើកឡើងអំពីលទ្ធផលដែលគាត់បានស្រាវជ្រាវ ហើយបញ្ហាជាដើមចម ដែលធ្វើឱ្យបញ្ហាហ្នឹងកើតឡើង គាត់អត់បានលើកឡើងទេ។ ខ្ញុំចង់បានអ្វីដែលបានឃើញអ៊ីចឹង»។
ទោះជាយ៉ាងណា ពីខាងអង្គការក្រៅរដ្ឋាភិបាលវិញ ប្រធានគម្រោងគ្របគ្រងគ្រោះមហន្តរាយ លោក ហ្វេដេរីកូ (Federico) មានប្រសាសន៍ថា វេទិកាពិភាក្សារៀបចំដោយ គណៈកម្មការទន្លេមេគង្គ ហៅកាត់ថា អិមអស៊ី (Mekong River Commission or MRC) មួយនេះ គឺជាកិច្ចចាប់ផ្តើមចែករំលែកព័ត៌មានគ្នាដ៏ល្អមួយ រវាងប្រទេសតាមដងទន្លេមេគង្គ មានប្រទេសចិន មីយ៉ានម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាម៖ «នេះគឺជាឱកាសមួយដ៏ល្អ ដើម្បីឱ្យគ្រប់ភាគីប៉ះពាល់ទន្លេមេគង្គ ហើយការងារទាក់ទងនឹងធនធានទឹក ដែលមាននៅតំបន់មេគង្គ ហើយយើងមានកន្លែងមួយ ដើម្បីទាក់ទងគ្នា ហើយបើកសហប្រតិបត្តិការជាមួយគ្នា ហើយនិងមួយទៀតគឺ ដើម្បីស្គាល់ពីគម្រោងដែលយើងកំពុងតែប្រតិបត្តិម្នាក់ៗ កុំឱ្យការងាររបស់យើងជាន់គ្នា»។
ចំណែកនាយកប្រតិបត្តិនៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ ហៅកាត់ថា អិមអស៊ី បណ្ឌិត អាន ពេជ្រហត្ថដា (An Pich Hatda) មានប្រសាសន៍ថា តាមគម្រោងដែលគាំទ្រ និងស្នើដោយធនាគារពិភពលោក ប្រទេសជិតខាងជាប់ព្រំដែន ត្រូវសហការគ្នាគ្រប់គ្រងធនធានធម្មជាតិក្នុងដងទន្លេមេគង្គ រួមមាន ជលផល នាវាចរ និងការការពារបឹងធម្មជាតិ។ លោកថា សម្រាប់កម្ពុជារហូតមកដល់បច្ចុប្បន្ន មិនមានបញ្ហាអ្វីជាដុំកំភួនទេ ក្នុងការសហការជាមួយប្រទេសឡាវ និងវៀតណាម៖ «ជារួម ប្រទេសទាំងអស់ធ្វើការរួមគ្នាល្អ ហើយនិងសហការជាមួយគ្នា។ ប៉ុន្តែ អ្វីដែលយើងប្រមើល បើសិនជាការអភិវឌ្ឍហ្នឹងមិនមានការសម្របសម្រួលគ្នាទេណ៎ា អូខេ។ ប៉ុន្តែជាបញ្ហាសព្វថ្ងៃនេះ តាមរយៈកិច្ចព្រមព្រៀងឆ្នាំ១៩៩៥ គឺផ្ដោតការចាប់អារម្មណ៍លើការបែងចែកប្រើប្រាស់ទឹក។ ប៉ុន្តែសព្វថ្ងៃនេះ បើសិនជាយើងមើលទៅ លំហូរនៃទឹក ជាពិសេស លំហូរនៃទឹកនៅរដូវប្រាំង វាមិនសូវចោទជាបញ្ហាប៉ុន្មានទេ ដោយសារកម្រិតនៃលំហូរមានការកើនឡើង តាមរយៈការអភិវឌ្ឍពីខាងលើមក។ អ៊ីចឹង អ្វីដែលសំខាន់ គឺទាក់ទងរឿងជលផល ឬមួយកំណកកករដី ហើយទាក់ទងនឹងអេកូឡូហ្ជី (Ecology) ជាដើម។ ប៉ុន្តែអ្វីដែលសំខាន់ គឺទាមទារឱ្យមានការចូលរួមរវាងប្រទេសទាំងអស់ចូលរួមធ្វើការងារហ្នឹង»។
គណៈកម្មការទន្លេមេគង្គ (Mekong River Commission or MRC) ដែលមានប្រទេសថៃ ឡាវ កម្ពុជា និងវៀតណាម ជាសមាជិករងការរិះគន់ថា មិនមានធ្មេញ ឬមិនមានអំណាចក្នុងការផ្លាស់ប្ដូរសេចក្ដីសម្រេចសាងសង់ទំនប់វារីអគ្គិសនីនៅលើដងទន្លេមេគង្គនៃប្រទេសនៅខ្សែទឹកខាងលើ មានដូចជានៅក្នុងប្រទេសឡាវ និងប្រទេសចិនជាដើម។ ទោះជាយ៉ាងណា បណ្ឌិត ពេជ្រហត្ថដា ពន្យល់ថា គេត្រូវយល់អំពីអាណត្តិរបស់គណៈកម្មការទន្លេមេគង្គ (MRC) គឺមិនមានអំណាចបង្គាប់បញ្ជាទេ។ ទោះបែបនោះក្តី លោកថា តាមរយៈ (MRC) បានជួយឱ្យមានការផ្លាស់ប្តូរយោបល់គ្នា រវាងប្រទេសជិតខាងបានច្រើនណាស់ ទាក់ទងទៅនឹងការសាងសង់ទំនប់ និងធនធានធម្មជាតិ៖ «ជាវេទិកាដើម្បីជជែកគ្នា។ កន្លងមក បើយើង refer ទាក់ទងទៅរឿង សាយាប៊ុរី អី តាមរយៈ MRC ព្រោះតាមរយៈ MRC ហ្នឹងហើយ បានជាមានការជជែកគ្នា។ យើងគិតមើល បើសិនជាអត់ អឹមអស៊ី (MRC) តើប្រទេសមួយ ការធ្វើវាជាការសម្រេចផងគេ ព្រោះវាជាការសម្រេចចិត្តរបស់ប្រទេសនីមួយៗ ប៉ុន្តែសំខាន់ គឺ MRC បានប្រូវ៉ាយ ផ្លែតហ្វម (provide platform) ប្រទេស មានការជជែកគ្នា ផលិតចេញជារបាយការណ៍ត្រួតពិនិត្យបច្ចេកទេសរបស់គម្រោង ហើយគឺតាមរយៈរបាយការណ៍ MRC ហ្នឹងហើយ ដែលអ្នកអនុវត្ត រដ្ឋាភិបាលរបស់ប្រទេសឡាវ គាត់យកអាហ្នឹងពិចារណា ហើយមានការកែលម្អ ដែលគេហៅថា ឌីហ្សាញ (Design)។ សួរ៖ ឯកឧត្ដម ទំនប់ទាំងអស់ហ្នឹងនៅតែសាងសង់ដដែល អាចប៉ះពាល់ដល់បរិស្ថាន និងទន្លេមេគង្គអីហ្នឹង អ៊ីចឹងបានគេថា នៅខ្សោយ ឯកឧត្ដម? នេះជាការវាយតម្លៃរបស់សាធារណជន ប៉ុន្តែអ្វីដែល MRC អាចធ្វើបាន គឺតាមអ្វីដែលមានចែងនៅក្នុងកិច្ចព្រមព្រៀង នៅឆ្នាំ១៩៩៥ ជាសិទ្ធិអំណាច ព្រោះ MRC មិនមានសិទ្ធិអំណាចទៅបង្គាប់បញ្ជាថា អ្នកឯងកុំធ្វើនេះ កុំធ្វើនោះ ព្រោះគេហៅថា សូវើរ៉េង ឌីស៊ីហ្សិន (Sovereign Decision) របស់ប្រទេសនីមួយៗ»។
ទាក់ទងទៅនឹងទឹកជំនន់នៅដងទន្លេមេគង្គវិញ លោក ហ្វេដេរីកូ (Federico) ឱ្យដឹងថា បណ្ដាលមកពីទឹកភ្លៀងផង និងមកពីការសាងសង់ទំនប់វារីអគ្គិសនីផង។ ទោះជាបណ្ដាលពីមូលហេតុណាមួយក៏ដោយ លោកថា ប្រជាជនកម្ពុជាត្រៀមខ្លួនរកទីសុវត្ថិភាពក្រោយពីទទួលដំណឹងអំពីទឹកជំនន់៖ «ប្រជាពលរដ្ឋនៅជនបទមានបញ្ហាជាច្រើន ដោយសារទឹកជំនន់។ អ៊ីចឹង ភាគច្រើន វាមកពីទឹកជំនន់ ហើយជួនកាល វាអាចកើតឡើងដោយសារទំនប់ទឹក ដែលនៅជិតតំបន់គាត់ដែរ។ អ៊ីចឹង អ្វីដែលសំខាន់ គឺប្រជាពលរដ្ឋខ្មែរ គាត់អាចដឹងមុនពីបញ្ហាទឹកជំនន់នៅតំបន់គាត់។ គាត់គ្រាន់តែត្រូវចុះឈ្មោះក្នុងប្រព័ន្ធប្រកាសឱ្យដឹងមុន ១២៩៤ ក្នុងទូរស័ព្ទដៃ ទូរស័ព្ទធម្មតា ហើយគាត់ជ្រើសរើសខេត្តរបស់គាត់ ស្រុក ហើយនិងឃុំ ហើយបន្ទាប់មក គឺទឹកជំនន់ហ្នឹងជិតកើតឡើង គឺគាត់បានទទួលការខល ២ ប្រព័ន្ធ ដែលមាននៅក្នុងស្រុកខ្មែរ ដែលអង្គការ ភីន បានការអភិវឌ្ឍជាមួយនឹង អ៊ឹនស៊ីឌីអឹម (NCDM) ដែលជាអាជ្ញាធរ ក្នុងរដ្ឋាភិបាលខ្មែរ»។
នៅក្នុងបទបង្ហាញរបស់ខ្លួនទៅកាន់អង្គសន្និសីទ ប្រធានស្ដីទីវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាបនៃរដ្ឋបាលជលផល លោក ទូច ប៊ុនថង មានប្រសាសន៍ថា បញ្ហាប្រឈមរួមគ្នា ដែលប្រទេសកម្ពុជា និងប្រទេសឡាវកំពុងជួបប្រទះ ទាក់ទងនឹងជលផល មានប្រាំចំណុច គឺការថយចុះនៃបរិមាណត្រី ការកើនឡើងនៃការនេសាទ គឺមានន័យថា វត្តមានអ្នកនេសាទកាន់ច្រើនឡើង ភាពកម្សោយ ឬគ្មានប្រសិទ្ធភាពនៃការអនុវត្តច្បាប់ជលផល ការចាប់កូនត្រីតូចៗ គ្មានរើសមុខរបស់អ្នកនេសាទ និងការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ។ លោក ទូច ប៊ុនថង បន្តថា ប្រទេសតាមដងទន្លេមេគង្គ ជាពិសេស ប្រទេសជិតខាង ត្រូវសហការ និងចែករំលែកព័ត៌មានគ្នា ដើម្បីដោះស្រាយបញ្ហាទាំងនេះរួមគ្នា។
អ្នកជំនាញសំដែងក្ដីបារម្ភពីផលប៉ះពាល់បរិស្ថាន និងជីវិតមនុស្សប្រមាណ ៦៥លាននាក់ ដែលពឹងផ្អែកលើទឹក និងធនធានធម្មជាតិក្នុងដងទន្លេមេគង្គ ប្រសិនបើការធ្វើទំនប់វារីអគ្គិសនីនៅតាមដងទន្លេមេគង្គនៅបន្ត ហើយជាពិសេស គឺការមិនចែករំលែកព័ត៌មានរវាងប្រទេសជាប់ដងទន្លេ។ សន្និសីទនេះនឹងបញ្ចប់នៅថ្ងៃអង្គារ ទី២១ ឧសភា៕